Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨,១០៨នាក់ នៅរាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 222
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨,១០៨នាក់ នៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨,១០៨នាក់ នៅរាជធានីភ្នំពេញ

នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ​​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ​ និងកាបូប ចំនួន​១​​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ដងហើយ ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។ សម្ដេចធិបតី បន្តទៀតថាការចរចាប្រាក់ខែអប្បបរមាសម្រាប់កម្មករ និយោជិត ត្រូវតែដំឡើងជារៀងរាល់ឆ្នាំ។

នៅថ្ងៃនេះ សម្ដេចបានស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការងារនៅក្រៅប្រទេស។ សម្តេចបន្តថា កម្ពុជាបានតស៊ូតាំងពីបាតដៃទទេ ទើបបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍបានប៉ុណ្ណេះ តែទោះជាយ៉ាងណា មហិច្ឆតា​របស់កម្ពុជាមិនទាន់បញ្ចប់ត្រឹមនេះទេ យើងនឹងខិតខំធ្វើដោយឥតឈប់ឈរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធផលទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និងកសាងពង្រីកនូវសមិទ្ធផលថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចបន្តថានៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញ ពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យស្របនឹងតម្រូវការនៅតាមមូលដ្ឋាន  ឧទាហរណ៍បើសហគមន៍មានប្រើឡានច្រើន គួរផ្ដល់ជំនាញពាក់ព័ន្ធនឹងការជួសជុលរថយន្តជាដើម។ សម្ដេចជំរុញឱ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយពង្រឹងលើការអនុវត្តឱ្យបានច្រើនជាងការ រៀនទ្រឹស្ដីនៅក្នុងថ្នាក់។

សម្តេចធិបតីបានមានប្រសាសន៍ថា នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំការប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។សម្តេចធិបតីបានណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

នៅថ្ងៃនេះ សម្ដេចធិបតី សម្តេចធិបតីបានបញ្ជាក់ថា ផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា និងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយប្រកបដោយភាពទាក់ទាញនៅភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថាក្នុងរយៈពេល៣ខែក្រោយសម្តេច កាន់តំណែង ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ មានមនុស្សមួយក្តាប់តូចអង្គុយ និងដេកចាំរិះគន់សម្តេចគ្រប់ពេលវេលា ដោយពួកទាំងនោះ បានលើកឡើងថា ក្នុងរយៈ៩០ថ្ងៃនេះ គឺពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ។

សម្ដេចបន្តទៀតថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព សូមបងប្អូនពលរដ្ឋទាំងអស់ ចាប់យកឱកាសការងារ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។ សម្តេចធិបតីក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួង ស្ថាប័នបន្ថែមទៀត។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សុខសន្តិភាពក្នុងសហគមន៍ ក្នុងប្រទេស កើតមានដោយសារមានការយល់យោគគ្នា គោរពច្បាប់ទាំងអស់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង