Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីស្មារតីស្រឡាញ់សន្តិភាព និងចូលរួមគ្រប់សកម្មភាពដើម្បីរក្សាសន្តិភាពសាកលរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ នេះគឺជាការប្រកាសឱ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ «សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ការចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ»។ នេះបើយោងតាមសម្តេចប្រមុខរាជរដ្ឋាភិបាលដែលបានជម្រាបជូនជនរួមជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថា គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកលមិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺប្រទេសតូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍តាមរយៈរូបមន្តនយោបាយឈ្នះ-ឈ្នះ គ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព ហើយបាននាំមកនូវសន្តិភាពពេញលេញនិងការផ្សះផ្សារបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាពនិងចាត់ទុកជាអាទិភាពចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។

ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងសាកលលោក បានធ្វើឱ្យពិភពលោកនឹកឃើញដល់កម្ពុជាជានិច្ចនៅពេលដែលគេនិយាយពីសន្តិភាព។ អាចនិយាយបានថា ទីណាមានសកម្មភាពដើម្បីសន្តិភាព ទីនោះតែងតែមានការគាំទ្រ និងការចូលរួមចំណែកពីកម្ពុជា។ ការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump នៅពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលបញ្ជាក់អំពីសុច្ឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហេតុសន្តិភាព។ សក្ខីភាពនៃសុច្ឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជាបានស្តែងឡើងជាស្រេចនៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឱ្យស្មារតីសន្តិភាពបានផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តាមរយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ដើម្បីបញ្ចៀសសង្គ្រាម និងការងារការទូតយ៉ាងសកម្មដើម្បីស្វះស្វែងរកបទឈប់បាញ់។ ពាក្យសម្តីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្តែងទាំងអស់នេះបានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជានិងជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាព។

ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ ទន្ទឹមគ្នានេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ

អត្ថបទទាក់ទង