សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០២៤ ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ទេសចរចិន នឹងទស្សនាកម្ពុជាច្រើនដើម្បីបន្សាបនូវព័ត៌មានមិនពិតនានា
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា-ចិន ដែលសម្តេចសង្ឃឹមថា ទេសចរចិន នឹងមកទស្សនាកម្ពុជាច្រើន ដើម្បីបន្សាបនូវព័ត៌មានមិនពិតនានាដែលបង្កការយល់ច្រឡំដែលកើតឡើងដោយបុគ្គលមួយចំនួនបង្កើតឱ្យមានការយល់ច្រឡំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយតាមរយៈពីមាត់មួយទៅមាត់មួយនៅពេលដែលគេមកលេងនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានសុខសុវត្ថិភាពនិងភាពសប្បាយរីករាយនោះ មានសារៈសំខាន់ណាស់ ដើម្បីឱ្យទេសចរមកទស្សនានៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ពេលខ្លះបញ្ហាអាក្រក់បំភ្លៃ ត្រូវបានផ្សព្វផ្សាយលឿនណាស់ ហើយមានគេចូលមើលច្រើនទៀតផង ដូច្នេះហើយសុំឱ្យបរទេសនានាបានយល់ផងថា បញ្ហាទាំងអស់នោះកើតឡើងពីការប្រឌិត គ្មានការពិតនោះទេ៕