ទាក់ទងនឹងការចោទប្រកាន់របស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណជាមូលដ្ឋានយោធា ដូចការចោទប្រកាន់របស់ភាគីថៃដែរឬទេ?
ចម្លើយ៖ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ទីតាំងបេតិកភណ្ឌវប្បធម៌នៅកម្ពុជាមិនមែនជាមូលដ្ឋានយោធា និងមិនត្រូវបានប្រើប្រាស់ជាទីតាំងយោធាឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានប្រកាន់ខ្ជាប់នូវការការពារ និងអភិរក្សបេតិកភណ្ឌ ស្របតាម អនុសញ្ញាឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ របស់ UNESCO។ ប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌផ្សេងទៀត ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្ស ស្រាវជ្រាវ អប់រំ សាសនា និងទេសចរណ៍ ដែលស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារបេតិកភណ្ឌវប្បធម៌។
សំណួរទី២៖ តើប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌកម្ពុជាមួយចំនួនដែលស្ថិតក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា បានរងផលប៉ះពាល់អ្វីខ្លះពីសកម្មភាពរបស់ថៃ?
ចម្លើយ៖ យោងតាមការបញ្ជាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌមួយចំនួនទៀត បានរងការបំផ្លិចបំផ្លាញ និងខូចខាតពីសកម្មភាពដ៏គឃ្លើនរបស់យោធាថៃ។ ចំពោះប្រាសាទព្រះវិហារ ការបាញ់ប្រហារពីសំណាក់យោធាថៃក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបំផ្លាញទីតាំងចំនួន ៥៦២ និងធ្វើឱ្យថ្មប្រាសាទខ្ទេចជាង ៧ម៉ឺនបំណែក ព្រមទាំងបំផ្លាញលទ្ធផលនៃការស្តារប្រាសាទជាង ១០ឆ្នាំ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ការខូចខាតទាំងនេះ ត្រូវបានពិនិត្យ វាយតម្លៃ ចងក្រងជាឯកសារ និងផ្ទៀងផ្ទាត់ដោយអ្នកជំនាញជាតិ និងអន្តរជាតិ។
សំណួរទី៣៖ តើកម្ពុជាមានជំហរ និងការទាមទារអ្វីខ្លះ ចំពោះសកម្មភាពរបស់ថៃនៅតំបន់បេតិកភណ្ឌកម្ពុជា?
ចម្លើយ៖ កម្ពុជាប្រឆាំងដាច់ខាត និងបន្តថ្កោលទោសចំពោះសកម្មភាពឯកតោភាគីរបស់ថៃនៅតំបន់ បេតិកភណ្ឌកម្ពុជា និងទាមទារឱ្យថៃដកកម្លាំងយោធាចេញពីតំបន់បេតិកភណ្ឌ ប្រគល់វត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារមកឱ្យកម្ពុជាវិញ និងគោរពច្បាប់ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ។ ភាគីថៃត្រូវតែបញ្ឈប់ការប្រើប្រាស់កម្លាំង និងសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងលើដី ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC៕





