(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី ១៖ តើកម្ពុជាបានលើកឡើងបែបណាខ្លះពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០?
ចម្លើយ៖ នៅក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជាបានលើកឡើងអំពីការវិវត្តជាក់ស្តែងដែលប៉ះពាល់ដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ ការវិវត្តទាំងនេះរួមមាន ការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ វត្តមាននៃកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតដល់បេតិកភណ្ឌវប្បធម៌កម្ពុជា និងការបន្តផ្លាស់ទីលំនៅរបស់ជន ភៀសសឹកកម្ពុជាប្រមាណ ២០,០០០ នាក់ ដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបមុខរបររបស់ពួកគាត់វិញ។
ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការលើកឡើងនូវក្តីកង្វល់ដូចដែលបានរៀបរាប់ខាងលើ ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្លួន។ ការលើកឡើងនេះស្របតាមគោលការណ៍របស់អង្គការហ្វ្រង់កូហ្វូនី និងមូលបទនៃកិច្ចប្រជុំកំពូល គឺ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលមានគោលបំណងជំរុញការសន្ទនា បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយវិវាទដោយសន្តិវិធី។
សំណួរទី ២៖ ដើម្បីដោះស្រាយជម្លោះព្រំដែន តើកម្ពុជាទាមទារឱ្យថៃធ្វើបែបណា?
ចម្លើយ៖ កម្ពុជាប្រកាន់ជំហរថា បញ្ហាដែលនៅសេសសល់ពាក់ព័ន្ធនឹងទឹកដី ត្រូវដោះស្រាយតាមរយៈកិច្ចព្រមព្រៀងដែលកម្ពុជានិងថៃបានឯកភាពគ្នា យន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីមានបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ មក ថៃមិនបានអនុវត្តនូវកិច្ចព្រមព្រៀងឱ្យបានពេញលេញឡើយជាពិសេសដំណើរការវាស់វែងព្រំដែន។
ក្នុងន័យនេះ កម្ពុជាទាមទារឱ្យថៃចាប់ផ្តើមដំណើរការវាស់វែងព្រំដែននៅលើដីជាក់ស្តែងជាមួយកម្ពុជាឡើងវិញឱ្យបានឆាប់រហ័ស តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
កម្ពុជាសង្កត់ធ្ងន់ថា ការស្តារទំនុកចិត្តរវាងប្រទេសទាំងពីរមិនអាចសម្រេចបានត្រឹមតែតាមរយៈការប្រកាសប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវការសកម្មភាពជាក់ស្តែង ការគោរពការប្តេជ្ញាចិត្តដែលបានព្រមព្រៀងគ្នា និងការបង្កើតលក្ខខណ្ឌសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋស៊ីវិលដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕





