Grand News Asia Close

វិភាគអន្តរជាតិ៖ ចំណុចសំខាន់ៗ គួរដឹងពីការស៊ើបអង្កេតរបស់រដ្ឋសភាអាមេរិក ដើម្បីចោទប្រកាន់ដកតំណែងលោក ចូ បៃដិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 187
វិភាគអន្តរជាតិ៖ ចំណុចសំខាន់ៗ គួរដឹងពីការស៊ើបអង្កេតរបស់រដ្ឋសភាអាមេរិក ដើម្បីចោទប្រកាន់ដកតំណែងលោក ចូ បៃដិន វិភាគអន្តរជាតិ៖ ចំណុចសំខាន់ៗ គួរដឹងពីការស៊ើបអង្កេតរបស់រដ្ឋសភាអាមេរិក ដើម្បីចោទប្រកាន់ដកតំណែងលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តលើការអនុញ្ញាតជាផ្លូវការ ចំពោះការស៊ើបអង្កេត ដើម្បីចោទប្រកាន់ដកតំណែងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ សភាតំណាងរាស្ត្រ ឬរដ្ឋសភាគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២២១ ទល់នឹង ២១២សំឡេងជំទាស់ ក្នុងការអនុញ្ញាត​លើការស៊ើបអង្កេតនេះ។ មកទល់នឹងម៉ោងនេះ ពួកគេមិនទាន់រកឃើញភស្តុតាងណាមួយបញ្ជាក់បានថាលោក ចូ បៃដិន ពិតជាបានប្រព្រឹត្តល្មើសតូចធំ មានចែងនៅក្នុង រដ្ឋធម្មនុញ្ញអាមេរិក ដើម្បីចោទប្រកាន់ និងដកតំណែងនោះទេ។ ប៉ុន្តែចុះនឹងមិនរឿងអ្វីកើតឡើងជាបន្ទាប់ទៀត?

* ក្រុមអ្នកសាធារណរដ្ឋកំពុងតាមប្រមាញ់ភស្តុតាងស៊ីសំណូក ដឹកនាំមិនបានល្អ និងបង្កឧបសគ្គ
ក្រុមអ្នកសាធារណរដ្ឋ កំពុងបើកការស៊ើបអង្កេតលើបទល្មើសចំនួន៣ ដែលពួកគេសង្ស័យថាលោក ចូ បៃដិន បានប្រព្រឹត្តក្នុងនោះរួមមាន ស៊ីសំណូក ដឹកនាំមិនបានល្អ និងបង្កឧបសគ្គ។ បទលើ្មសស្ថិតនៅក្រោមការសង្ស័យទាំង៣នេះ គឺត្រូវបានទាញភ្ជាប់ទៅនឹងការប្រព្រឹត្តរបស់ លោក Hunter Biden ជាកូនប្រុសបង្កើតរបស់លោក ចូ បៃដិន និងដែលត្រូវបានចោទប្រកាន់ពីបទគេចវេសពន្ធ និងកាន់កាប់កាំភ្លើងខុសច្បាប់ ។ លោក Hunter Biden ត្រូវបានបណ្ដាសារព័ត៌មានអាមេរិកធំ រាយការណ៍ថាបានទទួលប្រាក់រាប់លានដុល្លារ ពីមុខជំនួញរបស់លោកនៅក្នុង ប្រទេសអ៊ុយក្រែន ចិន និងនៅតាមបណ្ដាប្រទេសដទៃទៀត។ លោក Hunter ដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ពីសាកលវិទ្យាល័យ Yale ធ្លាប់បានអះអាងថា លុយដែលលោករកបានគឺជាលុយស្របច្បាប់ ក្នុងនោះរួមមានទាំងការផ្ដល់សេវាផ្នែកច្បាប់ និងមុខជំនួញជាមួយដៃគូរកស៊ីនៅក្រៅប្រទេស។

