Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 405
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២
នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅ​នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួននៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្ដេចបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។
មហាសន្និបាត ICAPP លើកទី១២ នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ (Good Offices) ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរបស់អង្គការ ICAPP ក្នុងការតភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិ​សំខាន់ៗ និងបណ្ដាញគណបក្សនយោបាយនៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ក៏ដូចជាគណបក្សនយោបាយដែលមានសមានចិត្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងគណបក្សនៅអាស៊ី។ មហាសន្និបាត ICAPP លើកទី១២ ក៏បានដាក់បញ្ចូលកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្ស នយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា» ដែលមានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សនយោបាយនៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ក្នុងការកសាងសន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នា រវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។ គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា» ដោយសង្ឃឹមយ៉ាងមុតមាំថាការពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសៗ គ្នា មានសារៈសំខាន់ណាស់ដើម្បីជំរុញការតភ្ជាប់ជាមួយនឹងបណ្ដាលប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យ ស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ច (3M4Peace) ឱ្យបានល្អ។
គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។
សម្ដេចតេជោបានចែករំលែកនូវទស្សនៈ បទពិសោធន៍ ឧត្តម្មានុវត្តន៍ជាអ្នកដឹកនាំ នៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រកបដោយពលិកម្ម និងការយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការសាងប្រទេសពីស្ថានភាពស្ទើរសូន្យ, ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន លើកកម្ពស់ សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និង ការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានាដំណើរការអភិវឌ្ឍលើគ្រប់វិស័យបន្ដទៀត។ សន្តិភាព ស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។ ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផល សង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ កម្ពុជាសង្ឃឹមថាកម្ពុជានឹងអាចចូលរួមចំណែកចែករំលែកអំពីបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោកទាំងមូល។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូលចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ព្រមទាំងចូលរួមគាំទ្រដល់ការអនុម័តធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី ដែលនឹងក្លាយជាក្របខ័ណ្ឌអន្តរជាតិមួយបង្កើតឡើងដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ៕
  

អត្ថបទទាក់ទង