Grand News Asia Close

បទវិចារណកថា៖ មោទកភាពជាតិអាចរក្សាបានដោយសារ ឯករាជ្យភាព សន្តិភាព និង​ការអភិវឌ្ឍ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1578
បទវិចារណកថា៖ មោទកភាពជាតិអាចរក្សាបានដោយសារ ឯករាជ្យភាព សន្តិភាព និង​ការអភិវឌ្ឍ បទវិចារណកថា៖ មោទកភាពជាតិអាចរក្សាបានដោយសារ ឯករាជ្យភាព សន្តិភាព និង​ការអភិវឌ្ឍ

ថ្ងៃស្អែក គឺជាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចង​ចាំ​បានថាជាថ្ងៃដែលកម្ពុជាបានទទួលឯករាជ្យភាព ពីនឹមអាណានិគមនិយមបារាំង ប៉ុន្តែ​សូម​កុំ​ភ្លេចមោទកភាពជាតិរបស់កម្ពុជា ក៏ត្រូវការមានសន្តិភាព និងការអភិវឌ្ឍផងដែរ។

សង្គមមួយដែលមានមោទកភាពជាតិ និងវឌ្ឍនភាពសង្គមជានិរន្តន៍បាន គឺត្រូវ​ការ​ជា​ចាំ​បាច់​នូវ​មូល​បទទាំងបីនេះ គឺ​ឯករាជ្យភាព សន្តិភាព និង ការអភិវឌ្ឍ ដូច្នេះ​យើង​ទាំង​អស់​គ្នាត្រូវ​តែយក​ចិត្ត​ទុកដាក់ និងត្រូវធ្វើយ៉ាងណាពូនជ្រុំក៏ដូចជា​ថែរក្សាមូល​បទទាំង​បីឱ្យ​បន្ត​មាន​នៅក្នុង​សង្គ​មកម្ពុជា​ជានិច្ច។

ឯករាជ្យភាព សន្តិភាព និង ការអភិវឌ្ឍ នេះ គឺត្រូវការគ្នាទៅវិញទៅមក មិនអាចអត់​មួយ​ណា​បានឡើយ ។ នៅក្នុងដំណើរវិវត្តន៍ទៅមុខរបស់សង្គមមនុស្ស ការបាត់បង់ឬ​ក៏អន់ថយ​នៅចំណុច​ណា​មួយ នៃមូលបទទាំងបី គឺពិតជាប៉ះពាល់ដល់តម្លៃ និងមូលដ្ឋាននៅក្នុងការ​ទ្រទ្រង់​មោទកភាព​ជាតិ​នៅថ្ងៃអនាគតជាមិនខាន។

ជាការពិត ប្រសិនបើកម្ពុជាមិនទទួលបាន​ឯករាជ្យពេញលេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នោះទេ ក៏គ្មានជាតិសាសន៍ និងអត្តសញ្ញាណជាតិខ្មែរមកដល់​បច្ចុប្បន្ននេះឡើយ ដូច្នេះការ​ដែល​យើង​ជួបជុំគ្នា រម្លឹកខួប៧០ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលជាស្នាព្រហស្ថ និងព្រះ​រាជ​បូជ​នីយ​កិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជារឿងដែលយើងត្រូវតែធ្វើនៅក្នុងនាមជាកុលបុត្រខ្មែរ ជាម្ចាស់​ជោគ​វាសនានៃព្រះរាជាណាចក្រកម្ពុជា។

​ព្រឹត្តិការណ៍នេះ បង្ហាញពីសមត្ថភាព និងថាមពល ដែលពលរដ្ឋកម្ពុជា​អាចមាន​សមត្ថភាព​ដណ្តើម​បានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជា ​ក្រោយពេល​ដែលបានបាត់បង់នូវឥស្សរភាព តាំងតែពីថ្ងៃទី១១ ខែ​សីហា ឆ្នាំ​​១៨៦៣ មកនោះ​។

ព្រឹត្តិការណ៍ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ គឺជាសក្ខីភាពនៃវីរភាពរបស់កុលបត្រខ្មែរ លើអាណា​និគម​និយម​បារាំង ប៉ុន្តែឥស្សរភាពនេះបានស្រអាប់ជាបន្តបន្ទាប់ប្រមាណជាជិត ៣ទស្សវត្សរ៍ ដោយសារ​យើងមិនទុកចិត្តគ្នា ហើយនាំគ្នាធ្វើឱ្យសន្តិភាពមានភាពរង្គោះរង្គើ ប្រទេសធ្លាក់​នៅក្នុង​ភ្នក់​ភ្លើងសង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ​រហូតដល់ធ្លាក់​ខ្លួននៅ​ក្នុង​របបវាលពិឃាត ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ​១៩៧៩ និងការ​បែក​បាក់​ទឹកដីជាដុំ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញបរិបូណ៍ ។​

ក្រោយពេលដែលមានឯករាជ្យ មានសន្តិភាពនេះហើយ ទើបបាន​ជាចរន្ត​នៃការ​អភិវឌ្ឍ​កម្ពុជា​មាន​សន្ទុះ​ឡើងយ៉ាងឆាប់រហ័ស និងបន្តកើតមានជាបន្តបន្ទាប់ ហើយ​ប្រាក់ចំណូល​មធ្យម​សម្រាប់​​ពលរដ្ឋ​ម្នាក់ៗ​ រំពឹងថានឹងឡើងពី ១ ៩១៧​ដុល្លារ នៅឆ្នាំ២០២៣ ទៅដល់​២ ០៧១ ដុល្លារ​នៅឆ្នាំ២០២៤ ខណៈដែលទុនបម្រុងអន្តរជាតិកើនឡើងពី ១៩ ៤៣៧ ដុល្លារ​ទៅដល់ ២១ ២៨៥ លានដុល្លារ រីឯអតិផរណា ស្ថិតនៅក្នុងរង្វង់ត្រឹមតែ ២,៥​ភាគរយ ខណៈដែល​នៅប្រទេស​មួយ​ចំនួន សូម្បីតែប្រទេសមហាអំណាចក៏លើសនេះ២ដងឯណោះក៏មាន។

សមិទ្ធផលចាប់តាំងពីមានសន្តិភាពរហូតមកដល់ពេលនេះ នៅមានច្រើនថែមទៀត ជាពិសេស​គឺ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្តជាស្ពាន និងផ្លូវថ្នល់ អាកាសយានដ្ឋាន គឺសុទ្ធតែកសាងថ្មី មិនមែន​កម្ពុជា​បន្ត​រស់នៅក្នុងកេរ្តិ៍ដំណែលពីមុនឡើយ។ សំណង់អគារខ្ពស់ៗ កើតមាន​មិនត្រឹម​តែនៅ​រាជធានី​ភ្នំពេញ និង​ខេត្តព្រះសីហនុនោះទេ គឺនៅតាមខេត្តនានា ក៏កំពុងតែរីកដុះដាលជាច្រើនផងដែរ​។ កម្រិតជីវភាព ក៏ដូចជាស្តង់ដារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការប្រែប្រួល​គួរ​ជាទី​កត់​សម្គាល់ ហើយសក្ខីភាពនេះគឺយើងបាន​ឃើញនៅក្នុងអំឡុងពេលនៃ​ការរីករាល​ដាល​នៃ​មេរោគកូវីដ១៩ ខណៈដែលប្រទេសជាច្រើនមានអ្នកជំងឺគ្មានកន្លែងសម្រាក តែកម្ពុជា អាចទ្រទ្រង់​សភាព​ការណ៍បាន ហើយនៅពេលនេះនៅសល់មូលនិធិ ដែលអាចបម្លែង​ទៅជាមន្ទីរ​ពេទ្យ​ឯកទេស និងសាងសង់មន្ទីរពេទ្យប្រមាណមួយម៉ឺនគ្រែ សម្រាប់ត្រៀមផងដែរ។​

សរុបមកវិញ​សូមឱ្យស្មារតីនៃឯករាជ្យជាតិ​បន្តស្ថិតស្ថេរ ប៉ុន្តែកុំភ្លេចបន្តពូនជ្រុំ និងថែទាំ ព្រម​ទាំង​ការ​ពារឱ្យបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដូច្នេះក្នុងករណី​បាត់​បង់​មូល​បទ​ណា​មួយ តម្លៃនៃមោទកភាពជាតិនឹងប្រែប្រួលទៅតាមនោះ ហើយកិត្យានុភាព និងកិត្តិ​នាម​ជាតិ​ក៏នឹង​ស្រអាប់ផងដែរ៕

ប្រភព៖ AKP

 

អត្ថបទទាក់ទង