របាយការណ៍១០០ទំព័ររបស់ UNESCO និង ICOMOS បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ
Specialists from the UNESCO World Heritage Centre (WHC) and the International Council on Monuments and Sites (ICOMOS) inspect Preah Vihear Temple in March. WHC-ICOMOS Report
របាយការណ៍បេសកកម្មរួមរបស់អ្នកជំនាញមកពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (WHC) និងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងតំបន់បេតិកភណ្ឌ (ICOMOS) បានរៀបរាប់លម្អិតអំពីការខូចខាតយ៉ាងដំណំចំពោះប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បណ្តាលមកពីការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃកាលពីឆ្នាំមុន។
របាយការណ៍បេសកកម្មនេះរៀបចំឡើងដោយលោកស្រី Mechtild Rössler អ្នកជំនាញមកពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងលោក Pierre Smars អ្នកជំនាញមកពី ICOMOS ដែលបានចូលរួមក្នុងបេសកកម្មប្រឹក្សារួមទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។
របាយការណ៍ដែលមានកម្រាស់ជាង ១០០ ទំព័រ មានរូបថតជាច្រើនបង្ហាញពីការខូចខាតចំពោះប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៩នេះ។
បេសកកម្មប្រឹក្សាបន្ទាន់នេះធ្វើឡើងតាមសំណើរបស់អាជ្ញាធរកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ ដែលត្រូវបានរាយការណ៍ថា បានបណ្តាលឱ្យផ្នែកជាច្រើននៃប្រាសាទរងការខូចខាត។
នេះជាបេសកកម្មអន្តរជាតិផ្លូវការលើកដំបូងដែលបានចុះទៅកាន់ទីតាំងនេះ ចាប់តាំងពីមានបេសកកម្មត្រួតពិនិត្យរបស់ UNESCO-ICOMOS ក្នុងឆ្នាំ២០០៩។

យោងតាមរបាយការណ៍ អ្នកជំនាញបានឃើញផ្ទាល់នូវផ្នែកស្ថាបត្យកម្មមួយចំនួនដែលត្រូវបានបំផ្លាញទាំងស្រុងដោយការវាយប្រហារចំៗ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានរុះរើចេញពីទីតាំងដើម ឬដួលរលំដោយសារកម្លាំងផ្ទុះយ៉ាងខ្លាំង។
ពួកគេបានឃើញផ្នែកកំពូលជញ្ជាំងដែលបានធ្លាក់ចុះដល់ដី សសរខាងលិចនៅតំបន់សក្ការៈត្រូវបានឃ្លាតចេញពីទីតាំងដើម សសរខាងលិចត្រូវបានបំផ្លាញ ផ្នែកខាងមុខខាងកើតនៃគោបុរៈទី៥ បានបាក់រលំ ព្រមទាំងការខូចខាតជណ្តើរខាងមុខ ច្រកទ្វារ និងផ្នែកផ្សេងៗទៀត។
ការតុបតែងលម្អ និងសិលាចារឹកក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដោយផ្នែកតុបតែងជាច្រើន ដូចជា ផ្នែកកំពូលជញ្ជាំង និងចម្លាក់លៀន ត្រូវបានបំផ្លាញ ឬបាត់បង់។ អ្នកជំនាញបានឃើញផ្នែកកំពូលជញ្ជាំងដែលមានចម្លាក់តុបតែងធ្លាក់នៅលើដី និងបំណែកជាច្រើនរាយប៉ាយពេញដី។
អ្នកជំនាញក៏បានឃើញផ្ទៃជញ្ជាំងភាគច្រើនរងការខូចទ្រង់ទ្រាយដោយសារការប៉ះទង្គិចពីបំណែកគ្រាប់ផ្ទុះ ខណៈច្រាំងថ្មត្រូវបានធ្វើឱ្យទន់ខ្សោយដោយការបាញ់ផ្លោងយ៉ាងខ្លាំង ដែលបង្កការគំរាមកំហែងដល់ស្ថិរភាពរបស់វា។
ពួកគេបានឃើញផ្ទាល់នូវរណ្តៅដែលបង្កឡើងដោយការផ្ទុះ សំណល់សង្គ្រាម និងគ្រាប់មិនទាន់ផ្ទុះ (UXO) ដែលរាយប៉ាយនៅទូទាំងតំបន់បេតិកភណ្ឌ តំបន់ទ្រនាប់ និងតំបន់ជុំវិញ។ គ្មានតំបន់ណាមួយដែលមិនរងផលប៉ះពាល់នោះទេ។ ប្រាសាទបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងឧបករណ៍សម្រាប់ការងារជួសជុល ដូចជា គ្រឿងស្ទូចយោងដុំថ្ម រោងជាងកាត់ថ្ម ម៉ាស៊ីនអារថ្ម ស្ថានីយអាកាសធាតុ និងមជ្ឈមណ្ឌលបកស្រាយព័ត៌មានថ្មី ក៏ត្រូវបានបំផ្លាញផងដែរ។
អ្នកជំនាញត្រូវបានអាជ្ញាធរជាតិព្រះវិហារ (NAPV) ជម្រាបថា អាជ្ញាធរបានកំណត់ឃើញតំបន់រងការខូចខាតចំនួន ៥៦២កន្លែង ក្នុងនោះ ១៤២កន្លែងបណ្តាលមកពីការវាយប្រហារកាលពីខែកក្កដា និង ៤២០កន្លែងបណ្តាលមកពីការវាយប្រហារកាលពីខែធ្នូ។
អ្នកជំនាញក៏ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជម្រាបថា ថៃ បានប្រើកាំភ្លើងធំមធ្យម និងធុនធ្ងន់ ដូចជា កាំភ្លើងធំទំហំ ១០៥មីលីម៉ែត្រ និង ១៥៥មីលីម៉ែត្រ រួមទាំងគ្រាប់បែកចង្កោម និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានទម្លាក់គ្រាប់ត្បាល់ទំហំ ៨១មីលីម៉ែត្រ ១០០មីលីម៉ែត្រ និង ១២០មីលីម៉ែត្រ ចំដោយផ្ទាល់ទៅលើប្រាសាទ។
របាយការណ៍បានបញ្ជាក់ថា៖ «បេសកកម្មបានវិភាគឃើញថា ការវាយប្រហារទាំងនេះបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងធ្ងន់ធ្ងរដល់ភាពសុចរិតនៃតំបន់បេតិកភណ្ឌ។ ផ្នែកនៃស្ថាបត្យកម្មមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងដោយការវាយប្រហារចំៗ ខណៈធាតុមួយចំនួនទៀតរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានឃ្លាតចេញពីទីតាំងដើម និង/ឬដួលរលំដោយសារកម្លាំងផ្ទុះយ៉ាងខ្លាំង»។
របាយការណ៍បានបន្ថែមថា ជម្លោះបានប៉ះពាល់យ៉ាងខ្លាំងដល់ភាពសុចរិត និងភាពជាក់ស្តែងដើមរបស់តំបន់បេតិកភណ្ឌ។
របាយការណ៍បានផ្តល់អនុសាសន៍ជាច្រើនស្តីពីការអភិរក្សជាក់ស្តែង ការគ្រប់គ្រង និងការគាំទ្រអន្តរជាតិសម្រាប់តំបន់បេតិកភណ្ឌពិភពលោកនេះ។ ជាអាទិភាពដំបូង អ្នកជំនាញបានណែនាំឱ្យសម្អាតគ្រាប់មិនទាន់ផ្ទុះឱ្យអស់ មុនពេលការងារផ្សេងៗអាចចាប់ផ្តើមឡើងវិញ។ ពួកគេក៏បានណែនាំឱ្យពង្រឹង និងធានាសុវត្ថិភាពសំណង់ដែលមានស្ថិរភាពខ្សោយបំផុត និងប្រឈមនឹងការបាក់រលំ។
របាយការណ៍បានបញ្ជាក់ថា៖ «ទីតាំងនេះគួរតែត្រូវបានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ខណៈស្ថានភាពខូចខាតរបស់ទីតាំងត្រូវបន្តកត់ត្រាជាឯកសារ។ សំណង់ដែលមានស្ថិរភាពខ្សោយបំផុតគួរតែត្រូវបានពង្រឹងសុវត្ថិភាព ហើយផ្នែកស្ថាបត្យកម្មដែលរងការខូចខាត បំណែកដែលនៅសល់ និងតំបន់ដែលបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យកាន់តែខ្ពស់ គួរតែត្រូវបានការពារ។ ការឈានមកដល់នៃរដូវវស្សាគឺជាមូលហេតុមួយបន្ថែមទៀតដែលតម្រូវឱ្យមានការចាត់វិធានការឱ្យបានឆាប់រហ័ស»។
របាយការណ៍បានបន្តថា៖ «បេសកកម្មនេះស្នើឱ្យមានការចរចាពហុភាគី ដើម្បីទទួលបានការធានាថា នឹងមិនមានសកម្មភាពប្រទូសរ៉ាយបន្ថែមទៀតកើតឡើង ហើយការសម្អាតគ្រាប់មិនទាន់ផ្ទុះ និងវិធានការបន្ទាន់ផ្សេងទៀតអាចដំណើរការទៅមុខបាន។ គួររៀបចំវិធីសាស្ត្ររួមគ្នារវាងក្រុមការងារសម្អាតគ្រាប់មិនទាន់ផ្ទុះ និងបុគ្គលិកផ្នែកបេតិកភណ្ឌ»។
បេសកកម្មបានអំពាវនាវឱ្យមានការចូលរួមពីភាគីថៃ ក្នុងការធានាថាការងារបន្ទាន់អាចចាប់ផ្តើមបាន ហើយមិនមានការប្រទូសរ៉ាយកើតឡើងជាថ្មី។
របាយការណ៍បានបន្ថែមថា៖ «បេសកកម្មផ្តល់អនុសាសន៍ថា ការចូលរួមរបស់ថៃត្រូវតែមានការរំពឹងទុក និងអនុញ្ញាតឱ្យកើតមាន។ វាជារឿងបន្ទាន់ក្នុងការធានាថា ការងារបន្ទាន់អាចដំណើរការទៅមុខបាន ដោយគ្មានហានិភ័យចំពោះកម្មករ អ្នកគ្រប់គ្រងទីតាំង និងអ្នកជំនាញ និងក្រុមការងារអន្តរជាតិ»៕
-post khmer-






