Grand News Asia Close

លិខិតមិត្តអ្នកអាន៖ កំហុសផ្នែកនយោបាយចំនួន៩ ធ្វើឱ្យជីវិតនយោបាយរបស់​លោក សម រង្ស៉ី ប្រៀបដូចព្រះអាទិត្យអស់ពន្លឺ

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 7:51 am ទស្សនៈ-Opinion 1042
លិខិតមិត្តអ្នកអាន៖ កំហុសផ្នែកនយោបាយចំនួន៩ ធ្វើឱ្យជីវិតនយោបាយរបស់​លោក សម រង្ស៉ី ប្រៀបដូចព្រះអាទិត្យអស់ពន្លឺ លិខិតមិត្តអ្នកអាន៖ កំហុសផ្នែកនយោបាយចំនួន៩ ធ្វើឱ្យជីវិតនយោបាយរបស់​លោក សម រង្ស៉ី ប្រៀបដូចព្រះអាទិត្យអស់ពន្លឺ

(ភ្នំពេញ)៖ កាលពីមុនខ្ញុំជាអ្នកគាំទ្រគណបក្ស សម រង្សុី ហើយក៏បន្តគាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ ដែលជាការរួមបញ្ចូលគ្នារវាងគណបក្សសម រង្សុី និងគណបក្ស​សិទ្ធិមនុស្សកាលពីថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១២។ ថ្វីត្បិតខ្ញុំគាំទ្រ​គណ​បក្សនេះ​មែន តែខ្ញុំមិនគាំទ្រការប្រើអំពើហិង្សាដែលខុសនឹងច្បាប់នោះទេ ដូច​ករណី ដុតឡាន២គ្រឿងនៅមុខវត្តស្ទឹងមានជ័យក្នុងថ្ងៃ​បោះឆ្នោតជ្រើសរើស​តំណាងរាស្ដ្រ​នីតិកាលទី៥ ចំនឹងថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ព្រម​ទាំង​នៅអំឡុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៣ ហើយខែតុលា ឆ្នាំ២០១៣ (គណ​បក្សសង្គ្រោះជាតិ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងទាម​ទារឱ្យ​រាប់សន្លឹកឆ្នោតឡើងវិញ)។

បាតុកម្មនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នៅសួនឧស្សាហកម្មកា​ណា​ឌី​យ៉ា ករណីនៅផ្លូវវ៉េងស្រេង មុខរោងចក្រយ៉ាក់ជីន និងបាតុកម្មក្នុងខែកក្កដា​ឆ្នាំ​២០១៤ នៅស្ពាននាគ។ យើងមើលឃើញថា ប្រធានបក្សនេះ​ចង់ឃើញ​ភាពឥត​សណ្ដាប់ និងភាពអាណាធិបតេយ្យនេះកើតឡើង។ ក្រោយគណបក្សនេះ ត្រូវ​បាន​រំលាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក លោក សម រង្សុី ក៏លែងបាននៅក្នុងប្រទេសទៀត ប៉ុន្តែលោកបានប្រកាសចូលស្រុកវិញច្រើន​ដង​ដែរ ឧទាហរណ៍លើកទី១ កាលពីឆ្នាំ២០១៨ មន្ត្រីអតីតគណបក្ស​សង្គ្រោះជាតិ​មានគម្រោងរៀបចំឱ្យលោក សម រង្សុី វិលចូលស្រុកវិញ។ លើកទី២ ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងលើកទី៣ កាលពីអំឡុងវិបត្តិកូវីដ-១៩ ក្នុងខែកញ្ញា ឆ្នាំ២០២០ ហើយក្រោយមកឮខ្សឹបខ្សៀវថាចង់ចូលមកទៀត តែទីបំផុតមិន​ឃើញ​រហូតដល់សព្វថ្ងៃ។ បើទោះបីជា លោក សម រង្សុី កុហកថា នឹងធ្វើដំណើរ​ចូលស្រុកវិញម្ដងហើយ ម្ដងទៀតមែន តែការប្រមូលស្រោមសំបុត្រនៅតែធ្វើ។ រឿងចូលស្រុកវិញ អាចខកបាន អាចលើកពេលបាន តែលុយមិនអាចខក ឬ​លើក​ពេលបានទេ ត្រង់ចំណុចនេះគិតទៅគួរឱ្យអស់សំណើចមែន។

បើតាមចាំបាន លោកស្រី មូរ សុខហួរ ក៏កុហកថាត្រឡប់ចូលស្រុក​វិញ​ដែរ​កាល​ពីថ្ងៃសៅរ៍ ទី១៦ មករា ឆ្នាំ២០២១។ និយាយរឿងធ្វើមាតុភូមិនិវត្តន៍នេះ ខ្ញុំសុំរំឭក​ថយក្រោយបន្តិចចុះ លោក សម រង្សុីធ្លាប់បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ​កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ និងនិរទេសខ្លួនទៅក្រៅ​ប្រទេស​វិញ​កា​លពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៥។

កាលពីថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ប្រកាសចាប់ផ្ដើមដំណើរការនៅទីក្រុងបារីស ប្រទេសបារាំង ដែលសមាស​ភាព​មាន​លោក សម រង្សុី មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ និងក្រុមប្រឹក្សាជាតិ​តស៊ូ​មាន លោក គីម សុខ និងលោក ឆាំ ឆានី ព្រមទាំងមន្ត្រីអតីតគណបក្ស​សង្គ្រោះ​ជាតិមួយចំនួន។ រដ្ឋាភិបាលនេះ មានគោលដៅរួមចំនួន២៣ ដែលលើកឡើង​ឱ្យគ្រាន់តែល្អមើល និងពិរោះស្ដាប់ អ្នកដែលបង្កើតគោលដៅរួមនេះឡើង សូត្រ​មិនទាំងចាំខ្លួនឯងផង។

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំចាប់ផ្ដើមរៀនសង្គេត ទើបឃើញថាជីវិតនយោបាយ និង​ប្រជា​ប្រិយភាពរបស់លោក សម រង្សុី ផុតរលត់បន្តិចម្ដងៗ ការណ៍នេះ​មិនមែន​មកពី​នរណា​ផ្សេងជាអ្នកធ្វើទេ តែគឺលោក សម រង្សុី ខ្លួនឯងជាអ្នកសាងកំហុស? ខាងក្រោមនេះ គឺជាកំហុសចំនួន៩ ដែលខ្ញុំបានកត់សម្គាល់៖

កំហុសទី១៖ ការឯកភាពប្ដូរប្រព័ន្ធបោះឆ្នោត (រូបមន្ដបង្កើតរដ្ឋាភិបាល) ពី២/៣ ទៅជា ៥០+១ កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០០៦

កំហុសទី២៖ ក្រុមបាតុករដែល លោក សម រង្សុី ពន្យុះឱ្យធ្វើបាតុកម្ម​ហិង្សា​ខុស​នឹង​ច្បាប់កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ មានរបួស និងស្លាប់ តើលោក សម រង្សុី បានជួយរ៉ាប់រង និងទទួលខុសត្រូវដែរឬទេ? គ្រួសារបស់បាតុករត្រូវ​រក​ប្រាក់​ព្យាបាលដោយខ្លួនឯង ហើយគ្រួសារបាតុករខ្លះទៀត ត្រូវបាត់បង់សាច់ញាតិ។

កំហុសទី៣៖ ការដែលលោក សម រង្សុី ហៅក្ដិបខ្នុរ ថាកូនខ្នុរ។ តាមពិតទៅ​គ្មាន​អ្នក​ណាម្នាក់ល្អគ្រប់យ៉ាង ហើយខ្ញុំក៏មិនដែលប្រាថ្នាចង់បានមេដឹក​នាំល្អគ្រប់​១០​ដែរ តែនេះគ្រាន់តែក្ដិបខ្នុរ ហៅមិនត្រូវផង ទាំងដែលជើងនៅជាន់​លើដីដូចគ្នា​សោះ ហៅមិនត្រូវ។

កំហុសទី៤៖ លោក សម រង្សុី អាងមានសញ្ជាតិ២ ពោលគឺមានសញ្ជាតិខ្មែរ និង​បារាំង។ ការធ្វើនយោបាយរបស់គាត់សព្វថ្ងៃនេះ ខ្ញុំមើលទៅគ្រាន់តែជារឿង​កំដរ​អារម្មណ៍ ឬធ្វើក្នុងពេលអផ្សុក គ្មានគោលការណ៍ច្បាស់លាស់ មានតែទ្រឹស្ដី អនុ​វត្តន៍​វិញ គឺសូន្យ (źero) ដោយគាត់សំអាងថា គាត់មានផ្ទះ មានជំនួញនៅបារាំង​ហើយ រឿងនៅស្រុកខ្មែរ គាត់ចេះតែស្រែកឱ្យតែឮ កុំឱ្យគេថាស្ងាត់តែប៉ុណ្ណោះ ដូច្នេះ​អ្នកក្នុងស្រុកកុំជឿអី គ្មានប្រយោជន៍ទេ។

កំហុសទី៥៖ លោក សម រង្សុី ជាមេដឹកនាំក្នុងគណបក្ស តែគាត់គ្មានភាព​ជាអ្នក​ដឹក​នាំទេ ខ្ញុំមើលឃើញថា រដ្ឋាភិបាលឯករាជ្យ២៣តុលា ជារដ្ឋាភិបាលដែល​បង្កើត​​ឡើងដោយបន្សល់ទុកនៅភាពមិនជឿទុកចិត្តគ្នារបស់មន្ត្រីជំនិតលោក សម រង្សុី គ្មានឡើយតំណែងជាក់លាក់សម្រាប់ លោកស្រី មូរ សុខហួរ, អេង ឆៃ​អ៊ាង និងហូ វ៉ាន់ ប៉ុន្តែគឺ គីម សុខ និងគ្នីគ្នាទៅវិញទេ ជាអ្នកគ្រប់គ្រង និងមាន​តំណែង​ខ្ពស់បន្ទាប់ពីលោក សម រង្សុី។

តែទោះយ៉ាងណាយើងឃើញថាមានកាបង្កើតចលនាជាច្រើនដូចជាចលនាខ្មែរដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) ដឹកនាំដោយ​លោកស្រី មូរ សុខហួរ មានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ (ច.ប្រ.ស) នៅ​កូរ៉េខាងត្បូង ដឹកនាំដោយលោក ស សុខេម លោក ឃឹម វិជ្ជាធន និងបណ្ដាញ​យុវ​ជនកម្ពុជាសកល (Global Cambodian Youth Network) ដឹកនាំ​ដោយ សុភ័ណ្ឌ ឡារី លោក សេង ម៉េងប៊ុនរ៉ុង ចលនាវីរភាពសម រង្សុី ដឹកនាំ​ដោយ​លោក ហេង សង្គ្រាម និងក្រុមអ្នកប្រយុទ្ធ CNRP ដឹកនាំដោយលោក Neang Sokhun។ និយាយឱ្យខ្លីទៅរដ្ឋាភិបាលក្រៅស្រុកមួយ​នេះ ​ជារដ្ឋា​ភិបាល​​ខុសច្បាប់ គ្មានកម្លាំងធ្វើអ្វីបានឡើយ។

ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុវិញ មាត់ថាស្រឡាញ់ជាតិ និយាយអ្វីក៏ដោយក៏យក​ជាតិជាធំ ប្រមូលស្រោមសំបុត្រមកដល់មិនទាន់ទេ គឺប្រញាប់ចែកគ្នា ដណ្ដើម​គ្នា មានតែលោក សម រង្សុី និងគ្នីគ្នាជំនិតៗទេ ដែលទទួលបានច្រើន​យកទៅ​ចាយ ខ្លះចាយសប្បាយហុឺហារ ខ្លះយកទៅលេងល្បែង ដែលនេះសុទ្ធសឹងប្រាស​ចាកពីគោល​ការណ៍ដើមដែលថាធ្វើដើម្បីជាតិ។ ពេលខ្លះទៀត​បង្កើតលេសថា បាត់​ស្រោមសំបុត្រដើម្បីយកលុយទៅចាយ រវល់តែរឿងលួចស្រោមសំបុត្រ និង​បាត់ស្រោមសំបុត្រហ្នឹងហើយ គ្មានពេលគិតរឿងជាតិទេ មានសព្វគ្រប់​ហ្មងបក្ស​ក្រៅ​ប្រទេសយើង។

កំហុសទី៦៖ លោក សម រង្សុី ធ្វើនយោបាយលឹបលរ ឈរស្រែកនៅក្រៅរបងផ្ទះ បានត្រឹមអើតមើលពីក្រៅ ដែលខ្ញុំយល់ថា អ្វីដែលគាត់កំពុងធ្វើនៅពេលនេះ ​ហាក់​​បង្ហាញពីការជិតអស់លទ្ធភាព និងជាសកម្មភាពខ្សោយទៅៗមុននឹងឈាន​ដល់​ពេលគាត់ធ្វើនយោបាយលែងកើត។ សកម្មភាពរបស់គាត់បរាជ័យ​គ្រប់​ពេល។

កំហុសទី៧៖ លោក សម រង្សុី គ្មានគុណធម៌។ ក្នុងអតីតគណបក្សសង្គ្រោះជាតិ មានមេដឹកនាំ២នាក់ គឺលោក សម រង្សុី និងលោក កឹម សុខា។ តាមគំនិតរបស់​ខ្ញុំ លោក កឹម សុខា មានគុណធម៌ និងងាយនិយាយជាមួយជាង បើប្រៀប​ធៀប​នឹងលោក សម រង្សុី។ លោក កឹម សុខា និយាយច្បាស់លាស់ មានសីលធម៌ ចេះ​គោរព មិនចងគំនុំអ្នកណា ភាសាដែលគាត់និយាយមកធ្វើឱ្យយើងងាយ​និយាយ​ជាមួយ គាត់ចេះបត់បែន មិនដែលប្រមាថព្រះមហាក្សត្រ ហើយអ្វីដែលសំខាន់ គាត់​មិនដែលរត់ចោលអ្នកគាំទ្រនោះទេ។ ផ្ទុយមកវិញលោក សម រង្សុី បានរត់​ចោល​អ្នកគាំទ្រខ្លួន តែណ្ហើយគាត់មានសញ្ជាតិ២ គាត់មិនខ្វល់ច្រើនទេ។

កំហុសទី៨៖ លាងខ្លួនឯងមិនទាន់ស្អាតផង តែស្ដីថាឱ្យគេ។ លោក សម សង្សុី តែង​ចោទថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា ពុកអាលួយ (គាត់មិន​និយាយ​ពាក្យ «ពុករលួយ» ទេ តែគាត់ហៅថា «ពុកអាលួយ»)។ កាលពី​គណ​បក្សសង្គ្រោះជាតិមិនទាន់រំលាយ មន្ត្រីមួយចំនួននៅក្នុងគណបក្សនេះ ខិតខំធ្វើ​ការ​ណាស់តែមិនបានឡើងតំណែងទេ រឿងនេះអ្នកដឹងបានដឹង។

លោក សម រង្សុី ក៏ធ្លាប់ចោទលោក ហ៊ុន សែន ដែរថា មានសញ្ជាតិ២ ខ្មែរ និង Cyprus តែប្រហែលជាគាត់ភ្លេចគិតទៅថា ខ្លួនគាត់មានសញ្ជាតិ២ ខ្មែរ និង​បារាំង។ ចំពោះខ្ញុំយល់ថា លោក ហ៊ុន សែន គ្មានសញ្ជាតិ២ទេ ដូចជាមិនមាន​ភាព​ចាំបាច់សម្រាប់គាត់ក្នុងការមានសញ្ជាតិ២ គាត់នៅខ្មែរស្ទើរតែពេញមួយ​ជីវិត​ហើយ។ ករណីមួយទៀតលោក សម រង្សុី រិះគន់រឿងការប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណីខ្មែររបស់រដ្ឋាភិបាល តែគាត់ខ្លួនឯងក៏ប្រារព្ធដែរ។ មួយរយៈមុន គឺរឿងបាល់ទាត់ World Cup ក៏មានគេរិះគន់លោក ហ៊ុន សែន ដែរ តែក្រុម​របស់​ពួកគេក៏មើលបាល់ដែរ។ ខ្លួនឯងមិនទាន់លាងជម្រះស្អាតផង តែដើរស្រែក​ចោទ​គេ។

កំហុសទី៩៖ ពេលប្រទេសជាតិជួបប្រទះនឹងបញ្ហា លោក សម រង្សុី មិនបាន​ជួយ​ហើយថែមទាំងបង្កការលំបាក។ ជាឧទាហរណ៍ ក្នុងអំឡុងវិបត្តិរីករាល​ជំងឺកូវីដ​-១៩ គាត់បានរិះគន់ចំពោះវ៉ាក់សាំងរបស់ប្រទេសចិន Sinovac និង Sinoph​arm។ ចំពោះរឿងនេះបើរដ្ឋាភិបាលមិនពន្លឿនការចាក់វ៉ាក់សាំងដែលមាន​ទាំង២​ប្រភេទ ហើយនៅបន្តរង់ចាំ Moderna ឬPfizer-BioNTech នោះស្ថានភាព​នឹងកាន់តែធ្ងន់ធ្ងរ យើងអាចនិយាយថា រដ្ឋាភិបាលសម្រេចចិត្តបានត្រឹមត្រូវ។ ឧទាហរណ៍មួយទៀត ក្នុងពេលដែលសត្រូវឈ្លានពានក្នុងឆ្នាំ២០២៥ លោក សម រង្សុី នឹកឃើញមុនគេ គឺចេញសារឱ្យពលរដ្ឋផ្ដួលរំលំរដ្ឋាភិបាល ខ្ញុំយល់ថា​លោក សម រង្សុី គួរតែចេញសារលើកទឹកចិត្តវីរកងទ័ព​ឱ្យព្យាយាម​ប្រយុទ្ធការ​ពារ​ដឹកដី និងចេញសាររួមចិត្តកាយក្នុងពេលសង្គ្រាមនេះជាមួយរដ្ឋាភិបាល ទើប​សម​​ជាមេដឹកនាំល្អមួយរូប តែគាត់ហាក់គិតឃើញតែផ្ដួលគេឯង នេះបង្ហាញថា សត្រូវខាងក្រៅមិនគួរឱ្យខ្លាច តែអ្វីដែលគួរឱ្យខ្លាចគឺសត្រូវចេញពីសាច់ឯងមា​ន​ឈាមជ័រជាខ្មែរ ឬគាត់គិតថាគាត់មានញ្ជាតិ២ អត់មានសញ្ជាតិខ្មែរទៀតក៏បាន?

ជារួមមក លោក សម រង្សុី ជាអ្នកធ្វើឱ្យគណបក្សសង្គ្រោះជាតិរលំរលាយ ហើយ​គាត់ខ្លួនឯងត្រូវរស់នៅនិរទេសខ្លួនក្រៅប្រទេស។ គាត់ និងគ្នីគ្នាជំនិតមួួយចំនួន​បាន​រត់ចាកចេញពីប្រទេស ធ្វើឱ្យបក្សនយោបាយក្រឡាប់ចាក់ និងដកមនុស្ស​ចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយអតីតតំណាងរាស្ដ្ររបស់​បក្ស​គាត់ត្រូវបង្ខំចិត្តបង្កើតគណបក្សតូចៗជាច្រើន។

ថ្វីត្បិតថាគាត់ជា​មេបក្សប្រឆាំង​មែន តែរបៀបធ្វើនយោបាយរបស់គាត់​តែងតែ​ជួយ និងសម្រួលដោយប្រយោលដល់បក្សកាន់អំណាច។ គាត់រិះគន់ លាបពណ៌ និងចង់ផ្ដួលរំលំបក្សកាន់អំណាច តែគាត់និងក្រុមគាត់តែងតែធ្វើនយោបាយ​ឱ្យ​បក្សកាន់អំណាចកាន់តែរឹងមាំ ចុះសម្រុងគ្នា និងកាន់តែជោគជ័យ។ បក្សកាន់​អំណាច​តែងតែឈ្នះ ហើយគាត់តែងតែចាញ់។ ធ្វើនយោបាយតាំងពី​មាន​សន្លឹក​បៀរកាន់ រហូតដល់អស់សន្លឹកបៀរកាន់ មិនដឹងធ្វើនយោបាយរបៀបម៉េចវិញ? ឬយើងអាចនិយាយប្រៀបធៀបបែបនេះថា រកសុីតាំងពីចំណេញមានទ្រព្យ​រហូត​ដល់អស់ទ្រព្យរលីង មិនដឹងរកសុីរបៀបម៉េចវិញ?

ការបានក្លាយជានាយករដ្ឋមន្ត្រីខ្មែរ គឺគ្រាន់តែជាការស្រមើស្រមៃរបស់លោក សម រង្សុី ប៉ុណ្ណោះ គ្មានផ្លូវឬច្រកណាដែលគាត់អាចទទួលបានតំណែ​ងនេះ​ឡើយ សូម្បីតែច្បាប់ ក៏បិទផ្លូវគាត់ដែរ ព្រោះច្បាប់ស្ដីពីសញ្ជាតិមួយ ត្រូវ​បាន​ឡាយព្រហស្ដលេខាដោយព្រះមហាក្សត្រកាលពីអំឡុងខែតុលា ឆ្នាំ២០២១។ ដូច្នេះ ពាក្យថា «នាយករដ្ឋមន្ត្រីខ្មែរ» បានក្លាយទៅជាពាក្យដែលលោក សម រង្សុី ធ្លាប់តែឮ ធ្លាប់តែដឹង ប៉ុន្តែគ្មានថ្ងៃបានប៉ះ និងទទួលបាននោះឡើយ។

នៅពេលខ្ញុំយល់ឃើញបែបនេះ អ្នកគាំទ្រលោក សម រង្សុី ប្រាកដជាមិន​យល់​ស្រប ហើយប្រឆាំងថាមិនអាចទេ។ ដើម្បីឱ្យកាន់តែច្បាស់ យើងអាចចូលរួមគិត និងចោទជាសំណួរទាំងអស់គ្នា ១) តើលោក សម រង្សុី អាចធ្វើអ្វីបាន​ខ្លះ​ជា​ដុំ​កំ​ភួន? ២) តើលោក សម រង្សុី នៅសល់ពេលប៉ុន្មានទៀត អាយុ​កាន់តែច្រើន​ឡើងៗ? គាត់ធ្វើតែសកម្មភាពដដែលៗ ឯពេលវេលាចេះតែរំកិលទៅមុខ កាន់​តែ​ខើចពេល គ្មានអ្នកណារស់បាន១០០០ឆ្នាំទេ។ ៣) តើលោក សម រង្សុី ត្រូវរើខ្លួន​ចេញពីសំណាញ់ច្បាប់បានដោយរបៀបណា បើគាត់មានទោសជាប់ខ្លួន​ដែល​ត្រូវ​អនុវត្តន៍ទោសក្នុងពន្ធនាគារដល់ទៅរាប់សិបឆ្នាំឯណោះ? ៤) តើវប្បធម៌នយោ​បាយ ឬសារនយោបាយរបស់លោក សម រង្សុី មានតែពាក្យថា ផ្ដួលរំលំ ទេឬ​យ៉ាង​ណា គ្មានអ្វីជានយោបាយឱ្យល្អ និងអហិង្សាទេឬ? ៥) តើអាចទេថា​ខ្សែជីវិត​នយោបាយរបស់ លោក សម រង្សុី ជិតចប់ហើយ តែនៅមានសំឡេងរប៉េះ​រប៉ោះ​នៅក្រៅរបងផ្ទះប៉ុណ្ណោះ មុននឹងផុតរលត់ទៅ? -FN-

ដោយ៖ សូរ្យ ចែងចាំង អតីតអ្នកគាំទ្រលោក សម រង្ស៉ី

អត្ថបទទាក់ទង