Grand News Asia Close

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅ​និង​ជា​ទម្រង់ឌីជីថល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 215
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅ​និង​ជា​ទម្រង់ឌីជីថល ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅ​និង​ជា​ទម្រង់ឌីជីថល

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល រៀបចំដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា។ ពិធីនេះ ប្រារព្ធធ្វើនៅអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមាន​ការ​ចូល​រួមពីព្រះសង្ឃ បណ្ឌិត សាស្ត្រាចារ្យ ក្រុមការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំ មកពីក្រសួង ស្ថាប័ន សិស្ស និស្សិត បញ្ញវន្ត លោកគ្រូ  អ្នកគ្រូ និងមហាជនជាច្រើននាក់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការកោតសរសើរ ជាមួយ​នឹង​មូល​វិចារ​ខ្ពស់​បំផុត ចំពោះរាជបណ្ឌិត្យសភាកម្ពុជា និយាយជារួម និងនិយាយដោយឡែក ចំពោះ​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ជាពិសេស ចំពោះគណៈកម្មការរៀបចំវចនានុក្រម ទាំង ៦៥ អង្គ-នាក់ និងតួ​អង្គ​ពាក់​ព័ន្ធ​ដទៃ​ទៀត​ ដែលបានចូលរួមចំណែកដោយផ្ទាល់ និងប្រយោល ញុំាង​ធ្វើឱ្យ​ស្នាដៃ​វណ្ណ​កម្ម​ភាសា​និង​អក្ស​រ​សាស្ត្រ​ខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះអាចលេចចេញជារូបរាងឡើងជាស្ថាពរ ក្នុងរយៈពេល ៥ ឆ្នាំ ទោះបីជាត្រូវប្រឈមនឹងបញ្ហាមួយចំនួនក្តី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វចនានុក្រុមខ្មែរ ឆ្នាំ២០២២ នេះ ដែលមានពាក្យសរុបចំនួន ៤៤ ៦៩៧ និងមេពាក្យ ៣១ ០៧៣ គឺជាសមិទ្ធផលលេចធ្លោ និងជាបង្គោលចរ (milestone) មួយ​ដ៏សំខាន់​ក្នុង​ប្រវត្តិអក្សរសាស្ត្រខ្មែរ ដែលជាការធ្វើបច្ចុប្បន្នកម្មលើវចនានុក្រមចាស់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ក្នុងអំឡុងឆ្នាំ១៩៦៧-១៩៦៨។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បន្ថែមថា ភាសា​ក្នុង​លោក​តែង​តែ​មាន​ការវិវត្តទៅតាមតម្រូវការ និងការរីកចម្រើននៃសង្គម, សេដ្ឋកិច្ច, នយោបាយ​និងវិ​ទ្យា​សាស្ត្រ​ផ្សេងៗ​ទៀត។ ដូច្នេះ ការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម វចនានុក្រមខ្មែរ គឺជាការចាំបាច់និងបន្ទាន់ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់ភាសា និងអក្សរសាស្ត្រ ខ្មែរមានវាក្យសព្ទ, សំណេរ, អំណាន និង​និយមន័យ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់។ ដូចបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភា​សាខ្មែរ ថា វចនានុក្រមខ្មែរត្រូវបានខកខានធ្វើបច្ចុប្បន្នកម្ម អស់រយៈពេលជាង​កន្លះសត​វត្ស​មក​ហើយ។ ទន្ទឹមនេះ ចំពោះមុខចរន្តសកលភាវូបនីយកម្ម និងក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.0នេះ ក៏ទាមទារឱ្យភាសាជាតិយើងមានការវិវត្ត និងការរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ និង​បច្ចេក​សព្ទ​ឱ្យ​បានគ្រប់គ្រាន់និងសម្បូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងមាន​ប្រសិទ្ធភាព​ទៅនឹង​តម្រូវ​ការនេះ។

ទោះជាយ៉ាងនេះក្ដី, ការវិវត្តនិងការរីកចម្រើននេះត្រូវតែធ្វើឡើងដោយគោរពទៅតាមក្បួនខ្នាត និង គោល​ការណ៍​វិទ្យាសាស្ត្រត្រឹមត្រូវនិងត្រូវមានការប្រើប្រាស់ឱ្យឯកភាពគ្នា។ កង្វះឯកភាព និងស្តង់​ដា​ក្នុង​ការ​ប្រើ​ប្រាស់ ភាសានិងអក្សរសាស្ត្រជាតិ ទាំងក្នុងសំណេរ, អំណាន និងនិយមន័យ ក៏ជាប្រភព​នៃការ​បែក​បាក់​ក្នុងសង្គមជាតិផងដែរ ត្បិតភាសា និងអក្សរសាស្ត្រជាតិជាផ្នែកមួយនៃវប្បធម៌, អត្តសញ្ញាណ និងព្រលឹង​ជាតិ។ ដូច្នេះ ការរៀបចំវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះពិត​ជាឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ចំពោះ​មុខ​ចាំបាច់​និង​បន្ទាន់ ក្នុងការអភិរក្សនិងការអភិវឌ្ឍភាសានិងអក្សរសាស្រ្តជាតិ និងជា​ផ្នែក​មួយ​នៃការ​ធ្វើឯក​ភាវូ​បនីយកម្ម និងស្ដង់ដានីយកម្មភាសាជាតិ ដែលនឹងធ្វើឱ្យសង្គមជាតិយើងកាន់តែមានភាពរឹងមាំ។

វចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ជាសមិទ្ធផលដែលកើតឡើងក្នុង អាណត្តិ​រាជ​រដ្ឋាភិ​បាល​ក្រោម​ការដឹក​នាំ​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រកាសឱ្យប្រើនៅពេលេនេះ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ដការពារ ថែរក្សា និង​អភិវឌ្ឍភាសាខ្មែរ។ វចនានុក្រមខ្មែរនេះ គឺជាឃ្លាំងស្តុកមេពាក្យ វាក្យសព្ទ និង​ក្បួនខ្នាត​វេយ្យា​ករណ៍​សម្រាប់​ប្រើប្រាស់ ដើម្បីធានាបាននូវសង្គតិភាព និងស្ដង់ដារលើការប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយ​គ្នានេះ វចនានុក្រមខ្មែរ ក៏មានតួនាទីសំខាន់ក្នុងការរក្សានូវវប្បធម៌ អត្ដសញ្ញាណ និងព្រលឹងជាតិ ដូចខ្ញុំបាន​លើកឡើងមុននេះ។ ក្នុងន័យនេះ ការចងក្រងនិងការធ្វើទំនើបកម្ម វចនានុក្រម​ខ្មែរពិត​ជាមាន​សារៈសំខាន់ក្នុងការលើកកម្ពស់ វប្បធម៌ និងអក្សរសាស្ត្រខ្មែរ ដែលជាឧត្ដមប្រយោជន៍ជាតិយើងស្របតាម ពាក្យស្លោករបស់ខ្មែរ ដែលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន»។

បន្ទាប់ពីចុចប៊ូតុងប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលរួចមក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​ប្រគល់​បណ្ណ​សរសើរជូនដល់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាការ​លើក​ទឹក​ចិត្ត​ដល់​កិច្ចខិតខំប្រឹងប្រែង នៅក្នុងការដឹកនាំសម្របសម្រួលជាមួយក្រុមការងារសំខាន់ៗជាច្រើន ដើម្បី​ចង​ក្រងរៀបចំវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនេះឡើង។ បន្ទាប់មក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទស្សនាវិទ្យាស្ថានខុងជឺ អគារវិចិត្រសាល និងមជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល និងស្រាវជ្រាវ ដែលស្ថិតនៅក្នុងទីតាំងរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង​បាន​ថត​រូប​អនុស្សាវរីយក្នុងបរិយាកាសរីករាយ និងប្រកបដោយមោទកភាពបំផុត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង