Grand News Asia Close

ឯកឧត្តម វង្សី វិស្សុត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 212
ឯកឧត្តម វង្សី វិស្សុត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តម វង្សី វិស្សុត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជូបសម្តែងការគួសម និងពិភាក្សាការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានតំាងពីយូរលង់ណាស់មកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ពិតណាស់ប្រវត្តិសាស្រ្តបានបង្ហាញថា កម្ពុជាបានទទួលឥទ្ធិពលយ៉ាងច្រើនពីឥណ្ឌា ប៉ុន្តែកម្ពុជាក៏បានផ្សព្វផ្សាយត្រឡប់ទៅឥណ្ឌាវិញនូវអ្វីដែលជារបស់ខ្លួនផងដែរ។
ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនឱ្យចេញជាផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាតំបន់ ជាពិសេសក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក។
ក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរថា ឥណ្ឌាចង់ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ សម្រាប់បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ដល់កម្ពុជា ដូចជាពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។ លោកជំទាវ ក៏បានបន្តលើកឡើងថា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌានឹងផ្តល់ការបណ្តុះបណ្តាលជំនាញដើម្បីកសាងសមត្ថភាពដល់មន្ត្រី តាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះ ស្ថាប័នមុខងារសាធារណៈរបស់ឥណ្ឌាកំពុងរៀបចំចុះ MoU ជាមួយក្រសួងមុខងារសាធារណៈ របស់កម្ពុជា ដើម្បីចូលរួមចំណែកកសាងសមត្ថភាពដល់មន្រ្តីរាជការកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ចំពោះបំណងចែក រំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈរបស់ឥណ្ឌា ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងរដ្ឋាភិបាលឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញនាពេលកន្លងមក។ ឯកឧត្តមក៏បានស្នើដល់ភាគីឥណ្ឌាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា លើការបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នលើគ្រប់វិស័យ ដោយក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើឱ្យមានការពិនិត្យលើលទ្ធភាពលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យរដ្ឋបាលសាធារណៈ ការតាក់តែង និងការពិនិត្យច្បាប់ ជាពិសេសការពិនិត្យលើផលប៉ះពាល់នៃបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រដល់ការកែទម្រង់ប្រព័ន្ធច្បាប់ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។
ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរ អំពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញទេសចរឥណ្ឌា ឱ្យមកទស្សនកិច្ចកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះភាគីទាំងពីរ ក៏បានគិតគូពីការទាក់ទាញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។
នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថែ្លងអំណរគុណដល់ឥណ្ឌា ដែលបានតែងបានគាំទ្រដល់កិច្ចអភិវឌ្ឍន៍កម្ពុជារហូតមក។

អត្ថបទទាក់ទង