រដ្ឋមន្ត្រីការបរទេសកម្ពុជារំលឹកអាស៊ានអំពីគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាននិងស្នើឱ្យភាគីទាំងអស់បន្តគោរពឱ្យខ្ជាប់ខ្ជួន
Foreign Affairs and International Cooperation Minister Prak Sokhonn speaks at the ASEAN Flag-Hoisting Ceremony in Phnom Penh on Friday, marking the 59th anniversary of the Southeast Asian bloc. MFAIC
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃមិនអាចចាត់ទុកគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយគត់នោះទេដែលបញ្ហានេះពាក់ព័ន្ធផងដែរទៅនឹងអាស៊ានដែលបានប៉ះពាល់ផ្ទាល់ទៅដល់គោលការណ៍គ្រឹះដែលមានចែងក្នុងធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ហើយមានតែដំណោះស្រាយដែលត្រឹមត្រូវដោយសន្តិវិធីនិងមាននិរន្តរភាពប៉ុណ្ណោះទើបអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅក្បែរខាងគ្នាក្នុងសុខសន្តិភាព ស្ថិរភាពនិងវិបុលភាពរួម។
នៅក្នុងសារទិវាអាស៊ានអបអរសាទរខួបអាស៊ានលើកទី៥៩ (៨ សីហា ១៩៦៧-៨ សីហា ២០២៦) ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសរំលេចបពីប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសហ្វីលីពីនថា សន្តិភាពគឺមានភាពផុយស្រួយដែលនេះមិនមែនជាលក្ខខណ្ឌដែលយើងគ្រាន់តែទទួលមរតកធម្មតានោះទេ ហើយសន្តិភាពគឺជាជម្រើសប្រចាំថ្ងៃដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមានការគិតគូរច្បាស់លាស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ននិងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានផ្តល់តម្លៃខ្ពស់ចំពោះសារខាងលើនេះដែលមានសារៈសំខាន់ពិសេសសម្រាប់អាស៊ានទាំងមូលដែលត្រូវមានការប្តេជ្ញាចិត្តខ្ពស់ចំពោះគោលការណ៍គ្រឹះរបស់អាស៊ានរួមមាន៖ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យនិងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកផងគ្នា ការដោះស្រាយជម្លោះដោយសន្តិវិធី ការលះបង់ចោលនូវការគំរាមកំហែងឬការប្រើប្រាស់កម្លាំង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញនិងមានប្រសិទ្ធភាពនូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញភ្លាមៗនូវការងារវាស់វែងនិងបោះបង្គោលព្រំដែនព្រមទាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលដែលភៀសសឹកទៅកាន់ផ្ទះសម្បែងនិងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីវិញដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរឱ្យបានឆាប់បំផុត៕






