Grand News Asia Close

ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងការកំណត់ព្រំដែន៖ បញ្ហាពីរដែលមិនអាចបំបែកចេញពីគ្នា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1024
ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងការកំណត់ព្រំដែន៖ បញ្ហាពីរដែលមិនអាចបំបែកចេញពីគ្នា ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងការកំណត់ព្រំដែន៖ បញ្ហាពីរដែលមិនអាចបំបែកចេញពីគ្នា

នៅពេលនិយាយពីជម្លោះព្រំដែន ភាគច្រើនតែងផ្តោតលើផែនទី ខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យ​ភាព​របស់ប្រទេស ប៉ុន្តែនៅពីក្រោយខ្សែបន្ទាត់ព្រំដែនទាំងនោះ គឺជាជីវិតរបស់ប្រជាពលរដ្ឋដែលត្រូវ​បោះ​បង់​ផ្ទះសម្បែង ទីកន្លែងកំណើត និងជីវភាពរបស់ខ្លួន ដោយសារជម្លោះ។

ចំណុចនេះត្រូវបានលើកឡើងតាមរយៈការឆ្លើយតបរបស់លោក Thomas Andrews អ្នករាយការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជុំវិញសេចក្តីថ្លែង​ការណ៍​របស់​លោកពាក់ព័ន្ធនឹងប្រជាពលរដ្ឋភៀសខ្លួនកម្ពុជាប្រមាណ ៦៥០.០០០នាក់ ដែលត្រូវបានរត់ភៀសខ្លួន​ដោយ​​សារ​​​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ។ ចំណុចសំខាន់ដែលលោក Andrews សង្កត់ធ្ងន់ គឺត្រូវដោះស្រាយ​ជម្លោះ​ព្រំដែនដោយសន្តិវិធី និងឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលត្រូវបានផ្លាស់ទីលំ​នៅអាច​វិល​ត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព មានស្ថិរភាព និងអាចទទួលបានអត្ថប្រយោជន៍​ពីឱកាស​សេដ្ឋ​កិច្ចតាមព្រំដែនវិញបាន។ នេះជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ការវិល​ត្រឡប់​របស់​ប្រជា​ពលរដ្ឋ មិនអាច​បំបែក​ចេញពីការដោះស្រាយបញ្ហាព្រំដែនបានទេ។

សម្រាប់ប្រជាពលរដ្ឋដែលត្រូវបានភៀសខ្លួន សំណួរដែលពួកគេចង់បានចម្លើយបំផុតនោះ គឺ “តើពេល​ណា​ទើបអាចត្រឡប់ទៅផ្ទះវិញបាន?” ប៉ុន្តែ ដើម្បីឆ្លើយសំណួរនេះឱ្យបានច្បាស់ ត្រូវមានភាពប្រាកដ​ប្រជាជាមុនអំពីសុវត្ថិភាព និងស្ថានភាពនៃតំបន់ដែលពួកគេត្រូវវិលត្រឡប់ទៅវិញ នេះហើយជា​មូលហេតុ​ដែលការកំណត់ព្រំដែនឱ្យបានច្បាស់ និងការបន្តការងារខ័ណ្ឌសីមាព្រំដែន មានសារៈសំខាន់មិន​ត្រឹមតែ​សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនផ្ទាល់តែម្តង។

ចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់យ៉ាងច្បាស់ថា ការអនុវត្ត​សេច​ក្តី​ប្រកាសនេះមិនប៉ះពាល់ដល់ដំណើរការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិឡើយ ហើយភាគី​ទាំងពីរ​បានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខ័ណ្ឌសីមាឱ្យបានឆាប់រហ័ស ស្របតាមកិច្ច​ព្រមព្រៀង​ដែលមានស្រាប់ ជាពិសេស គឺផ្តល់អាទិភាពដល់តំបន់ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផល​ប៉ះ​ពាល់។

ក្នុងន័យនេះ បទឈប់បាញ់មិនមែនជាចំណុចបញ្ចប់នៃបញ្ហាព្រំដែនទេ គួរតែជាចំណុចចាប់ផ្តើម​សម្រាប់​ដោះស្រាយបញ្ហាដែលនៅសេសសល់ តាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

ប៉ុន្តែការវិលត្រឡប់របស់ជនភៀសខ្លួន ក៏មិនគួរត្រូវបានយល់ថា គ្រាន់តែជាការអនុញ្ញាត​ឱ្យប្រជាជន​ចូល​ទៅកាន់តំបន់ដែលពួកគេធ្លាប់រស់នៅវិញនោះទេ ព្រោះការវិលត្រឡប់ដែលមានន័យពិតប្រាកដត្រូវ​តែជាការ​វិល​​ត្រឡប់ដោយសុវត្ថិភាព មានភាពថ្លៃថ្នូរ និងមានលក្ខខណ្ឌគ្រប់គ្រាន់ឱ្យប្រជាពលរដ្ឋ​អាចស្តារ​ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានឡើងវិញ។ ប្រសិនបើប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ប៉ុន្តែនៅតែរស់នៅក្នុងភាពភ័យខ្លាច ខ្វះសុវត្ថិភាព ឬមិនអាចប្រកបរបររកស៊ីបាន នោះការវិល​ត្រឡប់​នោះ​នៅមិនទាន់អាចចាត់ទុកថា ជាការបញ្ចប់វិបត្តិបានឡើយ។

ហេតុនេះហើយ ការដោះស្រាយបញ្ហាព្រំដែន និងការធានាសិទ្ធិវិលត្រឡប់របស់ប្រជាពលរដ្ឋ ត្រូវតែដើរ​ទន្ទឹមគ្នា ជាមួយការកំណត់ព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា អាចផ្តល់ភាពច្បាស់​លាស់ផ្នែកច្បាប់ និងនយោបាយ ខណៈការធានាសុវត្ថិភាព និងការស្តារជីវភាព អាចផ្តល់ភាពប្រាកដ​ប្រជាដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន។

មានចម្ងល់មួយដែលគួរត្រូវបានចោទសួរគឺថា តើអ្នកណាជាអ្នកកំណត់ថា តំបន់ណាមួយមានសុវត្ថិភាព​គ្រប់គ្រាន់សម្រាប់ការវិលត្រឡប់? ចម្លើយមិនគួរផ្អែកលើការប្រកាសរបស់ភាគីណាមួយតែម្ខាងទេ ប៉ុន្តែ​គួរ​ផ្អែកលើស្ថានភាពជាក់ស្តែង ការសម្របសម្រួលរវាងភាគីទាំងពីរ និងយន្តការដែលបានព្រមព្រៀងគ្នា។ ព្រោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋមិនត្រូវបានក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងលើការអះអាងទឹកដីឡើយ។

ចំណុចសំខាន់មួយទៀតដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺ ការបង្កើតស្ថានភាពថ្មីនៅលើដីដែល​មាន​ជម្លោះ ឬ fait accompli​ របស់ភាគីថៃដោយបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើដីជាក់ស្តែង ហើយយក​ភាពនោះមកជាមូលដ្ឋានសម្រាប់ការអះអាងសិទ្ធិ នោះការដោះស្រាយតាមច្បាប់ និងយន្តការទ្វេភាគីនា​ពេល​ខាងមុខនឹងក្លាយជាបញ្ហាស្មុគស្មាញពិបាកដោះស្រាយជាមិនខាន ព្រោះវាផ្ទុយទៅនិងកិច្ចព្រមព្រៀង​ដែលបានឯកភាពគ្នា។

ហេតុនេះ ការគ្រប់គ្រងជាក់ស្តែងលើដី មិនគួរត្រូវបានយកមកជំនួសការកំណត់ព្រំដែនតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិឡើយ ការដែលមានវត្តមាន ឬការគ្រប់គ្រងជាក់ស្តែងនៅលើទីតាំងណាមួយ មិនគួរ​ត្រូវ​បានយល់ដោយស្វ័យប្រវត្តិថា ជាការកំណត់ស្ថានភាពផ្លូវច្បាប់នៃទឹកដីនោះឡើយ។

ម្យ៉ាងវិញទៀត ការការពារប្រជាជន គឺជាកាតព្វកិច្ចមនុស្សធម៌ ប៉ុន្តែការកំណត់ព្រំដែន គឺជាបញ្ហាដែលត្រូវ​ដោះ​​ស្រាយតាមច្បាប់ និងយន្តការដែលបានព្រមព្រៀងគ្នា។

ដូច្នេះ អ្វីដែលត្រូវការបន្ទាប់ពីបទឈប់បាញ់ គឺមិនមែនគ្រាន់តែជាការ “បញ្ចប់ស្នូរកាំភ្លើង” ប៉ុណ្ណោះទេគឺ ត្រូវ​មាន​ការងារបន្តយ៉ាងហោចណាស់បីដែរដែលដើរទន្ទឹមគ្នានោះគឺ ការរក្សាសន្តិសុខនៅតំបន់ព្រំដែន ការជំរុញដំណើរការខ័ណ្ឌសីមាតាមយន្តការដែលមានស្រាប់ និងការបង្កើតលក្ខខណ្ឌ​សមស្របសម្រាប់​ប្រជាពលរដ្ឋអាចវិលត្រឡប់ និងស្តារជីវភាពវិញ។

ប្រសិនបើមិនយកចិត្តទុកដាក់លើផ្នែកណាមួយ នោះភាពមិនប្រាកដប្រជាដែលកើតចេញពីជម្លោះ ព្រំ​ដែន​នេះ អាចនៅតែបន្តកើតមាន ទោះបីសំឡេងគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់ទៅហើយក៏ដោយ ព្រោះ​សន្តិភាព​ដែលគ្មានភាពប្រាកដប្រជា និងគ្មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ គឺជាសន្តិភាពដែលមាន​លក្ខណៈមិនទាន់ពេញលេញនោះទេ។

ការដែលបញ្ហាព្រំដែនកម្ពុជា–ថៃ ត្រូវបានលើកឡើងនៅវេទិកា APF ក៏បង្ហាញថា បញ្ហានេះមិនមែន​ជា​រឿង​ទ្វេភាគីតែប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងគោលការណ៍ធំៗ ដូចជា អធិបតេយ្យភាព បូរណភាពទឹកដី ការមិនប្រើកម្លាំង ការគោរពច្បាប់អន្តរជាតិ និងការការពារប្រជាជនស៊ីវិល។

ទីបំផុត សន្តិភាពមិនមែនមានន័យត្រឹមតែ “បញ្ឈប់ការប្រយុទ្ធគ្នា”ទេ សន្តិភាពពិតប្រាកដ គឺនៅពេល​ប្រជា​ពលរដ្ឋភៀសខ្លួនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានដោយសុវត្ថិភាព មានភាពប្រាកដ​ប្រជាលើ​ដីធ្លី អាចប្រកបរបររកស៊ីបាន និងមិនរស់នៅជាមួយការភ័យខ្លាចថា ជម្លោះអាចផ្ទុះឡើងវិញនៅពេល​ណាមួយ។
 
ដូច្នេះ ការជំរុញឱ្យដំណើរការដោះស្រាយបញ្ហាព្រំដែនបានឆាប់រហ័ស មិនមែនជាការរំលងច្បាប់ ឬនីតិវិធីឡើយ ប៉ុន្តែជាការជំរុញឱ្យយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួច ដំណើរការទៅមុខ ដើម្បីបញ្ចប់ភាពមិនប្រាកដប្រជារបស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ និងបាត់បង់ផ្ទះសម្បែង ព្រម​ទាំង​បង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង។

ព្រោះទីបំផុត តម្លៃពិតប្រាកដនៃការដោះស្រាយព្រំដែន មិនស្ថិតនៅត្រឹមខ្សែបន្ទាត់​ព្រំដែនដែលគូសវានៅ​លើ​ផែនទីនោះទេ ប៉ុន្តែគឺស្ថិតនៅលើជីវិតមនុស្សដែលអាចរស់នៅដោយគ្មានការភ័យខ្លាចនៅលើទឹកដី​កំណើត​ឬហៅថា “ផ្ទះសម្បែង ”វិញបាន៕

អត្ថបទទាក់ទង