Grand News Close

កម្ពុជានិងថៃឈានដល់ចំណុចរួមលើទិដ្ឋភាពបច្ចេកទេស៖ សញ្ញាវិជ្ជមានថ្មីក្នុងការ​ដោះស្រាយ​ជម្លោះ​ដែនសមុទ្រដោយសន្តិវិធី

ដោយ៖ Morm Sokun ​​ | 47 នាទីមុន ទស្សនៈ-Opinion 1009
កម្ពុជានិងថៃឈានដល់ចំណុចរួមលើទិដ្ឋភាពបច្ចេកទេស៖ សញ្ញាវិជ្ជមានថ្មីក្នុងការ​ដោះស្រាយ​ជម្លោះ​ដែនសមុទ្រដោយសន្តិវិធី កម្ពុជានិងថៃឈានដល់ចំណុចរួមលើទិដ្ឋភាពបច្ចេកទេស៖ សញ្ញាវិជ្ជមានថ្មីក្នុងការ​ដោះស្រាយ​ជម្លោះ​ដែនសមុទ្រដោយសន្តិវិធី

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration – PCA) ស្តីពីដំណើរការផ្សះផ្សាជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ បានឱ្យដឹងថា កិច្ច​ប្រ​ជុំ​លើកទី៣ របស់គណៈកម្មការផ្សះផ្សា ដែលបានបញ្ចប់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង​កូ​ឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសម្រេចនូវវឌ្ឍនភាពថ្មីមួយទៀតក្នុងដំណើរការស្វែង​រកដំណោះ​ស្រាយ​ជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រជុំនេះ គឺការដែលភាគីទាំង​ពីរ​បានឈានដល់ការយោគយល់គ្នាលើប៉ារ៉ាម៉ែត្របច្ចេកទេសមួយចំនួន ដែលនឹងត្រូវប្រើជាមូលដ្ឋាន​សម្រាប់​ការកំណត់ព្រំដែនដែនសមុទ្រ ព្រមទាំងបានឯកភាពលើការចុះទស្សនកិច្ចសិក្សាទី​តាំងរបស់​គណៈ​កម្មការ​ផ្សះផ្សា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីលក្ខណៈភូមិសាស្ត្រនៃកោះ និងទីតាំងពាក់ព័ន្ធនៅ​ឯនាយឆ្នេរ​សមុទ្រ​នៃប្រទេសទាំងពីរ។

ប្រសិនបើពិនិត្យត្រឹមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ហាក់ដូចជាលទ្ធផលបច្ចេកទេសមួយធម្មតា ប៉ុន្តែបើយើងពិនិត្យឱ្យបានស៊ីជម្រៅ នេះគឺជាការវិវត្តមួយដែលមានសារៈសំខាន់ចំពោះដំណើរការចរចា​នេះ។ ព្រោះបញ្ហាព្រំដែនដែនសមុទ្រមិនមែនជារឿងដែលអាចដោះស្រាយបានដោយការលើកឡើង​នូវ​ជំហររៀងៗខ្លួន​ តាមការបកស្រាយផ្លូវច្បាប់តែមួយមុខនោះទេ។ វាត្រូវការការងារស្រាវជ្រាវ និង​ពិនិត្យ​យ៉ាងល្អិតល្អន់ទៅលើទីតាំងភូមិសាស្ត្រ កោះ ចំណុចមូលដ្ឋាន ផែនទី និងទិន្នន័យបច្ចេកទេសនានា ព្រមទាំងការអនុវត្តស្របតាមគោលការណ៍ច្បាប់សមុទ្រអន្តរជាតិផងដែរ។

និយាយឱ្យងាយយល់ជាងនេះ ការឯកភាពលើប៉ារ៉ាម៉ែត្របច្ចេកទេស គឺមានន័យថា ភាគីទាំងពីរចាប់ផ្តើម​មាន​មូល​​ដ្ឋាន​រួមលើរបៀប និងលក្ខខណ្ឌដែលត្រូវប្រើសម្រាប់ពិនិត្យ និងគណនាខ្សែព្រំដែនដែន​សមុទ្រ​ហើយ។ ត្រង់ចំនុចនេះមិន​ទាន់មានន័យថា កម្ពុជានិងថៃបានព្រមព្រៀងគ្នាលើទីតាំងខ្សែព្រំដែន​ចុង​ក្រោយ​នោះទេ ប៉ុន្តែជា​ជំហាន​មួយដែលអាចជួយឱ្យការពិភាក្សាឈានទៅមុខបានកាន់តែច្បាស់​លាស់​ជាងមុន។ ចំណុចនេះមានសារៈសំខាន់ណាស់ ព្រោះនៅពេលភាគីទាំងពីរមានការយល់​ស្រប​លើមូល​ដ្ឋានបច្ចេកទេសរួម នោះការងារបន្តនឹងអាចផ្តោត​ទៅ​លើ​ការពិនិត្យទិន្នន័យ និងការស្វែងរក​ដំណោះ​ស្រាយជាជាងចំណាយពេលលើការខ្វែង​គំនិតគ្នាអំពីវិធី​សាស្ត្រ​ដែលត្រូវប្រើ។

ម្យ៉ាងវិញទៀត ការឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះទស្សនកិច្ចសិក្សាទីតាំង ក៏ជាជំហានគួរឱ្យកត់​សម្គាល់​មួយ​ផង​ដែរ។ ក្នុងការកំណត់ព្រំដែនដែនសមុទ្រ លក្ខណៈរបស់កោះ និងទីតាំងភូមិសាស្ត្រនៅ​តាមឆ្នេរសមុទ្រ គឺជាកត្តាដែលអាចមានឥទ្ធិពលលើការពិចារណាផ្នែកច្បាប់។ ដូច្នេះ ការចុះសិក្សាដោយ​ផ្ទាល់នឹងផ្តល់ឱ្យគណៈកម្មការនូវទិដ្ឋភាពជាក់ស្តែងបន្ថែមលើព័ត៌មានដែលទទួលបានតាមរយៈឯកសារ និងការបកស្រាយរបស់ភាគីនីមួយៗ។ ទោះជាយ៉ាងណា ទស្សនកិច្ចនេះមិនមែនជាការសម្រេច​អំពីសិទ្ធិ​របស់ភាគីណាមួយ ឬជាការកំណត់ខ្សែព្រំដែនដែនសមុទ្រនោះទេ ប៉ុន្តែជាផ្នែកមួយនៃដំណើរ​ការស្វែង​យល់ និងវាយតម្លៃរបស់គណៈកម្មការ ដើម្បីឱ្យការពិចារណានាពេលបន្តទៅមុខមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាងមុន។

បើពិនិត្យតាមដំណើរការនៃការផ្សះផ្សានេះ កម្ពុជាបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាជាផ្លូវការកាលពីថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមយន្តការដែលមានចែងក្នុងអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ (UNCLOS)។ បន្ទាប់ពីកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី និងកិច្ចប្រជុំលើកទី២ នៅទីក្រុង​ឡា​អេ ដែលភាគីទាំងពីរ​បានឯកភាពលើវិធានការកសាងទំនុកចិត្ត និងកិច្ចប្រជុំលើកទី៣ នៅទីក្រុង​កូ​ឡា​ឡាំពួរនេះ បាននាំដំណើរ​ការ​ទៅ​កាន់ការងារបច្ចេកទេសជាក់ស្តែងកាន់តែច្រើន។ នេះបង្ហាញថា យន្តការ​ផ្សះផ្សាកំពុងដំណើរ​ការទៅមុខជាបន្តបន្ទាប់ ហើយភាគីទាំងពីរនៅតែមានលទ្ធ​ភាពក្នុងការស្វែងរក​ចំណុច​រួម ទោះបីជាបញ្ហាដែលត្រូវ​ដោះស្រាយមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ​យ៉ាងណា​ក៏ដោយ។

សម្រាប់កម្ពុជា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបន្តរក្សាជំហរដោយមានភាពច្បាស់លាស់ និងប្រ​កាន់ខ្ជាប់នូវមូលដ្ឋានច្បាប់អន្តរជាតិ។ ការចូលរួមក្នុងដំណើរការផ្សះផ្សា និងការស្វែងរកការ​យោគយល់​គ្នាជាមួយភាគីថៃ មិនមែនជាការបោះបង់សិទ្ធិ ឬបន្ទន់ជំហរលើផលប្រយោជន៍ជាតិឡើយ។ ផ្ទុយទៅវិញ វាបង្ហាញថា កម្ពុជាកំពុងប្រើប្រាស់យន្តការដែលមានចែងក្នុងច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយ​ដោយសន្តិវិធី និងធានាថា បញ្ហាដែលពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ ត្រូវបានពិ​ភាក្សានៅក្នុងក្របខណ្ឌដែលមានលក្ខណៈជាផ្លូវការ និងមានការសម្របសម្រួលពីគណៈកម្មការឯករាជ្យ។

ប៉ុន្តែអ្វីដែលត្រូវតាមដានបន្តទៀត គឺលទ្ធផលនៃការចុះទស្សនកិច្ចសិក្សាទីតាំង និងការចរចាបន្ទាប់​ពី​នោះ។ ការ​យោគយល់គ្នាលើប៉ារ៉ាម៉ែត្របច្ចេកទេសគឺជាការចាប់ផ្តើមដ៏សំខាន់ ប៉ុន្តែការឈានទៅរក​ការកំ​ណត់ព្រំដែនចុងក្រោយនៅតែត្រូវការការពិភាក្សាលម្អិត និងឆន្ទៈពិតប្រាកដក្នុងការសហការ​ពីភាគី​ទាំង​ពីរ។

ទីបំផុត ការការពារផលប្រយោជន៍ជាតិមិនអាចវាស់វែងតាមរយៈពាក្យសម្តី ឬការប្រឈមមុខដាក់​គ្នាតែ​ប៉ុណ្ណោះទេ។ ជាពិសេស ក្នុងបញ្ហាដែនសមុទ្រដែលមានភាពស្មុគស្មាញខ្លាំង កម្ពុជាត្រូវការ​ជំហរ​ច្បាស់​លាស់ ការប្រើប្រាស់ច្បាប់អន្តរជាតិប្រកបដោយភាពម៉ឺងម៉ាត់ ការទូតដែលមានភាពបត់បែន អត់ធ្មត់ និងការត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយ។ កត្តាទាំងនេះហើយដែលនឹងជួយពង្រឹងសមត្ថភាពរបស់​កម្ពុជា​ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជាតិរបស់ខ្លួនក្នុងរយៈពេលវែងបាន។ ដូច្នេះ កម្ពុជាត្រូវបន្តដំណើរ​ការនេះដោយប្រុងប្រយ័ត្ន និងមានការតាំងចិត្តខ្ពស់ ព្រោះគោលដៅចុងក្រោយមិនមែនគ្រាន់តែ​សម្រេច​បាន​វឌ្ឍនភាពក្នុងកិច្ចប្រជុំនោះទេ ប៉ុន្តែគឺជាការធានាឱ្យបាននូវសិទ្ធិ និងផលប្រយោជន៍​ស្របច្បាប់​របស់​ជាតិ សម្រាប់បច្ចុប្បន្ន និងអនាគត៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង