ទស្សនៈ៖ ទោះបីរងវិបត្តិសកល តែរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជូនកម្មករ
(ភ្នំពេញ)៖ វិបត្តិសកលកើតចេញពីជំងឺកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច បានធ្វើឱ្យប្រទេសជាច្រើនជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ហើយមានឱនភាពសេដ្ឋកិច្ចផងដែរ។ ស្ថានភាពបែបនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ីជាអ្នកផលិតផ្នែកសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈតាមខ្លួនជាដើម ធ្លាក់ចុះការបញ្ជាទិញជាច្រើន។
ក្នុងស្ថានភាពបែបនេះ ប្រទេសជាអ្នកផលិតទាំងនោះ ក៏បានសម្រេចផ្អាកការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិតរយៈពេលប៉ុន្មានជា២ ទៅ៣ឆ្នាំចុងក្រោយនេះ។
នៅកម្ពុជាបើទោះបីស្ថិតក្នុងស្ថានភាពបែបណា ក្រោមស្មារតីគិតគូរពីជីវភាព និងការលំបាករបស់កម្មករ និយោជិតនោះ រាជរដ្ឋាភិបាលកម្ពុជា បានរិះរកគ្រប់វិធី ដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត ទោះបីតិច ឬច្រើនក្តី។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទើបសម្រេចបានលទ្ធផលនៃការដំឡើងប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោលទាបបំផុតជូនកម្មករ និយោជិតសម្រាបឆ្នាំ២០២៤ ចំនួន២០៤ដុល្លារ បន្ទាប់ពីបើកការចរចាយ៉ាងស្វិតស្វាញចំនួន២០លើក។ ប្រាក់ឈ្នួលនេះ ឡើងលើសប្រាក់ឈ្នួលឆ្នាំ២០២៣ ចំនួន ៤ដុល្លារ។ ក្នុងនោះប្រាក់ឈ្នួល២ដុល្លារជាការព្រមព្រៀងពីភាគីនិយោជក ហើយ២ដុល្លារទៀត ជាការសម្រេចឧបត្ថម្ភបន្ថែមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការដំឡើងប្រាក់ឈ្នួលនេះមិនច្រើន តែជារង្វាន់ដ៏ធំរបស់រាជរដ្ឋាភិបាលជូនកម្មករ និយោជិត ក្នុងស្ថានភាពពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
លទ្ធផលនៃការដំឡើងប្រាក់ឈ្នួលនេះ ជាការបង្ហាញឱ្យឃើញច្បាស់ពីការគិតគូររបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកម្មករ និយោជិត។ លទ្ធផលនេះ ក៏បាននាំមកនូវក្តីពេញចិត្ត និងការសាទរពីសំណាក់កម្មករ និយោជិតផងដែរ។ ពួកគេបានមើលឃើញថា ការដំឡើងប្រាក់ឈ្នួលពិតណាស់មិនច្រើន តែក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចជួបវិបត្តិដូចពេលបច្ចុប្បន្ន គឺជារឿងដ៏វិសេសវិសាលសម្រាប់ពួកគេ។ តាមរយៈការដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ នឹងធ្វើឱ្យប្រាក់បន្ថែមម៉ោងរបស់ពួកគេបានកើនឡើង ដូច្នេះប្រាក់ប្រចាំខែក៏នឹងបានខ្ពស់ជាងពេលបច្ចុប្បន្នផងដែរ។
យោងតាមរបាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ប្រាក់ឈ្នួលកម្មករនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ដូចជាប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់ម៉ា ៦៩ដុល្លារ។
សម្រាប់កម្ពុជាវិញ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលមធ្យមពី ២១៧ដុល្លារ ទៅ២៥៩ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតពីប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងអត្ថប្រយោជន៍ពីបេឡេជាតិរបបសន្តិសុខសង្គម។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗហើយនោះ ក៏បានខិតខំរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់កម្មករ និយោជិតជាបន្តបន្ទាប់ដូចជា៖
* បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ ជំនួសបងប្អូនកម្មករនិយោជិត ១០០ភាគរយ ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០ភាគរយ ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង ១ខែ និងអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារហូតដល់ពេលចូលនិវត្តន៍។ កម្មករនិយោជិតឱ្យតែបានបង់ភាគទានប្រាក់សោធនយ៉ាងតិច ១២ខែ នៅពេលអាយុ ៦០ឆ្នាំ នឹង ទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពរហូតដល់ទទួលមរណភាព។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលកម្មករនិយោជិត និងវិស័យឯកជនទទួលបានរបបសន្តិសុខសង្គម ជាពិសេសរបបសោធននិវត្តន៍ ដូចមន្ត្រីសាធារណៈដែរ។ ជារួមបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិតពេញមួយជីវិត តាំងពីកើត ចាស់ជរា និងទទួលមរណភាព។
គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០២៣ មានកម្មករ និយោជិត បានទៅព្យាបាលជំងឺជាច្រើនលើក និងច្រើនករណីដោយមិនចាំបាច់បង់ប្រាក់ ដែលគិតជាសរុបស្មើនឹងជាង ១៣,៦លានករណី ស្មើនឹងទឹកប្រាក់ប្រមាណជិត ៣៨២លានដុល្លារ។
ចំពោះកម្មករនិយោជិតជាស្រ្តីបានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធគាំពារសង្គម គឺកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ឆ្នាំ។ ក្នុងនោះមុនពេលសម្រាល ទទួលបានការឧបត្ថម្ភចំនួន ៤លើក និងក្រោយពេលសម្រាលចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល។ នៅពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាល បានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់កម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។
ដោយឡែកសម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ អ្នកមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
បច្ចុប្បន្នកម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាកលំហែរមាតុភាពចំនួន ៩០ថ្ងៃ នឹងទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០ភាគរយ ក្នុងនោះ ៥០ភាគរយ ទទួលបានពីនិយោជក និង ៧០ភាគរយ ទៀតទទួលបានពី ប.ស.ស.។
តាមអ្វីដែលបានគូសរំលេចនេះ គឺស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្ថានភាពជីវភាពរបស់កម្មករ និយោជិត តាមរយៈយន្តការបង្កើនប្រាក់ឈ្នួល និងកាត់បន្ថយការចំណាយប្រចាំខែរបស់ពួកគេ ដើម្បីរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ការណ៍នេះ ក៏បានឆ្លុះបង្ហាញឱ្យឃើញច្បាស់ពីសុច្ឆន្ទៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតជាសំខាន់ទៅលើជីវភាព និងការងារសម្រាប់ប្រជាពលរដ្ឋ៕
ដោយ៖ វ៉ាន់ សារាយ
ប្រភព៖ Fresh News