AOT នៅអូរស្មាច់៖ តើថៃកំពុងប្រើយន្តការអាស៊ាន ដើម្បីបង្កើតភាពស្របច្បាប់លើសកម្មភាពរបស់ខ្លួន?
ថ្មីៗនេះ ភាគីថៃបាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ ទៅពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដឹកនាំដោយលោក Prapas Sornchaidee។ តើអ្វីទៅជាគោលបំណងពិតប្រាកដនៃការចូលទៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន? តើសកម្មភាពបែបនេះស្របតាមវិសាលភាពអាណត្តិរបស់ AOT និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដែរឬទេ?
ការចូលមកពិនិត្យ និងអនុវត្តសកម្មភាពផ្សេងៗរបស់ភាគីថៃនៅក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតបែបនេះ ត្រូវបានអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន សុផល អះអាងថា ដោយសារថៃមានបំណងបំភាន់ភ្នែកអន្តរជាតិលើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ លោកបណ្ឌិត ឥន សុផល បានបញ្ជាក់បន្ថែមថា ភាគីថៃបានរំលោភគោលការណ៍មិនឆ្លងព្រំដែនដោយឯកតោភាគីក្នុងកិច្ចព្រមព្រៀងខែសីហា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានយល់ព្រមឱ្យអ្នកសង្កេតការណ៍យោធាអាស៊ានមានមូលដ្ឋាននៅកម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យនៅតំបន់រៀងៗខ្លួន។ នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា «ក្រុមដែលមានមូលដ្ឋាននៅប្រទេសនីមួយៗមិនត្រូវឆ្លងព្រំដែន» ចូលទៅក្នុងទឹកដីរបស់ភាគីម្ខាងទៀតទេ។
ចំណុចដែលគួរពិនិត្យវាយតម្លៃនោះ គឺមូលដ្ឋាននៃការចុះទៅតំបន់អូរស្មាច់របស់ AOT ថាតើត្រូវបានធ្វើឡើងតាមការសម្របសម្រួល ឬការយល់ព្រមរបស់ភាគីទាំងពីរដែរឬទេ។ ព្រោះភាពខុសគ្នារវាង “ការចុះសង្កេតការណ៍ក្នុងក្របខណ្ឌ AOT” និង “ការចូលទៅក្នុងតំបន់ដោយការរៀបចំរបស់ភាគីតែម្ខាង” គឺជាចំណុចសំខាន់មួយសម្រាប់វាយតម្លៃភាពស្របច្បាប់និងភាពអព្យាក្រឹតនៃបេសកកម្មនោះ។
សកម្មភាពរបស់ភាគីថៃបែបនេះ ក៏បានរំលោភលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ាន (TAC) ត្រង់មាត្រា២ ដែលតម្រូវឱ្យរដ្ឋភាគីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែក ការដោះស្រាយវិវាទដោយសន្តិវិធី និងការមិនគំរាម ឬប្រើកម្លាំងផងដែរ។ ហើយថៃមិនអាចប្រើប្រាស់ក្រុម AOT ដែលមានតួនាទីជាយន្តការសង្កេតការណ៍អព្យាក្រឹត ដើម្បីបញ្ជាក់លើការគាំទ្រដល់ការអះអាងជាឯកតោភាគីរបស់ខ្លួន ឬដើម្បីបង្កើតភាពស្របច្បាប់នៃការគ្រប់គ្រង ឬការកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់បានទេ។ ដោយហេតុថាចំណុចទាំងនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការអនុវត្តកាតព្វកិច្ចដោយសុច្ឆន្ទៈ ដែលមិនគួរត្រូវបានមើលរំលងសោះឡើយ។
ជាងនេះទៅទៀត សកម្មភាពរបស់ថៃបានរំលោភលើវិសាលភាពនៃអាណត្តិ AOT នៅចំណុចទី៣ នៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា «កម្ពុជានិងថៃបានចុះហត្ថលេខាលើ TOR សម្រាប់បង្កើត AOT ក្នុងគោលបំណងគឺធានាការអនុវត្តបទឈប់បាញ់ពេញលេញ និងមានប្រសិទ្ធភាព»។ ហើយចំណុចទី៤វិញ ក៏បានចែងអំពីការកំណត់តួនាទី AOT ជាអ្នកសង្កេតការណ៍ ផ្ទៀងផ្ទាត់ការកាត់បន្ថយភាពតានតឹងយោធា ត្រួតពិនិត្យការដកអាវុធធុនធ្ងន់ និងគាំទ្រការអនុវត្តបទឈប់បាញ់ ជាពិសេសគឺការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែង ការប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ឬទង្វើញុះញង់ ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ដោះស្រាយបញ្ហាព្រំដែន។ ជាក់ស្តែង ចំណុចទាំងនេះត្រូវបានភាគីថៃមើលរំលង គេចវេស ហើយថែមទាំងរំលោភបំពានជាបន្តបន្ទាប់។
ចំណុចសំខាន់មួយទៀត គឺសេចក្តីប្រកាសរួមមិនបានកំណត់ឱ្យ AOT មានអំណាចស៊ើបអង្កេតបទល្មើស ឬបទឧក្រិដ្ឋជំនួសស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋម្ចាស់ផ្ទះឡើយ។ តួនាទីរបស់ AOT គឺស្ថិតក្នុងក្របខ័ណ្ឌអាណត្តិដែលបានកំណត់ ពោលគឺការសង្កេត និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែមករា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់របស់ AOT ត្រូវធ្វើឡើង «ផ្អែកលើវិសាលភាពនៃអាណត្តិរបស់ខ្លួន»។ ដូច្នេះ ការចុះពិនិត្យ និងការប្រមូលព័ត៌មានរបស់ AOT គួរតែស្ថិតក្នុងដែនកំណត់នៃអាណត្តិនេះ មិនគួរត្រូវបានបកស្រាយ ឬពង្រីកទៅជាការអនុវត្តអំណាចនគរបាល ឬយន្តការស៊ើបអង្កេតបទល្មើសនៅក្នុងទឹកដីរដ្ឋម្ខាងទៀតឡើយ។
ចំណុចមួយទៀតដែលយើងមិនអាចមើលរំលងបាន ហើយដែលបង្ហាញពីសកម្មភាពរំលោភបំពានរបស់ថៃ គឺនៅត្រង់យន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹង នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី១២ បានចែងថា ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ AOT និងឯកភាពគ្នាពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះ ដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និង AOT។
លើសពីនេះ ចំណុចទី១៣ នៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់ថា ភាគីទាំងពីរត្រូវប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ខណៈដែល AOT មានតួនាទីសង្កេត និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង ចំណុចទាំងអស់នេះត្រូវបានភាគីថៃមើលរំលង ដោយបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាទៅវិញ។ សកម្មភាពរបស់ភាគីថៃក្នុងការចូលទៅក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត ទោះស្ថិតក្រោមហេតុផលណាក៏ដោយ មិនគួរត្រូវបានមើលរំលងឡើយ។ សកម្មភាពនេះទាមទារឱ្យមានការបកស្រាយច្បាស់លាស់អំពីមូលដ្ឋាននៃការចូល និងវិសាលភាពអាណត្តិរបស់ AOT ដើម្បីធានាថា សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍ស្ថិតក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា។
ការនាំក្រុម AOT ចូលមកក្នុងតំបន់ដែលមានភាពចម្រូងចម្រាស ដើម្បីពិនិត្យទីតាំងដែលភាគីថៃអះអាងថាពាក់ព័ន្ធនឹងបទល្មើស អាចបង្កើតសំណួរធ្ងន់ធ្ងរអំពីការប្រើប្រាស់យន្តការអាស៊ានក្នុងបរិបទវិវាទព្រំដែន ប្រសិនបើសកម្មភាពនោះមិនត្រូវបានអនុវត្តតាមអាណត្តិ និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគួរទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពដែលបង្កើនភាពតានតឹង និងគោរពការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងអ្នកជិតខាងល្អតាមព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ កម្ពុជាអំពាវនាវដល់អាស៊ាន និងសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ជំរុញឱ្យភាគីថៃគោរពកាតព្វកិច្ចអន្តរជាតិ និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងពន្លឿនការវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែង៕
ដោយ៖ មាន មេត្តា





