Grand News Asia Close

ព្រះមហាក្សត្រ ថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះប្រទេសជប៉ុន រយៈពេល ៣០ឆ្នាំកន្លងមក និងកិច្ចប្រជុំ ICC Angkor សំបូរព្រៃគុក និងថ្លែងអំណរគុណ JICA និងសាកលវិទ្យាល័យ សូហ្វីយ៉ា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 350
ព្រះមហាក្សត្រ ថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះប្រទេសជប៉ុន រយៈពេល ៣០ឆ្នាំកន្លងមក និងកិច្ចប្រជុំ ICC Angkor សំបូរព្រៃគុក និងថ្លែងអំណរគុណ JICA និងសាកលវិទ្យាល័យ សូហ្វីយ៉ា ព្រះមហាក្សត្រ ថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះប្រទេសជប៉ុន រយៈពេល ៣០ឆ្នាំកន្លងមក និងកិច្ចប្រជុំ ICC Angkor សំបូរព្រៃគុក និងថ្លែងអំណរគុណ JICA និងសាកលវិទ្យាល័យ សូហ្វីយ៉ា

ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូលថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះប្រទេសជប៉ុន ក្នុងរយៈពេល៣០ឆ្នាំកន្លងមក និងកិច្ចប្រជុំ ICC Angkor សំបូរព្រៃគុក និងថ្លែងអំណរគុណ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA និងសាកលវិទ្យាល័យ សូហ្វីយ៉ា។

ព្រះរាជបន្ទូលរបស់ព្រះអង្គ បានធ្វើឡើងក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះមហាក្សត្រ មានព្រះបន្ទូលយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសអាយស៉ីស៉ី(CC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៉ីស៉ី (ICC) អង្គរ»។

ព្រះអង្គមានព្រះបន្ទូលបន្តថា «ខ្ញុំក៏សូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៉ីអាគី អ៊ីស៉ីសាវ៉ា ដែលផ្តល់នូវការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុង រមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើ ពិភពលោកបានជ្រួតជ្រាប»។

ក្នុងន័យនេះ ព្រះមហាក្សត្រ ក៏បានមានព្រះបន្ទូលលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ន នានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៉ីស៉ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុង ឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណ វិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យ បេតិកភណ្ឌវប្បធម៌។

ព្រះអង្គ ក៏បានសព្វព្រះទ័យយកឱកាសនេះ ដើម្បីសម្ដែងនូវអំណរគុណជាថ្មីម្ដងទៀតដល់ បណ្តាប្រទេសជាមិត្ត អ្នកជំនាញការជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នា ដើម្បីរក្សាតម្លៃលេចធ្លោ ជាសកលរបស់រមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោកឱ្យគង់វង្ស។

ព្រះមហាក្សត្រ បានមានព្រះបន្ទូលសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងសា្ថប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕

អត្ថបទទាក់ទង