ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។
គ្រឿងញៀន បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើប្រាស់មានសភាពកាន់ធ្ងន់ធ្ងរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការដ៏ចាំបាច់មួយសម្រាប់កិច្ចការសន្តិសុខសង្គម ហើយសម្តេចបានដាក់ចេញបទបញ្ជាក្តៅឱ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាព។
ដើម្បីការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួលសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានតែងតាំងឧបនាយករដ្ឋមន្ត្រី៤រូប ជាថ្នាក់ដឹកនាំអាជ្ញាធរនេះ ហើយមានថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នរបស់រដ្ឋចំនួន១៤រូបផ្សេងទៀត ជាសមាជិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសចាត់វិធានការក្តៅទៅលើស្ថាប័នកងកម្លាំងប្រដាប់អាវុធមានកងទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងនោះមានកម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌផងដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ អាជ្ញាធរ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០,០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣តោន។ រឹបអូសសារធាតុគីមីផ្សំបាន ១តោន និង៤៦៩គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀននិងសារធាតុពាក់ព័ន្ធជាង ៣៤៧តោន និង ១,២០៧គ្រាប់៕