Grand News Asia Close

AOT នៅអូរស្មាច់៖ តើថៃកំពុងប្រើយន្តការអាស៊ាន ដើម្បីបង្កើតភាពស្របច្បាប់លើសកម្មភាពរបស់ខ្លួន?

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1009
AOT នៅអូរស្មាច់៖ តើថៃកំពុងប្រើយន្តការអាស៊ាន ដើម្បីបង្កើតភាពស្របច្បាប់លើសកម្មភាពរបស់ខ្លួន? AOT នៅអូរស្មាច់៖ តើថៃកំពុងប្រើយន្តការអាស៊ាន ដើម្បីបង្កើតភាពស្របច្បាប់លើសកម្មភាពរបស់ខ្លួន?

ថ្មីៗនេះ ភាគីថៃបាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ ទៅពិនិត្យផ្ទាល់​នៅ​ច្រក​អូរ​ស្មាច់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដឹកនាំដោយលោក Prapas Sornchaidee។ តើ​អ្វី​ទៅជាគោលបំណងពិតប្រាកដនៃការចូលទៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន? តើសកម្មភាពបែបនេះស្របតាមវិសាលភាពអាណត្តិរបស់ AOT និងកិច្ចព្រមព្រៀងដែលភា​គី​ទាំងពីរ​បាន​ព្រម​ព្រៀងគ្នាដែរឬទេ?

ការចូលមកពិនិត្យ និងអនុវត្តសកម្មភាពផ្សេងៗរបស់ភាគីថៃនៅក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតបែបនេះ ត្រូវបានអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន សុផល អះអាងថា ដោយសារថៃមានបំណងបំភាន់ភ្នែកអន្តរជាតិលើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ លោកបណ្ឌិត ឥន សុផល បានបញ្ជាក់បន្ថែមថា ភាគីថៃបានរំលោភគោលការណ៍មិ​នឆ្លងព្រំដែនដោ​យឯកតោភាគីក្នុ​ងកិច្ច​ព្រម​ព្រៀង​ខែសីហា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានយល់ព្រមឱ្យអ្នក​សង្កេតការណ៍យោ​ធាអាស៊ាន​មាន​មូលដ្ឋាន​នៅកម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យនៅតំបន់រៀងៗខ្លួន។ នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា «ក្រុម​​​ដែលមានមូលដ្ឋាននៅប្រទេសនីមួយៗមិនត្រូវឆ្លងព្រំដែន» ចូលទៅក្នុងទឹកដីរបស់ភាគីម្ខាងទៀតទេ។
ចំណុច​ដែលគួរពិនិត្យវាយតម្លៃនោះ គឺមូលដ្ឋាននៃការចុះទៅតំបន់អូរស្មាច់របស់ AOT ថាតើត្រូវបាន​ធ្វើឡើង​តាម​ការ​សម្របសម្រួល ឬការយល់ព្រមរបស់ភាគីទាំងពីរដែរឬទេ។ ព្រោះភាពខុសគ្នារវាង “ការចុះ​សង្កេត​ការណ៍​ក្នុងក្របខណ្ឌ AOT” និង “ការចូលទៅក្នុងតំបន់ដោយការរៀបចំរបស់ភាគីតែម្ខាង” គឺជាចំណុចសំខាន់​មួយ​ស​ម្រាប់​វាយតម្លៃភាពស្របច្បាប់និងភាពអព្យាក្រឹតនៃបេសកកម្មនោះ។

សកម្មភាពរបស់ភា​គីថៃបែបនេះ ក៏បានរំលោភលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ាន (TAC) ត្រង់​មាត្រា២ ដែលតម្រូវឱ្យរដ្ឋភាគីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែក ការដោះស្រា​យ​វិវាទដោយសន្តិវិធី និងការមិនគំរាម ឬប្រើកម្លាំងផងដែរ។ ហើយថៃមិន​អាច​ប្រើប្រាស់ក្រុម AOT ដែល​មាន​តួនាទីជាយន្តការសង្កេតការណ៍អព្យាក្រឹត ដើម្បីបញ្ជាក់លើការគាំទ្រដល់ការអះអាងជាឯកតោភាគីរបស់ខ្លួន ឬ​ដើម្បីបង្កើតភាពស្របច្បាប់នៃការគ្រប់គ្រង ឬការកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់បានទេ។ ដោយ​ហេតុ​ថា​ចំណុចទាំងនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការអនុវត្តកាតព្វកិច្ចដោយសុច្ឆន្ទៈ ដែលមិនគួរត្រូវបា​នមើល​រំលង​សោះឡើយ។

ជាងនេះទៅទៀត សកម្មភាពរបស់​ថៃបានរំលោភលើវិសាលភាពនៃអាណត្តិ AOT នៅចំណុចទី៣ នៃសេចក្តី​ប្រកាស​រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា «កម្ពុជានិងថៃ​បានចុះ​ហត្ថ​លេ​​ខាលើ TOR សម្រាប់បង្កើត AOT ក្នុងគោលបំណងគឺធានាការអនុវត្តបទឈប់បាញ់ពេញលេញ និង​មាន​ប្រសិទ្ធភាព»។ ហើយចំណុចទី​៤វិញ ក៏បានចែងអំពីការកំណត់តួនាទី AOT ជាអ្នកសង្កេតការណ៍ ផ្ទៀង​ផ្ទាត់​ការ​កាត់បន្ថយភាពតានតឹងយោធា ត្រួតពិនិត្យការដកអាវុធធុនធ្ងន់ និងគាំទ្រការអនុវត្តបទឈប់បាញ់ ជាពិសេ​សគឺ​ការប្តេ​ជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និង​ច្បាប់​អន្តរជាតិ ដោយ​​ចៀសវាងការគំរាមកំហែង ការប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ឬទង្វើញុះញង់ ហើយ​ទទួល​ស្គាល់ថា គណៈ​កម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈក​ម្មការចម្រុះខ​ណ្ឌ​សីមាព្រំដែន គឺ​ជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ដោះស្រាយបញ្ហាព្រំដែន។ ជាក់​ស្តែង ចំណុចទាំ​ងនេះត្រូវ​បានភាគីថៃមើលរំលង គេចវេស ហើយថែមទាំងរំលោភបំពានជាបន្តបន្ទាប់។

ចំណុច​សំខាន់មួយទៀត គឺសេចក្តីប្រកាសរួមមិនបានកំណត់ឱ្យ AOT មានអំណាចស៊ើបអង្កេតបទល្មើស ឬបទ​ឧក្រិដ្ឋ​ជំនួសស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋម្ចាស់ផ្ទះឡើយ។ តួនាទីរបស់ AOT គឺស្ថិតក្នុងក្របខ័​ណ្ឌអាណត្តិដែ​លបានកំណត់ ពោលគឺការសង្កេត និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់។ ជាមួយគ្នានេះ សេចក្តីថ្លែ​ង​កា​រ​ណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែមករា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់របស់ AOT ត្រូវ​ធ្វើ​ឡើង «ផ្អែកលើវិសាលភាពនៃអាណត្តិរបស់ខ្លួន»។ ដូច្នេះ ការចុះពិនិត្យ និងការប្រមូលព័ត៌មានរបស់ AOT គួរតែស្ថិតក្នុងដែនកំណត់នៃអាណត្តិនេះ មិនគួរត្រូវបានបកស្រាយ ឬពង្រីកទៅជាការអនុវត្តអំណាចនគរបាល ឬយន្តការស៊ើបអង្កេតបទល្មើសនៅក្នុងទឹកដីរដ្ឋម្ខាងទៀតឡើយ។

ចំណុចមួយទៀតដែលយើងមិនអាចមើលរំលងបាន ហើយដែលបង្ហាញពីសកម្មភាពរំលោភបំពានរបស់ថៃ គឺនៅ​ត្រង់​យន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹង នៅក្នុងសេចក្តីប្រកា​សរួមនៃ​កិច្ច​ប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី១២ បានចែងថា ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ AOT និងឯកភាពគ្នាពង្រឹងតួនាទីរបស់ AOT ក្នុង​ការ​ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះ ដោ​យ​​ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និង AOT។

លើសពីនេះ ចំណុចទី១៣ នៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់ថា ភាគី​ទាំ​ងពីរត្រូវប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីគ្រប់គ្រងស្ថា​នការណ៍នៅ​នឹង​កន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ខណៈដែល AOT មានតួនាទីសង្កេត និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់។ ប៉ុន្តែក្នុងការ​អនុវត្តជាក់ស្តែង ចំណុចទាំងអស់នេះ​ត្រូវបានភា​គីថៃ​មើល​រំលង ដោយបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាទៅវិញ។ សកម្មភា​ពរបស់​ភាគីថៃ​ក្នុងកា​រចូល​ទៅ​ក្នុង​ទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត ទោះស្ថិតក្រោមហេតុផលណាក៏ដោយ មិនគួរត្រូវបានមើលរំលងឡើយ។ សកម្មភាពនេះទាមទារឱ្យមានការបកស្រាយច្បាស់លាស់អំពីមូលដ្ឋាននៃការចូល និងវិសាលភាពអាណត្តិរបស់ AOT ដើម្បីធានាថា សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍ស្ថិតក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា។

ការ​នាំក្រុម AOT ចូលមកក្នុងតំបន់ដែលមានភាពចម្រូងចម្រាស ដើម្បីពិនិត្យទីតាំងដែ​លភាគីថៃអះ​អាង​ថា​ពាក់ព័ន្ធនឹងបទល្មើស អាចបង្កើតសំណួរធ្ងន់ធ្ងរអំពីការប្រើប្រាស់យន្តការអាស៊ានក្នុងបរិបទវិវាទព្រំដែន ប្រសិ​ន​បើសកម្មភាពនោះមិនត្រូវបានអនុវត្តតាមអាណត្តិ និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

ក្នុង​នាម​ជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគួរទាមទារឱ្យថៃ​បញ្ឈប់រា​ល់សក​ម្មភា​ពដែលបង្កើនភាពតានតឹង និងគោរពការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្តារ​សន្តិភាព ស្ថិ​រភាព និងទំនាក់ទំនងអ្នកជិតខាងល្អតាមព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ កម្ពុជាអំពាវនាវដល់អាស៊ាន និងស​ហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ជំរុញ​ឱ្យភាគីថៃគោរពកាតព្វកិច្ចអន្តរជាតិ និងអនុវ​ត្តឱ្យបា​នពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំង​ពន្លឿនការវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ដើម្បី​ធានាសន្តិភាព និងស្ថិរភាពយូរអង្វែង៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង