Grand News Asia Close

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង តែងតាំងខ្លួនឯងជាមហាអំណាចនុយក្លេអ៊ែរ តើមានន័យយ៉ាងណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 622
វិភាគអន្តរជាតិ៖ កូរ៉េខាងជើង តែងតាំងខ្លួនឯងជាមហាអំណាចនុយក្លេអ៊ែរ តើមានន័យយ៉ាងណា? វិភាគអន្តរជាតិ៖ កូរ៉េខាងជើង តែងតាំងខ្លួនឯងជាមហាអំណាចនុយក្លេអ៊ែរ តើមានន័យយ៉ាងណា?

(សេអ៊ូល)៖ សភាកូរ៉េខាងជើង បានបញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចអាវុធនុយក្លេអ៊ែរ ទៅក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការហើយ ខណៈលោក គីម ជុងអ៊ុន សន្យាថានឹងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់នូវអី្វដែលលោកហៅថាជាការបង្ករឿងពីសហរដ្ឋអាមេរិក។ ​លោក គីម បាននិយាយថាការផលិតអាវុធ នឹងត្រូវបន្តធ្វើឡើងដោយគ្មានកាលកំណត់ ជាមួយការបញ្ជាក់ពីភាពត្រឹមត្រូវ និងទម្លាក់កំហុសលើសហរដ្ឋអាមេរិក សម្រាប់ការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី ជាមួយកូរ៉េខាងត្បូង និងជប៉ុន ជាសម្ព័ន្ធយោធាមួយដែលលោកហៅថាជាអង្គការ​ NATO ក្នុងតំបន់អាស៊ី។

លោក គីម ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំនៃសភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែថាតើការតែងតាំងខ្លួនឯង ជាមហាអំណាចអាវុធនុយក្លេអ៊ែរមានន័យយ៉ាងណា ចំពោះសហរដ្ឋអាមេរិក និងតំបន់ឧទ្វីបកូរ៉េ?

* គោលនយោបាយអាវុធនុយក្លេអ៊ែរថ្មី របស់កូរ៉េខាងជើង

មានជាងពាក់កណ្ដាលនៃអត្ថបទសុន្ទរកថារបស់លោក គីម ជុងអ៊ុន ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Rodong Sinmun គឺមាននិយាយតែពីការការពារកម្មវិធី អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបន្ទោសសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូងជាអ្នកបង្ខំឱ្យទីក្រុងព្យុងយ៉ាងដើរដល់ផ្លូវមួយមិនអាចបកក្រោយវិញបាន។

លោក គីម បានគូសបញ្ជាក់ដូច្នេះថា «គណបក្ស និងរដ្ឋាភិបាលជាតិរបស់យើងត្រូវតែឆ្ពោះទៅមុខជានិច្ច ក្នុងការពង្រឹងកងកម្លាំងនុយក្លេអ៊ែរឱ្យបានខ្លាំងក្លា និងលឿនរហ័ស ដោយមិនត្រូវឈប់សូម្បីមួយវិនាទីណាឡើយ និងដើម្បីបង្កើនការផលិតអាវុធនុយក្លេអ៊ែរជាអតិបរមាសំដៅសម្រេចឱ្យបាននូវគ្រប់មធ្យបាយ ទាំងអស់នៃការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ព្រមទាំងដាក់ពង្រាយទៅកាន់គ្រប់អង្គភាពយោធា»។ ប្រមុខដឹកនាំកូរ៉េខាងជើងបានបន្ថែមថាកម្មវិធីអាវុធ របស់កូរ៉េខាងជើង គឺជាវិធានការការពារខ្លួនសុទ្ធសាធ ហើយថាកូរ៉េខាងជើងគឺជារដ្ឋនុយក្លេអ៊ែរមួយប្រកបដោយការទទួលខុសត្រូវដែលកំពុងប្រយុទ្ធប្រឆាំងនឹង ទង្វើបង្ករឿងយោធាពីសំណាក់សហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាមួយកាលពីចុងឆ្នាំ២០២២ និងអំឡុងការធ្វើតេស្ដមីស៊ីលនុយក្លេអ៊ែរតាក់ទិក លោក គីម ជុងអ៊ុន ក៏ធ្លាប់លើកឡើងដែរពីការបង្កើនការផលិតអាវុធ នុយក្លេអ៊ែរជាអតិបរមា។ Rodong Sinmun មិនបានរាយការណ៍លម្អិតនោះទេពីប្រព័ន្ធអាវុធដែលស្ថិតនៅក្រោមផែនការរបស់លោក គីម ប៉ុន្តែសុន្ទរកថារបស់លោក ក្នុងសប្ដាហ៍នេះ កើតមានឡើងក្រោយលោក គីម កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការបំពាក់អាវុធនុយក្លេអ៊ែរសម្រាប់នាវាចម្បាំង និងនាវាមុជទឹកស៊េរីថ្មី របស់ខ្លួន និងបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង Hwasong-18 ចំនួន២ដងដោយជោគជ័យក្នុងឆ្នាំ២០២៣នេះ។

