Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស គឺជាឱកាសរុស្ស៉ីបង្ហើយសង្រ្គាមអ៊ុយក្រែន ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 383
វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស គឺជាឱកាសរុស្ស៉ីបង្ហើយសង្រ្គាមអ៊ុយក្រែន ឬ? វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស គឺជាឱកាសរុស្ស៉ីបង្ហើយសង្រ្គាមអ៊ុយក្រែន ឬ?

(វ៉ាស៊ីនតោន)៖ រុស្ស៉ី ត្រូវបានក្រុមអ្នកវិភាគមួយចំនួនមើលឃើញថាកំពុងទាញយក ឬអាចនឹងទទួលបានផលចំណេញពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលកំពុងស្នើសុំជំនួយយោធាពីសហរដ្ឋអាមេរិក ដែលនេះអាចនឹងបង្វែរអាវុធ និងការផ្តោត មួយចំនួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ទន្ទឹមនឹងការកើនឡើងតម្លៃប្រេងនឹងជួយជំរុញដល់សេដ្ឋកិច្ចរបស់រុស្ស៉ី។ និយាយឱ្យខ្លីរុស្ស៉ីនឹងទទួលបាន ផលចំណេញពីសង្រ្គាមនេះយ៉ាងហោចក៏ក្នុងរយៈពេលខ្លីដែរ។

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត NATO បានបដិសេធនូវការព្រួយបារម្ភពាក់ព័ន្ធនឹងសមត្ថភាពរបស់ពួកគេ ក្នុងការបន្តផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន នៅបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនលើអ៉ីស្រាអែល ដែលតែងតែទទួល បានជំនួយយោធារាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗពីសហរដ្ឋអាមេរិក។ ប៉ុន្តែ សម្រាប់វិមានក្រឹមឡាំង សង្រ្គាមអ៉ីស្រាអែល និងហាម៉ាសនឹងប្រព្រឹត្តទៅដោយផ្ដល់ ផលចំណេញតិច ឬច្រើនដល់ទីក្រុងមូស្គូ។ ព្រោះយ៉ាងហោចណាស់ សង្រ្គាមនេះអាចនឹងបង្វែរការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ចេញពីសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ ជាក់ស្ដែង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ ទី១០ ខែតុលានេះបាននិយាយថាអំពើហិង្សា ដុតបញ្ឆេះឡើងនៅអ៉ីស្រាអែល និងតំបន់ហ្កាហ្សា អាចនឹងបង្វែរការចាប់អារម្មណ៍អន្តរជាតិចេញពីសង្រ្គាមនៅក្នុងប្រទេសរបស់លោក។ «វាពិតជាមានហានិភ័យ ថាចំណាប់អារម្មណ៍របស់អន្តរជាតិ នឹងបង្វែរចេញពីអ៊ុយក្រែន ហើយវាអាចនឹងមានផលវិបាក…»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី នៅក្នុង បទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង ហ្វ្រង់ ដឺ (France 2)។

ដូចគ្នាដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានលើកឡើងនៅឯសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អះម៉ាត់ អាប៊ូ ហ្គេត (Ahmed Aboul Gheit) កាលពីថ្ងៃចន្ទ ទី៩ ខែតុលាថាគោលដៅរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងទទួលបានជោគជ័យយ៉ាង លឿនរហ័ស ប្រសិនបើសហរដ្ឋអាមេរិកងាកទៅផ្តោតលើសង្រ្គាមអ៉ីស្រាអែល​-ហាម៉ាស ហើយជាលទ្ធផលនឹងមានការថយចុះការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន»។

ជាការពិតណាស់ ជំនួយយោធាមួយផ្នែកធំដែលអ៊ុយក្រែន និងអ៉ីស្រាអែលកំពុងស្នើសុំ គឺមិនត្រួតស៊ីគ្នានោះទេ ហើយណាមួយអ៉ីស្រាអែលបានបង្កើនការបំពេញ ស្តុកអាវុធគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ៉ីស្រាអែល ត្រូវបានរាយការណ៍ថាកំពុងស្នើសុំមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Iron Dome មីស៊ីលភ្ជាប់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ និងគ្រាប់កាំភ្លើងធំ ស្របពេលកំពុងបង្កើនការវាយប្រហារលើក្រុមហាម៉ាស។ នៅត្រង់នេះ មីស៊ីលដែល អ៉ីស្រាអែលត្រូវការសម្រាប់ Iron Dome មិនមែនជាប្រភេទមីស៊ីលតែមួយសម្រាប់ប្រព័ន្ធមីស៊ីលអាមេរិក Patriot និងប្រព័ន្ធ មីស៊ីលអាមេរិកដទៃទៀតដែល អ៊ុយក្រែនកំពុងប្រើ នោះឡើយ។

ក៏ប៉ុន្តែ សម្ពាធលើការផ្គត់ផ្គង់អាចនឹងកើនឡើង ប្រសិនបើអ៉ីស្រាអែលបើកធ្វើសង្រ្គាមជើងគោកវាយចូលក្នុងតំបន់ហ្កាហ្សា។ នេះបើតាមលោក Mark Cancian ជាអតីតវរសេនីយ៍ឯកនៃទាហានម៉ារីនអាមេរិក និងបច្ចុប្បន្នជាទីប្រឹក្សាម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Cancian បានកត់សម្គាល់ដូច្នេះថា «សម្ពាធនឹងកើនឡើង នៅពេលដែលពួកគេ (អ៉ីស្រាអែល) ប្រើគ្រាប់នៅក្នុងសង្រ្គាម ទ្រង់ទ្រាយធំ ដោយពួកគេអាចនឹងប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់នូវគា្រប់ ឬមីស៊ីលកំណត់គោលដៅច្បាស់ៗ។ ពួកគេអាចនឹងមិនមានគ្រាប់គ្រប់គ្រាន់ឡើយ សម្រាប់សង្រ្គាមរយៈពេលវែង ទោះបីជាមានអាវុធពេញស្តុកស្រាប់ក៏ដោយ»។ ម្យ៉ាងវិញទៀត ការប្រកាសកែនកងទ័ពបម្រុងជាង ៣០០,០០០នាក់ ក៏មានន័យ ថាអ៉ីស្រាអែលត្រូវបង្កើនចំនួនអាវុធដែរ។

អ៊ុយក្រែន និងរុស្ស៉ី បានប្រើប្រាស់អាវុធជា ពិសេសគឺគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ក្នុងមួយថ្ងៃៗ។ មីស៊ីល ឬអាវុធមិនមានប្រព័ន្ធកំណត់គោលដៅជាក់លាក់ នឹង មិនមែនជាអាវុធមានប្រយោជន៍សម្រាប់អ៉ីស្រាអែល នៅក្នុងសង្រ្គាមទីក្រុងដូចជាក្នុងតំបន់ហ្កាហ្សានោះទេ។ ដូច្នេះអ្វីដែលអ៉ីស្រាអែលត្រូវការគឺអាវុធមានបំពាក់ ប្រព័ន្ធកំណត់គោលដៅជាក់លាក់។ តែបញ្ហានៅត្រង់ថាអ៉ីស្រាអែលត្រូវការ អ៊ុយក្រែនក៏កំពុងត្រូវការដែរដើម្បីអាចវាយប្រហារលើមូលដ្ឋានយោធារបស់រុស្ស៉ី នៅក្រោយសមរភូមិ។ «បញ្ហា នោះគឺយើងមិនអាចផលិតអាវុធមានបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ក្នុងចំនួនដ៏ច្រើន ក្នុងរយៈពេលខ្លី បាននោះទេ ហើយ ស្ថានការណ៍បែបនេះអាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកយកអាវុធចេញពីឃ្លាំងស្តុក ដែលកំពុងតែថយចុះស្រាប់ទៅហើយនោះ»។ នេះជាការបញ្ជាក់របស់លោក Cancian ជាមួយការបន្ថែមថាទោះជាបីជាសហរដ្ឋអាមេរិក មិនបញ្ឈប់ការផ្ដល់អាវុធឱ្យអ៊ុយក្រែនក៏ដោយ ក៏ការផ្ដល់អាវុធនឹងមានភាពយឺតយ៉ាវដែរ ដែលនេះ នឹងបង្ខំឱ្យអ៊ុយក្រែនត្រូវប្រើអាវុធកំណត់ត្រឹមគោលដៅណាជាអាទិភាពខ្ពស់តែប៉ុណ្ណោះ។

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ធ្លាប់បានលើកឡើងជារឿយៗថាបើទោះជាសហរដ្ឋអាមេរិក នឹងនៅតែបន្តផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ក៏វ៉ាស៊ីនតោនត្រូវ ប្រុងប្រយ័ត្នដោយធានាឱ្យបានថាអាចមានសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិផ្សេងទៀត។ ក្នុងពេលនេះ ក្រុមមន្ត្រីលោកខាងលិចនៅតែជឿថានឹងមិនមាន ផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ីនោះទេ ដ្បិតអ៉ីស្រាអែលមានសមត្ថភាព និងអាវុធគ្រប់គ្រាន់។

* ​ទស្សនៈរបស់លោក ពូទីន

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគមួយចំនួនដូចជាលោកស្រី Bronwen Maddox ជានាយកប្រតិបត្តិ (CEO) វិទ្យាស្ថាន Chatham House នៅតែមាន ការសង្ស័យដដែល។ លោកស្រី Bronwen Maddox បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg TV​ ថា «ប្រសិនបើត្រូវជ្រើសរើស រវាងអ៉ីស្រាអែល និងអ៊ុយក្រែន វាប្រាកដណាស់ថាសហរដ្ឋអាមេរិកនឹងរើសយកអ៉ីស្រាអែលដោយមិនមានការស្ទាក់ស្ទើរនោះទេ បើទោះជាមិនត្រូវប្រឈមមុខ នឹងការសម្រេចចិត្តដ៏ពិបាកដូចពេលនេះក៏ដោយ។ នេះជាហេតុផលមួយដែលលោក ហ្សេលេនស្គីកំពុងបារម្ភ ហើយលោកក៏បាន និងកំពុងប្រឹងប្រែងរក្សា ចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកដែរ»។

អនាគតជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បានស្ថិតនៅក្នុងភាពស្រពេចស្រពិល នៅបន្ទាប់ពីសភាទាំង២របស់សហរដ្ឋអាមេរិក បាន ព្រមព្រៀងគ្នាដកចោលនូវកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ ដើម្បីអាចអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នមួយបញ្ចៀស shutdown កាលពីពេលថ្មីៗ នេះ។ អនាគតជំនួយយោធានេះអាចនឹងកាន់តែយ៉ាប់យ៉ឺនថែមទៅទៀត ប្រសិនបើជម្លោះអ៉ីស្រាអែល និងហាម៉ាស កាន់តែពង្រឹងការសង្ស័យរបស់ អ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ទៅលើការគាំទ្រអ៊ុយក្រែន។

លោក ពូទីន បានប្រាប់អ្នកចូលរួមនៅឯវេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថាន Valdai Discussion Club ក្នុងទីក្រុង Sochi ប្រទេសរុស្ស៉ី កាលពីថ្ងៃទី៥ ខែតុលា ថា «ការដែលអ៊ុយក្រែនមានសមត្ថភាពប្រយុទ្ធសព្វថ្ងៃ គឺដោយសារតែការបរិច្ចាគទំហំរាប់ពាន់លានដុល្លារ ដែលខ្លួនទទួលបានជារៀងរាល់ខែ។ តែប្រសិនបើ ការផ្តល់ជំនួយហ៊ានតែ​ឈប់ នោះអ៊ុយក្រែនមុខជានឹងដួលរលំក្នុងពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ»។ ចំណែក ការគាំទ្ររបស់អឺរ៉ុបវិញ ក៏ធ្លាប់រងការរំខានផងដែរ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រោយអ៊ុយក្រែន និងប៉ូឡូញពាក់មុខយក្សដាក់គ្នារឿងនាំចេញធញ្ញជាតិ រហូតដល់ថ្នាក់ទីក្រុងវ៉ាសូវី គំរាមបញ្ឈប់ការផ្ដល់ជំនួយ យោធាថ្មីសម្រាប់អ៊ុយក្រែន។ សាមគ្គីភាពរបស់សហភាពអឺរ៉ុបលើការផ្ដល់ជំនួយដល់អ៊ុយក្រែន ក៏កំពុងជួបបញ្ហាប្រឈមដែរពីសំណាក់លោក Robert Fico ដែល ជាអ្នកនយោបាយស្លូវ៉ាគីម្នាក់គាំទ្ររុស្ស៉ី និងដែលគ្រោងត្រឡប់មកកាន់អំណាចជាថ្មីនៅស្លូវ៉ាគី ក្រោយគណបក្សរបស់ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភា។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ក៏កំពុងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃផងដែរ ហើយនេះអាចនឹងជំរុញដល់សេដ្ឋកិច្ចរុស្ស៉ីអាចមានហិរញ្ញវត្ថុ យកទៅចំណាយលើផលិតអាវុធបន្ថែម ដើម្បីបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន៕
ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង