Grand News Asia Close

សេចក្តីសម្រេចចិត្តរបស់ APF៖ តើមានន័យយ៉ាងណាចំពោះជម្លោះកម្ពុជា-ថៃ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1015
សេចក្តីសម្រេចចិត្តរបស់ APF៖ តើមានន័យយ៉ាងណាចំពោះជម្លោះកម្ពុជា-ថៃ? សេចក្តីសម្រេចចិត្តរបស់ APF៖ តើមានន័យយ៉ាងណាចំពោះជម្លោះកម្ពុជា-ថៃ?

ក្នុងទំនាក់ទំនងអន្តរជាតិ សេចក្តីសម្រេចរបស់អង្គការអន្តរជាតិមួយ មិនមែនគ្រាន់តែជាការបង្ហាញ​ជំហរ​នយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីរបៀបដែលសហគមន៍អន្តរជាតិមើលឃើញ និងវាយ​តម្លៃ​ចំពោះ​ជម្លោះមួយផងដែរ។ ដូច្នេះ សេចក្តីសម្រេចចិត្តដែលសភាប្រើភាសាបារាំង (APF) បានអនុ​ម័ត​កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មិនគួរត្រូវបានមើលឃើញថា គ្រាន់តែជាការគាំទ្រ​កម្ពុជា​តែ​ប៉ុណ្ណោះ​​​ទេ។

បើសង្កេតឲ្យស៊ីជម្រៅ ខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរ​ជាតិ​កំពុងលើកទឹកចិត្តឲ្យភាគីទាំងពីរដោះស្រាយជម្លោះ ដោយផ្អែកលើច្បាប់អន្តរជាតិ ការ​គោរព​អធិប​តេយ្យ​​ភាព និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ជាជាងការប្រើសកម្មភាពជា​ឯក​តោ​ភាគី ឬការ​បង្កើន​ភាពតានតឹងនៅតាមព្រំដែន។

សេចក្តីសម្រេចចិត្តរបស់សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) កំពុងបង្ហាញថា ជម្លោះកម្ពុជា-ថៃមិន​អាច​ដោះស្រាយដោយការបង្កើតស្ថានការណ៍ថ្មីនៅលើដីជាក់​ស្តែង​ឬដោយការប្រើប្រាស់​អំណាចយោធាបាន​ទេ។

លើសពីនេះ ចំណុចដែលមានទម្ងន់ខ្លាំង គឺ APF បានបញ្ជាក់ឡើងវិញនូវសាលក្រមរបស់តុលាការ​យុត្តិ​ធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ នេះមិនមែនជាការរំលឹកដល់ប្រវត្តិសាស្ត្រទេ ប៉ុន្តែជាការរំលឹកថា សេចក្តីសម្រេច​របស់តុលាការអន្តរជាតិ មិនមែនជាជម្រើសដែលភាគីណាមួយអាចជ្រើសរើសគោរព ឬមិន​គោរពទៅតាម​អារម្មណ៍នយោបាយឬតាមការចង់បានតាមរបៀបនៃជាតិនិយមជ្រុលនោះទេ។ នៅពេល APF និយាយដោយផ្ទាល់សំដៅទៅលើសាលក្រមទាំងពីរ វាបានផ្តល់សារៈ​សំខាន់ថា មូលដ្ឋានសម្រាប់​ដោះ​​ស្រាយវិវាទ គឺច្បាប់ មិនមែនកម្លាំងឬសម្ពាធនយោបាយទេ។

ការណ៏នេះស្របទៅនិងយុទ្ធសាស្ត្រដែលកម្ពុជាបានកំពុងប្រកាន់ខ្ជាប់ចាប់តាំងពីវិបត្តិព្រំដែនផ្ទុះឡើងក្នុងឆ្នាំ២០២៥ មកម្លេះ។ ខណៈដែលស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពតានតឹង កម្ពុជាបានព្យាយាម​ផ្លាស់ប្តូរសមរភូមិ​ពី​ការប្រើយោធា ទៅសមរភូមិការទូត និងច្បាប់អន្តរជាតិ ដើម្បីចៀសវាងនូវការ​ខូចខាត​ទាំង​ព្រទ្យសម្បត្តិនិងជីវិតមនុស្ស​។ ការបន្តលើកយន្តការ JBC ការគាំទ្រ​ការចរចា ការយោងទៅសាលក្រម ICJ និងយន្តការច្បាប់នីតិសមុទ្រ UNCLOS សុទ្ធតែជាផ្នែកនៃយុទ្ធសាស្ត្រសន្តិវិធីនេះហើយ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺ APF មិនបានប្រើភាសាការទូតទេ ព្រោះសភានេះបានកត់​សម្គាល់​និងដឹង​​យ៉ាងច្បាស់រួចស្រេចទៅហើយ​អំពីការបំផ្លិចបំផ្លាញហេដ្ឋារេចនាសម្ព័ន្ធរបស់កម្ពុជា ដោយ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនា និងការបែង​ចែក​ដីធ្លីនៅតំបន់​ជម្លោះ​ក្នុងទឹកដីកម្ពុជារបស់ភាគីថៃ។

ក្នុងទំនាក់ទំនងអន្តរជាតិ ភាសាបែបនេះមានន័យច្បាស់ណាស់ថា គឺសំដៅទៅលើយុទ្ធ​សាស្ត្រដែលគេ​ដឹង​យ៉ាងច្បាស់ថា ជាការបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែង «Fait accompli»។ គោលបំណងរបស់​យុទ្ធ​សាស្ត្របែបនេះ គឺបង្កើតស្ថានភាពជាក់ស្តែងដោយសង្ឃឹមថា ពេលវេលានឹង​ធ្វើឲ្យស្ថាន​ភាព​នោះ​ក្លាយជា​រឿង​ធម្មតានៅពេលខាងមុខ។

ប៉ុន្តែការណ៏ដែល APF លើកឡើងដោយផ្ទាល់អំពីសកម្មភាពទាំងនេះ បានសរបញ្ជាក់ឲ្យឃើញថា សហ​គមន៍​​អន្តរជាតិមិនចាត់ទុកថារឿងជម្លោះព្រំដែននេះជារឿងតូចតាចឡើយ ផ្ទុយទៅវិញ នេះជាសញ្ញាថា រាល់​សកម្ម​ភាពជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្រោមការតាមដាន និងការវាយតម្លៃយ៉ាងដិត​ដល់ពី​សហ​គមន៏​អន្តរជាតិហើយ។

ម្យ៉ាងវិញទៀត APF ក៏បានភ្ជាប់បញ្ហាព្រំដែនទៅនឹងការការពារបេតិកភណ្ឌពិភពលោកផងដែរ។ នេះជា​ចំណុច​ដែលមានសារៈសំខាន់ខ្លាំង ព្រោះនៅពេលទីតាំងដែលមានតម្លៃជាសកលរងការខូចខាត វាមិន​មែន​ជាការបាត់បង់របស់ប្រទេសដែលជាម្ចាស់បេតិកភណ្ឌតែមួយទេ ប៉ុន្តែជាការបាត់បង់របស់មនុស្សជាតិ​ក្នុងពិភពលោកទាំងមូល។ ដូច្នេះ ជម្លោះព្រំដែនត្រូវបានពង្រីកទៅជាបញ្ហានៃការ​ការពារកេរដំណែល​សកល ដែលជាប្រធានបទដែលសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់ខ្លាំង។

ទន្ទឹមនឹងនេះ APF មិនបានជំរុញឲ្យមានការបង្កើតយន្តការដោះស្រាយជម្លោះថ្មីណាមួយនោះឡើយ ប៉ុន្តែ​បាន​គាំទ្រយន្ត​ការ​ផ្លូវការដែលមានស្រាប់ ដូចជា JBC និងការអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៦ ខែ តុលា ឆ្នាំ​២០២៥ ក្នុងន័យនេះ សហគមន៍អន្តរជាតិមិនបានមើលឃើញពីភាពខ្វះ​ចន្លោះឬគ្មានវឌ្ឍន៏​ភាព​នៃ​យន្តការផ្លូវការដែលមានស្រាប់នោះទេ ប៉ុន្តែបានមើលឃើញពីភាពកង្វះនៃការអនុវត្តយន្តការ​ដែល​មាន​ស្រាប់នោះទៅវិញទេ។

សម្រាប់កម្ពុជា សេចក្តីសម្រេចនេះមានតម្លៃច្រើនជាងការគាំទ្រផ្នែកនយោបាយទៅទៀត ព្រោះបាន​បង្កើន​ជាទុន​ការទូត និងផ្នែកច្បាប់ ដែលអាចឲ្យកម្ពុជាប្រើប្រាស់នាពេល​អនាគតបាន។ នៅពេលអង្គការ​អន្តរ​សភាដ៏ធំមួយដែលមានសមាជិកមកពីច្រើនប្រទេស បានបញ្ជាក់ឡើងវិញអំពី​អធិប​តេយ្យភាព បូរណ​ភាពទឹកដី និងការគោរពសាលក្រម ICJ នោះបានបង្កើតបានជាសារគាំទ្រផ្នែកការទូតដ៏សំខាន់ ដែលមាន​ទម្ងន់​លើសពីសេចក្តីថ្លែងការណ៍នយោបាយធម្មតាទៅទៀត។

នៅពេល APF ជ្រើសរើសការប្រើភាសាបែបនេះ វាមានន័យថា ជម្លោះកម្ពុជា-ថៃ កំពុងត្រូវបានកំណត់​តាមនិយាមច្បាប់អន្តរជាតិ មិនមែនតាមកម្លាំងយោធា ឬសម្ពាធនយោបាយរបស់ភាគីណាមួយ​ឡើយ ហើយក្នុងការប្រកួតប្រជែងបែបនេះ ភាគីដែលអាចបង្ហាញថា ខ្លួនប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងអនុវត្ត​យុទ្ធ​សាស្ត្រការទូតដោយសន្តិវិធី នឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានភាពស្របច្បាប់ និង​ការគាំទ្រពីសហគមន៍អន្តរជាតិ៕

ដោយ៖ពិន វិជ័យ

អត្ថបទទាក់ទង