វិភាគអន្តរជាតិ៖ លោក ត្រាំ និងព្រះអង្គម្ចាស់ MBS មិត្តចាស់នៅក្នុងបរិបទថ្មី
(វ៉ាស៊ីនតោន)៖ នៅពេលរជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន យាងធ្វើដំណើរទៅដល់សេតវិមាននៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា វានឹងក្លាយជាពេលវេលាមួយដ៏សំខាន់នៅក្នុង ទំនាក់ទំនងអន្តរជាតិដ៏មានសារៈសំខាន់ ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតកំពុងវាយតម្លៃឡើងវិញពីតួនាទីរបស់ពួកគេនៅលើឆាកអន្តរជាតិ។ សហរដ្ឋអាមេរិកកំពុងកំណត់ឡើងវិញនូវនិយមន័យសម្ព័ន្ធភាព ក្នុងពិភពលោកមួយ ដែលកាន់តែមានភាពផុយស្រួយ ខណៈអារ៉ាប៊ីសាអូឌីតបានចាត់ទុកខ្លួនឯងជាមហាអំណាចមធ្យមជាមួយការតាំងចិត្តជំរុញចក្ខុវិស័យនៃសណ្ដាប់ធ្នាប់ ស្ថិរភាព និងការរីកចម្រើនសេដ្ឋកិច្ច នៅក្នុងតំបន់មជ្ឈិមបូព៌ាពោរពេញដោយភាពចលាចល។
អស់រយៈពេលជិត ៨ទសវត្សរ៍មកនេះ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានផ្តោតជាសំខាន់លើស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា និងសន្តិសុខថាមពលសកល។ ក្រុមអ្នករិះគន់អារ៉ាប៊ីសាអូឌីត តែងតែរិះគន់ការរឹតបន្តឹងទំនាក់ទំនង ជិតសិ្នទ្ធរបស់សហរដ្ឋអាមេរិកជាមួយអារ៉ាប៊ីសាអូឌីត ដោយសំអាងលើបញ្ហាសិទ្ធិមនុស្សដែលពួកគេយល់ថាជាបញ្ហាខាងសីលធម៌។ ក៏ប៉ុន្តែ ភូមិសាស្ត្រនយោបាយមិននិយាយពីសីលធម៌ទេ គឺនិយាយពីផលប្រយោជន៍ជាតិដែលវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដបានដឹងយ៉ាងច្បាស់ជាយូរមកហើយ។ នៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ឬគេស្គាល់ថា MBS អារ៉ាប៊ីសាអូឌីតកំពុងស្ថិតនៅក្រោមការធ្វើកំណែទម្រង់គួរឱ្យកត់សម្គាល់ ជាពិសេសលើ ការរស់នៅក្នុងសង្គម។
តាមក្រុមអ្នកជំនាញ ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ MBS ទៅកាន់សេតវិមាន ត្រូវបានរំពឹងថានឹងសម្រេចបាននូវលទ្ធផលមួយចំនួនដែលនឹងបង្កើតដំណាក់កាលបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ នៅក្រោមជំនាន់របស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតខិតកាន់តែកៀកនឹងកិច្ចព្រមព្រៀងផ្លូវការមួយស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ។ លោក Neil Quilliam ជាអ្នកជំនាញម្នាក់មកពី កម្មវិធីស្ដីពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង មកពីវិទ្យាស្ថាន Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយថា «ព្រះអង្គម្ចាស់ MBS ប្រហែលជាចង់ត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញជាមួយកិច្ចព្រមព្រៀងសន្តិសុខមួយ យ៉ាងណាចដូចគ្នាទៅនឹងកិច្ចព្រមព្រៀងដែលលោក ត្រាំ ផ្ដល់ឱ្យកាតា»។ លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងសន្តិសុខជាមួយកាតា បន្ទាប់ពីអ៉ីស្រាអែលវាយប្រហារលើសមាជិកក្រុមហាម៉ាសនៅទីក្រុងដូហាកាលពីខែកញ្ញាកន្លងទៅ។
ដូច្នេះហើយទំនងអាចជាការបញ្ជូនសារមួយថាតើសហរដ្ឋអាមេរិកចង់ឱ្យអារ៉ាប៊ីសាអូឌីតបន្តស្ថិតនៅជាមួយលោកខាងលិច ឬក៏ជាមួយអ្នកផ្សេង? ការចុះកិច្ចព្រមព្រៀងយោធាថ្មីមួយរបស់អារ៉ាប៊ីសាអូឌីតជាមួយប៉ាគីស្ថានជារដ្ឋមានអាវុធនុយក្លេអ៊ែរ បានគូសបញ្ជាក់ថាទីក្រុងរីយ៉ាដមានជម្រើសក្នុងការជ្រើសរើសបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសដទៃនៅជុំវិញពិភពលោកក្នុងគ្រាដែលចិន និងរុស្ស៉ីកំពុងពង្រីកឥទ្ធិពល។ ខណៈសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតមានប្រយោជន៍រួមគ្នា ជាច្រើន ប្រទេសទាំង២ ក៏មានចំណុចមិនត្រូវគ្នាផងដែរ។ មុនដំណើរទស្សនកិច្ចនៅសេតវិមាន អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែលដែលជាតម្រូវការមួយរបស់លោក ដូណាល់ ត្រាំ អាចសម្រេចបាន ជោគជ័យ លុះត្រាតែមានការបោះជំហានពិតប្រាកដទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលអ៉ីស្រាអែលជំទាស់ដាច់ខាត។
សហរដ្ឋអាមេរិកអាចនឹងជំរុញឱ្យអារ៉ាប៊ីសាអូឌីតយល់ព្រមភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែលឱ្យបានឆាប់ជាងការដែលអារ៉ាប៊ីសាអូឌីតត្រៀមខ្លួនទៅទៀត។ អារ៉ាប៊ីសាអូឌីតវិញអាចនឹងជំរុញឱ្យសហរដ្ឋអាមេរិកលក់អាវុធទំនើបៗដូចជា យន្ដហោះចម្បាំង F-35 ដែលសហរដ្ឋអាមេរិកស្ទាក់ស្ទើរលក់ឱ្យទីក្រុងរីយ៉ាដ។ បន្ថែមពីលើនេះ បញ្ហាប្រេងក៏នឹងធ្វើតេស្តលើទំនាក់ទំនងរវាងប្រទេសទាំង២ផងដែរ។ លោក ត្រាំ ចង់ឱ្យតម្លៃប្រេងចុះថ្លៃដើម្បីសម្រួលដល់ជីវិតរបស់ប្រជាជនអាមេរិក តែអារ៉ាប៊ីសាអូឌីតចង់ឱ្យប្រេងឡើងថ្លៃដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ច និងផែនការធ្វើពិពិធកម្មចេញពីការពឹងផ្អែកលើប្រេង។ ដូច្នេះអ្វីដែលជាបញ្ហាក្នុងពេលបច្ចុប្បន្ន គឺសហរដ្ឋអាមេរិកចង់បានដៃគូដ៏គួរឱ្យទុកចិត្តមួយ រីឯអារ៉ាប៊ីសាអូឌីតចង់បានសម្ព័ន្ធមិត្ត ដែលទទួលស្គាល់ការផ្លាស់ប្ដូរ និងតួនាទីស្នូលរបស់ខ្លួននៅក្នុងពិភពអារ៉ាប់ និងអ៉ីស្លាមនៅលើពិភពលោក៕
-Fresh News-






