Grand News Asia Close

សម្រង់ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦)

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:10 pm ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1022


សុន្ទរកថាស្វាគមន៍ និងរបាយការណ៍ របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើក ពិព័រណ៌ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦-២០២៦)


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល

ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា

ឯកឧត្តម គណៈធិបតី​ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង «ពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា» (១៩២៦-២០២៦) ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាពេលនេះ។ ទន្ទឹមនឹងកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Francophonie 2026)នៅសប្ដាហ៍ក្រោយនេះ ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាយ៉ាងមុតមាំរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្ស ការថែរក្សា និងការធ្វើទំនើបកម្មមរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់ជាតិ។

ការរៀបចំពិព័រណ៍នេះ បានប្រែក្លាយបរិវេណប្រវត្តិសាស្ត្រនៃបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេលមួយខែពេញ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា កេរមរតកឯកសារ បណ្ណសារ​និងបណ្ណ​សារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និងជាខ្សែច្រវាក់នៃការចងចាំរបស់ជាតិមិនឱ្យបាត់បង់ ឬខូចខាត។ ដូចសុភាសិតខ្មែរបានរំលេចថា «ដើមឈើមានឬសទើបឈរបាន ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងត្រូវខិតខំអភិរក្សទាំងឯកសាររូបវន្ត និងការធ្វើឌីជីថល ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។

ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងក្នុងសុន្ទរកថាស្វាគមន៍ បណ្ណសារដ្ឋានជាតិបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩២៦ ក្នុងគោលបំណងសំខាន់ដើម្បីគ្រប់គ្រងនិងថែរក្សាឯកសារសំខាន់ៗរបស់ជាតិតាមបែបវិទ្យាសាស្ត្រទំនើប ប៉ុន្ដែគ្រានោះ បណ្ណសារដ្ឋានជាតិស្ថិតនៅក្នុងការគ្រប់គ្រងរួមគ្នាជាមួយបណ្ណាល័យជាតិ។

ការបង្កើតស្ថាប័ននេះផ្ដើមចេញពីកង្វល់របស់លោក អាល់ប៊ែរ សារ៉ូត៍ (Albert Sarraut) អគ្គទេសាភិបាលឥណ្ឌូចិនបារាំងសែសនៅដែលបារម្ភអំពីគុណភាពនៃឯកសាររដ្ឋបាលដែលកំពុងកើនឡើងជាលំដាប់ ទើបធ្វើឱ្យលោកលើកឡើងនូវបញ្ហា៤សំខាន់ៗ ដែលត្រូវតែធ្វើជាចាំបាច់ដើម្បីថែរក្សាឯកសារទាំងនេះទាំងនេះ៖ ១- គឺប្រមូលផ្តុំឯកសារ និងបំផ្លាញចោលឯកសារណាដែលគ្មានតម្លៃ, ២-រក្សារទុកឯកសារដែលមានតម្លៃ, ៣- បង្កើតអគារពិសេសដើម្បីថែរក្សាទុកឯកសារក្នុងលក្ខខណ្ឌបរិស្ថានល្អ និង ៤- រៀបចំប្រព័ន្ធចំណាត់ថ្នាក់គ្រប់គ្រងឯកសារដើម្បីបញ្ចូលឯកសារថ្មីទៅក្នុងបណ្ណសារដ្ឋានជាតិ ផ្ដើមចេញពីការព្រួយបារម្ភនេះហើយទើបធ្វើឱ្យកម្ពុជាចាប់ផ្ដើមមានប្រព័ន្ធគ្រប់គ្រង និងការថែទាំឯកសារទំនើបបែបលោកខាងលិចនេះឡើង​។

បើទោះបីជាកម្ពុជាទើបមានប្រព័ន្ធគ្រប់គ្រងនិងរក្សាទុកឯកសារទំនើបតាមបែបលោកខាងលិចក៏ដោយ ក៏ប៉ុន្ដែកម្ពុជាក៏មានប្រពៃណីនៃការកត់ត្រា និងថែរក្សាទុកឯកសាររបស់ខ្លួនតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក​។ តាមរយៈភស្ដុតាងនៅសម័យមុនអង្គរ និងសម័យអង្គរបានឱ្យដឹងថា ប្រជាជនខ្មែរសម័យបុរាណមានប្រពៃណីកត់ត្រានៅលើសម្ភារៈច្រើនប្រភេទដូចជា ស្លឹករឹត ក្រាំង ផ្នត់ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈជាដើម។

ថ្វីដ្បិតតែប្រភេទឯកសារបុរាណជាច្រើន​បានបាត់បង់ ពុកផុយតាមកត្តាធម្មជាតិ​ និងកត្តាសង្គ្រាម ប៉ុន្ដកម្ពុជានៅតែមានកេរមរតកឯកសារសំណេរលើថ្មរ ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ​អាចមុននោះទៀតផង​​ ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹក​ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ឯកសារដែលត្រូវបានចងក្រង និងរក្សាទុកទាំងនេះជាប្រភេទ ឯកសារប្រវត្តិសាស្ត្រ និងរាជការ, ឯកសារគតិយុត្ត និងរដ្ឋបាល, ឯកសាររូបថត និងផែនទី ឯកសារប្លង់ដី, ឯកសារសេដ្ឋកិច្ច និងសារពើភណ្ឌ, ឯកសារសាសនានិងក្បួនច្បាប់ ដែលសរសេរជាភាសាខ្មែរបុរាណ ភាសាសំស្ក្រឹត  និងភាសាបាលី ជាដើម ដែលនេះសុទ្ធសឹងជាតឹកតាងយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរសម័យបុរាណ​។

ចាប់តាំងពីបង្កើតបណ្ណសារដ្ឋានជាតិរហូតក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ស្ថាប័ននេះបានឆ្លងកាត់របត់ និងព្យុះភ្លៀងប្រវត្តិសាស្ត្រជាច្រើន ជាពិសេសក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបប-ប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនៅពេលនោះ បណ្ណសារដ្ឋានជាតិត្រូវបានគេបោះបង់ចោល ហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និងបំផ្លិចបំផ្លាញឯកសារជាច្រើន។ ប៉ុន្តែ ដោយស្មារតីស្នេហាជាតិ និងភាពធន់ឥតរាថយ «អ្នកថែរក្សាការចងចាំ» របស់ជាតិយើងដែលជាមន្ត្រីទទួលការបណ្ដុះបណ្ដាលថ្មីនៅក្រោយសម័យសង្គ្រាម ក៏បានប្រមូលផ្តុំ និងរៀបចំឯកសារឡើងវិញពីគំនរផេះផង់ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតបង្កើតបានជាស្ថាប័នដ៏រឹងមាំដូចសព្វថ្ងៃ។ បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិបានក្លាយជាទីតាំងបេតិកភណ្ឌជាតិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ “អត្តសញ្ញាណជាតិ” “អធិបតេយ្យភាព” និង“បូរណភាពទឹកដី”។

តាមរយៈតួនាទីរបស់បណ្ណសារដ្ឋានជាតិដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យទីតាំងនេះក្លាយជាប្រភពភស្តុតាងដ៏មានតម្លៃសម្រាប់គាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ។ ជាក់ស្ដែងដូចករណីប្រាសាព្រះវិហារជាដើម ដែលបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌ ប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។ ដូច្នេះ ការថែរក្សាឯកសារបណ្ណសារ​ដែលមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ត្រូវការធានាការធានាភាពពិតប្រាកដនៃឯកសារ និងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃលើសពីវិស័យវប្បធម៌ ដោយអាចរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិរយៈពេលវែង។

ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ»នេះ គឺក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ»​​ យើងមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង ទាំងក្នុងអតីតកាល និងក្នុងពេលបច្ចុប្បន្ន។ ក្នុងកាលៈទេសៈដែលកម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមនៃជម្លោះព្រំដែនជាមួយប្រទេសជិតខាង (ថៃ) គឺ ឯកសារបណ្ណសារប្រវត្តិសាស្ត្រ សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំង នេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់និងជាភស្ដុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខ្សែព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការជាមួយបារាំងក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការស្កេនធ្វើឌីជីថលនីយកម្មនូវបណ្ណសារ មិនត្រឹមតែជាការតភ្ជាប់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានការពារអធិបតេយ្យភាពជាតិយ៉ាងពិតប្រាកដ។ លើសពីនេះ ពិព័រណ៍នេះគឺជាការត្រៀមលក្ខណៈដ៏មានសារៈសំខាន់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit 2026)» ដែលជាឱកាសមាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញពីកិត្យានុភាពជាតិ វប្បធម៌ដ៏ឧត្តុង្គឧត្តម លើកកម្ពស់ការទូតវប្បធម៌ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សន្តិភាព និងពហុភាគីនិយមនៅលើឆាកអន្តរជាតិ។

នៅក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានយ៉ាងលឿន ចូលទៅកាន់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ច-សង្គមឌីជីថល ជាមួយនឹងការវិវត្តដ៏ស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១» ដែលមានគោលបំណងធំចម្បងនិងយូរអង្វែងចំនួនពីរ ពីលើយុទ្ធសាស្រ្តនិងគោលនយោបាយដែលមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណនេះ។ នោះគឺសំដៅលើការកសាងនិងការពង្រឹងរដ្ឋនិងជាតិរបស់កម្ពុជា។

ក្នុងដំណើរនៃការកសាងរដ្ឋ យើងកំពុងរៀបចំនិងអនុវត្តការកែទម្រង់និងពង្រឹងប្រព័ន្ធច្បាប់ និងវិធានគតិយុត្ត សម្រាប់គ្រប់គ្រងប្រទេស ព្រមទាំងកំពុងរៀបចំនិងអនុវត្តការកែទម្រង់ និងលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពស្ថាប័ន ប្រព័ន្ធការងារ ដើម្បីឱ្យរដ្ឋអាចបំពេញបេសកកម្ម និងមុខងាររបស់ខ្លួន ប្រកបដោយភាពស័ក្តិសិទ្ធភាពដូចជា ការការពារអធិបតេយ្យនិងបូរណភាពទឹកដី, ការរក្សាស្ថិរភាពនយោបាយ​​ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម, ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច, ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សជាដើម។ល។

ជាមួយគ្នានេះ យើងក៏មានការចាំបាច់ដូចគ្នាក្នុងការពង្រឹងអំណាចទន់ក្នុងដំណើរនៃការកសាងជាតិរបស់យើង ការលើកម្ពស់អត្តសញ្ញាណជាតិ ស្មារតីស្រឡាញ់ជាតិ មនសិការជាតិ និងការរួបរួមជាតិ តាមរយៈការកសាងការយល់ដឹង ការស្គាល់ និងភាពជាម្ចាស់រួមគ្នាលើប្រវត្តិសាស្រ្ត វប្បធម៌ និងគុណតម្លៃសំខាន់ៗរបស់ជាតិ។ នេះការងារធំពីរដែលត្រូវបន្តធ្វើដោយឥតឈប់ឈរ ដោយមិននឿយហត់ ដោយប្រឹងតស៊ូ និងដោយឆ្លាតវៃ ដើម្បីពង្រឹងកម្ពុជាឱ្យឈរជើងខ្លួនឯងបាន រីកចម្រើនខ្លួនឯងបាន រឹងមាំខ្លួនឯងបាន ការពារខ្លួនឯងបាន និងមានវិបុលភាពដោយខ្លួនឯងបាន។

ក្នុងទស្សនៈនេះ ខ្ញុំបានដាក់ចេញនូវគោលការណែនាំឱ្យមានការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ, បណ្ណាល័យជាតិ, សារមន្ទីរជាតិ ព្រមទាំងការថែរក្សានិងអភិរក្សបេតិកភណ្ឌជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ខ្ញុំក៏បានបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជាប្រធានដើម្បីតម្រង់ទិស សម្របសម្រួល និងជំរុញ ដើម្បីលើកស្ទួយអំណាចទន់នេះផងដែរ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) បណ្ណាល័យជាតិនិងបណ្ណសារដ្ឋានជាតិ មានតួនាទីភារកិច្ចខុសគ្នា តែថែរក្សានិងចែកចាយដូចគ្នា

