Grand News Asia Close

កម្ពុជាបន្តដំណើរការការទូត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែនសមុទ្រកម្ពុជា-ថៃ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1014
កម្ពុជាបន្តដំណើរការការទូត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែនសមុទ្រកម្ពុជា-ថៃ កម្ពុជាបន្តដំណើរការការទូត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែនសមុទ្រកម្ពុជា-ថៃ

ការប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជា​ជាតិ​ស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលគ្រោងធ្វើនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គឺជាជំហានមួយដែលគួរឱ្យចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាតំបន់​សមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។

ដំណើរការនេះកើតឡើងបន្ទាប់ពីថៃបានលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលធ្លាប់ជា​ក្រប​ខ័ណ្ឌសម្រាប់កម្ពុជា និងថៃពិភាក្សាអំពីតំបន់សមុទ្រត្រួតស៊ីគ្នា។ បន្ទាប់ពីនោះមក កម្ពុជាបាន​ងាក​មក​ប្រើ​យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បី​បន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងដោយសន្តិវិធីជំនួសវិញ។

សម្រាប់កម្ពុជា ការចូលរួមក្នុងដំណើរការនេះគឺបង្ហាញថា រាជរដ្ឋាភិបាលនៅតែជ្រើសរើសផ្លូវការទូត និង​ការចរចា ជំនួសឱ្យការប្រឈមមុខគ្នា។ បញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃមានប្រវត្តិយូរមកហើយ មិន​មែន​ជាបញ្ហាដែលអាចដោះស្រាយបានក្នុងរយៈពេលខ្លីបាននោះទេ។ ដូច្នេះ ការមានវេទិកាផ្លូវការ​សម្រាប់​ភាគីទាំងពីរជជែកគ្នាគឺជារឿងសំខាន់។

ជម្លោះនេះមានភាពស្មុគស្មាញ ព្រោះពាក់ព័ន្ធទាំងផ្នែកច្បាប់ ប្រវត្តិសាស្ត្រ បច្ចេកទេស និងផលប្រយោជន៍​ជាតិ។ ការដោះស្រាយដោយប្រញាប់ប្រញាល់ ឬដោយសម្ពាធ អាចធ្វើឱ្យបញ្ហាកាន់តែពិបាក។ ផ្ទុយទៅ​វិញ ការបន្តចរចាដោយមានភាពអត់ធ្មត់ និងប្រើយន្តការដែលច្បាប់អន្តរជាតិទទួលស្គាល់ អាចផ្តល់ឱកាស​ឱ្យភាគីទាំងពីរស្វែងរកចំណុចដែលអាចយល់ព្រមគ្នាបាន។

ក្នុងកិច្ចប្រជុំនេះដែរ កម្ពុជានឹងមានការចូលរួមពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិជាភ្នាក់ងាររបស់កម្ពុជា លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋាន​កិច្ចការ​ព្រំ​ដែនជាភ្នាក់ងាររង ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារផ្នែកច្បាប់មួយចំនួនទៀត។ ការរៀបចំ​ក្រុមការ​ងារ​បែបនេះបង្ហាញថា កម្ពុជាចូលរួមក្នុងដំណើរការដោយផ្តោតលើទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស។

គួររំលឹកផងដែរថា គណៈកម្មការផ្សះផ្សានេះមានសមាសភាពអ្នកផ្សះផ្សាចំនួន៥រូប ដោយកម្ពុជាបានតែង​តាំងលោក Peter Taksøe-Jensen និងលោក Jean-Marc Thouvenin ខណៈថៃបានតែងតាំងលោក Rüdiger Wolfrum និងលោក Albert Hoffmann។ បន្ទាប់មក អ្នកផ្សះផ្សាទាំងបួនរូបបាន​ជ្រើសរើស​យក​លោកស្រី Katrina Cooper ឱ្យធ្វើជាប្រធានគណៈកម្មការឯករាជ្យ។

ក្នុងនោះដែរ ការបើកឱ្យមានការផ្សាយជាសាធារណៈគឺជាចំណុចមួយដែលគួរឱ្យកត់សម្គាល់ ដោយអាច​ជួយ​ឱ្យ​ប្រ​ជាពលរដ្ឋទទួលបានព័ត៌មានដោយផ្ទាល់ និងយល់កាន់តែច្បាស់អំពីដំណើរ​ការដែលកំពុង​កើត​ឡើង។ សម្រាប់បញ្ហាដែលមានភាពរសើបដូចជាបញ្ហាព្រំដែន តម្លាភាពមានសារៈសំខាន់ ព្រោះការខ្វះព័ត៌​មាន​អាចនាំឱ្យកើតមានការយល់ច្រឡំ ឬការបកស្រាយខុសគ្នា។

ចំណុចដែលគួរឱ្យសង្ឃឹម គឺភាគីទាំងពីរមានឱកាសជជែកគ្នានៅក្នុងក្របខ័ណ្ឌដែលផ្អែកលើច្បាប់​អន្តរ​ជាតិ។ ការចូលរួមក្នុងដំណើរការផ្សះផ្សាមិនមែនមានន័យថា ភាគីណាមួយត្រូវបោះបង់ផលប្រយោជន៍​ជាតិរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ វាជាវិធីមួយក្នុងការដាក់ជំហររបស់ខ្លួនលើតុចរចា ហើយស្វែង​រក​ដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងពីរ។

បញ្ហានេះក៏មានទំនាក់ទំនងជាមួយឱកាសសេដ្ឋកិច្ចនៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នាផងដែរ ជាពិសេសធន​ធាន​ធម្មជាតិ និងសក្តានុពលប្រេង និងឧស្ម័ន។ ប្រសិនបើកម្ពុជា និងថៃអាចឈានដល់ការយល់​ព្រមគ្នា​តាមផ្លូវច្បាប់ នោះតំបន់ដែលធ្លាប់ជាប្រភពនៃការខ្វែងគំនិតគ្នា អាចក្លាយជាតំបន់ដែលភាគី​ទាំងពីររក​ឃើញផលប្រយោជន៍រួម។

ទោះជាយ៉ាងណា មិនគួររំពឹងពេកទេថា ការចាប់ផ្តើមដំណើរការផ្សះផ្សានឹងធ្វើឱ្យជម្លោះត្រូវ​បាន​បញ្ចប់​ភ្លាមៗនោះទេ។ បញ្ហាដែលបានអូសបន្លាយអស់ជាងពីរទសវត្សរ៍មកហើយនេះ ត្រូវការទាំងពេលវេលា ការចរចាដោយប្រុងប្រយ័ត្ន និងឆន្ទៈពីភាគីទាំងពីរ តែអ្វីដែលសំខាន់នៅពេលនេះ គឺកុំឱ្យភាពខ្វែងគំនិតគ្នា​អំពីរបញ្ហាព្រំដែនដែលមានស្រាប់នេះបានក្លាយជាឧបសគ្គរារាំងដល់ការសន្ទនាទៅបានហើយ។

សម្រាប់កម្ពុជា ការរក្សាភាពអត់ធ្មត់ និងបន្តប្រើប្រាស់មធ្យោបាយការទូត គឺជាជម្រើសដែលអាចជួយរក្សា​បរិយាកាសសម្រាប់ការចរចា។ ទន្ទឹមនឹងនេះ ការត្រៀមខ្លួនផ្នែកច្បាប់ និងបច្ចេកទេសក៏មានសារៈសំខាន់ ដើម្បីធានាថាផលប្រយោជន៍របស់កម្ពុជាត្រូវបានការពារយ៉ាងច្បាស់លាស់ក្នុងដំណើរការចរចា។

នៅទីបញ្ចប់ គោលដៅមិនមែនគ្រាន់តែចង់ឱ្យជម្លោះមួយត្រូវបានបិទបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែគឺការ​ស្វែង​រក​ដំណោះស្រាយដែលអាចឱ្យកម្ពុជា និងថៃបន្តរស់នៅជាមួយគ្នាដោយមានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិ​ការ​កាន់តែប្រសើរ។ ប្រសិនបើភាគីទាំងពីរអាចរកឃើញចំណុចរួមតាមច្បាប់ និងដោយសន្តិវិធី នោះបញ្ហា​ដែលធ្លាប់បង្កការខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនឆ្នាំ អាចបើកផ្លូវទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ និងផលប្រយោជន៍រួមនៅថ្ងៃខាងមុខ៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង