សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ តាមប្រព័ន្ធវីដេអូ
នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជជែកការងារជាមួយលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីភូមិគ្រឹះតាខ្មៅ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយដែលបានជួបសន្ទនាសាជាថ្មីជាមួយនឹងលោកជំទាវប្រធានរដ្ឋសភារបស់អាស៊ែបៃហ្សង់។ សម្ដេចតេជោបានអរគុណចំពោះលោកជំទាវដែលបានបញ្ជូននូវសមាជិកសភារបស់អាស៊ែបៃហ្សង់មកចូលរួមនៅក្នុងកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្ដេចក៏បានរំលឹកអំពីប្រវត្តិដែលសម្ដេចធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះលោកជំទាវ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវីដេអូ នៅពេលនេះ។ លោកជំទាវបានលើកឡើងថា លោកជំទាវរីករាយណាស់ដែលបានសន្ទនាជាមួយសម្ដេចតេជោសាជាថ្មី។ នៅក្នុងឱកាសនោះលោកជំទាវក៏បានអបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសិទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះនៅក្នុងឱកាសនោះលោកជំទាវក៏បានជម្រាបសម្ដេចតេជោដោយអញ្ជើញសម្ដេចតេជោទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់នៅពេលខាងមុខ ហើយបន្ថែមពីលើនេះ លោកជំទាវក៏បានស្នើសុំនូវការគាំទ្រពីពីសំណាក់កម្ពុជាតាមស្នើសុំទៅកាន់សម្ដេចតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាព ប្រធាន IPU សហភាពអន្តរសភា ដែលលោកជំទាវគឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានអបអរសាទរជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា ដែលទើបតែបញ្ចប់ទៅថ្មីៗ។
សម្ដេចតេជោក៏បានទទួលយកនូវការអញ្ជើញរបស់លោកជំទាវនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស អាស៊ែបៃហ្សង់នៅពេលខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងពិនិត្យមើលនូវពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចសាជាថ្មី នៅប្រទេសអាស៊ែបៃហ្សង់។ សម្ដេចតេជោក៏បានឆ្លើយតបចំពោះសំណើរបស់លោកជំទាវដែលស្វែងរកការគាំទ្រពីកម្ពុជានៅក្នុងបេក្ខភាពរបស់លោកជំទាវគឺជាប្រធាន IPU ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើសុំរបស់អាស៊ែបៃហ្សង់នៅពេលនេះ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចរបស់លោកជំទាវនៅពេលខាងមុខ៕






