អ្នកវិនិយោគ៖ ព័ត៌មានពាក់ព័ន្ធសន្តិសុខ ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកមានបំណងមកវិនិយោគ និងធ្វើការនៅកម្ពុជា
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ព័ត៌មាន ក៏ដូចជាបញ្ហាពាក់ព័ន្ធសន្តិសុខក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ និងទំនុកចិត្តរបស់អ្នកមានបំណងមកវិនិយោគ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ពួកគេបានស្នើឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយលើបញ្ហាទាំងនេះ។
ការលើកឡើងនូវបញ្ហា ក៏ដូចជាស្នើសុំជួយដោះស្រាយពីរាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្នុងពេលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។
នៅថ្ងៃទី១១ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើដំណើរទៅកាន់តំបន់សេដ្ឋកិច្ចពិសេសចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មនោះ លោកឧបនាយករដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបនោះ អ្នកវិនិយោគបានលើកឡើងនូវបញ្ហាមួយចំនួនដែលពួកគេកំពុងជួបប្រទេសមានដូចជាតម្លៃនៃការដឹកជញ្ជូនមានតម្លៃថ្លៃ ហើយរួមទាំងបញ្ហាពាក់ព័ន្ធសន្តិសុខនៅក្នុងប្រទេសកម្ពុជាផងដែរ។
«ម្យ៉ាងវិញទៀតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានលើកឡើងពីបញ្ហាអ្នកវិនិយោគ គាត់មានការបារម្ភ ជាពិសេសបុគ្គលិកមានការបារម្ភ ដោយសារបានអានសារព័ត៌មាន ដែលព័ត៌មានខ្លះមិនពិតប្រាកដ។ គាត់អានទៅមានការខ្លាចមិនហ៊ានមកធ្វើការនៅកម្ពុជាយើង»។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្រោយដំណើរទស្សនកិច្ចតាមតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បញ្ហានេះទាមទារឱ្យមានកិច្ចសហការគ្នារវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល កុំឱ្យប៉ះពាល់អារម្មណ៍ ឬភ័យខ្លាចដល់អ្នកមានបំណងមកវិនិយោគ និងធ្វើការនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជ្រាបពីបញ្ហានេះ ហើយក៏បានបង្កើតគណៈកម្មការរៀបចំដោះស្រាយ និងផ្សព្វផ្សាយពន្យល់ដើម្បីលាងមុខមាត់កម្ពុជា។ លោក ស៊ុន ចាន់ថុល បានបន្តថា បញ្ហានេះ ជារឿងមួយដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាដោះស្រាយ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សមត្ថកិ្ចកម្ពុជា បានទទួលព័ត៌មានពាក់ព័ន្ធការចាប់ជំរិតតាមអនឡាញជាបន្តបន្ទាប់ ហើយបានឈានទៅបង្ក្រាបបទល្មើសទាំងអស់នោះជាហូរហែរផងដែរ។ បញ្ហាទាំងអស់នេះ ត្រូវបានព័ត៌មានបរទេសមួយចំនួនបានចេញថា ជាដើមចមដែលនាំឱ្យអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរបារម្ភពីសុវត្ថិភាពរបស់ពួកគេក្នុងការចូលមកកម្ពុជា៕