ការថែរក្សានិងប្រើប្រាស់ឯកសារប្រវត្តិសាស្ត្រគ្រប់វិស័យ គឺមានភាពការប្រទាក់ក្រឡាគ្នា។ នៅក្នុងនោះ យើងឃើញថាស្ថាប័នទាំងពីរ បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ មានតួនាទីភារកិច្ចខុសគ្នា មានចំណុចមួយចំនួនខុសគ្នា ការរក្សាឯកសារទិសដៅខុសគ្នា។ ឧទាហរណ៍ បណ្ណសារដ្ឋានជាតិភាគច្រើនតម្កល់ឯកសាររដ្ឋ ឯកសារដើម ផែនទីផ្សេងៗ … បណ្ណាល័យជាតិ មានតួនាទីរក្សាឯកសារស្រាវជ្រាវ សៀវភៅអីផ្សេងៗ។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏វាមានលក្ខណៈដូចគ្នា គឺទាំងពីរដើរតួនាទីជាអ្នកថែរក្សា និងចែកចាយ។

(២) ឯកសារថ្ងៃនេះនឹងទៅជាប្រវត្តិសាស្ត្រក្នុង ៥០ឆ្នាំដល់ ១០០ឆ្នាំទៀត

ទីមួយ ថែរក្សាឯកសារ។ ឯកសារគ្រប់ទម្រង់នៅក្នុងការស្រាវជ្រាវ។ អម្បាញ់មិញ ចូលទៅមើលបណ្ណសារដ្ឋានជាតិ យើងឃើញថាមានឯកសារជាផែនទីចាស់តាំងពីដើម  ផែនទីដែលតម្កល់ទុក មានឯកសារ មានកាសែត មានទាំងលិខិតដែលព្រះមហាក្សត្ររបស់យើងសរសេរទៅបារាំងស្នើសុំឱ្យមានការការពារ ក៏ដូចជាលិខិតបញ្ជូនកងទ័ពជើងក្រហមរបស់កម្ពុជា ចូលរួមប្រយុទ្ធនៅសង្គ្រាមលោកលើកទីមួយ។ ឯកសារទាំងអស់នេះមានតម្លៃណាស់។ ត្រូវរក្សាឱ្យបាន។ ពិតណាស់ ដោយសារមានសង្គ្រាម ក៏មានការបំផ្លាញ(ឯកសារបណ្ណ​សារ)មួយចំនួន។ អម្បាញ់មិញ ខ្ញុំសួរលោកមីងដែលថែរក្សាបណ្ណាល័យជាតិយើង។ គាត់ថាក្រោយពី ប៉ុល ពត សល់ឯកសារ​ ២ម៉ឺនកូពី ប៉ុន្តែមុននោះ យើងមានប្រហែល ១០ម៉ឺន(ឯកសារ)។ ជាការសោកស្តាយដែលបាត់អស់ច្រើន។ យ៉ាងណាក្តី វាជាការចាំបាច់ត្រូវថែរក្សានូវអ្វីដែលយើងមាន ហើយបង្កើនបន្ថែម(នូវឯកសារ) ព្រោះឯកសារថ្ងៃនេះ នឹងទៅជាប្រវត្តិសាស្ត្រក្នុង ៥០ឆ្នាំដល់ ១០០ឆ្នាំទៀត។ នៅក្នុងបណ្ណសារដ្ឋានជាតិក៏មានតម្កល់រាជកិច្ច ឯកសារពីអតីតកាលនិងបច្ចុប្បន្នក៏ដូចជាផែនទី សន្ធិសញ្ញាផ្សេងៗ ដែលអាចទុកជាឯកសារចាំបាច់។ បណ្ណា​ល័យ​ជាតិក៏ដូចគ្នា ក៏មានការថែទាំនូវឯកសារមួយចំនួន ដែលមានលក្ខណៈប្រវត្តិសាស្ត្រ។

(៣) បណ្ណាល័យជាតិនិងបណ្ណសារដ្ឋានជាតិ ជាមូលដ្ឋានបណ្ដុំធនធានឯកសារសម្រាប់អ្នកស្រាវជ្រាវ

ទីពីរ គឺការចែកចាយ។​ (បណ្ណាល័យជាតិនិងបណ្ណសារដ្ឋានជាតិ)គឺជាមូលដ្ឋាននៃបណ្ដុំឯកសារ ធនធានសម្រាប់អ្នកស្រាវជ្រាវ។ នៅបណ្ណាល័យជាតិមានការបើកចំហច្រើនជាង ព្រោះឯកសារភាគច្រើនជាឯកសារស្រាវជ្រាវ និងសរសេរសៀវភៅ។ នៅបណ្ណសារដ្ឋានជាតិ មានឯកសារលាក់ការ​របស់រដ្ឋ ឯកសារខ្លះដែលមានលក្ខខណ្ឌនៅក្នុងការប្រើប្រាស់និងចែកចាយ។ ប៉ុន្តែ គង់តែអាចស្រាវជ្រាវ កន្លែងខ្លះក៏យើងអាចបើកបាន។ ភាពស្រដៀងគ្នានេះ ទាមទារនៅក្នុងការគិតគូរ។​ ទីមួយ ត្រូវធ្វើទំនើបកម្ម ដោយ digitization scan បញ្ចូលដើម្បីថែរក្សាឱ្យបាននូវឯកសារដើម។ ឯកសារដែលបោះពុម្ពថ្ងៃនេះ ៥០ឆ្នាំទៀតនឹងមានអាយុកន្លះសតវត្សរ៍។ យើងគិតថាថ្ងៃនេះ វានៅថ្មី ៥០ឆ្នាំទៀតវាពុកផុយ … ឯកសារដែលយើងគិតថាមិនមានតម្លៃថ្ងៃនេះ យើងសរសេរចោល ប្រហែលជា ១០ឬ ២០ឆ្នាំក្រោយ យើងទៅរើសមក(ប្រើប្រាស់)វិញ។ មនុស្សច្រើនណាស់ ដែលទៅរកឯកសារកត់ត្រារបស់ខ្លួន ត្រឡប់មកវិញអត់ឃើញ។

(៤) បណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ទុកឯកសារដើម/ប្រវត្តិសាស្រ្ត មានតម្លៃជាងដុំមាស

(បណ្ណាល័យជាតិ និងបណ្ណសារដ្ឋាន)សម្រាប់ជាតិ គឺត្រូវតែបានពង្រឹង។ ដូចឯកឧត្តម វង្សី វិស្សុត បានលើក ដែលជាគោលដៅរបស់យើង តាំងពី ១៩៧៩មក។ ខ្ញុំឃើញគោលការណ៍រៀបចំស្ថាប័នបណ្ណសារដ្ឋាន​នេះ តាំងពីចប់របប ប៉ុល ពត ដោយប្រមូលមនុស្ស និងឯកសារដែលទុកចោលជំនាន់ ប៉ុល ពត ជំនាន់សង្គ្រាម មកជួសជុលនិងទុកដាក់ឡើងវិញ។ ការបង្រៀនមនុស្សបន្ត(ការគ្រប់គ្រងថែរក្សា)។ អម្បាញ់មិញ ឃើញមានការជួសជុលផែនទីឡើងវិញ។ អ្នកមីងប៉ុន្មាននាក់នៅក្នុងអគារជួសជុល ៣០ឆ្នាំមកហើយ។ ទោះបីជាគាត់អត់បានទៅឆ្លងមហាវិទ្យាល័យ រៀនខាងឯកសារខាងអីក៏ដោយ ប៉ុន្តែគាត់រៀនតគ្នា មានទឹកចិត្តថែរក្សាអោយ(នៅគង់វង្ស)បានល្អមកដល់ម៉ោងនេះ។ (កិច្ចការដែលបានធ្វើមក)៣០-៤០ឆ្នាំ ឥឡូវធ្វើឱ្យកាន់តែល្អ។ នេះគឺជាតម្លៃ។ ធនាគារជាតិ(មានកន្លែងរក្សា)ទុកមាស។ បណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ទុកមាសដែលមានតម្លៃជាងមាសដុំ(គឺឯកសារដើម ឯកសារប្រវត្តិសាស្រ្ត) … ដូចបានថ្លែងនៅក្នុងសុន្ទរកថា ប្រទេសជាតិមួយ បើគ្មានឫសកែវរបស់ខ្លួនថាមកពីណា? និងឫសកែវបញ្ជាក់តាមអី្វ? តាមការនិយាយគ្នា(ឬអ្វី)?

(៥) ត្រូវរក្សាទុកឯកសារដើម ដែលមិនអាចកែបាន ដើម្បីការពារអត្តសញ្ញាណ

ក្នុងសម័យ បច្ចេកវិទ្យា នរណាក៏សរសេរបានដែរ។ ប៉ុន្តែ ត្រូវមានឯកសារដើមជាគោល។ អ្នកស្រាវជ្រាវត្រូវថែរក្សាឯកសារទាំងហ្នឹង។ ឧទាហរណ៍ យើងចង់ស្វែករកព័ត៌មានអំពីនរណាម្នាក់។ យើងដាក់ឈ្មោះអ្នកហ្នឹង ចេញទៅ គេមាន Wikipedia ប៉ុន្តែ Wikipedia នេះ នរណាក៏ចូលទៅកែបានដែរ។ ប៉ុន្តែ ឯកសារដើមមិនអាចកែបានទេ ត្រូវថែរក្សាទុក។ បើសិនជាយើងអត់(ឯកសារដើម យើងនឹងមិនអាចការពារអត្តសញ្ញាណបានទេ) ព្រោះឥឡូវ​ច្បាប់ចម្លង/កូពី ដូចមែនទែន(ទៅនឹងច្បាប់ដើម)អញ្ចឹង។ ជាពិសេស(ព្រឹត្តិការណ៍និងតួលេខ)ទាក់ទងប្រវត្តិសាស្ត្រ។ បើរបស់មួយហ្នឹងជាវប្បធម៌របស់ប្រទេសយើង ប្រវត្តិសាស្ត្រនិយាយមកអញ្ចឹង កន្លែងហ្នឹងពីមុនជនជាតិនេះ ប៉ុន្តែបើសិនបាត់ឯកសារហ្នឹងទៅ មានអ្នកសរសេរឯកសារថ្មី(មកអះអាងផ្សេងទៅវិញ) ដែលគេថា “អ្នកឈ្នះសរសេរប្រវត្តិសាស្ត្រ” នោះ។ ដុតចោលអស់(ឯកសារ)​អ្នកប្រវត្តិសាស្ត្ររបស់រជ្ជកាលមុន សរសេរប្រវត្តិសាស្ត្រថ្មី គឺ(វាធ្វើឱ្យអ្នកជំនាន់ក្រោយគិត)ថាកន្លែងហ្នឹង(ជារបស់គេ)តែម្ដង។ បើសិនជាបាត់(ឯកសារតាង) យើងនឹងបាត់អត្តសញ្ញាណ។ យើងដឹងថាខ្មែរយើងទៅដល់ណា អាណាចក្រយើងដល់ណា ផ្អែកទៅលើថាមានស្អីជាភស្តុតាងពីមុនហ្នឹង។ ពិតណាស់ សិលាចារឹកមានមួយចំនួន ប៉ុន្តែ(យើងក៏មាន)ឯកសារតម្កល់។

