Grand News Asia Close

វិភាគអន្តរជាតិ៖ អាមេរិកប្រមូលផ្ដុំកម្លាំងយោធាដ៏ធំមិនធ្លាប់មាននៅមជ្ឈិមបូព៌ា ចាប់តាំងពីវាយអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣

ដោយ៖ Morm Sokun ​​ | 9 ម៉ោងមុន ទស្សនៈ-Opinion 1028
វិភាគអន្តរជាតិ៖ អាមេរិកប្រមូលផ្ដុំកម្លាំងយោធាដ៏ធំមិនធ្លាប់មាននៅមជ្ឈិមបូព៌ា ចាប់តាំងពីវាយអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣ វិភាគអន្តរជាតិ៖ អាមេរិកប្រមូលផ្ដុំកម្លាំងយោធាដ៏ធំមិនធ្លាប់មាននៅមជ្ឈិមបូព៌ា ចាប់តាំងពីវាយអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣

#OpEd

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបាន និងកំពុងបង្កើនវត្តមានយោធាយ៉ាងសម្បើមនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមាននាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង យន្ដហោះចម្បាំង និងយន្ដហោះចាក់សាំងលើអាកាស ជាច្រើនគ្រឿង ខណ​​ៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទុកពេលឱ្យអ៉ីរ៉ង់ ១០ ទៅ១៥ថ្ងៃ ដើម្បីចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ «យើងអាចនឹងសម្រេចបានកិច្ចព្រមព្រៀង ឬរឿងអាក្រក់ អាចនឹងកើតឡើងចំពោះពួកគេ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃទី១៩ ខែកុម្ភៈ។

ការដាក់ពង្រាយយោធានៅពេលនេះគឺខុសប្លែកគ្នាទាំងស្រុងទៅនឹងការដាក់ពង្រាយយោធាដែលសហរដ្ឋអាមេរិកបានធ្វើចាប់តាំងពីឆ្នាំ២០០៣ ជាពេលដែលទីក្រុងវ៉ាស៊ីនតោនប្រមូលផ្ដុំកងទ័ពត្រៀមឈ្លានពាន ចូលអ៉ីរ៉ាក់។ មិនតែប៉ុណ្ណោះ ការបង្កើនវត្តមានយោធានៅក្បែរអ៉ីរ៉ង់ទៀតសោត មានវិសាលភាពធំជាងការបង្កើនវត្តមានយោធាដែលលោក ត្រាំ បានចេញបញ្ជាឱ្យធ្វើឡើងនៅក្បែរដែនទឹកវ៉េណេស៊ុយអេឡា អស់រយៈពេលជាច្រើនសប្ដាហ៍ មុនកងកុម្ម៉ង់ដូរអាមេរិកចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

ក្រុមអ្នកវិភាគយល់ថាសហរដ្ឋអាមេរិកទំនងជានឹងមិនដាក់ពង្រាយកងទ័ពថ្មើរជើងនោះទេ តែការបង្កើនវត្តមាននាវាចម្បាំង និងយន្ដហោះចម្បាំងបានផ្ដល់ឱ្យលោក ត្រាំ នូវជម្រើសយ៉ាងទូលំទូលាយដើម្បីបើក ការវាយប្រហារបន្តបណ្ដាក់គ្នាមានរយៈពេលច្រើនថ្ងៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអ៉ីស្រាអែល។ ប្រសិនបើលោក ត្រាំ សម្រេចចិត្តថាត្រូវតែវាយប្រហារលើអ៉ីរ៉ង់ វាអាចនឹងមានភាពខុសប្លែកពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែរកាលពីខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ លោក ត្រាំ បាននិយាយថា «យើងប្រហែលជានឹងចុះកិច្ចព្រមព្រៀងមួយ។ អ្នកទាំងអស់គ្នានឹងបានឃើញក្នុងពេលប្រហែលជា ១០ថ្ងៃខាងមុខ»។

ការព្រួយបារម្ភពីភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានធ្វើឱ្យទីផ្សារភាគហ៊ុនដាំក្បាលចុះក្រោម រីឯប្រេងហក់ឡើងថ្លៃ ដោយប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ដល់ ៧១ដុល្លារ ក្នុងមួយបារែល។ នៅទីនេះ សំណួរបើកចំហមួយដែលគេចង់ដឹង នោះគឺថាតើអ៉ីរ៉ង់អាចនឹងធ្វើតាមសំណើរបស់លោក ត្រាំដែរឬក៏យ៉ាងណា ហើយតាមរយៈការប្រមូលផ្ដុំកម្លាំងយោធាយ៉ាងធំ សម្បើមក្នុងតំបន់មជ្ឈិមបូព៌ា ថាតើវានឹងបង្ខំឱ្យលោក ត្រាំ ត្រូវតែធ្វើសកម្មភាពដើម្បីរក្សាកិត្យានុភាព ឬដកថយវិញដោយមិនកេះកៃកាំភ្លើង? ទិន្នន័យពីគេហទំព័រ FlightRadar24 បានបង្ហាញពីកើនឡើង សកម្មភាពហោះហើររបស់យន្ដហោះយោធាដឹកញ្ជូន យន្ដហោះចាក់សាំងលើអាកាស យន្ដហោះឈ្លបយកការណ៍ និងដ្រូនរបស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតា ហ្ស៊ុកដានី កោះក្រែត និងអេស្ប៉ាញ។ យន្ដហោះយោធាទាំងនោះមានដូចជា យន្ដហោះចាក់សាំងលើអាកាស KC-46 និង KC-135 យន្ដហោះដឹកជញ្ជូន C-130J ដែលត្រូវបានប្រើប្រាស់សម្រាប់ដឹកកងទ័ព និងសព្វាវុធ ធុនធ្ងន់។ វាក៏មានផងដែរយន្ដហោះឱ្យសញ្ញាអាសន្ន E-3 Sentry និងដ្រូន RQ-4 Global Hawk។

សព្វាវុធដែលមានក្នុងកណ្ដាប់ដៃលោក ត្រាំទាំងអស់សុទ្ធតែជាកំពូលអាវុធ។ ក្រៅពីនេះនៅមាននាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln អមដំណើរដោយនាវាពិឃាដប្រដាប់ដោយមីស៊ីល ៣គ្រឿង ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk ហើយយន្ដហោះនៅលើ USS Abraham Lincoln ក្នុងនោះមានទាំង F-35C។ USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងថ្លៃជាងគេបំផុត នៅលើពិភពលោក (១៣ពាន់លានដុល្លារ) ក៏ត្រូវបានអមដំណើរដោយនាវាពិឃាដប្រដាប់ដោយមីស៊ីលផងដែរ និងមានយន្ដហោះនៅលើនាវានេះដូចជា ​F/A-18E F/A-18F Super Hornets, E-2D ព្រមទាំងឧទ្ធម្ភាគចក្រ MH-60S MH-60R Seahawk និងយន្ដហោះ C-2A Greyhounds។

លោក Michael Eisenstadt ជានាយកផ្នែកយោធាមកពីវិទ្យាស្ថាន Washington Institute for Near East Policy បាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងទាំង២គ្រឿង នឹងផ្ដល់ឱ្យលោក ត្រាំ នូវជម្រើសបន្ថែម ដោយអាចឱ្យយោធាអាមេរិកធ្វើប្រតិបត្តិការវាយប្រហារបន្តបណ្ដាក់គ្នា។ លោកបន្ថែមថាការបង្កើនវត្តមានយោធានេះគឺជាការបញ្ជូនសារមួយទៅកាន់អ៉ីរ៉ង់ពីភាពចាំបាច់ត្រូវមានភាពបត់បែនបន្ថែម ក្នុងកិច្ចចរចា។ ការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ អាចប្រថុយធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមមុខនឹងជម្រើសនៃសង្រ្គាមជាលើកទី៣ក្នុងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីឆ្នាំ១៩៩១ ប្រឆាំងនឹងសត្រូវដ៏ខ្លាំងមួយ ពោលគឺខ្លាំងជាងសត្រូវនានាដែលសហរដ្ឋអាមេរិកធ្លាប់បានប្រឈមក្នុងពេលរាប់ទសវត្សរ៍មកនេះ។ ក្នុងអាណត្តិទី២របស់លោក ត្រាំ ការប្រើប្រាស់កម្លាំងយោធាត្រូវបានគេមើលឃើញថាលោកចូលចិត្តរយៈពេលខ្លី ហើយចំណាយតិច និងមានផលប៉ះពាល់តិចតួចបំផុតដល់កងទ័ពអាមេរិក។ តួយ៉ាងយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ កាវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន និងការវាយប្រហារលើវ៉េណេស៊ុយអេឡា ក៏ដូចជាចាប់ខ្លួនលោក ម៉ាឌូរ៉ូ កាលពីដើមខែមករា។

ក៏ប៉ុន្តែប្រសិនបើការវាយប្រហារជាថ្មីណាមួយលើអ៉ីរ៉ង់ បង្កទៅជាសង្រ្គាមពេញទំហឹង នោះលោក ដូណាល់ ត្រាំ អាចនឹងប្រឈមមុខនឹងសម្ពាធ និងការខឹងសម្បារពីប្រជាជនអាមេរិក។ អំឡុងធ្វើយុទ្ធនាការឃោសនា បោះឆ្នោត លោក ត្រាំ ធ្លាប់បានប្រកាន់ជំហរប្រឆាំងនឹងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាម ឬជម្លោះនៅក្រៅប្រទេស។ តែនៅទីបំផុតលោកនៅតែសម្រេចចិត្តទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់កាលពីខែមិថុនា ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន និងក្រុមសកម្មប្រយុទ្ធនៅស៊ីរី។ «ដោយសារតែប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់មួយផ្នែកធំត្រូវបានកម្ទេចដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីខែមិថុនា យន្ដហោះចម្បាំងអាមេរិកអាចធ្វើប្រតិបត្តិការកាន់តែងាយស្រួលជាងមុន នៅលើដែនអាកាសអ៉ីរ៉ង់»។ នេះជាការគូសបញ្ជាក់របស់លោក Bryan Clark ជាអ្នកវិភាគម្នាក់ពីវិស័យការពារជាតិ មកពីវិទ្យាស្ថាន Hudson Institute និងជាអតីតមន្ត្រីយុទ្ធសាស្ត្រទ័ពជើងទឹកអាមេរិក។ លោកបន្តថា «វាតែងតែមានហានិភ័យនៃការបាញ់ទម្លាក់ពីឡុត ប៉ុន្តែខ្ញុំគិតថាគ្រោះថ្នាក់ធំបំផុតគឺចំពោះនាវាចម្បាំង ទៅវិញទេ។ ពីព្រោះថាមីស៊ីលគ្រូស និងបាលិស្ទីគប្រភេទតែមួយដែលអ៉ីរ៉ង់ផ្ដល់ទៅឱ្យក្រុមហ៊ូទី អាចនឹងត្រូវបានប្រើប្រាស់ប្រឆាំងនឹងនាវាចម្បាំងអាមេរិកក្នុងតំបន់ឈូងសមុទ្រពែក្ស សមុទ្រអារ៉ាប់ និងសមុទ្រក្រហម»។

មិនតែប៉ុណ្ណោះ កងទ័ពអាមេរិករាប់ពាន់នាក់កំពុងឈរជើងក្នុងតំបន់មជ្ឈិមបូព៌ា ក៏ស្ថិតនៅក្រោមរយៈចម្ងាយបាញ់នៃមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ផងដែរ ក្នុងគ្រាដែលក្រុមមន្ត្រីអ៉ីរ៉ង់ព្រមានថាពួកគេនឹងសងសឹកវិញ ឱ្យចាស់ដៃទៅនឹងការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក។ ក្រៅតែពីវាយប្រហារលើយោធាអាមេរិក អ៉ីរ៉ង់អាចនឹងព្យាយាមបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់កប៉ាល់ដឹកប្រេង ស្ថិតនៅចន្លោះអូម៉ង់ និងអ៉ីរ៉ង់។

ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២៥ ផ្តោតលើទីតាំងសំខាន់ចំនួន៣ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ តែមហិច្ឆតាណាមួយចង់ប្ដូររបបដឹកនាំអ៉ីរ៉ង់អាចនឹងតម្រូវឱ្យមានការវាយប្រហារ បន្ថែមលើទីតាំងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ឬការវាយប្រហារសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ «ក៏ប៉ុន្តែ អ៉ីរ៉ង់ប្រហែលជាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ទល់នឹង វាយប្រហារលើថ្នាក់ដឹកនាំកំពូលរបស់ខ្លួន»។ នេះបើតាមលោក Jamal Abdi ជាប្រធានក្រុមប្រឹក្សាជាតិអ៉ីរ៉ង់-អាមេរិកមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។ អ្នកជំនាញរូបនេះបានពន្យល់ថាក្នុងសង្រ្គាម ១២ថ្ងៃ កាលពីខែមិថុនា អ៉ីស្រាអែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើននាក់ក្នុងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ តែអ៉ីរ៉ង់នៅតែមានសមត្ថភាពងើបឡើងវិញ និងបើកការវាយប្រហារសងសឹកក្នុងពេល ២៤ម៉ោង។ ដូច្នេះ លោក Jamal Abdi យល់ថាអ៉ីរ៉ង់ប្រហែលជាបានត្រៀមផែនការរួចជាស្រេចសម្រាប់សេណារីយ៉ូបែបនេះ ហើយអាចនឹងមានភាពធន់ជាងមុនបន្ទាប់ពីរងការវាយប្រហារកាលពីខែមិថុនា។

គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃទី១៨ ខែកុម្ភៈ បាននិយាយថាអ៉ីរ៉ង់ត្រូវបានរំពឹងថានឹងផ្ដល់ចម្លើយចំពោះកិច្ចចរចាក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ តែលោកស្រី មិនបានបដិសេធឡើយពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើអ៉ីរ៉ង់មុនអំឡុងពេលនេះ ហើយថាលោក ត្រាំនឹងបន្តតាមដានមើលស្ថានការណ៍នឹងវិវត្តន៍ទៅយ៉ាងដូចម្ដេច៕

-Fresh News-

អត្ថបទទាក់ទង