ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីពេលថ្មីៗនេះ?
ចម្លើយ៖ កម្ពុជាបានតវ៉ាជាផ្លូវការយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់តាទុំ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយសាងសង់ផ្លូវនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងបាញ់ថ្នាំពណ៌ក្រហមលើដើមឈើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១។ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយបញ្ជាក់ថា សកម្មភាពឯកតោភាគីរបស់ថៃមិនអាចផ្លាស់ប្តូរសិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិបានឡើយ។
សំណួរទី២៖ តើការតវ៉ារបស់កម្ពុជាចំពោះសកម្មភាពឈ្លានពានថៃ ផ្អែកលើមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងអ្វីខ្លះ?
ចម្លើយ៖ ការតវ៉ារបស់កម្ពុជាផ្អែកលើមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដូចខាងក្រោម៖
– អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១:២០០.០០០ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានផលិតឡើង
– មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០
– សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់កថាខណ្ឌទី១ និងទី៦។
កម្ពុជាបញ្ជាក់ថា សកម្មភាពរបស់ថៃផ្ទុយនឹងមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ការកំណត់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយជាឯកតោភាគីពីសំណាក់ថៃឡើយ។
សំណួរទី៣៖ តើកម្ពុជាអំពាវនាវឱ្យថៃធ្វើអ្វីខ្លះ ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន?
ចម្លើយ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងសកម្មភាពឯកតោភាគី ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃចាត់វិធានការកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាពតាមបណ្តោយព្រំដែន។ ជំហររបស់កម្ពុជាគឺដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕





