Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន គឺជាកំហុស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 654
វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន គឺជាកំហុស? វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន គឺជាកំហុស?

 

FN- (វ៉ាស៊ីនតោន)៖ អាចធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី និងទីក្រុងហាណូយ តែមិនអាចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានោះទេ ដោយបញ្ជូនអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាតំណាងចូលរួមកិច្ចប្រជុំជំនួសរូបលោក។

អវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ានរបស់លោក ចូ បៃដិន មិនមែនជាជម្រើសមួយដ៏ប្រសើរនោះទេ ជាពិសេសក្នុងបរិបទមួយដែលលោក បៃដិន នឹងធ្វើដំណើរមក កាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ហើយបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ជាទីដែលលោកត្រូវបានគេរំពឹងថាអាចនឹងធ្វើ បច្ចុប្បន្នភាពជាមួយវៀតណាម។ នៅត្រង់នេះគេត្រូវសួរមុនគេថាតើឥណ្ឌូណេស៊ី នឹងគិតឃើញបែបណា? មិនត្រឹមតែមិនចូលរួមកិច្ចប្រជុំអាស៊ាន ដែលអាចនឹង បង្កការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ អវត្តមាននេះក៏ត្រូវបានគេមើលឃើញដែរថាសហរដ្ឋអាមេរិក នៅតែមិនទុកអាស៊ានទាំងមូល នៅក្នុងភ្នែក និងហាក់ដូចជាមិនទុកមុខឱ្យឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល។ ការយល់ឃើញបែបនេះមិនមែនជារឿង ចម្លែកនោះទេ នោះក៏ដោយសារតែចាប់តាំងពីបានឡើងកាន់អំណាចមក លោក បៃដិន តែងតែនិយាយជារឿយៗពីការពង្រឹងទំនាក់ទំនងជាមួយអាស៊ី តួយ៉ាង ជាមួយអាស៊ានតែម្ដង។

យ៉ាងណាក៏ដោយ ទង្វើគឺអាចបញ្ជាក់ពីចេតនាដោយមិនចាំបាច់និយាយ។ ក្នុងន័យនេះបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនអាចនឹងមើលឃើញ ឬកាន់តែ យល់ច្បាស់ថាអាស៊ានទាំងមូលមិនសំខាន់សម្រាប់សហរដ្ឋអាមេរិកឡើយ តែសមាជិកអាស៊ានមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនបានចុចឈ្មោះទៅវិញទេ ទើប សំខាន់។ លោក Michael Vatikiotis ជាអ្នកនិពន្ធសៀវភៅម្នាក់ស្ដីពីតំបន់អាស៊ី ក្នុងនោះរួមមានទាំងសៀវភៅមានចំណងជើងថា Blood and Silk: Power and Conflict in Modern Southeast Asia បាននិយាយថា «ការសម្រេចចិត្តរបស់លោក ចូ បៃដិន គឺជាការសម្រេចចិត្តសោះអង្គើយមួយ និងជាការសម្រេចក្រោម ការគិតគូពីការពង្រឹងទំនាក់ទំនងបន្ថែមជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូដូចជាជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ហើយឥលូវគឺដល់វេនវៀតណាម»។ លោកបន្តថា «អ្វីៗគ្រប់យ៉ាង គឺធ្វើដើម្បីបំភ័យចិន ហើយការចុចឈ្មោះ និងជ្រើសរើសបណ្ដាប្រទេសទាំងនេះពីមួយទៅមួយ គឺជារឿងមួយងាយស្រួលជាជាងចូលរួមក្នុងវេទិកា ពហុភាគីមួយដែលមានចិនចូលរួមដែរ»។

ចេតនាក្នុងការជ្រើសរើសសម្ព័ន្ធមិត្ត ឬប្រទេសជាដៃគូណាដែលសហរដ្ឋអាមេរិកយល់ថាមានប្រយោជន៍សម្រាប់យុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងបេសកកម្មប្រឆាំង ឥទ្ធិពលចិន គឺជាយុទ្ធសាស្ត្រមានគោលដៅបង្កើតជាបណ្ដាញមួយហ៊ុមព័ទ្ធចិន ដោយមានការចូលរួមពីបណ្ដាប្រទេសមានជម្លោះទឹកដីជាមួយចិន ឬដែលមើលឃើញ ចិនថាជាការគំរាមកំហែង។ កិច្ចប្រជុំនៅឯបន្ទាយយោធា Camp David រវាងមេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងអាចយកមកធ្វើជាឧទាហរណ៍បាន។ ដូចគ្នាដែរ ឧទាហរណ៍កាន់តែច្បាស់ជាងនេះ នោះគឺបក្សសម្ព័ន្ធត្រីភាគី Aukus រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស រួមទាំងក្រុមប្រទេសក្វាដ (Quad) មានសមាជិកដូចជាអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី គឺសុទ្ធតែត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់សមុទ្រចិនខាងត្បូង និងសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់។

ប៉ុន្តែនេះមិនមែនជារឿងងាយស្រួលនោះទេ។ ពីព្រោះមិនមែនប្រទេសទាំងអស់សុទ្ធតែមើលឃើញថាពិភពលោកត្រូវបែងចែករវាង «ពណ៌ស និងពណ៌ខ្មៅ ឬគ្នាយើង និងគ្នាពួកវា» ដូចដែលសហរដ្ឋអាមេរិកបានលើកឡើងក្នុងចេតនាសំដៅទៅរកចិននោះទេ។ ផ្ទុយទៅវិញ ប្រទេសភាគច្រើននៅតែមើលឃើញថាចិនជាដៃគូ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចមិនអាចខ្វះបាន ហើយក្នុងនោះទោះបីជាប្រទេសខ្លះដែលមានជម្លោះទឹកដី ឬជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏យល់ឃើញបែបនេះដែរ នៅពេលនិយាយដល់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន។ ជាលក្ខណៈទ្រឹស្តី ឥណ្ឌូណេស៊ីគឺជាដៃគូអព្យាក្រឹតមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ ឥណ្ឌូណេស៊ីជា មហាអំណាចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានសេដ្ឋកិច្ចធំ និងមានទំនាក់ទំនងយោធាជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូកូ វីដូដូ ឥណ្ឌូណេស៊ីកាន់តែបើកទូលាយចំពោះទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន។ ដូច្នេះការទុកចន្លោះ ទំនេរសម្រាប់ចិនបន្តបំពេញឥទ្ធិពលរបស់ខ្លួន គឺជាកំហុសមួយសម្រាប់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកមើលឃើញធ្ងន់ថាយុទ្ធសាស្ត្រក្នុងការជ្រើសរើស ឬចុចឈ្មោះប្រទេសមួយៗក្នុងតំបន់ឱ្យមកក្លាយជាដៃគូ ឬសម្ព័ន្ធមិត្ត គឺជាជោគជ័យមួយ និងមាន ប្រសិទ្ធភាពជាងការទៅអង្គុយចូលរួមក្នុងកិច្ចប្រជុំមួយដែលមានវត្តមានចិនដែរ។ ម្លោះហើយទើបលោក បៃដិន សុខចិត្តជ្រើសរើសយកការធ្វើបច្ចុប្បន្នភាពទំនាក់ទំនង ជាមួយវៀតណាម ជាជាងទៅអង្គុយប្រជុំនៅឯទីក្រុងហ្សាការតា។

គួរបញ្ជាក់ថា នៅក្រោមការដឹកនាំដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាមួយនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ដែលបានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នៅមិនទាន់ត្រូវបានបំភ្លេចនៅឡើយទេ។ ម្យ៉ាងវិញទៀត ខណៈលោក បៃដិន កំពុងទទួលបានជោគជ័យក្នុង ការបញ្ចុះបញ្ចូលឱ្យប្រទេសក្នុងតំបន់អាស៊ីមួយចំនួនយល់ថា «សហរដ្ឋអាមេរិកពិតជាត្រឡប់មកវិញពិតមែន» ប្រទេសដទៃទៀតដែលមិននៅក្នុងកែវភ្នែកអាមេរិក នឹងយល់ឃើញផ្សេងពីនេះ ដោយពួកគេជឿថាអវត្តមានរបស់លោក បៃដិន បានបង្ហាញថាសហរដ្ឋអាមេរិកចង់បានទំនាក់ទំនងជាមួយអាស៊ី ឬអាស៊ាន ដោយសម្លឹង ឃើញតែប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ជាជាងចង់ធ្វើជាដៃគូដ៏សំខាន់ពិតប្រាកដមួយ៕

អត្ថបទទាក់ទង