(៦) ប្រមូលឯកសារដើមមកថែរក្សាទុក ដើម្បីខ្មែរបន្តសិក្សាស្រាវជ្រាវ និងសរសេរបន្ថែមទៀត

ឯកសារ(ដើម) មិនត្រឹមតែយើងតែងតែសរសេរខ្លួនឯងនោះទេ ប៉ុន្តែមានទាំងការស្រាវជ្រាវ(ពីអ្នកស្រាវជ្រាវបរទេស ដូចជា)ជីវ​ តាក្វាន់ ដែលបានមក(ដល់ប្រទេសខ្មែរតាំង)ពីជំនាន់អង្គរ មានបារាំង និងមានអ្នកផ្សេងៗទៀត។ យើងប្រមូលយកមកថែរក្សាទុក ដើម្បីកូនខ្មែរថែរក្សាបន្តទៀត (ស្រាវជ្រាវ និង)សរសេរបន្ថែមទៀត។ មានម្តង ពេលដែលខ្ញុំសិក្សានៅក្រៅប្រទេស ទៅរកសៀវភៅប្រវត្តិសាស្ត្រខ្មែរ។ មាន(ចំណងជើង)តិចណាស់ដែលសរសេរដោយខ្មែរ។ (ភាគច្រើន)សរសេរដោយបារាំង ដោយអាមេរិក … យើងមានសិលាចារឹកនៅលើស្លឹករឹត។ ម្សិលមិញ គេផ្ញើមក(ឯកសារស្រាវជ្រាវ)ដែលសមាគមអ្នកនិពន្ធសរសេរបន្ថែមទៀត។ ការស្រាវ​ជ្រាវនេះត្រូវពឹងផ្អែកទៅលើឯកសារដើមជាគោល។ បើមិនចឹងទេ យើងប្រើ(ឯកសារជាប្រភព) secondary តៗ គ្នា បន្តិចម្តងៗ វានឹងក្លាយ។ (រួចហើយ ពេល)ចង់សរសេរអំពីប្រវត្តិសាស្ត្រខ្មែរ មិនមានអីក្រៅពីរកក្នុង Google។ ដូចនេះ ត្រូវតែមករកឯកសារដើម ឯកសារដែល(ជាប្រភពដើមតែមួយគត់នៃការសិក្សា)ស្រាវ​ជ្រាវ … លោកអីដែលសរសេរសៀវភៅមួយ និងដែលខ្ញុំបានជួបនៅអាមេរិក? David Chandler។ គាត់ក៏សរសេរដែរ។ គាត់ស្រាវជ្រាវអំពីខ្មែរ។ កាលខ្ញុំស្រាវជ្រាវ ទៅរកសៀវភៅ ធ្លាប់ជួបគាត់ម្ដង។ ប៉ុន្តែ ឯកសារនេះក៏ជាឯកសារស្រាវជ្រាវបន្តដែរ។ ត្រូវមានឯកសារដើមដែលយើង(បានរក្សាទុកត្រឹម)ត្រូវ។

(៧) ពេលមានសង្រ្គាម លំបាកនឹងថែរក្សា ពេលមានសន្តិភាពហើយ ត្រូវតែរក្សាទុក

រាជកិច្ចដែលចេញថ្ងៃនេះ វាជាឯកសារដើមដែលត្រូវស្រាវជ្រាវបន្តទៅលើកិច្ចការមួយចំនួន …ឥឡូវយើងកំពុងចរចា UNCLOS រឿងសមុទ្រ វានឹងជាឯកសារប្រវត្តិសាស្ត្រ។ រាល់ឯកសារទាំងអស់នឹងត្រូវបានកត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ។ ការចរចាអំពីដែនសមុទ្រឆ្នាំ២០២៦ ដល់ឆ្នាំ២១២៦ ឬ ១០០ឆ្នាំទៀតជាប្រវត្តិសាស្ត្រទាក់ទងនឹងការកំណត់ព្រំដែនទឹក ឬមួយក៏ការចរចាខិតខំដំណាក់កាលនៃការកំណត់ព្រំដែនទឹក។ វាមិនខុសពី ១៩០៥-១៩០៧ (ដែលមាន)ឯកសារនិងផែនទីភ្ជាប់ជាមួយ(កាលពី) ១០០ ឆ្នាំមុននេះទេ។ ត្រូវមានការទុកដាក់ពីពេលនេះ។ ថាពីមុនយើងមានសង្រ្គាមទៅចុះ យើងលំបាក ឥឡូវយើងមាន(កន្លែង)ហើយ ត្រូវតែរក្សាទុក។ ឯកសារពីមុនដែលជាប្រវត្តិសាស្ត្រ ក៏យកចិត្តទុកដាក់(ថែរក្សា) តែកុំភ្លេចទុកឯកសារបច្ចុប្បន្ន ដែលនឹងទៅជាឯកសារប្រវត្តិសាស្ត្រផងដែរ។ អញ្ចឹងហើយបានជាខ្ញុំគាំទ្រការលើកយោបល់ ក្នុងការជជែកជាមួយឯកឧត្តម វង្សី វិស្សុត ព្រោះខ្ញុំឃើញថា បណ្ណសារសាលាក្ដីខ្មែរក្រហម រក្សាបានល្អ។ ឥឡូវក្លាយទៅជាមជ្ឈមណ្ឌលនៃការសិក្សាស្រាវជ្រាវ។ វាជាប្រវត្តិសាស្ត្រមួយរបស់យើង។ ឥឡូវសូមឲ្យមើលកន្លែងនេះ និងខិតខំសិក្សាដូចគ្នា។

(៨) នៅលើពិភពលោក មានរូបមន្តច្រើនក្នុងការធ្វើអភិបាលកិច្ចបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ

ការពង្រឹងការគ្រប់គ្រងអភិបាលកិច្ច។ ក្រសួង–ស្ថាប័នមានរូបមន្តច្រើននៅលើពិភពលោក(ក្នុងការធ្វើអភិបាលកិច្ច)បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ ព្រោះដោយសារលក្ខណៈពិសេស លក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា(នៃអង្គទាំងពីរ)។ ប៉ុន្តែ ទៅថ្ងៃមុខ វានឹងកាន់តែស្រដៀងគ្នា ជាពិសេសពេលចូល digitalization ដាក់ចូលទៅក្នុង(បញ្ជី)ឯកសារ ឯកសារមួយចំនួននៅក្នុង(បញ្ជី) archive របស់យើង ក៏អាចចែករំលែក(ក្នុងគោលដៅសិក្សា)ស្រាវជ្រាវ(បានដែរ)។ ក្នុងការរៀបចំ គឺត្រូវតែដាក់ចូលក្នុង(ប្រព័ន្ធ) digital (ជាមុន)ឯថាចែកឬមិនចែកជារឿងមួយ។ ត្រូវបំប្លែងវា ឬត្រូវរក្សាច្បាប់ដើម ឯកសារបញ្ចូលក្នុងប្រព័ន្ធ digital ហើយមាន backup ទៀត។ អម្បាញ់មិញ អ្នកគ្រូនៅបណ្ណាល័យជាតិ សុំ cloud។ ឯកឧត្តម ជា វ៉ាន់ដេត មកឬទេ? ក្រសួងប្រៃសណីយ៍។ ឥឡូវបណ្ណាល័យជាតិមានឯកសារដែល scan ទុក ដាក់នៅក្នុង disk។ ការទុកដាក់របៀបហ្នឹងអាចខូច។ ត្រូវមាន backup ដែរ។ តែជួយរៀបចំ cloud សម្រាប់ store នៅក្នុង national data របស់យើង ដើម្បីថែរក្សាឯកសារទាំងនេះ។ ដាក់ប្រព័ន្ធសុវត្ថិភាពឲ្យល្អផង។ យើងត្រូវរៀបចំឯកសារដើម្បីរក្សាទុក។ បើសិនជាមានរឿងអីទៅលើកន្លែងនេះ អាគារយើងសង់វិញបាន តែឯកសារធ្វើមិនបានទេ។

(៩) ក្រដាសមួយសន្លឹកពុកផុយ សល់ពី ២០០ឆ្នាំមុនមានតម្លៃចែកចាយសម្រាប់ជាតិជាងមាសមួយដុំ

បើឯកសារដើមមិនបាន ក៏ត្រូវតែមាន copy ឬមួយបញ្ជូលក្នុង digital កម្រិតណាមួយដែលយើងត្រូវថែរក្សា។ អម្បាញ់មិញ នៅក្នុងអាគារនេះ ក៏មើលឃើញមានសុវត្ថិភាព។ ឯកឧត្តម វង្សី វិស្សុត ថា នឹងចាត់ចែងភ្លាម រឿងសុវត្ថិភាពឯកសារ។ ដូចខ្ញុំនិយាយអញ្ចឹង ដុំមាសគេមើលឃើញ យកទៅធ្វើខ្សែកបាន ប៉ុន្តែក្រដាសមួយសន្លឹកដែលសល់ ២០០ឆ្នាំមុន ឯកសារដែលពុកផុយនេះមានតម្លៃជាង ហើយមានតម្លៃចែកចាយសម្រាប់ប្រទេសជាតិយើង ជាងមាសមួយដុំ។ ត្រូវថែរក្សាវា។ ទីពីរ យើងនិយាយអំពីការគ្រប់គ្រង។ ឥឡូវ យើងគ្រប់គ្រងស្ថាប័នពីរនេះជាពីរស្ថាប័នខុសគ្នា។ បណ្ណាល័យ​ជាតិស្ថិតនៅក្រោមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងបណ្ណសារដ្ឋានជាតិស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។ អត់មានអីខុសទេ។ វាជាទម្រង់មួយដែលយើងរៀបចំកន្លងទៅ ដោយសារតួនាទី ភារកិច្ច និងច្បាប់ខុសគ្នា។ ទៅពេលខាងមុខ វាកាន់តែកៀកគ្នាទៅហើយ ជាពិសេសពេលដែលចែករំលែកព័ត៌មានក្នុងការថែទាំ បូកជា​មួយការស្រាវជ្រាវមួយចំនួន។

(១០) រូបមន្តគ្រប់គ្រងបណ្ណាល័យនិងបណ្ណសារដ្ឋាន នៅប្រទេសមួយចំនួន

ប្រទេសច្រើនក៏មានការកែសម្រួលរូបមន្តខុសគ្នា។ នៅអាមេរិក បណ្ណាល័យ​ជាតិ Library of Congress ស្ថិតនៅក្រោមរដ្ឋសភា ដល់ National Archives បណ្ណសារដ្ឋាននៅក្រោមរដ្ឋាភិបាល បានន័យថាជាស្ថាប័នឯករាជ្យទេ អត់មាននៅក្រោមក្រសួងណាទេ តែនៅក្រោមនីតិប្រតិបត្តិ។

កាណាដា ធ្លាប់មានពីរដាច់។ គាត់បញ្ចូលមកបង្កើតជាស្ថាប័នតែមួយ។ ស្ថាប័នរបស់គាត់ ហៅថា Library and Archives Canada។ អញ្ចឹងទៅការគ្រប់គ្រងតែមួយ។ ប្រទេស UAE, អេត្យូពី, អេហ្ស៊ីប ដូចគ្នា បង្កើត គ្រាន់តែការគ្រប់គ្រង កន្លែងខ្លះគេដាក់នៅក្រោមក្រសួងវប្បធម៌ កន្លែងខ្លះគេដាក់ឯករាជ្យ នៅក្រោមប្រមុខរដ្ឋាភិបាល ប្រទេសខ្លះដាក់ក្រោមក្រសួងមហាផ្ទៃ។ វាខុសគ្នា ប៉ុន្តែគេបញ្ចូលគ្នានៅក្នុងរូបភាពជាស្ថាប័នតែមួយ។

ប្រទេសផ្សេងទៀត ដូចជា សិង្ហបុរី និង នូវែលហ្សេឡង់ គាត់ប្រើរូបមន្តផ្សេង។ គាត់អត់បញ្ចូលគ្នាតែមួយទេ តែបញ្ចូលគ្នាក្រោមឆត្ររដ្ឋបាល ព្រោះអង្គភាពពីរហ្នឹងនៅតែជាអង្គភាពឯករាជ្យ ក្នុងអង្គភាពដែលមានតួនាទីខុសគ្នា អត់បញ្ចូលដូចកាណាដាមកតែមួយទេ។ គឺមានស្ថាប័នពីរ នៅតែបណ្ណាល័យជាតិដើរតួនាទីបណ្ណាល័យ​ជាតិ តែចូលនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នមួយ។ នៅសិង្ហបុរី គេបង្កើត National Library Board ជា Board មួយសម្រាប់គ្រប់គ្រង។

នៅ New Zealand គេដាក់ចូលនៅក្រោមនាយកដ្ឋាន Internal Affairs កិច្ចការផ្ទៃក្នុង។ តែស្ថាប័នពីរនេះក្រោមឆ័ត្រតែមួយ។ ការធ្វើផែនការ ការចែកអី អត់ចាំបាច់ត្រូវសុំទៅក្រសួងពីរដើម្បីដាក់ចូលគ្នាទេ។ ផែនការតែមួយ ការថែទាំតែមួយ ឌីជីថលតែមួយ ត្រូវការ research អី classify ម៉េច តែមួយស្ថាប័ន។ ​នៅសិង្ហបុរី មិនមែនតែស្ថាប័នតែពីរហ្នឹងទេ បណ្ណាល័យណាផ្សេងទៀតដែលមាន(បណ្ណាល័យ/បណ្ណសារ) ក៏គេគ្រប់គ្រង។ ដោយសិង្ហបុរីតូច ឲ្យតែបណ្ណាល័យ ថែមទាំងថ្នាក់ជាតិ មិនថ្នាក់ជាតិ គឺគេមានការប្រទាក់ក្រឡាគ្នា …។

(១១) ទៅថ្ងៃមុខអាចមានបណ្ណសារថ្នាក់ក្រោមជាតិកម្រិតណាមួយ ដែលត្រូវប្រទាក់ក្រឡាគ្នាភ្ជាប់ព័ត៌មាន

​សម្រាប់កម្ពុជា យើងយករូបមន្តមួយណា? បង្រួមវាទៅជាស្ថាប័នតែមួយ ឬមួយក៏រក្សាស្ថាប័នពីរក្រោមឆត្រមួយ​។ យើងពិចារណារក្សាដដែល។ ​ឥឡូវ យើងមានបណ្ណសារដ្ឋានរបស់សាលាក្តីខ្មែរក្រហម។ យើងមានបណ្ណសារជាតិ។ ទៅថ្ងៃមុខ អាចមានបណ្ណសារថ្នាក់ក្រោមជាតិកម្រិតណាមួយ ព្រោះកិច្ចការនេះជាកិច្ចការជំនាញដែលត្រូវប្រទាក់ក្រឡាគ្នាភ្ជាប់ព័ត៌មាន។ កុំឲ្យថ្ងៃក្រោយ … សិស្សនៅភ្នំពេញត្រូវជិះឡានទៅបាត់ដំបង ទើបអាច research បាន។ ពិតណាស់ការរក្សាការសម្ងាត់គឺត្រូវតែមាន។ ​កន្លែងខ្លះយើងភ្ជាប់ internet កន្លែងខ្លះ(ក៏ត្រូវប្រើ) intranet។ intranet ហ្នឹងអត់ចេញពីរបងទេ ហើយអត់ភ្ជាប់ជាមួយ internet ទេ។ អង្គុយនៅបណ្ណាល័យជាតិ អាចប្រើកុំព្យូទ័រក្នុងហ្នឹងដែលភ្ជាប់មកបណ្ណសារដ្ឋានជាតិ ដែលមានឯកសារមួយចំនួនអាចចែកជាសាធារណៈ។ មិនបាច់លើកកៅអីមកហ្នឹងទេ។ តែអត់ភ្ជាប់ទៅក្រៅទេ។ អ្នកក្រៅអត់អាច hack យកបានទេ ព្រោះវាភ្ជាប់តែនៅក្នុង local area network (LAN) ហ្នឹង។ បានន័យថា hack អត់បាន។

(១២) ថ្ងៃក្រោយ បណ្ណាល័យជាតិ បណ្ណសារដ្ឋានជាតិ បណ្ណសារសាលាក្តីខ្មែរក្រហម អាច share data

​ការគិតគូរសុវត្ថិភាពនោះផ្សេង។ ប៉ុន្តែអ្វីដែលយើងនិយាយ ឥឡូវនេះគឺការគ្រប់គ្រង។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបង្កើតឲ្យមានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណសារជាតិ និងបណ្ណាល័យជាតិ ដែលដឹកនាំដោយឯកឧត្តម វង្សី វិស្សុត។ អម្បាញ់មិញ គណៈកម្មការជំរុញវប្បធម៌និងទាក់ទង … ឲ្យសិក្សាដោយមានតំណាងពីក្រសួងវប្បធម៌ផង មកជជែកគ្នារករូបមន្តគ្រប់គ្រងដើម្បីធ្វើទំនើបកម្ម … ទី១ ធនធាន។ ធនធានបានន័យថាជាឯកសារ ទោះបីនៅជាស្ថាប័នពីរក៏ដោយ។ ប៉ុន្តែ ការចែករំលែកធនធានតភ្ជាប់គ្នា … ថ្ងៃក្រោយមិនបាច់បង្កើតអាគារបីបួនសម្រាប់បណ្ណាល័យជាតិមួយ បណ្ណសារដ្ឋានជាតិមួយ បណ្ណសារសាលាក្តីខ្មែរក្រហមទេ។ អាចមកតែមួយកន្លែងហើយ share data តែម្តង។ បើសិនជា ២ឬ ៣ស្ថាប័នពិបាកធ្វើ ប៉ុន្តែមួយស្ថាប័នអាចគ្រប់គ្រង ក្រោមឆត្រតែមួយ។ បណ្ណសារដ្ឋានជាតិ បណ្ណសារដ្ឋានសាលាក្តីខ្មែរក្រហម នៅតែជាអង្គភាពដាច់ពីគ្នា គ្រាន់តែមានឆត្រមួយសម្របសម្រួល។

(១៣) មិនរំ​លាយស្ថាប័នបណ្ណាល័យជាតិ បញ្ចូលមកបណ្ណសារជាតិ តែមានការគ្រប់គ្រងរដ្ឋបាលតែមួយ

​អម្បាញ់មិញ បានជជែកបន្តិចជាមួយឯកឧត្តម វង្សី វិស្សុត។ ខ្ញុំថា មិនគួរប្រើរូបមន្តដូចកាណាដា ដែលថា រំ​លាយស្ថាប័នបណ្ណាល័យជាតិ (ចូលមក)បណ្ណសារជាតិចូលតែមួយ។ យើងរក្សាពីរដាច់ពីគ្នាដដែល គ្រាន់តែការគ្រប់គ្រងរដ្ឋបាលនិងអ្វីផ្សេងទៀត ជួយមើលពីលើតែមួយ ជួយក្នុងការថែទាំ ជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយក្នុងការធ្វើទំនើបកម្ម ជាពិសេសមួយជ្រុងទៀតគឺការជួយទៅដល់ឯកសារនេះ។ ឯកសារដែលមានតម្លៃមិនត្រឹមតែឯកសារដែលយើងរក្សាបានល្អទេ ប៉ុន្តែវាជួយបន្តចំណេះដឹងឲ្យកូនខ្មែរជំនាន់ក្រោយ ស្គាល់ពីប្រវត្តិសាស្ត្រ ស្គាល់ពីអត្តសញ្ញាណរបស់ខ្លួន។ ត្រង់ហ្នឹងហើយ(ដែលថា)តម្លៃវាថ្លៃជាងមាស។ ​តម្លៃថ្លៃជាងមាសគឺការការពារប្ញសកែវរបស់យើង។ អញ្ចឹង ត្រូវការថែទាំ ចែករំលែក បង្កើតភាពងាយស្រួល ដើម្បីបង្កើននិស្សិត(ចូលមកសិក្សាស្រាវជ្រាវ)។ ថ្ងៃនេះឃើញនិស្សិតចូលមកស្រាវជ្រាវ។ កុំស្រាវជ្រាវ Google ច្រើនពេក ហើយកុំប្រើតែ AI ក្នុងការស្រាវជ្រាវ …

(១៤) លើកទឹកចិត្តឲ្យខ្មែរស្រាវជ្រាវនិងសរសេរនិក្ខេបបទផ្អែកលើឯកសារពិតប្រាកដ ដើម្បីចែករំលែក

អម្បាញ់មិញខ្ញុំចូលមើលបន្តិច នៅទីនេះមានឯកសារកម្រ រាប់រយឆ្នាំមកហើយ។ កន្លែងខ្លះពុកផុយ កន្លែងខ្លះគឺសឹងតែថាបើទុកមិនស្រួលអស់ហើយ។ ការគិតគូរនេះគឺសំខាន់។ ក្រុមការងារកំពុងតែសិក្សា ហើយមិនទាន់ជាជម្រើសចុងក្រោយទេក្នុងការរៀបចំធ្វើសមាហរណកម្ម​។  សូមឯកឧត្តម វង្សី វិស្សុត ដឹកនាំវាយតម្លៃថាតើយើងធ្វើសមាហរណកម្មយ៉ាងម៉េច? ​រូបមន្តដែលយើងជជែកគ្នាអម្បាញ់មិញ ខ្ញុំថាជារូបមន្តរបៀប New Zealand របៀបសិង្ហបុរី គឺនៅដំណាក់កាលនេះ មិនគួរបញ្ចូលគ្នាដូចកាណាដា បង្កើតជាស្ថាប័នតែមួយទេ។ ពីរដូចគ្នា តែក្រោមឆត្រនៃការគ្រប់គ្រង(តែមួយ) ព្រោះភារកិច្ចខុសគ្នា ជំនាញនិងបទបញ្ជាខុសគ្នា។ ជា​អ្នកស្រាវជ្រាវបានដឹងតម្លៃឯកសារ។ ​ចូលទៅបណ្ណាល័យនៅអាមេរិក នៅអង់គ្លេស ខ្ញុំឃើញតែប្រវត្តិសាស្ត្រដែលសរសេរដោយប្រទេសជនជាតិគេ។ ខ្មែររៀនប្រវត្តិសាស្ត្រខ្មែរខ្លួនឯង ពីជនបរទេសសរសេរឲ្យ។ អញ្ចឹង ត្រូវការលើកទឹកចិត្តឲ្យខ្មែរស្រាវជ្រាវបង្កើតស្នាដៃចែករំលែក សរសេរនិក្ខេបបទផ្អែកទៅលើឯកសារពិតប្រាកដ ដែលមានគុណភាព​​និងសំខាន់។ ឯកសារមួយចំនួន បើសរសេរមិនច្បាស់ (នាំឱ្យមានការយល់)ខុស។ ខុសគ្រូកែជារឿងមួយ តែបើខុសប្រវត្តិសាស្ត្រ​ពិបាក ព្រោះកន្លែងខ្លះ ប្រវត្តិសាស្ត្រប្រទេសពីរសរសេរខុសគ្នាទាំងពីរ។ ប្រទេសមួយសរសេរថាប្រទេសមួយជាម្ចាស់ តែប្រទេសមួយទៀតសរសេរថាប្រទេសមួយទៀតជាម្ចាស់។

(១៥) ប្រវត្តិសាស្ត្រ ឬឫសគល់សំខាន់ ពិសេសនៅក្នុងសម័យទំនើបដែលងាយរៀបរៀងឯកសារ

បើសិនជាយើងយក reference … ឧ. និស្សិតទៅ library នៅណាមួយ មើលសៀវភៅស្រាប់តែយកសៀវភៅដែលជនបរទេសម្នាក់សរសេរ ហើយជនបរទេសនេះ ពេលដែលគាត់ស្រាវជ្រាវសរសេរ គាត់ទៅយកឯកសារពីប្រទេសមួយនោះ ដោយមិនបានស្រាវជ្រាវគ្រប់(ប្រភព)។ អញ្ចឹង ពីមួយទៅមួយ ក្អែកមួយក្អែកដប់ ហើយខ្មែរទៅសរសេរស្រាវជ្រាវបន្ថែម(បន្តពីអ្នកនោះ)ទៀត នេះគឺជាគ្រោះថ្នាក់។ រឿងប្រវត្តិសាស្ត្រ រឿងឫសគល់នេះសំខាន់។ អ្នកខ្លះថាអត់សំខាន់។ ខ្ញុំគិតថាជាកិច្ចការសំខាន់។ យើងចង់វិវត្តដល់ឋានព្រះឥន្ទក៏ដោយ ត្រូវតែចុះមកវិញទៅរកប្រទេសណាមួយដដែល។ យើងចង់ទៅដល់ឋានព្រះចន្ទ គង់តែចុះមកវិញ សួរអ្នកឯងចុះនៅប្រទេសណា។ ខ្ញុំរស់នៅអាមេរិក មនុស្សមក(ជួប)លាយ(ឡំ)គ្នា។ គេសួរអ្នកឯងមកពីណា? អ្នកឯងជនជាតិអាមេរិកក៏ដោយ សញ្ជាតិអាមេរិកក៏ដោយ ប៉ុន្តែគេតែងតែសួរអ្នកឯងមកពីណា ហ្វីលីពីន កម្ពុជា កូឡុំប៊ី … ឫសគល់នេះគឺសំខាន់ ជាពិសេសនៅក្នុងសម័យទំនើបដែលឯកសារកាន់តែងាយស្រួល។ សូមលើកទឹកចិត្តនិងបង្កើន(ការទុកដាក់និងរក្សា ប្រើប្រាស់)។

(១៦) គោលការណ៍ថែរក្សាបណ្ណសារឱ្យល្អ ឱ្យបានយូរអង្វែង និងមានលទ្ធភាពចែករំលែកដើម្បីស្រាវជ្រាវ

ម្សិលមិញ ទៅសម្ពោធសាលាវិទ្យាល័យ(នៅស្រុកតាំងគោក ខេត្តកំពង់ធំ) ខ្ញុំលើកទឹកចិត្តឱ្យរៀនអានតាំងពីក្មេង​។ បង្កើតទម្លាប់អាន។ និស្សិតសាកលវិទ្យាល័យក៏ត្រូវអានដែរ។ យើងមាននិក្ខេបបទត្រូវសរសេរ តែអានកុំភ្លេចវិធីសាស្ត្រស្រាវជ្រាវផង។ យើងត្រូវការព័ត៌មានដើម្បីយកមកសរសេរនិក្ខេបបទ ប៉ុន្តែកុំភ្លេចប្រភពនៃព័ត៌មានដែលក្មួយៗប្អូនៗស្រាវជ្រាវនោះគឺសំខាន់។ សូមកុំភ្លេចសៀវភៅ/ឯកសារដើមនៅបណ្ណាល័យ ឬមួយ archive ដែលយើងអាចរកបាន។ ជាពិសេស បើអ្នកណាសរសេរអំពីប្រវត្តិសាស្ត្រ ឬអំពីប្រវត្តិនយោបាយនៃប្រទេសកម្ពុជា ត្រូវមើលឯកសារយើង។ បើមិនអញ្ចឹងទេ (សំណេរនឹង)ក្លែង(ខ្លឹមសារ)។ ខ្មែរអត់ដឹងប្រវត្តិខ្លួនឯងផង ទៅសរសេរ មិនស្រួលសរសេរជួយគេទាំងមិនដឹងខ្លួន។ ការរក្សាឯកសារ archive … ស្លឹករឹតក៏យើងមានសារមន្ទីរអីផ្សេងៗ រក្សាទុក ធ្វើម៉េចបំផុសឱ្យប្រើ។ រក្សាហើយត្រូវបំផុសឱ្យប្រើ។ ធ្វើម៉េចដាក់លក្ខខណ្ឌ។ ឯកឧត្តម វង្សី វិស្សុត យើងមានគោលការណ៍រាជរដ្ឋាភិបាល ថាធ្វើម៉េចថែរក្សាឱ្យល្អ ឱ្យបានយូរអង្វែង ប៉ុន្តែត្រូវមានលទ្ធភាពចែករំលែកដើម្បីស្រាវជ្រាវ។ ឯកឧត្តម វង្សី វិស្សុត បានសុំហើយថាឱ្យនិស្សិតយើងមកឱ្យច្រើនស្រាវជ្រាវនៅកន្លែងនេះ។

(១៧) លើកទឹកចិត្តឱ្យអានសៀវភៅក្នុងបណ្ណាល័យ ហើយការសិក្សាស្រាវជ្រាវ ត្រូវរកឯកសារប្រភពដើម

បើនិស្សិតអត់ចូល library មិនមែននិស្សិតទេ។ និយាយសាមញ្ញតែម្ដង។ និស្សិតប៉ុន្មាននាក់ដែលចូល library អានសៀវភៅស្រាវជ្រាវ? ឱ្យតែ library … តើនិស្សិតណាមិនដែលចូល library ហើយមើលតាម Google ទាំងអស់? អ្នករៀនត្រូវអានសៀវភៅ ទោះបីជា digital ក៏ដោយ។ ប៉ុន្តែលើកទឹកចិត្តឱ្យមើលសៀវភៅក្នុងបណ្ណាល័យ ជាពិសេសឯកសារដែលត្រូវស្រាវជ្រាវ គឺត្រូវរកប្រភពដើម។ កាលខ្ញុំសរសេរនិក្ខេបបទ គឺស្វែងរកប្រភពដើម គេហៅ primary source។ secondary source ហ្នឹងច្រើនណាស់ ប៉ុន្តែគេដើររកឯកសារ primary source ហ្នឹង។ វាជាដុំពេជ្រ។ យក​ឯកសារប្រភពដើមហ្នឹង ដែល National Archive យើងមាន បណ្ណសារដ្ឋានយើងមាន បណ្ណសារដ្ឋានសាលាក្ដីខ្មែរក្រហមក៏មាន ប្រើប្រាស់ឯកសារទាំងហ្នឹង បើយើង(ប្រធានបទដែលយើង)សរសេរ(មានការ)ពាក់ព័ន្ធ។ ឯកសារ Textbook ជា secondary source ដែលគេស្រាវជ្រាវមក យើងស្រាវជ្រាវបន្ត ជាឯកសារជំហានទីពីរទេ … សូមនិស្សិតកុំភ្លេចអានសៀវភៅ កុំប្រើទូរស័ព្ទនិង AI(ច្រើនពេក)។ ឥឡូវនៅសាលាបរទេសមួយចំនួន ដូចនៅ Harvard នៅអីគេលែងឱ្យនិស្សិតយកឧបករណ៍ digital ចូលហើយ ព្រោះចូលទៅលែងរៀន។ ដាក់ម៉ាស៊ីនថត ថតគ្រូពន្យល់។ ខ្លួនឯងអង្គុយចុច TikTok។ មើលប៉ុន្មាននាក់ស្រាវជ្រាវដោយប្រើ AI? អត់ប្រើទេ? ប្រើឬអត់ លើកដៃមើល? …

(១៨) ប្រើប្រាស់បញ្ញាសិប្បនិម្មិតជាជំនួយ មិនមែនជំនួស

អញ្ចឹងយើងចេះ digital។ មិនមាននរណាហាមឃាត់ទេ តែកុំពឹងវាជាប្រភពតែមួយក្នុងការស្រាវជ្រាវ។ ប៉ុន្មាននាក់ឱ្យ AI សរសេរជំនួស? មានមួយលើកដៃដែរ។ អ្នកក្លាហាននៅខាងក្រោយ។ លើកម្ដងទៀតមើល ឱ្យ AI សរសេរជំនួស assignment? ពីរនាក់? AI សរសេរជំនួសបានប៉ុន្មាន? ពិន្ទុពេញទេ? … ហ្នឹង ប្រើប្រាស់ជាជំនួយ មិនមែនជំនួស។ និយាយត្រូវល្អ។ អ្នកលើកដៃផ្សេង អ្នកឡើងនិយាយជំនួសផ្សឹង។ គេការពារគ្នាគេ។ ជំនួយមិនមែនជំនួស។ អូខេ។ ជំនួយមិនមែនជំនួស និយាយឱ្យច្បាស់។ តែជំនួសហើយ យើងលែងចេះហើយ យើងកាន់តែពឹងវាហើយ ព្រោះ AI នេះឆ្លាតណាស់។ បងក៏ប្រើដែរ ប៉ុន្តែត្រូវឱ្យ​ source។ ពេលជាមួយគ្នាសួរ AI សួរទៅជំនួយការឱ្យ​ verify ជាមួយក្រសួងស្ថាប័ន។ ក្មួយៗ សរសេរបាន តែនាយករដ្ឋមន្ត្រីឡើងនិយាយតាមមេក្រូ និយាយខុសអត់បានទេ។ បើនិយាយខុសទិន្នន័យទៀត កាន់តែមិនបានទេ។ យ៉ាងណាក្តី AI ជួយលឿនក្នុងការគិតគូរមួយចំនួន។ កន្លែងខ្លះ (ប្រធានបទ)មិនមានទិន្នន័យទេ។ ហ្នឹងស្រួលទេ។ កន្លែងខ្លះ គ្រាន់តែជាការគិត និងផ្គុំជំនាញ។ ប៉ុន្តែ digitalization/AI យើងអភិវឌ្ឍទំនើបកម្មនៅបណ្ណសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ហើយប្រើប្រាស់វា។ ទោះជាយ៉ាងណា ត្រូវប្រែវត្ថុធាតុដើម ត្រូវប្រែសៀវភៅ ហើយផ្តល់លទ្ធភាពឱ្យនិស្សិតអាចប្រើប្រាស់ មិនថាជាកូពី/ច្បាប់ចម្លងទេ ព្រោះឯកសារខ្លះយើងមិនអាចឱ្យ(ជាច្បាប់)ដើម ព្រោះមានតែមួយ។ យើងកូពីប៉ុន្តែជាក្រដាស ត្រូវឱ្យមានលទ្ធភាពប្រើស្រាវជ្រាវ។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ទី១. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមអ្វីដែលអាចធ្វើទៅបាន ធ្វើវិសោធនកម្មចាំបាច់ចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របនឹងស្ថានភាពវិវត្តរបស់សង្គមកម្ពុជា និងពិភពលោកនាពេលនេះ។

​ទី២. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជម្រុញការកែលម្អ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ណសារដ្ឋាន ឱ្យកាន់តែប្រសើរឡើងតាមរយៈការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់ទាំងក្នុង និងជុំវិញ ឱ្យបានសមស្របជាទីតាំងនៃមោទនភាពជាតិ អត្តសញ្ញាណ មជ្ឈមណ្ឌល និងការចងចាំរបស់ជាតិ។​ ត្រូវកែលម្អឱ្យបានសមស្របអគារដែលមានស្រាប់ ដែលមានបន្ទប់ធ្វើការ និងបន្ទប់រក្សាឯកសារត្រឹមត្រូវ តាមបទ​ដ្ឋានបច្ចេកទេស ព្រមទាំងពិនិត្យលទ្ធភាពរៀបចំផែនការកសាងពង្រីកអគារបន្ថែមជាជំហានៗ ដែលមានលក្ខណៈជាស្ថាប័នជាតិ សមស្របនឹងបរិស្ថានជុំវិញ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិឱ្យបានសមរម្យ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

(១៩) កែលំអរអគារ បន្ទប់ធ្វើការ បន្ទប់រក្សាឯកសារ ឱ្យទំនើបខាងក្នុង តែទ្រង់ទ្រាយខាងក្រៅស៊ីជាមួយអគារបេតិកភណ្ឌ

​រឿង(កែលម្អអគារដែលមានស្រាប់ រួមមានបន្ទប់ធ្វើការនិងបន្ទប់រក្សាឯកសារ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិឱ្យបានសមរម្យ)នេះ ខ្ញុំឯកភាព។ អម្បាញ់មិញ បានឃើញថា ទីកន្លែងរបស់យើងចង្អៀត។ ១០០ឆ្នាំមុនខុសពីឥឡូវ។ ចំនួនមនុស្សក៏កើន ការប្រើប្រាស់ក៏កើន។ ១០០ឆ្នាំមុន ជំនាន់បារាំងគ្រប់គ្រង អ្នកដែលមានលទ្ធភាពប្រើបណ្ណសារប្រហែលជាមានចំនួនតិច។ ឥឡូវ និស្សិតអ្នកស្រាវជ្រាវអាចចូល(មកសិក្សាស្រាវជ្រាវ)បាន។ ​ខ្ញុំមើលទីតាំងនៅកន្លែងនេះនៅធំ អាចរៀបចំពង្រីកអគារបាន។ ទោះឥឡូវ កន្លែងខ្លះ មួយផ្នែកយើងរៀបចំរោង រៀបចំកន្លែងកាហ្វេ តែថ្ងៃមុខយើងពិនិត្យមើលដើម្បីដោះស្រាយ។ ជួនកាលពេលដែលយើងរៀបអគារនៅក្នុងនោះ រោងកាហ្វេហ្នឹងក៏មានបន្ទប់មួយនៅក្នុងហ្នឹង ដែលចូលទៅក្នុងអគារមួយ តែធ្វើម៉េចរក្សាកុំទំ​នើបពេក។ រក្សាទ្រង់ទ្រាយខាងក្រៅ។ ខាងក្នុងទំនើបចុះ តែខាងក្រៅគួរឱ្យស៊ីគ្នាជាមួយអគារបេតិកភណ្ឌ។ ​យើងចង់ឱ្យទីនេះទៅជាកន្លែងទាក់ទាញ មិនមែនតែអ្នកស្រាវជ្រាវទេ ប៉ុន្តែជាអត្តសញ្ញាណដូចជាសារមន្ទីររស់មួយរបស់យើងដែលតម្កល់ឯកសារ។ ខ្ញុំឃើញទេសចរមកដែរ។ នៅខាងក្នុង សូមរក្សាការ៉ូហ្នឹង។ ខ្ញុំថានៅល្អកុំគា​ស់ចោល ព្រោះការ៉ូអាយុ ១០០ឆ្នាំ។ កុំគាស់ដាក់ការ៉ូដាក់ពីអ៊ីតាលីអីនោះ។ កន្លែងណាជួសជុល វាបែក រកមើលរៀបចំម៉េចឱ្យដូចទម្រង់(ដើម)។ ខ្ញុំឃើញគេអាចផលិតស្រដៀងគ្នានិងឱ្យដូចដើម។

(២០) ពិនិត្យច្បាប់ស្តីពីបណ្ណសារ ដើម្បីអាចសំរេចថាឯកសារណាត្រូវដកចេញពីការរក្សាសម្ងាត់ និងដាក់លើ Intranet ឬប្រព័ន្ធអ្វីមួយបាន

អគារនេះអី សណ្ឋា​គារផ្កាយ៥ ប៉ុន្តែចូលទៅក្នុងគេរក្សាការ៉ូ ថែមតែអ៊ីនធឺណិត ថែមតែស្អីមក ថែមតែម៉ាស៊ីនត្រជាក់។ (ថែម)នៅខាងក្នុងបាន។ ខ្ញុំសុំឯកឧត្តម វង្សី វិស្សុត រៀបចំ។ យើងគិតគូរជាកញ្ចប់។ ខ្ញុំគិតថា នៅក្នុងនេះប្រហែលជាអាចពិបាកក្នុងការស្រាវជ្រាវ តែបន្តិចទៀតយើងតភ្ជាប់តាមអ៊ីនធឺណិត និងតាម Intranet ហើយ។ អគារនៅខាងមុខ នៅក្នុងកន្លែងនេះ ក៏អាចភ្ជាប់មកបាន។ ការរៀបចំបែបនេះគឺទំនើបកម្ម។ ទំនើបកម្មកន្លែងសម្រាប់អ្នកចូលទៅសិក្សា ព្រោះបើឱ្យគេមកសិក្សាច្រើន ត្រូវគិតគូរទាំងកន្លែងរក្សាប្រ​ព័ន្ធសុវត្ថិភាព។ មានច្បាប់ស្តីពីបណ្ណសារហើយ ដែលទាក់ទងឯកសារណាលាក់ការ ឯកសារណាគ្រប់គ្រងយ៉ាង​ម៉េច។ ពិនិត្យមើលច្បាប់ (បើចាំបាច់ តើត្រូវ)ធ្វើវិសោធនកម្មរបៀបម៉េចដើម្បីយើងអាច(សំរេចថា)ឯកសារណាដែល(ត្រូវ)ដកចេញពីការសម្ងាត់ និងអាចដាក់នៅលើ Intranet ឬប្រព័ន្ធអ្វីមួយ។ ​ជួនកាល មិនចាំបាច់ទៅពីក្រៅទេ។ ត្រូវចូលមក។ បើចង់រកឯកសារសំខាន់កម្រិតទូទៅ ហ្នឹងរកតាមអ៊ីនធឺណិតក៏បាន។ ប៉ុន្តែ បើឯកសារខ្លះ(ដែលមានតម្លៃសម្ងាត់កម្រិតណាមួយ) មិនអាចឱ្យកូពី ឬចម្លង តែអាចមើលបានដែរ អាចត្រឹមតែចូលមកមើលតាម Intranet មើលនៅក្នុង computer ហ្នឹងបាន ព្រោះអត់អាចកូពីបានទេ។ ហ្នឹងយើងត្រូវគិតគូរ។

(២១) ឯកភាពលើចំណុចស្តីពីការពង្រីកអគារ/ទីតាំង យោងទៅលើការកើនឯកសារពេលអនាគត

វាមានឯកសារដែលត្រូវតែមិនអោយអានដាច់ខាត ព្រោះជាឯកសារការសម្ងាត់រដ្ឋ។ ត្រូវមានលក្ខខណ្ឌ។ ប៉ុន្តែឯកសារខ្លះ ដែលអាចចែកបានដូចជាបណ្ណសារ គឺគាត់អាចមើល។ កន្លែងខ្លះអាចកូពី កន្លែងខ្លះអាចមិនកូពី យើងដាក់ Classified ទៅ។ យើងត្រូវទំនើបកម្មដើម្បីដោះស្រាយ(ការរក្សាទុក និងការកំណត់ពីរបៀបប្រើប្រាស់)។ (មិនមែន)ហៅនិស្សិតមក Research ហើយឯកសារណាក៏មើលមិនបាននោះទេ។ ទៅហូបកាហ្វេទៅ។ អញ្ចឹងអត់(អាចប្រើបាន)ដដែល។ មកទិញតែកាហ្វេ Amazon ឬកាហ្វេអី … ដាក់ជាកាហ្វេបណ្ណាល័យ ឬជាកាហ្វេបណ្ណសារ ប៉ុន្តែមានផាសុកភាពសម្រាប់មកសិក្សា មកអង្គុយធ្វើ Research នៅខាងក្នុង … ​ខ្ញុំឯកភាពទៅលើចំណុចស្តីពីការរៀបចំពង្រីក(អគារ/ទីតាំង) ព្រោះមើលទៅតូចណាស់។ បើសិនជាទៅជាកន្លែងដែលស្តុកឯកសារបន្ថែមទៀត (វាកាន់តែតូច)។ មានឯកសារប៉ុណ្ណឹងចង់ណែនទៅហើយ។ ឯកសារត្រូវបន្តយកមកទៀត។ ដូចខ្ញុំបាននិយាយ ឯកសារថ្ងៃនេះនឹងក្លាយទៅជាឯកសារប្រវត្តិសាស្ត្រទៅថ្ងៃក្រោយ។ រាជកិច្ចប្រចាំឆ្នាំ ត្រូវយកមកទុកដាក់បន្ថែម។ សៀវភៅបោះពុម្ព សៀវភៅស្រាវជ្រាវបន្ថែម ត្រូវយកចូលបណ្ណាល័យ ដូចនេះ(បញ្ជីចំណងជើង)កាន់តែកើន។ យ៉ាងណាក្តី ធ្វើយ៉ាងម៉េចការអភិវឌ្ឍអគារខាងក្រៅ សុំឱ្យរូបភាពស្ថាបត្យកម្មខាងក្រៅនេះ ស៊ីចង្វាក់ជាមួយ(ស្ថាបត្យកម្មចាស់) ព្រោះអគារនេះ និងអគារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចជាអគារកណ្តាលហ្នឹងក៏ចាស់ដែរ។ ជិត ១០០ឆ្នាំដែរ។ សួរទៅ ឆ្នាំ ២០២៨បានគ្រប់ ១០០ឆ្នាំ។

(២២) ការកែលំអទីតាំង សូមរក្សាទ្រង់​ទ្រាយខាងក្រៅអាយុ ១០០ឆ្នាំ ឯខាងក្នុងច្នៃតាមតម្រូវការជាក់ស្តែង

សុទ្ធតែជិត ១០០ឆ្នាំហើយ។ កុំប៉ះភាគខាងក្រៅ។ ឧ. យើងត្រូវដាក់ប្រព័ន្ធសុវត្ថិភាព ប៉ះពាល់ខាងក្រៅឲ្យតិច។ យើងច្នៃខាងក្នុង។ ឧ. កន្លែងខ្លះត្រូវដាក់ការពារ កុំឱ្យគេវាយកញ្ចក់ចូល យើងកុំដាក់ចម្រឹងពីខាងក្រៅ យើងធ្វើនៅខាងក្នុង។ ប៉ុន្តែការធ្វើចម្រឹងខាងក្នុងហ្នឹង គឺវាមាន២ អាចចេញចូល។ បើមានអគ្គិភ័យយ៉ាងម៉េច ត្រូវ(ពិនិត្យ)មើលសុវត្ថិភាព។ អញ្ចឹង តើការពារកម្រិតណា កន្លែងណាត្រូវរៀបចំឡើងវិញ។ កន្លែងខ្លះគេធ្វើកញ្ចក់បញ្ឆោត។ នៅខាងក្រៅស្អាតតែអត់អាចចូលបានទេ។ គេដាក់ឈើបាំងនៅខាងក្នុង។ មើលពីក្រៅទ្រង់ទ្រាយ ១០០ឆ្នាំនៅតែ ១០០ ឆ្នាំ ប៉ុន្តែខាងក្នុងយើងអាចច្នៃតាមហ្នឹង។ តាមតម្រូវការជាក់ស្តែង។ តែមិនចាំបាច់ត្រូវធ្វើអីលើសលប់នោះទេ។ ទាំងក្រៅទាំងក្នុង គួរតែកុំឱ្យវាទំនើបពេក។ ​សណ្ឋាគារនេះផ្កាយ៥ ប៉ុន្តែចូលទៅខាងក្នុងនៅមានអារម្មណ៍ពីដើមទេ។ មានម៉ាស៊ីនត្រជាក់ មានអ៊ីនធឺណិត ប៉ុន្តែចូលទៅខាងក្នុងតាមបន្ទប់នីមួយៗ គេអត់ដាក់ព្រំដាក់អី វាយកុងប្លាកេ(ក្ដារបន្ទះ)អី ដាក់ Decor ទេ រក្សាដូចគ្នា សុទ្ធតែអគារពី ១០០ឆ្នាំ។ អគារនេះដូចសង់មុនបណ្ណសារដ្ឋាន។ អម្បាញ់មិញខ្ញុំទៅមើលប្រវត្តិពេលដែលកំពុងសង់បណ្ណសារដ្ឋានមិនទាន់ហើយ អគារសណ្ឋាគារ(សង់)ហើយៗ ប៉ុន្ដែនៅខាងក្នុងទំនើបដូចគ្នា។ ខ្ញុំឯកភាពអោយគិតគូរពីការពង្រីក(សមត្ថភាពអគារ)បន្ថែម។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ទី៣ គឺការធ្វើប្រព័ន្ធ Digital Transformation ដើម្បីបង្កើតបានបណ្ណាសារឌីជីថលជាតិ ឬបង្កើតប្រព័ន្ធបណ្ណាសារអេឡិចត្រូនិកជាតិ ដើម្បីស្កែនឯកសារចាស់ និងឯកសាររដ្ឋបាលសំខាន់ៗ ដែលអាចរក្សាទុកជារូបភាពទិន្នន័យបង្កើតអនឡាញផ្សេងៗ Cyber Security។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

នេះ(ត្រូវ)ការពារឲ្យបាន។ ខ្ញុំបានលើកអម្បាញ់មិញហើយ សូមឲ្យឯកឧត្តម វង្សី វិស្សុត និងឯកឧត្តម ជា វ៉ាន់ដេត ជួយ ជាពិសេសដោះស្រាយបន្ទាន់គឺ Cloud។ អម្បាញ់មិញ អ្នកគ្រូនៅខាងបណ្ណាល័យដែលសុំមក ការស្កែនទុកហើយ តែសុំ Cloud មួយ។ អញ្ចឹង សូមជួយរៀបចំផង ដើម្បីរក្សាទុក។

[បញ្ចាប់សេចក្ដីអធិប្បាយ៣]

​ទី ៤ គឺ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញការពង្រឹងបង្កើនសមត្ថភាពបុគ្គលិក អ្នកជំនាញបច្ចេកទេស តាមរយៈការបណ្តុះបណ្តាលបុគ្គលិកបណ្ណសារឲ្យមានចំណេះដឹងអំពីវិទ្យាសាស្ត្របណ្ណសារ បច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យឌីជីថល ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ទាំងក្នុងស្រុក និងក្រៅស្រុក។ ការទាញយករកនិស្សិត ឬមន្ត្រីដែលមានសមត្ថភាព ដែលបានបណ្តុះបណ្តាលនៅក្រៅប្រទេសឲ្យមកបម្រើការនៅបណ្ណសារជាតិ ការផ្សព្វផ្សាយឲ្យមានការចូលរួមរបស់យុវជន និងនិស្សិតនៅក្នុងការថែរក្សា ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(២៣) ធនធានមនុស្សធ្វើការមក ៣០ឆ្នាំដោយកម្លាំងចិត្ត និងរៀនដោយការអនុវត្ត​ជាក់ស្តែង

ចំណុច(ស្តីពីការពង្រឹង/បង្កើនសមត្ថភាពបុគ្គលិក អ្នកជំនាញបច្ចេកទេស ការបណ្តុះបណ្តាលបុគ្គលិកបណ្ណសារឲ្យមានចំណេះដឹងអំពីវិទ្យាសាស្ត្របណ្ណសារ បច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យឌីជីថល)នេះសំខាន់។ យើងនៅខ្វះធនធាន។ ធនធានដែលយើងមានមក ៣០ឆ្នាំ គឺប្រើដោយកម្លាំងចិត្ត រៀនដោយសារការធ្វើ​ជាក់ស្តែង។ មានតែមីងម្នាក់ទេដែលឥឡូវគាត់ចូលនិវត្តន៍បានសញ្ញាបត្រពីប៉ូឡូញ។ ឥឡូវគាត់(ចូល)និវត្តន៍ទៀត។ អញ្ចឹងមីងពូផ្សេងទៀតគឺរៀនដោយមានការបណ្តុះបណ្តាលរយៈពេលខ្លី។ បានភាគីមិត្តបណ្តុះបណ្ដាល។ ជំនាញ(គ្រប់គ្រង)បណ្ណសារ ជំនាញ(គ្រប់គ្រង)បណ្ណាល័យនេះ គឺមានតាំងពីបរិញ្ញាបត្រ បរិញ្ញា​បត្រជាន់ខ្ពស់ រហូតដល់ PhD។ (គេ)បង្រៀន។ នៅប្រទេសក្រៅមាន។ ​ខាងបណ្ណាល័យ មានបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង PhD នៅក្នុងការគ្រប់គ្រងព័ត៌មាន និងការគ្រប់គ្រងឯកសាររហូតទៅដល់ Library Science។ ខាង Archive គឺមាន Archive Studies។ យើងខិតខំបណ្តុះបណ្តាល រយៈពេលខ្លី និងរកកម្មវិធីបណ្តុះបណ្តាលរយៈពេលវែង។ យើងអត់ត្រូវការច្រើនទេ។ ខ្ញុំថាបើកថ្នាក់នៅស្រុកក៏បើកអត់កើតដែរ។

(២៤) បើគ្មានដៃគូផ្តល់លទ្ធភាព គិតអំពីការផ្តល់អាហារូបករណ៍រដ្ឋឱ្យសិក្សា Library Science និង Archive Studies

អម្បាញ់មិញ នៅទីនេះធ្លាប់បាននិយាយជាមួយលោកជំទាវ ភឿង សកុណា ស្នើសុំដើម្បីរៀបចំថ្នាក់បណ្តុះបណ្តាល។ ប៉ុន្តែយើងរៀបចំអត់ចេញ ដោយសារចំនួនសិស្សរៀនតិច។ អញ្ចឹងរកគ្រូក៏ពិបាក។ ទោះមានគ្រូ ក៏បើកថ្នាក់អត់ចេញ។ ខ្ញុំនិយាយជាមួយឯកឧត្តម វង្សី វិស្សុត បើបើចំនួនតិច ត្រូវការបញ្ជូនទៅរៀននៅក្រៅប្រទេស ក៏បញ្ជូនទៅរៀនក្រៅប្រទេស ព្រោះមិនមែន ២០-៣០នាក់ ដែលធ្វើកិច្ចការហ្នឹងសុទ្ធតែមានបរិញ្ញាបត្រនោះទេ។ អ្នកគ្រប់គ្រង អ្នកជំនាញមួយចំនួន គួរឲ្យរៀន។ ដាក់ទិសដៅ បើមិនបាន PhD គួរមាន Master នៅខាងបណ្ណាល័យ។ ខាងបណ្ណសារជាតិ មាន ២ឬ៣នាក់ ក៏បានដែរ។ ក្រៅពីហ្នឹង អាចអ្នកដែលត្រូវប្រើបច្ចេកទេសរៀនរយៈពេលខ្លី ព្រោះត្រូវ Update ជាប្រចាំ។ នៅក្នុងដំណាក់កាល AI នេះ ត្រូវការជាប្រចាំ។ ឯកឧត្តម វង្សី វិស្សុត ធ្វើការជាមួយដៃគូយើង។ បើអត់(មានលទ្ធភាព)ទេ យើងគិតគូរក្នុងការផ្តល់អាហារូបករណ៍រដ្ឋទៅរៀនតែម្តងទៅ ព្រោះជួនកាលចាំយូរពេក ព្រោះរៀន ៤ឆ្នាំទៅ ៦ឆ្នាំ។ អ្នកខ្លះថាបណ្ណារក្ស (គ្រាន់តែ)ចេះរៀបសៀវភៅឲ្យត្រង់ជួរតាមលិខិត។ មិនដូច្នោះទេ។ ត្រូវមានជំនាញច្បាស់លាស់ ហើយត្រូវរក្សា ខិតខំសិក្សា ការជួសជុលក៏យើងមាន ប៉ុន្តែ(សំខាន់គឺ)ការថែទាំ។

(២៥) “បញ្ជូនទៅរៀនក្រៅប្រទេស បើគ្មានអ្នក SPONSOR  រដ្ឋ Sponser តែម្តង …”

សូម្បីតែ Archive ហ្នឹង (ត្រូវ)ចេះទាំងវាយតម្លៃឯក​សារ(ថាតើ)ឯកសារមានតម្លៃកម្រិតណា។ ធ្វើ Evaluation លើឯកសារ។ យកឯកសារចាស់មក គេមករក មិនដឹងនៅឯណា។ គេសួរអ្នក Archive ហ្នឹង Archive អាចដឹងថា ឯកសារហ្នឹងពីឆ្នាំណា តម្លៃយ៉ាងម៉េច។ គេអាចដឹង។ ការរៀននេះគឺសំខាន់។ អញ្ចឹង(បណ្ដុះបណ្ដាល)រយៈខ្លី អ្នកដែលធ្វើការយូរមកហើយ។ ខ្ញុំអរគុណឯកឧត្តម វង្សី វិស្សុត ដែល(បានរក្សាមីង)គាត់ចូលនិវត្តន៍ ជាទីប្រឹក្សា ជាជំនួយការ ដោយសារជំនាញ សុខភាព និងឆន្ទៈគាត់នៅមាន ដើម្បីមកជួយការងារបណ្តុះបណ្តាលតទៅទៀត។ ដូចខ្ញុំបាននិយាយ មីងនិងពូៗ យើង(រស់)បាន(តែ) ១៥០ឆ្នាំទេ។ គង់ពេលណាមួយក្មេងៗ មកជំនួស។ ចាប់ផ្តើមធ្វើការបណ្តុះបណ្តាលទៅ។ អម្បាញ់មិញ ខ្ញុំបានស៊ីញ៉េក្នុងក្រាំងមាស ១០០ឆ្នាំ។ ខ្ញុំថាបង វិស្សុត ១០០ឆ្នាំទៀត យើងដឹកដៃគ្នាពីរនាក់មកមើល។  មីងៗ ថា ដល់ពេលហ្នឹងចាប់ជាតិក្លាយទៅជាយុវជនហើយ។ សូមយកចិត្តទុកដាក់អំពីការបណ្តុះបណ្តាលនេះជាការងារបន្ទាន់។ ឯកឧត្តម វង្សី វិស្សុត គិតមើល។ ឆ្នាំក្រោយ យើងគួររក/ជ្រើសយកម្នាក់ពីបណ្ណសារ ម្នាក់ពីបណ្ណាល័យ ចាត់ចែងឲ្យរៀនបរិញ្ញាបត្រតែម្តងទៅ។ បើអត់(មានការបណ្តុះបណ្តាល)នៅក្នុង យើងបញ្ជូនទៅក្រៅប្រទេស។ បើអត់មាននរណា sponsor រដ្ឋយើង Sponsor តែម្តងទៅ។ ចាប់ផ្តើមឲ្យរៀនទៅ។ ៤ឆ្នាំទៀត ទើបបានមនុស្ស។

(២៦) ក្រសួងវប្បធម៌ប្រមូលសាលានៃសហគមន៍អ្នកចាក់ស្លឹករឹត ដាក់បញ្ចូលក្នុងកម្មវិធី ១លាន ៥សែននាក់

ចាប់ផ្តើមទៅ។ តែរកអ្នកដែលចង់រៀន។ ជំនាញនេះ ត្រូវការលះបង់។ បើចង់បានការងារទូលំទូលាយ ទាល់តែទៅរក IT រក Management តែបើការងារបណ្ណសារ គឺការងារមានកំណត់។ យើងអត់មានបណ្ណសារទូទៅទេ។ មកកន្លែងនេះ រកអ្នកដែល Committed ឬអ្នកដែលធ្វើការស្រាប់ទៅហើយ តែមានអាយុអាចចូលរៀនបាន។ ជួនកាលឲ្យមីងៗ ៧០ឆ្នាំទៅរៀនបរិញ្ញាបត្រមិនកើតទេ។ ប៉ុន្ដែ ចំណេះធ្វើរបស់មីងៗ មានកម្រិតខ្ពស់ជាងបរិញ្ញាបត្រ ដែលត្រូវបណ្តុះបណ្តាលបន្ត។ ខ្លួនឯងក៏យើងបណ្តុះបណ្តាលបន្ត ដូចយើងធ្វើសព្វថ្ងៃ អ្នកចេះបង្រៀនអ្នកមិនចេះ អំពីការថែទាំ។ អម្បាញ់មិញ ខ្ញុំឃើញអ្នកចាក់ស្លឹករឹត។ នៅសាលាក្រសួងវប្បធម៌យើងអត់មានទេ ប៉ុន្ដែយើងមានការបណ្តុះបណ្ដាល។ គាត់បង្រៀននៅខាងក្រៅ។ អត់មានកម្មវិធីទេ។ សូមឱ្យក្រសួងវប្បធម៌ធ្វើការជាមួយគាត់ ប្រមូលអ្នកចាក់ស្លឹករឹតដូចជាមានសមាគម ហើយសាលាដែលគាត់មានហ្នឹង(ដាក់បញ្ចូលក្នុង)កម្មវិធី ១លាន ៥សែន។ កម្មវិធីយើងមាន ៥% ទម្លាក់ថវិកាយកទៅឱ្យ ដើម្បីឱ្យកន្លែងបណ្តុះបណ្តាល ឱ្យទាំងលុយសិស្សទៀត។ មិនបាច់ចាំទាល់តែមកក្រសួងការងារ និងក្រសួងវប្បធម៌បានបង្រៀនបានទេ។ ស៊ីញ៉េកុងត្រាជាមួយកន្លែងនោះឱ្យបណ្តុះបណ្តាលទៅ។ យើងពិនិត្យនិយាមជាមួយគ្នា ឱ្យគាត់បណ្តុះអ្នកចាក់ស្លឹករឹត ហើយលោកគ្រូហ្នឹងឱ្យគាត់… តាមនិយាមអ្វីមួយ វាយតម្លៃឱ្យគាត់ ព្រោះគាត់ចេះឆ្លាក់ហើយ ឱ្យគាត់ធ្វើជាគ្រូតែម្តង។

(២៧) ស្រាវជ្រាវនៅទូទាំងប្រទេស តើមានកន្លែងណានៅបន្តវប្បធម៌ចារស្លឹករឹត ឬជំនាញកម្រអ្វីផ្សេងទៀត

ធនធានយើងនៅមាន។ យើងចងក្រង។ នេះជំនាញដូនតា។ ​ខ្ញុំឃើញគាត់ចាក់ស្លឹករឹត។ ខ្ញុំសរសើរគាត់។ គាត់ចាក់ប្រើតែមេដៃជាគោលសរសេរឆ្លាក់ស្អាតជាងខ្ញុំសរសេរ ១០០០ដង។ ជំនាញនេះត្រូវថែរក្សា។ បើមានសា​លាស្រាប់ សូមឱ្យ(ពិនិត្យ)មើល។ សូមឱ្យក្រសួងរៀបចំឱ្យខ្ញុំ។ សូមឯកឧត្តម គឹម សេតារា ធ្វើការជាមួយក្រ​សួងចុះស្រាវជ្រាវឱ្យខ្ញុំ តើនៅទូទាំងប្រទេសមានកន្លែងណាខ្លះ ដែលនៅបន្តវប្បធម៌(ចារ)ស្លឹករឹត ឬមួយអ្វីផ្សេង(ទៀត ដែលជា)ជំនាញកម្ររបស់យើង។ ​ឥឡូវ នៅក្នុងសាលារដ្ឋ យើងពិបាកដោយសារយើងអត់គ្រូ។ បើបើកបង្រៀន គ្រូអត់មានសិស្សរៀន។ អញ្ចឹងយើងពិបាក។ តែបើមានសាលាបង្រៀននៅក្នុ្នងសហគមន៍ក៏ដោយ យើងធ្វើដៃគូជាមួយគាត់ទៅ មិនបាច់ធ្វើអីខ្លួនឯងទាំងអស់ទេ។ ពាក្យអង់គ្លេសថា Outsourcing ចុះកុងត្រាទៅ។ យើងមិនត្រឹមតែថែរក្សាទេ ជួយសមត្ថភាព ព្រោះយើងអាចមានថវិកាជួយគាត់ លើកទឹកចិត្តសិស្សមករៀន ចេះអានទៀត។ បានផលអ្នកណា? បានផលវប្បធម៌របស់យើងបន្តទៅទៀត។ មិនថាអ្នកបង្រៀនក្នុងសាលារដ្ឋ សាលាឯកជន ឬមួយសហគមន៍ សុទ្ធតែខ្មែរបង្រៀនខ្មែរ រក្សាតម្លៃដូនតាវប្បធម៌ និងទឹកដៃ និងជំនាញដូនតារបស់យើងឱ្យបានល្អ។ សូមឱ្យមើលករណីស្លឹករឹតនេះមួយ។

(២៨) មានការប្រកួតសរ​សេរតាមអានហើយ ថ្ងៃក្រោយគួរមានការប្រកួតចារស្លឹករឹត

ថ្ងៃមុនខ្ញុំឱ្យពិនិត្យរឿងក្បាច់គុន។ ឯកឧត្តម ថោង ខុន យើងបានប្រកាសប៉ុន្មានប្រមូលចងក្រងមកវិញ។ គ្រូៗមានក្បាច់មានស្អីនៅតាមតំបន់ ប្រមូលដើម្បីចងក្រងស្រាវជ្រាវបង្កើតកម្មវិធីប្រកួតប្រជែង។ យើងមានប្រកួតសរ​សេរតាមអាន។ ថ្ងៃក្រោយមានប្រកួតស្លឹករឹត។ ​នៅសាលាវប្បធម៌យើង មានបង្រៀនអក្សរសំស្ក្រឹតទេ? លោក​ជំទាវ? មាន។ មានអ្នករៀនទេ? ឱ្យតែមានអ្នករៀន។ កាលពីរៀននៅអាមេរិកនោះ ខ្ញុំថារៀនចប់ ខែវ៉ាកង មកដល់ខ្មែរ សុំឱ្យគ្រូខ្ញុំ យឹម ឌុក គាត់ជាគ្រូភាសាអង់គ្លេស តែគាត់ចេះអាន លោក/អ្នកគ្រូប្រហែលស្គាល់ហើយ។ លោកគ្រូ យឹម ឌុក គាត់បានស្លាប់ទៅមុនខ្ញុំបានរៀន។ គាត់បានយកសៀវភៅសំស្ក្រឹតមក(បង្ហាញ)។ ខ្ញុំចាប់អារម្មណ៍។ ចាំថ្ងៃណាមួយ រកពេលរៀនឡើងវិញព្រោះថាមានគ្រូ។ រៀនភាសាបរទេសក៏រៀនដែរ តែរៀនភាសាបុរាណខ្លួនឯង។ ចេះអានខ្លះដែរ។ ថ្ងៃក្រោយទៅអង្គរវត្តអានឱ្យប្រពន្ធស្ដាប់។ យើងចេះតិចៗ យើងអានខុសក៏គាត់អត់ដឹងដែរ។ ជា Hobby បន្ថែម ជាអ្វីបន្ថែមទៀត។ ហ្នឹងជាចំណង់ចំណូលចិត្ត។ ដល់ម៉ោងគេកំណត់ហើយ។ ឥឡូវយើងធ្វើអីក៏ត្រូវស្តាប់ពិធីការ។ ជានាយករដ្ឋមន្ត្រី តែគេថាទៅផ្លូវនេះ ត្រូវតែទៅផ្លូវហ្នឹង។ យើងអត់មានសិទ្ធិទេ។ ចុះពីផ្ទះ មានសិទ្ធិតែអង្គុយក្នុងឡាន។ គេបើកផ្លូវណារឿងរបស់គេ។ មកដល់ ពិធីការថាដល់ម៉ោងហើយ ឈប់ឱ្យនិយាយ។ មាន(ជំនួបជាមួយ)ភ្ញៀវមួយទៀតម៉ោង 10:30នាទី។

(២៩) អ្នកគ្រប់គ្រង/ធ្វើការបណ្ណាល័យ/បណ្ណសារជាតិ ជាធនធានមនុស្សថែរក្សាឯកសារជាទ្រព្យមហាសាលរបស់ជាតិ

ខ្ញុំថា ជ្រើសជាអាទិភាព ២នាក់ដំបូង អ្នកដែលធ្វើការស្រាប់ក្នុងបណ្ណាល័យជាតិ និងក្នុងបណ្ណសារដ្ឋានជាតិ។ ឆ្នាំក្រោយរកសាលាបញ្ជូនទៅរៀន។ បើមានដៃគូណាជួយ(ទទួលយក)។ បើសិនជាមិនមាន រដ្ឋយើងជួយ Sponsor តែម្តង។ ចំណាយបណ្តុះបណ្តាលធនធានមនុស្សលើជំនាញកម្រនេះ ដែលយើងមិនអាចមាន។ ចាំថ្ងៃក្រោយយើងធ្វើការបន្តទៀត។ គិតគូរទៅ។ រៀនចាប់ពី Bachelor ​យករយៈពេល​វេលាវែង ព្រោះពេលខ្លីយើងធ្វើការជាមួយដៃគូដូចជាបារាំង ជាមួយប្រទេសផ្សេងមកបណ្តុះបណ្តាលបាន…

ឯកអគ្គរដ្ឋទូតបារាំងនៅទីនេះ។ សូមអរគុណដែលបានជួយក្នុងការបណ្តុះបណ្តាលកន្លងមកក្នុងជំនាញ ការធ្វើជាក់ស្តែង ការរៀបចំ ប៉ុន្តែថិរវេលាវែង ដាក់ទិសដៅថ្ងៃក្រោយ។ ស្ថាប័នទាំងពីរនេះ អ្នកគ្រប់គ្រងនិងអ្នកធ្វើការក្នុងហ្នឹង សុទ្ធតែមានកម្រិតវប្បធម៌ខ្ពស់។ អត់ត្រូវការមនុស្សច្រើនទេ។ ត្រូវការមនុស្សតិច តែច្បាស់លាស់។
​នេះជាកិច្ចការសំខាន់។ ត្រូវបណ្តុះបណ្តាលធនធានមនុស្សថែរក្សាឯកសារជាទ្រព្យមហាសាលរបស់ជាតិ។ ឯកឧត្តម វង្សី វិស្សុត គិតគូរទៅ។ សាលានៅប្រទេសណាអីប្រទេសណាដែលអាចធ្វើបាន។

[ចប់សេចក្ដីអធិប្បាយ៤] នេះហើយ

ទី៥- ធ្វើកំណែទម្រង់ការផ្ដល់សេវាកម្មនៅបណ្ណសារដ្ឋានជាតិ តាមរយៈការបង្កើតបរិយាកាសឱ្យទីតាំងមានភាពទាក់ទាញ ដោយមិនបង្កើតបរិយាកាសតឹងរឹងពេក សម្រាប់អ្នកប្រើប្រាស់សេវា។ ជាពិសេសត្រូវមានការបន្ធូរបន្ថយនិងសម្របសម្រួលដើម្បីផ្ដល់ភាពងាយស្រួលដល់និស្សិតនិងអ្នកស្រាវជ្រាវដែលបានមកប្រើប្រាស់សេវាកម្មបណ្ណសារដ្ឋានជាតិ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

​ពិនិត្យមើលគោលការណ៍ និងលក្ខការណ៍មួយចំនួនដែលអាចប្រើប្រាស់តាមឌីជីថល ឬមួយក៏ផ្ទាល់ តាម Intranet ឬ Internet អីយ៉ាងម៉េច សូមឱ្យកំណត់។ យើងមានច្បាប់ហើយ។ ត្រូវធ្វើវិសោធនកម្មឱ្យទាន់សម័យ។ ជួនកាលច្បាប់យើងពីមុន ផ្តោតទៅលើការការពារ ការលាក់ការ។ ឥឡូវយើងការពារ និងលាក់ការ ប៉ុន្តែឯកសារមួយចំនួន ដែលក្រោយប៉ុន្មានឆ្នាំមក ឬឯកសារមិនមានតម្លៃលាក់ការ(ទៀត)ទេ ត្រូវចែករំលែកយ៉ាងម៉េច ផ្ដល់លទ្ធភាពយ៉ាងណា ឱ្យមានការ(សិក្សា)ស្រាវជ្រាវ។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៦- ទីស្ដីការគណៈរដ្ឋមន្ត្រីត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍និង ទូរ​គម​នា​គមន៍ ​ការផ្សព្វផ្សាយបង្កើតឱ្យមានទីតាំងផ្តល់ “សេវាសាធារណៈវប្បធម៌” ដែលជួយសង្គមក្នុងការអប់រំ ការចងចាំ និងការយល់ដឹងអំពីអត្តសញ្ញាណជាតិ​។

មុននឹងបញ្ចប់ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារចំពោះកិច្ច និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំនេះឡើង ប្រកបដោយសោភណភាពនិងខ្លឹមសារស៊ីជម្រៅ។ ខ្ញុំសូមអំពាវនាវដល់សិស្សានុសិស្ស យុវជន និស្សិត និងសាធារណជនទាំងអស់ អញ្ជើញមកទស្សនា និងសិក្សាស្រាវជ្រាវនៅក្នុងបរិវេណពិព័រណ៍នេះឱ្យបានច្រើនកុះករ ដើម្បីយល់ដឹង ពីតម្លៃនៃ «ភស្តុតាងប្រវត្តិសាស្ត្រ» និងរួមគ្នាកសាងអនាគតលើមូលដ្ឋានគ្រឹះនៃចំណេះដឹង និងអត្តសញ្ញាណជាតិដ៏រឹងមាំ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើក «កម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា» ចាប់ពីពេលនេះតទៅ៕

អត្ថបទទាក់ទង