Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានពីរជម្រាបជូនបងប្អូនជនរួមជាតិជ្រាប៖

ទី១៖ ការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិបទនៃការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល៖

ទោះបីជារាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធី «នគរសង្ក្រាន្ត» នៅតាមរាជធានីខេត្ត ក៏រាជរដ្ឋាភិបាលមិនភ្លេចកាតព្វកិច្ចការពារទឹកដីនិងប្រជាជននោះឡើយ ជាពិសេសវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ ខុសប្លែកពីរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះនឹងប្រារព្ធឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅ ដោយផ្សារភ្ជាប់គ្នារវាងការលើកតម្លៃប្រពៃណីវប្បធម៌ជាតិ ដែលបន្សល់ទុកពីដូនតាផង និងការរម្លឹកនឹកគុណដល់វីរយុទ្ធជនដែលឈរជើងការពារបូរណភាពទឹកដីនៅជួរមុខផង ដោយមិនភ្លេចពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមជាយដែន។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងន័យធៀបថា ប្រសិនបើយើងមានរបួសជើង យើងមិនត្រូវដេកដួលរមួលនៅមួយកន្លែងឡើយ ផ្ទុយទៅវិញ យើងត្រូវតែខំប្រឹងក្រោកឈរពង្រឹងខ្លួន និងបន្តដំណើរទៅមុខជានិច្ចដោយភាពរឹងមាំកាន់តែខ្លាំងឡើង។ យ៉ាងណាមិញ ទោះបីជាពេលនេះ ប្រទេសយើងកំពុងជួបប្រទះការបំពានលើបូរណភាពទឹកដីនៅទីតាំងមួយចំនួនតាមព្រំដែនជាមួយថៃ ក៏ប៉ុន្តែ អ្វីៗមិនត្រូវគាំងដំណើរទៅមុខលែងរួចនោះឡើយ។ ខណៈដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយតាមមធ្យោបាយការទូត សកម្មភាពវប្បធម៌ សង្គម សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃត្រូវតែមានដំណើរទៅមុខជានិច្ចឥតឈប់ឈរ។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិនាខែមេសាខាងមុខ។

ទោះជាយ៉ាងណា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មិនអនុញ្ញាតឱ្យលេងល្បែងបាញ់ទឹក និងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែ ត្រូវប្រារព្ធធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែង របាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។ ចំណែកថវិកាដែលទទួលបានមួយផ្នែកនឹងត្រូវចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ ដូច្នេះ កម្មវិធី «នគរសង្ក្រាន្ត» ឆ្នាំនេះមិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថក្នុងការការពារបូរណភាពទឹកដីក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកថែមទៀតផង។

និយាយជារួម កម្មវិធី «នគរសង្ក្រាន្ត» គឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមស្មារតីនៃការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ រហូតមកទល់ពេលនេះ កម្លាំងមហាសាមគ្គីជាតិខ្មែរបានស្តែងឡើងយ៉ាងច្បាស់ តាមរយៈទង់ជាតិកម្ពុជាបក់រវិចៗនៅគ្រប់ទិសទី ខណៈដែលសម្រែកទាមទារសន្តិភាព និងការពារបូរណភាពទឹកដីរបស់ប្រជាពលរដ្ឋខ្មែរបានលាន់លឺយ៉ាងកងរំពងទាំងក្នុងនិងក្រៅប្រទេស។ ចំណែកឯជំហររបស់រាជរដ្ឋាភិបាលដែលចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិក៏បានជ្រួតជ្រាបចូលជ្រៅទៅក្នុងសហគមន៍អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានព្រមព្រៀងគ្នា ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទី២៖ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនៅមជ្ឈិមបូព៌ាជាពិសេសចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សាឬធ្វើការនៅទីនោះ។ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ សម្តេចបវរធិបតី បានណែនាំឱ្យផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ន មាននិស្សិតនិងប្រជាពលរដ្ឋខ្មែរប្រមាណ ៤៨៧នាក់ កំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះជាង ២៨០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។ ពួកគេស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីមន្រ្តីទូត និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត តាមរយៈប្រព័ន្ធទំនាក់ទំនង និងសម្របសម្រួលជាប្រចាំ ហើយត្រៀមអន្តរាគមន៍ក្នុងករណីចាំបាច់ដោយគិតគូរពីសុវត្ថិភាពរបស់ពួកគេជាចម្បង។

នៅក្នុងប្រទេសឯណេះវិញ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ចំពោះផលប៉ះពាល់ពីសង្គ្រាមមជ្ឈិមបូព៌ាមកលើប្រជាពលរដ្ឋដែរ។ ជាក់ស្តែង ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ឱ្យអនុវត្តតាមស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អដូចកាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងន័យនេះ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល បាននិងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់ និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់ តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប។

សូមអរគុណ!

#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង