Grand News Asia Close

លិខិតមិត្តអ្នកអាន៖ ប្តូរពីវប្បធម៌ស្តីបន្ទោសដាក់រដ្ឋអំណាចរឿងគ្រឿងញៀន មកជាវប្បធម៌ចូលរួមចំណែកជាកោសិកាដ៏សំខាន់នៃសង្គម ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 246
លិខិតមិត្តអ្នកអាន៖ ប្តូរពីវប្បធម៌ស្តីបន្ទោសដាក់រដ្ឋអំណាចរឿងគ្រឿងញៀន មកជាវប្បធម៌ចូលរួមចំណែកជាកោសិកាដ៏សំខាន់នៃសង្គម ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន លិខិតមិត្តអ្នកអាន៖ ប្តូរពីវប្បធម៌ស្តីបន្ទោសដាក់រដ្ឋអំណាចរឿងគ្រឿងញៀន មកជាវប្បធម៌ចូលរួមចំណែកជាកោសិកាដ៏សំខាន់នៃសង្គម ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

មនុស្សទូទៅសុទ្ធតែស្អប់គ្រឿងញៀន ហើយមនុស្សភាគច្រើន គឺបានយល់ដឹងថាគ្រឿងញៀនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុណ្ណា ដល់បុគ្គលអ្នកប្រព្រឹត្ត គ្រួសារ និងសង្គមជាតិ ប៉ុន្តែមានមនុស្សតិចណាស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ព្រោះតែពួកគេមានទស្សនៈចាស់គម្រិលថា រឿងគ្រឿងញៀនជារឿងដោយឡែករបស់រាជរដ្ឋាភិបាល មិនមែនជារឿងរបស់ប្រជាជននោះទេ។ ការយល់ឃើញបែបនេះគឺវាខុសទាំងស្រុង ហើយមិនត្រឹមតែមិនអាចជួយអ្វីបានដល់សង្គមជាតិនោះទេ ថែមទាំងបង្កើតឱ្យមានវប្បធម៌ស្អប់សមត្ថកិច្ច ស្អប់រដ្ឋាភិបាល ស្អប់អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះ ដោយមិនបានធ្វើចូលរួមចែករំលែកក្នុងកម្រិតណាមួយទាល់តែសោះ ដើម្បីភាពសុខដុមរមនាក្នុងសង្គមជាតិទាំងមូល។

រាជរដ្ឋាភិបាលដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះយើងបានកត់សម្គាល់ជាពិសេស លើវិធានការចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងនិងប្រដាប់អាវុធគ្រប់ប្រភេទ ដែលត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌភ្លាមៗដោយគ្មានការលើកលែងនោះឡើយ។ លើសពីនេះ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន ទាំងអស់ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធនឹងករណីគ្រឿងញៀនេះ។ វិធានការដ៏ម៉ឺងម៉ាត់នេះ សបញ្ជាក់អំពីឆន្ទៈមោះមុតរបស់ប្រមុខដឹកនាំកម្ពុជា ដែលយកមន្ត្រីជាគម្រូក្នុងការអនុវត្តវិធានការចាប់តាំងពីជំហានដំបូងទៅតែម្តង។ ជាការពិត យើងទាំងអស់គ្នាទទួលស្គាល់ថា មន្ត្រីមួយចំនួនតូច អាចនឹងមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយបុគ្គលជាអ្នកជំនួញមួយចំនួន ក៏អាចជាអ្នករកស៊ីគ្រឿងញៀនលួចលាក់ផងដែរ ប៉ុន្តែរាជរដ្ឋាភិបាលមិនមែនជាអ្នកគាំទ្រ ឬជំរុញពួកគេឱ្យប្រព្រឹត្តល្មើសនោះទេ។ ខ្ញុំសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល បានបង្កើតនូវគណៈកម្មាធិការ ឬក្រុមការងារពិសេសជាបន្តបន្ទាប់ និងបានដាក់ចេញជាវិធានការជាច្រើនដើម្បីប្រយុទ្ធគ្រឿងញៀន ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រមុខដឹកនាំកម្ពុជាមានឆន្ទៈមោះមុត និងបានរៀបចំយន្តការការងារច្បាស់លាស់ដើម្បីធ្វើរឿងនេះ ដូច្នេះហើយបានជាយើងឃើញថា ករណីគ្រឿងញៀនទាំងធំ និងតូចត្រូវបានបង្ក្រាបជាបន្តបន្ទាប់ដោយគ្មានការលើកលែងនោះឡើយ។ មន្ត្រីធំខ្លះដ៏ត្រូវអស់តំណែងនិងខ្លះជាប់គុក មន្ត្រីរាជការអាណត្តិថ្មីមិនតិចនាក់ទេត្រូវបណ្តេញចេញពីក្របខណ្ឌជាបន្តបន្ទាប់ ព្រោះតែពួកគេត្រូវបានរកឃើញថាពាក់ព័ន្ធនឹងគ្រឿងញៀន។ រឿងគ្រឿងញៀននេះប្រមុខដឹកនាំបាន ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ហើយថា មិនអនុញ្ញាតឱ្យមានអន្តរាគមន៍នោះទេ ចំពោះអ្នកប្រព្រឹត្តខុស។ ការខំប្រឹងរបស់រដ្ឋាភិបាល ដែលយើងធ្លាប់បានឃើញកន្លងមកនេះ មិនមែនជារឿងចៃដន្យ ឬជាការសម្តែងទេ គឺកើតចេញពីការប្តេជ្ញាចិត្តអនុវត្តឱ្យបានរបស់មេដឹកនាំប្រទេសកម្ពុជា ក្នុងគោលដៅកសាងប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលមានសុខដុមនីយកម្ម ពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព និងគ្មានការបំផ្លាញដោយគ្រឿងញៀននោះឡើយ។ ប៉ុន្តែសួរថា បើទម្លាក់ឱ្យរដ្ឋាភិបាលធ្វើការងារដ៏ធំនេះតែឯង ហើយពលរដ្ឋចាំទទួលផល វាមានប្រសិទ្ធភាពកម្រិតណា? ពិតណាស់ការងារណាក៏ត្រូវការកំលាំងរួមគ្នាដែរ ហើយបញ្ហាគ្រឿងញៀននេះទៀតសោតជាបញ្ហាសកល យើងទាំងអស់គ្នាមិនអាចរង់ចាំតែចំណាត់ការរបស់រាជរដ្ឋាភិបាល ហើយពលរដ្ឋធ្វើព្រងើយ រួចទទួលបានជោគជ័យនោះទេ។ ប្រទេសជាច្រើន សូម្បីប្រទេសអ្នកមានខ្លះ ក៏ញាំញីដោយគ្រឿងញៀនខ្លាំងសម្បើមដែរ ដោយឡែកកម្ពុជាកន្លងមកក៏បានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនជាហូរហែរមកដែរ ប៉ុន្តែយើងត្រូវការការចូលរួម សហការ ពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋ និងធ្វើជាប្រចាំដើម្បីលុបបំបាត់ការប្រើប្រាស់ និងការជួញដូរក្នុងប្រទេសយើង។

