ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះទឹកដី ដែលថៃដណ្តើមយកដោយខុសច្បាប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលចំពោះទឹកដី ដែលថៃដណ្តើមយកដោយខុសច្បាប់
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះទឹកដីដែលថៃបានដណ្តើមយកដោយខុសច្បាប់?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ថា បញ្ហាទឹកដី និងអធិបតេយ្យភាពជាតិ គឺជាបញ្ហាគោលដែលមិនអាចបំភ្លេច មិនអាចបោះបង់ និងមិនអាចយកទៅដោះដូរជាមួយផលប្រយោជន៍នយោបាយណាមួយបានឡើយ។ កម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្តូរស្ថានភាពលើដីជាក់ស្តែងដែលកើតឡើងដោយឯកតោភាគីនោះទេ ហើយបន្តប្រកាន់ខ្ជាប់ការទាមទារឱ្យមានការគោរពព្រំដែនអន្តរជាតិ សន្ធិសញ្ញា និងឯកសារគតិយុត្តដែលមានស្រាប់។ ជំហររបស់រាជរដ្ឋាភិបាលគឺបន្តការពារបូរណភាពទឹកដីដោយអត់ធ្មត់ ប៉ុន្តែម៉ឺងម៉ាត់ តាមរយៈច្បាប់អន្តរជាតិ និងយន្តការសន្តិវិធី ដើម្បីធានាថាផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់កម្ពុជា ត្រូវបានការពារយ៉ាងពេញលេញ។
សំណួរទី២៖ តើរាជរដ្ឋាភិបាលមានវិធានការអ្វីខ្លះដើម្បីធានាថាបញ្ហាទឹកដីមិនត្រូវបានមើលរំលង?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តប្រើប្រាស់យន្តការផ្លូវការទាំងអស់ ដូចជា JBC, GBC និង RBC សម្រាប់ដោះស្រាយបញ្ហាព្រំដែន និងការពារផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវឱ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមដែលមានស្រាប់ ដើម្បីធានាការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី។ លើសពីនេះ កម្ពុជាក៏ត្រៀមប្រើយន្តការច្បាប់អន្តរជាតិ នៅពេលចាំបាច់ ដើម្បីធានាថាការដោះស្រាយបញ្ហានេះធ្វើឡើងដោយយុត្តិធម៌ តម្លាភាព និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕





