Grand News Asia Close

នៅថ្ងៃស្អែកនេះ ព្រះមហាក្សត្រស្តេចនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 825
នៅថ្ងៃស្អែកនេះ ព្រះមហាក្សត្រស្តេចនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃស្អែកនេះ ព្រះមហាក្សត្រស្តេចនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣) ដែលជាឆ្នាំពិសេស គម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលព្រះរាជពិធីនេះ នឹងត្រូវប្រារព្ធធ្វើនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ។
ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំជាព្រះរាជពិធីអបអរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានអធឹកអធម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។ ប៉ុន្តែដោយមានសំណូមពរជាក់ស្ដែង ព្រះរាជពិធីនេះត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីពេសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរ។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលក្នុងប្រតិទិនឈប់សម្រាកកំរងប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានបន្តថា គិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣) ព្រះរាជាណាក្រកម្ពុជាសម្រេចបានលទ្ធផលដ៏ធំធេង និងប្រកាសដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ អត្ថបទដោយ៖
ពលជ័យ

អត្ថបទទាក់ទង