លោក គីម ជុងអ៊ុន ក៏បាន និងកំពុងផ្តោតជាអាទិភាពផងដែរលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លី ក្រោយលោកអះអាងពីភាពជោគជ័យនៃ ការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចល្មមកាលពីខែមីនាកន្លងទៅ។ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានរៀបចំឡើងវិញនូវទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ក្រោមដីរួចរាល់ហើយ ពោលគឺវាអាស្រ័យថាតើទីក្រុងព្យុងយ៉ាងចង់ ឬមិនធ្វើតេស្ដតែប៉ុណ្ណោះ។ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើក រួចមកហើយ រាប់តាំងពីឆ្នាំ២០០៦ និងចុងក្រោយគេបំផុតក្នុងឆ្នាំ២០១៧។

ច្បាប់ស្ដីគោលនយោបាយអាវុធនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង ត្រូវបានអនុម័តតាំងតែពីឆ្នាំ២០២២មកម្ល៉េះ។ ច្បាប់ថ្មីនេះបានចែងថាគោលនយោបាយរបស់ កូរ៉េខាងជើង គឺអនុញ្ញាតឱ្យមានការបើកការវាយប្រហារបង្ការទុកជាមុនដោយប្រើអាវុធនុយក្លេអ៊ែរលើសត្រូវ ក្នុងករណីដែលព្យុងយ៉ាងយល់ថាការវាយប្រហារ ណាមួយប្រឆាំងនឹងខ្លួនកំពុងត្រូវបានគ្រោងទុក ឬក៏អាយុជីវិតរបស់លោក គីម ជុងអ៊ុន រងការគំរាមកំហែង។ កូរ៉េខាងជើងជារឿយៗតែងតែគំរាមថាខ្លួនអាចពិចារណា ចាត់ទុកថាការដាក់ពង្រាយសព្វាវុធប្រដាប់ដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង គឺជា ផ្នែកនៃការវាយប្រហារមួយ ដែលនេះនឹងលើកទឹកចិត្តឱ្យមានការវាយប្រហារដោយប្រើមីស៊ីលនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក នៅពេលអនាគត។

ត្រង់ចំណុចនេះឯងដែលក្រុមអ្នកវិភាគភាគច្រើនបង្ហាញការព្រួយបារម្ភ ដ្បិតថាបើមានឧបទ្ទវហេតុ ឬការគណនាខុសណាមួយតែបន្តិច វាអាចនឹងងាយឆាបឆេះទៅ ជាសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បានបន្ថែមចំណុចខ្លីមួយនៅក្នុងសេចក្ដផ្ដើមនៃរដ្ឋធម្មនុញ្ញ ក្នុងឆ្នាំ២០១២ ជាមួយប្រកាសថាប្រទេស របស់ខ្លួនជារដ្ឋនុយក្លេអ៊ែរ។ លោក Martin Weiser ជាអ្នកជំនាញខាងកិច្ចការកូរ៉េខាងជើងម្នាក់ បាននិយាយថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយបំផុតរបស់ កូរ៉េខាងជើងនៅពេលនេះគឺជានិមិត្តរូប បង្ហាញពីការប្ដេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុនចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ ស្របទៅតាមអ្វីដែលលោកបានសង្កត់ធ្ងន់ពី ការបំពាក់អាវុធនុយក្លេអ៊ែរទៅគ្រប់អង្គភាពយោធាកូរ៉េខាងជើង។

លោក Martin Weiser បន្ថែមដូច្នេះថា «ខ្ញុំអាចអះអាងបានថាគោលនយោបាយថ្មីនេះ នឹងកាន់តែបង្កការលំបាកដល់កិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ធៀបទៅនឹងពេលដែលលោក គីម បានពិភាក្សាពីបញ្ហានេះជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រហែលវាអាចនឹងខុសគ្នា ពីឆ្នាំ២០១៨ ដែលកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរអាចឱ្យគេឃើញពន្លឺខ្លះៗ ប៉ុន្តែក្នុងពេលនេះ កិច្ចចរចានេះគឺមិនអាចទៅរួចឡើយ»។

ក្រោមអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានឯកភាពធ្វើការជាមួយគ្នាលើការឆ្ពោះទៅការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ប៉ុន្តែអ្វីៗបានត្រឡប់ទៅរកសភាពដើមវិញ ក្រោយកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ក្នុងទីក្រុងហាណូយ នៅខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ។ ចាប់តាំងពីពេលនោះមកដែរ កូរ៉េខាងជើងកាន់តែដំឡើងសាច់ដុំមាត់ ដោយប្រកាសថាការកាន់កាប់ អាវុធនុយក្លេអ៊ែរ គឺជារឿងមួយមិនអាចកែប្រែបានដាច់ខាត៕ ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង