Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 123
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណ ចំពោះសប្បុរសជននានា ដែលបានចូលរួមជួយ នៅក្នុងការផ្គត់ផ្គង់ថវិកាសម្រាប់ការថតរឿងនេះ ដែលជាការចំណាយច្រើនបំផុត នៅក្នុងប្រវិត្ដនៃខ្សែភាពយន្ដរបស់កម្ពុជាយើង»

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលបានជួយរៀបចំ សម្រាប់ការថតភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទ និងថ្លែងអំណរគុណ ដល់លោក ហ្វៃ សំអាង និងលោក ហេង ឡុង ដែលបានដឹកនាំថតភាពយន្តចម្រៀង ពាក់ព័ន្ធជីវិតរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ភាពយន្តទាំង៩៩ភាគ នៃភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះ ត្រូវបានឆ្លងកាត់ការពិនិត្យគ្រប់ភាគ ហើយភាគខ្លះ ត្រូវបានសម្តេចតម្រូវឲ្យថតឡើងវិញ។

សូមជម្រាបថា ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។

ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ ត្រូវបានក្រុមការងារផលិតភាពយន្ត ជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែង ក្នុងឈុតឆាកធំៗ។

ខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញ ពីមាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយ ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ភាពយន្តដែលទាក់ទង ទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិត ប្រមាណជា៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

 

អត្ថបទទាក់ទង