សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ។
មានប្រសាន៍ទៅកាន់អង្គពិធី, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
សម្ដេចធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខ ក្នុងនោះរួមមាន៖ ការបង្កើតអង្គភាពសម្រប MSMEs ដែលនឹងដើរតួជាមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ សម្រាប់ការចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ, ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីជាអតិបរមា តាមថ្នាល CamDX, និង ការរៀបចំសេចក្ដីព្រាង «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែមទៀត គឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការចាប់ផ្តើម, ការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classification) សហគ្រាស ជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម» ដែលផ្តល់ការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងទាំងផ្នែកមិនមែនសារពើពន្ធ ។ ទន្ទឹមនឹងនោះ, សម្តេចធិបតីក៏បានណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រីជាអ្នកផ្តល់សេវាសាធារណៈទាំងអស់ឱ្យផ្លាស់ប្តូរផ្នត់គំនិត និងអភិក្រមនៃការផ្តល់សេវាសាធារណៈ ដោយត្រូវកាត់បន្ថយនីតិវិធីស្មុគស្មាញ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ជួយគាំទ្រដល់សហគ្រាស» ជាជាងដើម្បីតែចាប់កំហុស, ដាក់ទោសទណ្ឌ និងផាកពិន័យ។
សម្ដេចធិបតី បានមានប្រសាសន៍បន្តថា ជោគជ័យនៃ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន មីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» មិនអាចសម្រេចបានដោយស្ថាប័នណាមួយ ឬជាជោគជ័យរបស់ស្ថាប័នណាមួយដោយឡែកនោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ជាតិយើងទាំងមូល។ នៅពេលដែល MSMEs យើងរឹងមាំ, សេដ្ឋកិច្ចជាតិយើងក៏រឹងមាំ និងមានភាពធន់ ហើយប្រជាជនយើងមានការងារធ្វើ, មានចំណូលសមរម្យ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម, គាំទ្រការផលិត, គាំទ្រការវិនិយោគ ហើយយើងនឹងបន្តរួមសុខរួមទុក្ខជាមួយធុរជន ពិសេស MSMEs ដោយគាំទ្របងប្អូន និងដើរទៅមុខជាមួយគ្នា ក្នុងស្មារតី «គិតជាមួយគ្នា, ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីកសាងសង្គមសេដ្ឋកិច្ចមួយដែលរុងរឿង។
ជាទីបញ្ចប់, ពាក់ព័ន្ធនឹងករណីលោកអ៊ុ សំអាន, សម្ដេចធិបតី មានប្រសាស៍ថា សម្ដេចមានភាពចាំបាច់ក្នុងការបកស្រាយឱ្យបានច្បាស់លាស់អំពីករណីនេះជូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចបានបញ្ជាក់ គោលបំណង គឺមិនមែនដើម្បីចង់ឈ្នះ ចាញ់ជាមួយអ្នកណា ឬក្រុមណាទេ តែសុំឱ្យខ្មែរគ្រប់និន្នាការនយោបាយរក្សភាពស្ងៀមស្ងាត់, រួមសាមគ្គីគ្នា និងទុកឱកាសឱ្យរាជរដ្ឋាភិបាលជាអ្នកបន្តដោះស្រាយលើបញ្ហាព្រំដែន។ សម្ដេច បានបន្តថា រាជរដ្ឋាភិបាល និងមន្ត្រីជំនាញខាងកិច្ចការព្រំដែនមិនបានកាត់ទឹកដីឱ្យប្រទេសណាមួយឡើយ, ផ្ទុយទៅវិញ រាជរដ្ឋាភិបាល និងមន្ត្រីជំនាញខាងកិច្ចការព្រំដែនជាអ្នកការពារទឹកដីយ៉ាងពិតប្រាកដ និងជាអ្នកទទួលខុសត្រូវ ជាប្រវត្តិសាស្ត្រចំពោះទឹកដី និងបូរណភាពជាតិ។ ក្នុងន័យនេះ, សូមបងប្អូនប្រជាពលរដ្ឋមេត្តាជឿទុកចិត្តលើការបំពេញការងាររបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញកិច្ចការព្រំដែន៕





