Grand News Asia Close

វិភាគអន្តរជាតិ៖ តើ «កម្ទេចក្រុមហាម៉ាស» មានន័យដូចម្ដេច?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 196
វិភាគអន្តរជាតិ៖ តើ «កម្ទេចក្រុមហាម៉ាស» មានន័យដូចម្ដេច? វិភាគអន្តរជាតិ៖ តើ «កម្ទេចក្រុមហាម៉ាស» មានន័យដូចម្ដេច?

(វ៉ាស៊ីនតោន)៖ «ប្រសិនបើអ្នកចង់បានសន្តិភាព ត្រូវតែកម្ទេចហាម៉ាស។ ប្រសិនបើអ្នកចង់បានសុវត្ថិភាព ត្រូវតែកម្ទេចហាម៉ាស ហើយប្រសិនបើ អ្នកចង់ឱ្យអ៉ីស្រាអែល ប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាទាំងមូលមានអនាគត ត្រូវតែកម្ទេចហាម៉ាស»។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក្នុងពេលដំណាលគ្នាដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន រួមទាំងបេក្ខជនប្រធានាធិបតីមួយចំនួនមកពី គណបក្សសាធារណរដ្ឋ ក៏បានយល់ស្របជាមួយលោក Netanyahu ដែរថាត្រូវតែកម្ទេចហាម៉ាសចោលទាំងស្រុង។ ប៉ុន្តែជាការអនុវត្តជាក់ស្ដែងថា តើកម្ទេចក្រុមហាម៉ាសមានន័យដូចម្ដេចទៅ? អ៉ីស្រាអែលមានជម្រើស ៣ នៅពេលនិយាយពីការកម្ទេចក្រុមហាម៉ាស៖

ទី១៖ កម្ទេចមេដឹកនាំធំៗរបស់ហាម៉ាស៖ អស់រយៈពេលច្រើនជាង ៦០ថ្ងៃមកនេះ ពោលចាប់តាំងពីជនជាតិអ៉ីស្រាអែល ១២០០នាក់ ភាគច្រើនជា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក អ៉ីស្រាអែលបានបើកធ្វើសង្រ្គាមទាំងការទម្លាក់គ្រាប់បែក និងជើងគោក ក្នុងគោលដៅកម្ទេចហាម៉ាស។ គិតត្រឹមថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះ ក្រុមមន្ត្រីអ៉ីស្រាអែលបានវាយតម្លៃថាក្រុមអ្នកប្រយុទ្ធហាម៉ាសជាង ៥,០០០នាក់ នៅក្នុងចំណោមក្រុមអ្នកប្រយុទ្ធសរុបប្រហែល ៣០,០០០នាក់ត្រូវបានសម្លាប់។ ប៉ុន្តែ អ៉ីស្រាអែលនៅតែមិនទាន់អាចបំបាក់ ឬកម្ទេច ក្រុមហាម៉ាសទាំងស្រុងឡើយ។ នៅពេលត្រូវបានសាកសួរពីគោលដៅកម្ទេចហាម៉ាសរបស់អ៉ីស្រាអែល ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាអ៉ីស្រាអែលអាចនឹងត្រូវចាយពេល ១០ឆ្នាំ នៅក្នុងសង្រ្គាមដើម្បីសម្រេចគោលដៅនេះ។

លើសពីនេះទៅទៀត បើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១៨,៧៨៧នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ សង្រ្គាមរបស់អ៉ីស្រាអែលសងសឹកទៅនឹងក្រុមហាម៉ាស ហើយដែលតួលេខនេះគឺច្រើនជាង ៣ដង បើធៀបទៅនឹងចំនួនក្រុមអ្នកប្រយុទ្ធហាម៉ាស ត្រូវបាន សម្លាប់។ ការស្លាប់របស់ជនស៊ីវិលក្នុងចំនួនដ៏ច្រើនបែបនេះត្រូវបានគេមើលឃើញថា អ៉ីស្រាអែលបានបរាជ័យនៅជំហានដំបូងទៅហើយ នៅលើឆាកអន្តរជាតិ ទោះជាមានប្រៀបនៅលើសមរភូមិក៏ពិតមែន។ អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀត ចំនួនជនស៊ីវិលប៉ាឡេស្ទីនស្លាប់បាន និងកំពុង ឬនឹងបន្តកើនឡើងលើសពីចំនួនក្រុមអ្នកប្រយុទ្ធហាម៉ាសដែលត្រូវបានកងទ័ពអ៉ីស្រាអែលសម្លាប់។ ការស្លាប់របស់ជនស៊ីវិលបានធ្វើឱ្យ «សាធារណៈមតិពិភពលោក» បង្វែរមកប្រឆាំងជាមួយអ៉ីស្រាអែលវិញ ទោះជាអ៉ីស្រាអែលជាអ្នករងការវាយប្រហារមុនពីហាម៉ាសក៏ដោយ។ មិនតែប៉ុណ្ណោះ វាក៏បានបង្កឱ្យមានភាពតានតឹងជាមួយរដ្ឋបាលលោក ចូ បៃដិនផងដែរ ដែលជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៉ីស្រាអែល។ តាមពិតទៅ ការវាយតម្លៃរបស់ លោក ម៉ាក្រុង អាចទៅរួចដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ។ សហរដ្ឋអាមេរិកបានធ្វើសង្រ្គាមឈ្លានពានអាហ្វហ្កានីស្ថានដើម្បីកម្ចាត់អំណាច របស់ក្រុមតាលីបង់ និងក្រុមអាល់កៃដា ចេញពីអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ២០០១។ កងទ័ពអាមេរិកបានសម្លាប់ក្រុមសកម្មប្រយុទ្ធរាប់ម៉ឺននាក់ និងមេដឹកនាំ របស់ពួកគេរាប់សិបនាក់ ក្នុងនោះរួមានទាំងមេអាល់កៃដា Osama bin Laden ក្នុងឆ្នាំ២០១១។ ប៉ុន្តែ សង្រ្គាមប្រឆាំងនឹងក្រុមតាលីបង់ និងអាល់កៃដា បានអូសបន្លាយពេលជាង ២០ឆ្នាំ ហើយនៅពេលសហរដ្ឋអាមេរិកដកកងទ័ពចេញកាលពីខែសីហា ឆ្នាំ២០២១ អាហ្វហ្កានីស្ថានបានធ្លាប់ចូលទៅក្នុង កណ្ដាប់ដៃក្រុមតាលីបង់សាជាថ្មី។

ការសម្លាប់ ឬកម្ចាត់មេដឹកនាំទាំងនោះពិតជាពិបាកខ្លាំងណាស់។ តួយ៉ាង សហរដ្ឋអាមេរិក បានចាយពេលជាង ១០ឆ្នាំ ដើម្បីសម្លាប់ bin Laden និង១១ឆ្នាំ គឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីតាមសម្លាប់ Ayman al-Zawahiri ជាមេដឹកនាំអាល់កៃដាដែលស្នងតំណែងពី bin Laden។ ដូចគ្នាដែរ មេដឹកនាំ សំខាន់ៗរបស់ក្រុមហាម៉ាសដូចជា មហាំម៉ាត់ ទើអ៉ីហ្វ (Mohammad Deif) និងយ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) កំពុងលាក់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងផ្លូវរូងក្រោមដី ឬស្ថិតនៅក្នុងចំណោមជនស៊ីវិល ដោយមិនចេញប្រយុទ្ធដោយផ្ទាល់ជាមួយកងទ័ពអ៉ីស្រាអែលទេ។ អ៉ីស្រាអែលអាចសម្លាប់ ក្រុមអ្នកប្រយុទ្ធហាម៉ាស តែបើចង់កម្ចាត់មេដឹកនាំរបស់ពួកគេទាំងអស់ មិនមែនជារឿងងាយស្រួលទេ។ ម្យ៉ាងវិញទៀត ហាម៉ាសក៏មានមេដឹកនាំបម្រុង ជាច្រើនផងដែរ។ ជាឧទាហរណ៍៖ ក្នុងចលនាបះបោរប្រឆាំងអ៉ីស្រាអែលលើកទី២ ឬ Second Intifada ហាម៉ាសបានបាត់បង់មេដឹកនាំជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះរួមមានទាំងស្ថាបនិករបស់ខ្លួនទៀតផង តែក្រុមហាម៉ាសនៅតែដំណើរការទៅមុខ និងអាចឡើងកាន់អំណាចនៅហ្កាហ្សាភ្លាមៗ ក្រោយអ៉ីស្រាអែល ដកទ័ពចេញ។ តែទោះជាយ៉ាងណាក៏ដោយ ការសម្លាប់មេដឹកនាំក្រុមហាម៉ាសដូចជាលោក មហាំម៉ាត់ ទើអ៉ីហ្វ (Mohammad Deif) និងយ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ឬក៏អ្នកនៅពីក្រោយផែនការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា អាចផ្ដល់ឱកាសឱ្យអ៉ីស្រាអែលប្រកាសពីជ័យជម្នះមួយចំនួនដើម្បី ទាក់ទាញការគាំទ្រនៅក្នុងស្រុក និងធ្វើឱ្យក្រុមហាម៉ាសធ្លាក់ក្នុងវិបត្តិគ្មានមេដឹកនាំផងដែរក្នុងរយៈពេលណាមួយ។

នៅមុនក្លាយជាចលនាដឹកនាំក្នុងតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៧ ក្រុមហាម៉ាសមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ នៅក្នុងក្រសែភ្នែកប្រជាជនប៉ាឡេស្ទីន ទាំងខាងសង្គម សាសនា និងការអប់រំ ហើយការគ្រប់គ្រងហ្កាហ្សា ១៥ឆ្នាំមកនេះកាន់តែផ្ដល់លទ្ធភាពឱ្យហាម៉ាសចាក់ឬសអំណាចកាន់តែជ្រៅក្នុងតំបន់ ហ្កាហ្សា។ នៅត្រង់នេះ ហាម៉ាសអាចបង្កើតជាចលនាតស៊ូប្រឆាំងការគ្រប់គ្រងរបស់អ៉ីស្រាអែល ឬអាចងើបឡើងដំណើ្ដមអំណាចឡើងវិញ នៅពេល អ៉ីស្រាអែលដកទ័ពចេញ និងអាចបញ្ចុះបញ្ចូលឱ្យយុវជនប៉ាឡេស្ទីនពោរពេញដោយកំហឹងដោយសារតែបានបាត់បង់គ្រួសារ ក្នុងការទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែលចូលបម្រើជាក្រុមអ្នកប្រយុទ្ធរបស់ពួកគេផងដែរ។ កាន់តែសំខាន់ជាងនេះ ហានិភ័យនៃការរីករាលដាលសង្រ្គាមកាន់តែធំ ក៏មិនអាចត្រូវបានមើល រំលងដែរ នោះគឺបើហាម៉ាសពិតជាត្រូវ ឬជិតត្រូវកម្ទេចមែន នោះក្រុមចលនាតស៊ូប្រដាប់អាវុធដទៃទៀតក្នុងតំបន់ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក តួយ៉ាងដូចជា ក្រុម Hezbollah អាចនឹងចូលរួមប្រយុទ្ធធ្វើសង្រ្គាមប្រឆាំងអ៉ីស្រាអែល ប្រសិនមានបញ្ជាពីអ៊ីរ៉ង់ ឬក៏ក្រុមហាម៉ាសកាន់តែខិតជិតត្រូវបានកម្ទេច។

* ទី២៖ កម្ទេចអំណាចហាម៉ាសដោយបង្កើតគូសត្រូវដ៏ខ្លាំងមួយឱ្យក្រុមហាម៉ាស៖ ទោះជាថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៉ីស្រាអែល ពិតមែន តែលោក ចូ បៃដិន បាននិយាយម្ដងហើយម្ដងទៀតថាលោកប្រឆាំងជំទាស់ទៅនឹងការគ្រប់គ្រងរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាក្នុងរយៈពេលវែង។ លោក បៃដិន ក៏បានលើកឡើងដែរពីគំនិតចង់តំបន់ហ្កាហ្សាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន ជាពិសេសអាជ្ញាធរប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រង តំបន់ West Bank។ មានគំនិតខ្លះទៀតចង់ឱ្យប្រទេសអារ៉ាប់ដូចជាអេហ្ស៉ីបជាអ្នកគ្រប់គ្រងហ្កាហ្សា ឬតំបន់នេះស្ថិតក្រោមការគ្រប់គ្រងដោយកងកម្លាំង អន្តរជាតិ ឬ UN។ នៅក្នុងសេណារីយ៉ូទាំងនេះ គំនិតសំខាន់មិនមែននៅត្រង់ថាហាម៉ាសត្រូវបានកម្ទេចទាំងស្រុងទេ តែគឺការបង្កើតគូសត្រូវមួយផ្សេងទៀត ដែលអាចប្រជែងអំណាចនយោបាយជាមួយហាម៉ាសបាន។ បើតាមអ្នកជំនាញភាគច្រើន ការរកអ្នកមកជំនួសហាម៉ាសជាកិច្ចការមួយដ៏ពិបាក។ ម្យ៉ាង ដោយសារការចាក់ឬសអំណាច និងប្រជាប្រិយភាពយ៉ាងជ្រៅនៅក្នុងតំបន់ហ្កាហ្សា ដែលផ្ដល់ភាពងាយស្រួលដល់ហាម៉ាសប្រមូលការគាំទ្រ។ រីឯម្យ៉ាងទៀត ដៃគូ ឬគូសត្រូវណាមួយត្រូវតែស្វែងរកការគាំទ្រពីប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ហើយក៏ត្រូវមានអំណាចយោធាខ្លាំងជាងហាម៉ាសដែរ។ នៅត្រង់នេះ អាជ្ញាធរប៉ាឡេស្ទីនខ្លួនឯង ក៏ប្រហែលជាមិនចង់ទទួលយកភារកិច្ចគ្រប់គ្រងហ្កាហ្សានោះដែរ ពីព្រោះបើពួកគេហ៊ានទទួលយកការគ្រប់គ្រងតំបន់ហ្កាហ្សា ដោយមានការគាំទ្រពីអ៉ីស្រាអែល នោះវានឹងកាន់តែធ្វើឱ្យពួកគេបាត់បង់ការគាំទ្រ និងជំនឿចិត្តពីប្រជាជនប៉ាឡេស្ទីន ជាពិសេសប្រជាជនក្នុងតំបន់ហ្កាហ្សា ដែលតែងតែគិតថា អាជ្ញាធរប៉ាឡេស្ទីនជាដៃជើងរបស់អ៉ីស្រាអែល។ ចំណែក បណ្ដារដ្ឋអារ៉ាប់ដទៃដូចជាអេហ្ស៉ីប រួមទាំងប្រទេសផ្សេងទៀតក្នុងសហគមន៍ អន្តរជាតិ ក៏មិនបានបង្ហាញចំណាប់អារម្មណ៍បញ្ជូនកងកម្លាំងរបស់ពួកគេទៅគ្រប់គ្រងតំបន់ហ្កាហ្សានោះដែរ។

* ទី៣៖ កម្ទេចមនោគមន៍វិជ្ជារបស់ក្រុមហាម៉ាស៖ ជាការអនុវត្ត មនោគមន៍វិជ្ជាមានកត្តារួមផ្សំច្រើន។ ទីមួយ៖ ក្រុមហាម៉ាសមានភាពប៉ិនប្រសប់យ៉ាងខ្លាំង ក្នុងការរួមបញ្ចូលគ្នារវាងនយោបាយអ៉ីស្លាម និងជាតិនិយមប៉ាឡេស្ទីន។ ទី២៖ ក្រុមហាម៉ាសកំពុងព្យាយាមពង្រឹងនូវអ្វីដែលពួកគេហៅថា «ការតស៊ូ» ក្រោម គោលគំនិតមួយដែលហាម៉ាសប្រាប់ប្រជាជនប៉ាឡេស្ទីនថា «និយាយតែមាត់ជាមួយអ៉ីស្រាអែល គឺមិនអាចទទួលបានសិទ្ធិសេរីភាពមកវិញនោះទេ»។ កន្លងមក គំនិតជាតិនិយមប៉ាឡេស្ទីនគឺជាគោលគំនិតរបស់គណបក្ស Fatah នៃអាជ្ញាធរប៉ាឡេស្ទីនសព្វថ្ងៃ។ ប៉ុន្តែ គោលគំនិតនេះកំពុងសាបរលាប បន្តិចម្ដងៗ។ ផ្ទុយទៅវិញ «ការតស៊ូ» បែរជាកំពុងក្លាយជាគោលគំនិតដ៏មានប្រជាប្រិយក្នុងចំណោមប្រជាជនប៉ាឡេស្ទីនទៅវិញ នោះគឺដោយសារតែ ការទម្លាក់គ្រាប់បែកមិនរើសមុខរបស់អ៉ីស្រាអែល៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង