ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើពិតជាមានករណីទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់មែនដែរឬទេ?
ចម្លើយ៖ ព័ត៌មានអំពីការបាញ់ប្រហារមកលើទាហានកម្ពុជាពីសំណាក់ទាហានថៃនៅតាមព្រំដែន មិនគួរផ្សព្វផ្សាយដោយផ្អែកលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នោះទេ។ ព័ត៌មានបែបនេះមានភាពរសើបខ្លាំង ព្រោះអាចបង្កការភ័យខ្លាច កំហឹង និងភាពតានតឹងក្នុងចំណោមប្រជាពលរដ្ឋ។
ប្រសិនបើមានហេតុការណ៍នេះពិតប្រាកដមែន រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងបញ្ជាក់ព័ត៌មានជាផ្លូវការឱ្យបានច្បាស់លាស់។ ដូច្នេះ ប្រជាពលរដ្ឋគួរជឿទុកចិត្តលើព័ត៌មានផ្លូវការ និងជៀសវាងការចែករំលែកព័ត៌មានដែលមិនច្បាស់លាស់ ជាពិសេសព័ត៌មានដែលមានចេតនាញុះញង់ ឱ្យផ្ទុះកំហឹង។
សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានកំណត់គោលការណ៍ហាមឃាត់មិនឱ្យទាហានខ្មែរតដៃជាមួយទាហានថៃ ទោះបីជាភាគីថៃបាញ់មកដល់ទីតាំងកម្ពុជាក៏ដោយ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការលើកឡើងនេះ គ្រាន់តែជាការញុះញង់ និងបំភ្លៃជំហររបស់រាជរដ្ឋាភិបាលពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមប៉ុណ្ណោះ។ កម្ពុជាគោរពច្បាប់អន្តរជាតិ និងប្រកាន់ខ្ជាប់គោលការណ៍ មិនបាញ់មុន មិនបង្កហេតុ និងមិនប្រើកម្លាំងដោយមិនចាំបាច់ ដើម្បីជៀសវាងការរីករាលដាលនៃជម្លោះ និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ និងកងកម្លាំង។
ការមិនបាញ់មុនឬការអត់ធ្មត់ មិនមែនមានន័យថា រាជរដ្ឋាភិបាលហាមឃាត់កងកម្លាំងកម្ពុជាមិនឱ្យការពារទឹកដី ឬបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួនឡើយ។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ គោលការណ៍នេះ គឺផ្តោតលើការជៀសវាងការបង្កហេតុ និងការទប់ស្កាត់កុំឱ្យស្ថានការណ៍តាមព្រំដែនក្លាយទៅជាជម្លោះប្រដាប់អាវុធកាន់តែធំ។ ដូច្នេះ ការបកស្រាយថា «រាជរដ្ឋាភិបាលហាមទាហានខ្មែរមិនឱ្យការពារខ្លួន» គឺជាការបកស្រាយខុសពីន័យពិតនៃជំហររបស់កម្ពុជា។ ជំហររបស់កម្ពុជាគឺរក្សាភាពអត់ធ្មត់ មិនបង្កជម្លោះ ប៉ុន្តែជាមួយគ្នានោះ ក៏មិនបោះបង់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនឡើយ៕