គ្រឿងញៀនជាបញ្ហាក្តៅរបស់សកលទាំងមូល មិនមែនចង់បោសសម្អាតគ្រឿងញៀនក្នុងប្រទេសកម្ពុជា ឬប្រទេសណាមួយ យើងធ្វើតែម្តងហើយចប់នោះទេ យើងត្រូវធ្វើដូចភ្លៀងរលឹមជាប់ជានិច្ច។ ដូច្នេះកុំបន្ទោសថា ឃើញតែដាក់ចេញវិធានការលុបបំបាត់ ឬប្រឆាំងគ្រឿងញៀន តែនៅតែឃើញមានគ្រឿងញឿនពេញស្រុក សូមបញ្ជាក់ថា ធ្វើ១ថ្ងៃ ១ខែ ឬ១ឆ្នាំ មិនចប់នោះទេ គ្រឿងញៀនមិនរលាយភ្លាមៗចេញពីស្រុកយើងទេ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវធ្វើជាប់ជានិច្ច ទើបអាចធានាបាននូវប្រសិទ្ធភាព។ បើសិនជាពលរដ្ឋទាំងអស់មិនចូលរួមសហការ ដឹងពីករណីប្រើប្រាស់ ឬជួញដូរដែរ តែមិនហ៊ានរាយការណ៍ មិនអើពើ បណ្តោយឱ្យកើតឡើងដដែលជាដដែល ចាំតែអាជ្ញាធរម្ខាង លទ្ធផលគឺមិនអាចបានល្អដូចការចង់បានរបស់យើងទាំងអស់គ្នានោះទេ។

សុំបញ្ឈប់វប្បធម៌ស្តីបន្ទោស តែត្រូវរកឱ្យឃើញនូវលទ្ធភាពតិចតួចណាមួយ ដែលយើងអាចចូលរួមបានជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាប និងឈានទៅលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ត្រូវប្តូរពីការស្តីបន្ទោស ក្លាយមកជាទម្លាប់សហការរួមគ្នាបន្ថែមកម្លាំង ដើម្បីសម្រេចឱ្យបានគោលដៅសម្អាតគ្រឿងញៀនក្នុងប្រទេសយើងឱ្យបានឆាប់។

អ្នកស្អប់គ្រឿងញៀន ខ្ញុំស្អប់គ្រឿងញៀន យើងទាំងអស់គ្នាស្អប់គ្រឿងញៀន ដូច្នេះយើងត្រូវតែចូលរួម ធ្វើឱ្យមនុស្សក្នុងសង្គមជាតិរបស់យើងទាំងអស់ ស្អប់គ្រឿងញៀនដូចគ្នា ជាពិសេសមនុស្សនៅក្បែរខ្លួនយើង មានគ្រួសារ មិត្តភ័ក្ត្រ អ្នករួមការងារ និងអ្នកជិតខាង សូមដាស់តឿនពួកគាត់អំពីមហន្តរាយដ៏គ្រោះថ្នាក់នៃគ្រឿងញៀនដែលមិនត្រូវសាកល្បងនោះឡើយ៕

ដោយ៖ ពៅ ធីតាវណ្ណ

អត្ថបទទាក់ទង