ក្រុមអ្នកសាធារណរដ្ឋបានចោទប្រកាន់ លោក Hunter Biden ថាបានប្រើប្រាស់ឥទ្ធិពលរបស់ឪពុក គឺលោក ចូ បៃដិន ដែលធ្លាប់កាន់តំណែងជា អនុប្រធានាធិបតីអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ដើម្បីកាងមុខជំនួញ។ ប៉ុន្តែ អ្នកសាធារណរដ្ឋមិនទាន់មានភស្តុតាងដើម្បីទាញភ្ជាប់ ការប្រព្រឹត្តខុសនៅក្នុងមុខជំនួញរបស់លោក Hunter ក្នុងនោះរួមមានការចោទប្រកាន់ពីបទគេចវេសពន្ធទៅនឹងឪពុករបស់លោកនោះទេ។ ដូច្នេះដើម្បីអាចបញ្ជាក់ថាលោក ចូ បៃដិន ប្រព្រឹត្តបទស៊ីសំណូក ឬដឹកនាំមិនបានល្អ ក្រុមអ្នកសាធារណរដ្ឋត្រូវបង្ហាញថាលោក បៃដិនបានទទួល ប្រាក់ ឬក៏កែប្រែគោលនយោបាយអាមេរិក ដើម្បីទទួលបានផលចំណេញពីដៃគូរកស៊ីរបស់កូនប្រុសលោក។

* នីតិវិធីចោទប្រកាន់ដកតំណែងជាឈុតឆាកនយោបាយ
នីតិវិធីចោទប្រកាន់ដកតំណែង គឺជាឆុតឆាកនយោបាយ ម្លោះហើយក្រុមអ្នកសាធារណរដ្ឋមិនចាំបាច់ត្រូវការភស្តុតាងអ្វីនោះទេ។ រដ្ឋធម្មនុញ្ញ អាមេរិកបានកំណត់ស្ដង់ដារដើម្បីធ្វើការចោទប្រកាន់ដកតំណែង ក្នុងនោះរួមមានអំពើក្បត់ជាតិ ស៊ីសំណូក ឬក៏ប្រព្រឹត្តបទល្មើសតូចធំ ផ្សេងទៀត។ តែជាការអនុវត្តជាក់ស្ដែង គ្មានអ្វីអាចបញ្ឈប់ ឬរារាំងសភាតំណាងរាស្ត្រអាមេរិកមិនឱ្យដំណើរការនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលោក ចូ បៃដិ​ន ឬនរណាផ្សេងទៀតបាននោះទេ បើទោះជាមាន ឬមិនមានភស្តុតាងរឹងមាំក៏ដោយ។

លោក ដូណាល់ ត្រាំ បានជំរុញឱ្យសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ធ្វើដាក់លោក ចូ បៃដិន ឱ្យដូចបក្សប្រជាធិបតេយ្យ ធ្លាប់បានធ្វើក្នុងដំណើរការនីតិវិធីចោទប្រកាន់ដើម្បីដកតំណែងរូបលោកដល់ទៅ ២លើក កាលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ​ប៉ុន្តែ ក្រុមអ្នកតំណាងរាស្ត្រសាធារណរដ្ឋខ្លះបាននិយាយថាពួកគេមើលមិនឃើញពីករណី ដែលអាចចោទប្រកាន់ដកតំណែងលោក បៃដិន បាន នោះទេ។ យ៉ាងនេះក្ដី វាក៏មិនអាចបញ្ចុះបញ្ចូលអ្នកតំណាងរាស្ត្រសាធារណរដ្ឋដែលដឹកនាំការស៊ើបអង្កេត ក្នុងនោះរួមមានទាំងមនុស្សស្និទ្ធស្នាល ជាមួយលោក ត្រាំ ឱ្យបញ្ឈប់ការស៊ើបអង្កេតរបស់ពួកគេបានដែរ ហើយពួកគេអាចនឹងបន្តរហូតចូលដល់ឆ្នាំ២០២៤ ដើម្បីធ្វើយ៉ាងណាឱ្យលោក បៃដិន ស្ថិតក្រោមស្រមោលនៃការស៊ើបអង្កេត ខណៈការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាន់តែក្ដៅគគុក។

* ក្រុមអ្នកសាធារណរដ្ឋកំពុងស្វែងរកភស្តុតាងបញ្ជាក់ថាលោក បៃដិន ប្រព្រឹត្តអំពើពុករលួយ
បច្ចុប្បន្ន ក្រុមអ្នកសាធារណរដ្ឋនៅតែមិនទាន់អាចស្វែងរកភស្តុតាងបង្ហាញថាកាលនៅកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្យាយាមកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ឬក៏ប្រើប្រាស់អំណាចរបស់លោក ដើម្បីស្វែងរកផលចំណេញពីដៃគូរកស៊ីនៃ កូនប្រុសរបស់លោកឡើយ។ ពួកគេបានចោទប្រកាន់ថាការជំរុញរបស់លោក បៃដិន ឱ្យមានការបណ្ដេញរដ្ឋអាជ្ញាអ៊ុយក្រែនម្នាក់ដែលបាន បើកការស៊ើបអង្កេតលើក្រុមហ៊ុន Burisma គឺជាការប្រព្រឹត្តអំពើពុករលួយដើម្បីផលចំណេញសម្រាប់គ្រួសាររបស់លោក។ ប៉ុន្តែ ការជំរុញឱ្យ បណ្ដេញរដ្ឋអាជ្ញារូបនោះចេញពីតំណែង ជាគោលជំហរផ្លូវការរបស់រដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុប នៅពេលនោះ។ ក្រុមអ្នកសាធារណរដ្ឋ ក៏បានចោទប្រកាន់ដែរថាលោក បៃដិនធ្លាប់បាននិយាយកុហកពីមុខជំនួញកូនប្រុសរបស់ខ្លួន ក្នុងនោះរួមមានលោក បៃដិន ធ្លាប់អះអាងថាលោក Hunter Biden មិនបានរកលុយពីចិននោះទេ តែការពិតកូនប្រុសរបស់លោកត្រូវបានគេរកឃើញថាមានមុខជំនួញក្នុងប្រទេសចិន។

អ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មធិការយុត្តិធម៌ លោក Jim Jordan បានលើកឡើងថា រាល់ការ កុហកដែលលោក បៃដិន បានធ្វើនិយាយពាក់ព័ន្ធនឹងផលប្រយោជន៍មុខជំនួញកូនប្រុសរបស់លោក គឺជាទង្វើបង្កឧបសគ្គដល់ការស្វែងរក យុត្តិធម៌។

* ការដកតំណែងលោក ចូ បៃដិន ជារឿងមិនអាចទៅរួច?
លោក Jim Jordan បានដាក់ចេញផែនការដើម្បីកោះហៅសាក្សី ៩នាក់ មកសួរចម្លើយក្នុងរយៈពេល ២ខែខាងមុខ។ លើសពីនេះទៅទៀត ក្រុមអ្នកសាធារណរដ្ឋ ក៏កំពុងព្យាយាមបង្ខំឱ្យអ្នកស៊ើបអង្គេតពន្ធ ២នាក់ ផ្ដល់សក្ខីកម្មថាតើហេតុអ្វីបានជាលោក Hunter Biden កន្លងមកមិន ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ? យ៉ាងណាក៏ដោយ សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មិនទាន់ធ្វើ ការបោះឆ្នោតលើការដំណើរការនីតិវិធីចោទប្រកាន់ដើម្បីដកតំណែងលោក ចូ បៃដិន នៅឡើយទេ ហើយអ្នកសាធារណរដ្ឋខ្លះក៏បាននិយាយដែរ ថាទោះបីជាពួកគេគាំទ្រលើការស៊ើបអង្កេតក៏ពិតមែន តែពួកគេមិនជឿទេថាការចោទប្រកាន់ដកតំណែងលោក បៃដិនអាចធ្វើទៅរួច។

ម្យ៉ាងវិញទៀត បើទោះជាសភាតំណាងរាស្ត្របោះឆ្នោតចោទប្រកាន់លោក ចូ បៃដិនក៏ដោយ ក៏ការចោទប្រកាន់ដកតំណែងលោក បៃដិន គឺមិនអាចធ្វើទៅបានឡើយ ហើយហេតុផលធំមួយ នោះគឺព្រឹទ្ធសភាអាមេរិកសព្វថ្ងៃដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ប្រាកដណាស់នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារលោក បៃដិន។

ដើម្បីបោះឆ្នោតចោទប្រកាន់ដកតំណែងលោក បៃដិន ព្រឹទ្ធសភាត្រូវរកឱ្យបាននូវសំឡេងគាំទ្រ ២ភាគ៣ ដែលសំឡេងនេះមិនអាចទៅរួចទេ ក្នុងពេលដែលព្រឹទ្ធសភាអាមេរិកសព្វថ្ងៃគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងឆ្នោតនៅក្នុងដៃ ៥១ ទល់នឹង៤៩សំឡេង របស់គណបក្សសាធារណរដ្ឋ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង