វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់ នៅក្រោមក្រសែភ្នែករបស់អារ៉ាប៊ីសាអូឌីត
(វ៉ាស៊ីនតោន)៖ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់កំពុងឆ្ពោះទៅរកសប្ដាហ៍ទី៤ ដោយភាគីជម្លោះនៅតែបន្តបង្កើនការវាយប្រហារសងសឹកដាក់គ្នា។ ការសងសឹកដាក់គ្នានេះដែរឥលូវបានរាលដាលដល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រដែលបាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងលើ ក្រុមប្រទេសអារ៉ាប់តួយ៉ាងដូចជាបងធំអារ៉ាប់គឺអារ៉ាប៊ីសាអូឌីតថាតើគួរ ឬមិនគួរផ្ដល់មេរៀនឱ្យអ៉ីរ៉ង់? រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud កាលពីថ្ងៃទី១៩ ខែមីនា បានព្រមានថាការអត់ធ្មត់ចំពោះការវាយប្រហាររបស់អ៉ីរ៉ង់លើប្រទេសរបស់ព្រះអង្គ និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ គឺមានដែនកំណត់។
* តើអារ៉ាប៊ីសាអូឌីតគាំទ្រសង្រ្គាមប្រឆាំងអ៉ីរ៉ង់ឬ?
ខណៈប្រហែលជាមានការស្ទាក់ស្ទើរចូលរួមក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ មានសេចក្ដីរាយការណ៍ជាច្រើនថាជាលក្ខណៈឯកជន អារ៉ាប៊ីសាអូឌីតញញឹមបិទមាត់មិនជិតចំពោះ ការបំផ្លិចបំផ្លាញដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលធ្វើដាក់អ៉ីរ៉ង់។ ជាការពិតណាស់ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ផ្សេងទៀតក្នុងតំបន់ឈូងសមុទ្រមានបំណងប្រាថ្នារួម ដូចអ៉ីស្រាអែលដែរ នោះគឺចង់ឃើញឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងតំបន់ចុះខ្សោយ លុបបំបាត់សកម្មភាពវិទ្ធង្សនា និងបំផ្លាញសមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការផ្ដល់ការគាំទ្រដល់ ចលនាប្រដាប់អាវុធក្នុងតំបន់។
កាន់តែពិតទៅទៀត អារ៉ាប៊ីសាអូឌីតមិនឈឺចិត្តស្អិតទ្រូងអ្វីទេចំពោះការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ការបំផ្លិចបំផ្លាញសមត្ថភាពយោធា កម្មវិធីមីស៊ីល និងមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ក៏ប៉ុន្តែក្នុងពេលដំណាលគ្នា អារ៉ាប៊ីសាអូឌីតមានទំនុកចិត្តតិចតួចប៉ុណ្ណោះថាសង្រ្គាមសព្វថ្ងៃអាចនឹងលុបបំបាត់ការគំរាមកំហែងពី អ៉ីរ៉ង់ទាំងស្រុង ហើយក៏មិនទុកចិត្តនោះដែរថាសហរដ្ឋអាមេរិកនឹងការពារពួកគេពេញទំហឹងប្រឆាំងនឹងការវាយប្រហារពីអ៉ីរ៉ង់។ ដូច្នេះសម្រាប់អារ៉ាប៊ីសាអូឌីត ការចូលរួមក្នុងជម្លោះ ដោយផ្ទាល់មានហានិភ័យខ្ពស់ណាស់។ នៅក្នុងសុបិន អារ៉ាប៊ីសាអូឌីត ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេសភាគច្រើនក្នុងតំបន់មជ្ឈិមបូព៌ា ចង់ឃើញរបបដឹកនាំអ៉ីរ៉ង់ដែល មានស្ថិរភាព និងអាចព្យាករបាន តែមិនមានចរិតអរិភាពចំពោះអ៉ីស្រាអែល និងប្រទេសអារ៉ាប់ក្បែរខាង ព្រមទាំងបោះបង់ចោលមនោគមន៍វិជ្ជាបដិវត្តន៍ និងការគាំទ្រចំពោះក្រុម Proxy ប្រដាប់អាវុធ។ ក៏ប៉ុន្តែ អារ៉ាប៊ីសាអូឌីតទំនងជាយល់ថាការផ្លាស់ប្ដូរដ៏ធំបែបនេះជារឿងមិនអាចទៅរួចឡើយ យ៉ាងហោចក្នុងរយៈពេលខ្លី។
នៅពេលសង្រ្គាមបិទបញ្ចប់ សម្រាប់អារ៉ាប៊ីសាអូឌីត សេណារីយ៉ូល្អ នោះគឺអ៉ីរ៉ង់នៅតែត្រូវបានដឹកនាំដោយសាធារណរដ្ឋអ៉ីស្លាមដែលដឹកនាំប្រទេសតាំងពីឆ្នាំ១៩៧៩ តែជារដ្ឋាភិបាលកំណែថ្មីមួយដែលមានភាពទន់ខ្សោយ ហើយសមត្ថភាពសាបព្រោះមនោគមន៍វិជ្ជាបដិវត្តន៍ធ្លាក់ចុះ។ ក្នុងសេណារីយ៉ូអាក្រក់វិញ គឺអ៉ីរ៉ង់ធ្លាក់ចូលទៅក្នុងភាពវឹកវរ បង្កើតជាវិបត្តិជនភៀសខ្លួន និងយុវជនមានគំនិតជ្រុលនិយម។ អារ៉ាប៊ីសាអូឌីត រួមទាំងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្របានវិនិយោគយ៉ាងធំសម្បើមលើការផ្លាស់ប្ដូរសង្គម និងសេដ្ឋកិច្ចតាមរយៈការពឹងផ្អែកលើការទាក់ទាញក្រុមអ្នកវិនិយោគ ភៀវទេសចរ និងការថែរក្សាកេរ្តិ៍ឈ្មោះក្នុងនាមជាឋានសួគ៌នៃសុវត្ថិភាព និងស្ថិរភាព។ ក្នុងន័យនេះ អារ៉ាប៊ីសាអូឌីតកំពុងថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នលើស្ថានការណ៍ ពោលគឺអ៉ីរ៉ង់ដែលទន់ខ្សោយអាចជារឿងល្អសម្រាប់អារ៉ាប៊ីសាអូឌីតផង និងអាចជារឿងអាក្រក់ផងប្រសិនបើ ភាពទន់ខ្សោយ ឬការដួលរលំនៃរបបដឹកនាំអ៉ីរ៉ង់បង្កទៅជាអស្ថិរភាពក្នុងតំបន់។
* តើអារ៉ាប៊ីសាអូឌីតនឹងចូលរួមក្នុងសង្រ្គាម ឬ?
អារ៉ាប៊ីសាអូឌីតកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីអ៉ីរ៉ង់បើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ។ វាក៏មានការរិះគន់ដែរថា អារ៉ាប៊ីសាអូឌីតកំពុងរងការវាយប្រហារដ៏គឃ្លើនពីសត្រូវ ដូច្នេះគួរតែបើកការវាយប្រហារសងសឹកវិញ ឬយ៉ាងហោចណាស់ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារចេញពី ទឹកដីអារ៉ាប៊ីសាអូឌីត។ អ៉ីរ៉ង់ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាកំពុងបង្កើនជម្លោះ និងការវាយប្រហារដើម្បីបង្ខំឱ្យបណ្ដាប្រទេសអារ៉ាប់ដាក់សម្ពាធលើលោក ដូណាល់ ត្រាំ ឱ្យបិទបញ្ចប់សង្រ្គាម។ តាមលោក Michael Ratney ជាអ្នកជំនាញខាងកិច្ចការមជ្ឈិមបូព៌ាមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ CSIS អារ៉ាប៊ីសាអូឌីត នឹងពិបាកគេចចេញពីជម្លោះ ប្រសិនបើការវាយប្រហាររបស់អ៉ីរ៉ង់ធ្លាក់ចំតំបន់ទីប្រជុំជន ឬរងសម្ពាធពីលោក ត្រាំ ចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ ឬក៏អនុញ្ញាតឱ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីអារ៉ាប៊ីសាអូឌីតវាយប្រហារលើអ៉ីរ៉ង់។ ម្យ៉ាងវិញទៀត ប្រសិនបើប្រទេសអារ៉ាប់ណាមួយក្នុងតំបន់ឈូងសមុទ្របើកការវាយប្រហារសងសឹកលើអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីតប្រហែលជាអាចនឹងបង្ខំចិត្ត ឬមានអារម្មណ៍ជាកាតព្វកិច្ចត្រូវធ្វើដែរ។ កាន់តែសំខាន់ជាងនេះបើក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែនវាយប្រហារលើទឹកដីអារ៉ាប៊ីសាអូឌីត នោះទីក្រុងរីយ៉ាដអាចនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ ឧទាហរណ៍ខុសពីការពិត។ ការពិត នោះគឺសង្រ្គាមអ៉ីរ៉ង់ជិត៤សប្ដាហ៍មកនេះបានបង្ហាញរួចទៅហើយថាតើសេដ្ឋកិច្ចរបស់បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ងាយរងគ្រោះដល់កម្រិតណាពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគ គ្រាប់រ៉ុក្កែត និងដ្រូនពីអ៉ីរ៉ង់។ ជាក់ស្ដែង មូលដ្ឋានទ័ព អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពលដែល កិច្ចប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីតក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងសង្គមត្រូវពឹងផ្អែកមួយផ្នែកធំសុទ្ធតែបានក្លាយជាគោលដៅវាយប្រហាររបស់អ៉ីរ៉ង់។ ក្រៅពីនេះ រោងចក្របន្សុទ្ធទឹកសមុទ្រឲ្យទៅជាទឹកសាបក៏ងាយរងគ្រោះនឹងការវាយប្រហារផងដែរ។ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងរដ្ឋក្នុងតំបន់ឈូងសមុទ្រដទៃទៀតសុទ្ធតែដឹងយ៉ាងច្បាស់ថាការចូលរួមរបស់ពួកគេ ក្នុងសង្រ្គាមសព្វថ្ងៃក្នុងគ្រាដែលសហរដ្ឋអាមេរិកបានក្លាយជាសម្ព័ន្ធមិត្តពិបាកទុកចិត្ត នឹងជំរុញឱ្យអ៉ីរ៉ង់ធ្វើការសងសឹកកាន់តែខ្លាំងដោយប្រើប្រាស់អាវុធមានតម្លៃថោក ដែលពិបាក និងត្រូវចំណាយលុយច្រើនដើម្បីបាញ់កម្ទេច។
មើលលើសមត្ថភាពយោធារបស់អ៉ីរ៉ង់បើទោះជាចុះខ្សាយដោយការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏ពិតមែន តែអ៉ីរ៉ង់នៅតែមានប្រៀបលើអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ផ្សេងទៀតក្នុងការបង្កើនជម្លោះ។ ម្យ៉ាងខណៈសហរដ្ឋអាមេរិកជាអ្នកចាប់ផ្ដើមសង្រ្គាមដោយមិនបានពិគ្រោះយោបល់ជាមុនជាមួយអារ៉ាប៊ីសាអូឌីត និងរដ្ឋដទៃក្នុងតំបន់ឈូងសមុទ្រ លោក ត្រាំ អាចប្រកាសពី ជ័យជម្នះហើយត្រឡប់ទៅផ្ទះវិញ ដោយទុកឱ្យអារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ផ្សេងទៀតនឹងត្រូវប្រឈមមុខដោះស្រាយជាមួយអ៉ីរ៉ង់ដោយខ្លួនឯង។ នេះមិនមែនមានន័យថាកំហឹងខឹងសម្បាររបស់អារ៉ាប៊ីសាអូឌីតចំពោះអ៉ីរ៉ង់មិនឡើងដល់កម្រិតកំពូលនោះទេ។ ប៉ុន្តែដោយសារតែភាពងាយរងគ្រោះនៃសេដ្ឋកិច្ច ភាពក្លាហានប្រឈមមុខនឹងសង្រ្គាមទ្រង់ទ្រាយធំរបស់អារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ផ្សេងទៀតស្ថិតនៅក្នុងកម្រិតទាបនៅឡើយ៕
-Fresh News-






