ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ ហេតុអ្វីបានជាកម្ពុជាតែងតែជំរុញភាគីថៃឱ្យបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)?
ចម្លើយ៖ កម្ពុជាតែងតែជំរុញឱ្យភាគីថៃបន្តការងារ JBC ព្រោះ JBC គឺជាយន្តការទ្វេភាគីដែលមានស្រាប់ និងមានសារៈសំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមផ្លូវបច្ចេកទេស និងផ្លូវច្បាប់ ដោយសន្តិវិធី។ ការបន្តការងាររបស់ JBC នឹងអនុញ្ញាតឱ្យភាគីទាំងពីរពិនិត្យ និងដោះស្រាយបញ្ហាជាក់ស្តែងនៅតាមព្រំដែន ដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់។ ជាពិសេស ការចាប់ផ្តើមការងារវាស់វែងខណ្ឌសីមាឱ្យបានឆាប់ នឹងជួយបង្កើតលក្ខខណ្ឌសម្រាប់ដោះស្រាយស្ថានភាពនៅតំបន់ព្រំដែន និងអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ។
សំណួរទី២៖ តើការទូតរបស់កម្ពុជាជាមួយម៉ាឡេស៊ី និងប្រទេសជាមិត្តផ្សេងទៀត មានតួនាទីអ្វីខ្លះក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ ការទូតមានតួនាទីសំខាន់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងបង្កើតការគាំទ្រពីប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរកម្ពុជាដែលប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចសន្ទនា ច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញថា កម្ពុជាកំពុងប្រើប្រាស់ទាំងយន្តការទ្វេភាគី និងការទូតក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដែលធានាសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
សំណួរទី៣៖ តើការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីអន្តរជាតិផ្សេងៗនៅតំបន់ព្រំដែន អាចជួយឱ្យសហគមន៍អន្តរជាតិយល់ដឹងអ្វីខ្លះអំពីស្ថានការណ៍នៅកម្ពុជា?
ចម្លើយ៖ ការចុះពិនិត្យដោយផ្ទាល់របស់ AOT អ្នកការទូត តំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស អាចឱ្យពួកគេបានឃើញស្ថានភាពពិតនៅតាមតំបន់ព្រំដែន ជាពិសេសផលប៉ះពាល់ដែលកើតឡើងចំពោះប្រជាពលរដ្ឋ និងការរារាំងជនភៀសសឹកមួយចំនួនមិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន។ ការចុះសង្កេត និងផ្ទៀងផ្ទាត់នៅនឹងកន្លែង ក៏អាចជួយឱ្យសហគមន៍អន្តរជាតិទទួលបានព័ត៌មានពីស្ថានភាពជាក់ស្តែង មិនមែនផ្អែកតែលើព័ត៌មានពីភាគីណាមួយប៉ុណ្ណោះទេ។ ទន្ទឹមនឹងនេះ ការអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចុះពិនិត្យតំបន់ព្រំដែន ក៏បង្ហាញពីការប្តេជ្ញារបស់កម្ពុជាក្នុងការសហការ និងប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិ ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕






