Grand News Asia Close

វិភាគអន្តរជាតិ៖ តើទំនាក់ទំនងរុស្ស៉ី-ឥណ្ឌា អាចនៅតែរឹងមាំទេ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1026
វិភាគអន្តរជាតិ៖ តើទំនាក់ទំនងរុស្ស៉ី-ឥណ្ឌា អាចនៅតែរឹងមាំទេ? វិភាគអន្តរជាតិ៖ តើទំនាក់ទំនងរុស្ស៉ី-ឥណ្ឌា អាចនៅតែរឹងមាំទេ?

(ប៊ីស្កេក)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅក្នុងទីក្រុងប៊ីស្កេក នៃប្រទេសកៀហ្ស៉ីស៊ីស្ថាន នាឱកាសចូលរួមកិច្ចប្រជុំនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាប្លុកមួយដែលក្រុមអ្នកជំនាញមួយចំនួនមើលឃើញថាជាកម្លាំងតុល្យភាពមួយទប់ទល់នឹងឥទ្ធិពលសហរដ្ឋអាមេរិក។ កិច្ចប្រជុំ SCO ធ្វើឡើងចំពេលបណ្ដាប្រទេសនៅជុំវិញពិភពលោកកំពុងព្យាយាមដោះស្រាយផលវិបាកកើតចេញពីសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ដែលបានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ខណៈសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនបានចូលក្នុងឆ្នាំទី៥។

ឥណ្ឌានៅតែបន្តចូលរួមជាមួយ SCO តែក៏បន្តប្រឆាំងនឹងរាល់កិច្ចប្រឹងប្រែងដែលចង់ប្រែក្លាយអង្គការមួយនេះទៅជាប្លុកប្រឆាំងលោកខាងលិច។ គោលជំហរបែបនេះបានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់ឥណ្ឌា នៅក្នុងការថែរក្សាទំនាក់ទំនងជាមួយពួកមហាអំណាចដែលកំពុងប្រកួតប្រជែងគ្នា។ តែព្រមពេលជាមួយគ្នា គោលជំហរនេះកំពុងស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងក្លាផងដែរ ដ្បិតរុស្ស៉ីបន្តជាប់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញសង្រ្គាមនៅអ៊ុយក្រែន ខណៈឥណ្ឌាវិញកំពុងប្រឈមមុខនឹងការដាក់សម្ពាធពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការប្រេងពីរុស្ស៉ី គាប់ជួនមានភាពតានតឹងពាណិជ្ជកម្មស្រាប់ជាមួយវ៉ាស៊ីនតោន។

អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំសហរដ្ឋអាមេរិក លោកស្រី Meera Shankar បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ DW ថាទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ីមិនគួរត្រូវបានមើលឃើញថាជាការប្រឆាំងដោយផ្ទាល់នឹងសហរដ្ឋអាមេរិកនោះទេ។ «ឥណ្ឌាមានទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែងជាមួយរុស្ស៉ី។ តែនេះមិនមែន មានន័យថាវាជាការប្រឆាំងដោយផ្ទាល់នឹងប្រទេសណាមួយឡើយ ប៉ុន្តែមានគោលដៅជួយឥណ្ឌាបំពេញតាមគោលដៅ និងផលប្រយោជន៍ជាតិ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Shankar។

* ទំនាក់ទំនងថាមពលរុស្ស៉ី-ឥណ្ឌាកាន់តែមានភាពស៊ីជម្រៅ
វិស័យថាមពលបានក្លាយជាចំណុចផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់មួយក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា។ នៅមុនឆ្នាំ២០២២ ពោលគឺមុនពេលរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន ការផ្គត់ផ្គង់របស់ទីក្រុងមូស្គូបានចូលរួមចំណែកមួយផ្នែកតូចប៉ុណ្ណោះនៃការនាំចូលប្រេងឆៅរបស់ឥណ្ឌា។ រហូតដល់ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ការលក់ប្រេងបញ្ចុះតម្លៃបានធ្វើឱ្យរុស្ស៉ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយរបស់ឥណ្ឌា។ តែរុស្ស៉ីក៏បានក្លាយជាបញ្ហាឈឺក្បាលមួយផងដែរសម្រាប់ឥណ្ឌានៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលបាន និងកំពុងដាក់សម្ពាធឱ្យទីក្រុងញូវដែលីកាត់បន្ថយការទិញប្រេងពីរុស្ស៉ី។

ឥណ្ឌាមកទល់នឹងពេលនេះ នៅតែអះអាងថាការទិញប្រេងក្នុងតម្លៃសមរម្យ និងគួរឱ្យទុកចិត្តបានគឺជាផលប្រយោជន៍ជាតិ។ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ដែលបង្កការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz បានបង្កផលប៉ះពាល់ដល់ការទិញប្រេងរបស់ឥណ្ឌាពីបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស នៅចំពោះមុខប្រេងឡើងថ្លៃ។ ការណ៍នេះបានជំរុញឱ្យឥណ្ឌាកាន់តែងាកទៅរកការទិញប្រេងពីរុស្ស៉ី។ លោកស្រី Shankar បាននិយាយថាឥណ្ឌាកំពុងដោះស្រាយបញ្ហាប្រឈមតាមរយៈការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល ក្នុងនោះរួមមានទាំងពីរុស្ស៉ី និងសហរដ្ឋអាមេរិក។ «ក្នុងរយៈពេលយូរ ការផ្លាស់ប្ដូរទៅកាន់សេដ្ឋកិច្ចដែលមិនពឹងផ្អែកលើឥន្ធនៈផូស៊ីល នឹងជួយពង្រឹងឯករាជ្យភាពនៃវិស័យថាមពលរបស់ឥណ្ឌា។ តែរឿងបែបនេះនឹងមិនអាចកើតឡើងក្នុងពេលតែមួយយប់បាននោះទេ»។ នេះជាការកត់សម្គាល់របស់លោកស្រី Shankar ដោយបន្ថែមថារហូតដល់មានឯករាជ្យភាពនៃវិស័យថាមពល ឥណ្ឌាត្រូវតែចាត់វិធានការចាំបាច់នានាដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងការពារប្រជាជនរបស់ខ្លួន។

* អនាគតនៃកិច្ចសហប្រតិបត្តិការការពារជាតិឥណ្ឌា-រុស្ស៉ី
វិស័យការពារនៅតែជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៉ី។ ប៉ុន្តែទំនោរមួយដែលគេកំពុងឃើញយ៉ាងច្បាស់ នោះគឺការពឹងផ្អែករបស់ឥណ្ឌាលើការទិញបរិក្ខារយោធាពីរុស្ស៉ីកំពុងថយចុះ។ ជាពិសេស សង្រ្គាមនៅអ៊ុយក្រែនបាន និងកំពុងបង្កឱ្យមានការចោទសួរអំពីសមត្ថភាពផលិត កាលបរិចេ្ឆទនៃការប្រគល់ និងសមត្ថភាពផ្គត់ផ្គង់គ្រឿងបន្លាស់របស់រុស្ស៉ីក្នុងនាមជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ឥណ្ឌារាប់ទសវត្សរ៍មកនេះ។ ក៏ព្រោះតែរុស្ស៉ីក៏ត្រូវការអាវុធជាចាំបាច់សម្រាប់បន្តធ្វើសង្រ្គាមនៅអ៊ុយក្រែនដែរ។ លោក Aravind Yelery ជាសាស្ត្រាចារ្យរងម្នាក់មកពីសាលវិទ្យាល័យ Jawaharlal Nehru ក្នុងទីក្រុងញូវដែលី ​យល់ថាឥណ្ឌាជាម៉ូយចាស់ និងជាអ្នកទិញអាវុធដ៏ធំបំផុតពីរុស្ស៉ី ហើយក៏ប្រហែលជាអ្នកទិញធំចុងក្រោយបំផុតរបស់រុស្ស៉ីផងដែរ។ លោកបន្ថែមថាទីក្រុងញូវដែលីកាន់តែមានការស្ទាក់ស្ទើរក្នុងការប្ដេជ្ញាចិត្តចំពោះកម្មវិធីយន្ដហោះចម្បាំងជំនាន់ទី៥របស់រុស្ស៉ី ហើយមិនសូវមានចំណាប់អារម្មណ៍ ទិញបរិក្ខារយោធា ឬអាវុធថ្មីៗពីរុស្ស៉ីឡើយ លុះត្រាតែអាវុធទាំងនោះអាចត្រូវបានធ្វើសមាហរណកម្មជាមួយកម្មវិធីផលិតអាវុធក្នុងស្រុករបស់ឥណ្ឌា។

តែទោះជាឥណ្ឌាកំពុងធ្វើពិពិធកម្មការទិញអាវុធរបស់ខ្លួនក៏ដោយ ក៏នេះមិនមែនមានន័យថាទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២កំពុងរលាយបាត់នោះទេ។ គ្រាន់តែស្ថានភាពនៃទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌាមានការប្រែប្រួល ក្នុងបរិបទដែលទីក្រុងញូវដែលីកំពុងសម្លឹងរកទំនាក់ទំនងមួយដែលអាចចូលរួមចំណែកក្នុងកម្មវិធីផលិតអាវុធក្នុងស្រុក ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើការទិញអាវុធផលិតហើយស្រាប់ពីបរទេស។

* កត្តាចិន
ការកើនឡើងការពឹងផ្អែករបស់រុស្ស៉ីលើចិនបានក្លាយជាសមីការដ៏ស្មុគស្មាញមួយក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២ ចិនបានក្លាយជាទីផ្សារមួយមិនអាចខ្វះបានសម្រាប់រុស្ស៉ី ទាំងការផ្គត់ផ្គង់ និងជាដៃគូសេដ្ឋកិច្ច ហើយដែលនេះបានកាត់បន្ថយសមត្ថភាពរបស់មូស្គូក្នុងការដើរតួនាទីជាកម្លាំងតុល្យភាពដែលជួយឥណ្ឌាទប់ទល់នឹងឥទ្ធិពលចិន។ នៅត្រង់ចំណុចនេះ លោក Yelery មើលឃើញភាពខុសគ្នាដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា។ តាមអ្នកជំនាញរូបនេះ ជាយុទ្ធសាស្ត្រ ទំនាក់ទំនងរបស់រុស្ស៉ីជាមួយចិននៅតែមានលក្ខណៈជាទំនាក់ទំនងដែលសម្លឹងឃើញពីការទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយដោយសារតែការពឹងផ្អែកលើចិន រុស្ស៉ីនឹងមិនប្រថុយធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយចិនឡើយ។ ផ្ទុយទៅវិញ ទំនាក់ទំនងរបស់រុស្ស៉ីជាមួយឥណ្ឌាមើលទៅមានលក្ខណៈជាដៃគូ។

ឥណ្ឌាមានហេតុផលជាច្រើនក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី ដូចជាថាមពល ការពារជាតិ និងការចូលទៅកាន់ទីផ្សាររុស្ស៉ី រួមទាំងទំនាក់ទំនងនយោបាយយូរអង្វែងនៅទូទាំងតំបន់អឺរ៉ាស៊ី។ ប៉ុន្តែគ្រាន់តែឥលូវ ការគណនា ឬការគិតគូពីយុទ្ធសាស្ត្រមានការប្រែប្រួលប៉ុណ្ណោះ។

* យុទ្ធសាស្ត្រ «America plus» របស់ឥណ្ឌា
អ្នកជំនាញខាងកិច្ចការយុទ្ធសាស្ត្រ លោក Raja Mohan បាននិយាយថាការកើនឡើងការពឹងផ្អែករបស់រុស្ស៉ីលើចិន បានធ្វើឱ្យប្រែប្រួលគុណតម្លៃយុទ្ធសាស្ត្ររបស់រុស្ស៉ីសម្រាប់ឥណ្ឌា។ លោក Mohan ដែលជាសាស្ត្រាចារ្យម្នាក់សិក្សាពីសហរដ្ឋអាមេរិក មកពីសាកលវិទ្យាល័យ Jindal Global ផងនោះ បានប្រាប់ DW ថា «រុស្ស៉ីលែងស្ថិតនៅក្នុងគោលជំហរមួយដែលអាចជួយឥណ្ឌាទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិន ទៀតនោះទេ»។ ការណ៍នេះបានកែប្រែការរំពឹងទុករបស់ឥណ្ឌាពីទំនាក់ទំនងជាមួយរុស្ស៉ី។ បានន័យថាទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌាក្នុងពេលឥលូវកាន់តែផ្ដោតលើផលប្រយោជន៍ជាក់ស្ដែង ដូចជាសន្តិសុខថាមពល ការផ្គត់ផ្គង់អាវុធ ពាណិជ្ជកម្ម និងការផ្ទេរបច្ចេកវិទ្យា ខណៈទម្ងន់នៃភូមិសាស្ត្រនយោបាយរបស់ឥណ្ឌាកាន់តែផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ ជាឧទាហរណ៍៖ ឥណ្ឌាបានពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងបច្ចេកវិទ្យាជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជាដៃគូ ដូចជាបារាំង ជប៉ុន និងអ៉ីស្រាអែល។ លោក Mohan បានចាត់ទុកវិធីសាស្ត្រមួយនេះជា «យុទ្ធសាស្ត្រ America plus» ដែលអនុញ្ញាតឱ្យឥណ្ឌារក្សាទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយពង្រីកទំនាក់ទំនងជាមួយមហាអំណាចសំខាន់ៗផ្សេងទៀត។ «ឥណ្ឌាកំពុងព្យាយាមកាត់បន្ថយផលវិបាកដែលកើតចេញពីការប្រែប្រួលនៃគោលនយោបាយអាមេរិក ប៉ុន្តែនៅតែទទួលស្គាល់ថាវ៉ាស៊ីនតោនជាដៃគូដ៏សំខាន់មួយរបស់ខ្លួន»។ នេះបើតាមលោក Mohan។

តាមលោក Rajan Kumar វិញ ជាសាស្ត្រាចារ្យម្នាក់សិក្សាពីរុស្ស៉ីមកពីសាកលវិទ្យាល័យ Jawaharlal Nehru លោក ពូទីន ចង់បានការធានាថាឥណ្ឌានឹងបន្តរក្សាទំនាក់ទំនងជាមួយមូស្គូ បើទោះជាមានសម្ពាធពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ លោក Kumar បានប្រាប់ DW ថា «លោកប្រធានាធិបតី ពូទីន ចង់បានការធានាមួយពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ថាឥណ្ឌានឹងមិនបោះបង់ចោលរុស្ស៉ី ក្នុងគ្រាសព្វថ្ងៃដែលរុស្ស៉ីកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកឡើយ»។ លោក ​Kumar បន្ថែមថាលោក ពូទីន រំពឹងថាឥណ្ឌានៅតែបន្តរក្សាទំនាក់ទំនងដែលមានស្រាប់ជាមួយរុស្ស៉ី ទោះស្ថិតនៅក្រោមសម្ពាធពីអាមេរិកក៏ដោយ ជាជាងសើរើទំនាក់ទំនងឡើងវិញ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការធ្វើតេស្ដដ៏ធំមួយនឹងកើតឡើងនៅទីក្រុងញូវដែលី នៅក្នុងខែកញ្ញានេះ ជាពេលដែលលោក ពូទីន ត្រូវបានរំពឹងថានឹងត្រឡប់ទៅកាន់កិច្ចប្រជុំកំពូល BRICS វិញ។ កិច្ចប្រជុំក្នុងទីក្រុងប៊ីស្កេក អាចជួយឱ្យរុស្ស៉ី និងឥណ្ឌារក្សាទំនាក់ទំនងនយោបាយស្ថិតក្នុងទិសដៅល្អ ប៉ុន្តែកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុងញូវដែលីនឹងបង្ហាញថាតើនិរន្តរភាពនយោបាយអាចនឹងសម្រេចបាននូវវឌ្ឍនភាពលើពាណិជ្ជកម្ម ថាមពល ការពារជាតិ និងបច្ចេកវិទ្យាដែរឬក៏យ៉ាងណា? ជាការពិតណាស់ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងមូស្គូ និងញូវដែលមានការផ្លាស់ប្ដូរ ដោយវិស័យថាមពលបានក្លាយជាកត្តាមួយដ៏សំខាន់ រីឯការពឹងផ្អែករបស់ឥណ្ឌាលើការទិញអាវុធពីរុស្ស៉ីកំពុងត្រូវបានកែសម្រួលឡើងវិញ ហើយភាពស្និទ្ធស្នាលរបស់រុស្ស៉ីជាមួយចិន បានផ្លាស់ប្ដូរការគណនា ឬការគិតគូរគុណតម្លៃរបស់រុស្ស៉ី នៅក្នុងយុទ្ធសាស្ត្ររបស់ឥណ្ឌា៕

-Fresh News-

អត្ថបទទាក់ទង