សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន។
ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ មានចំនួន ៦ មាត្រា និងបរិសិដ្ឋ មាន ១៤ជំពូក ក្នុងនោះ ៤ជំពូកត្រូវបានធ្វើវិសោធនកម្ម ៥ជំពូកទៀតរក្សាទុកដដែល និងបន្ថែមជំពូកថ្មីចំនួន ៥។ ពិធីសារនេះ មានគោលបំណងសំខាន់ៗ ដូចជា ក). ដាក់បញ្ចូលនូវជំពូកថ្មីចំនួន ៥ រួមមាន ១. ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ២. សេដ្ឋកិច្ចឌីជីថល ៣. សេដ្ឋកិច្ចបៃតង ៤. ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និង ៥. សហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានកែសម្រួលនិងបញ្ចូលធាតុចូលដែលមានតម្លៃបន្ថែមលើជំពូកស្តីពីនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម អនាម័យនិងភូតគាមអនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ដែលនឹងផ្តល់ផលប្រយោជន៍ដល់បណ្តាភាគីទាំងអស់រួមទាំងកម្ពុជា ក្នុងការពង្រីកនិងធ្វើទំនើបកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់រឹងមាំ ខ). ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្មកិច្ចព្រមព្រៀង និងពន្លឿនការស្តារឡើងវិញ ក្រោយវិបត្តិនៃជំងឺរាលដាលជាសកល ដោយពិចារណាលើបម្រែបម្រួលនៃនិន្នាការធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់រាល់របាំងមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្មដែលប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន និង គ). ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថា ភាគីនីមួយៗអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការ និយតកម្ម ព្រមទាំងបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ជាអាទិ៍។
ពិធីសារនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា រួមមាន ១. ពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ២. ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ៣. បង្កើនថវិកាជាតិ ៤. ពង្រឹងវិស័យដែលមានស្រាប់ក្រោមជំពូកចំនួន៤ ដើម្បីឆ្លើយតបកាន់តែប្រសើរចំពោះការវិវត្តនៃពាណិជ្ជកម្ម និងនិន្នាការសេដ្ឋកិច្ចក្នុងតំបន់និងសកល ៥. ពង្រឹងសក្តានុពលកំលាំងពលកម្ម សហគ្រិនភាពក្នុងស្រុក ៦. ការទទួលបាននូវជម្រើសទំនិញនិងសេវាកម្មកាន់តែច្រើន និង ៧. បន្ថែមជំពូកថ្មីចំនួន៥ (ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម) ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះមានភាពទំនើប៕





