ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦: តើអ្វីជាបាបកម្មបរិស្ថាន?
គំនិតផ្តើម
“ ភាពឈឺចាប់ដំបូងរបស់ធម្មជាតិ គឺកើតឡើងនៅក្នុងបេះដូង មុនពេលវាលេចឡើងនៅលើផែនដី ”
វិចារណកថា
នៅពេលមនុស្សទូទៅបានឮពាក្យថា «បាប» ពួកគេអាចនឹកគិតទៅដល់ការដាក់ទោស ទណ្ឌកម្ម ក្តីអាម៉ាស់ ឬការចង្អុលមុខបន្ទោសនរណាម្នាក់។ ប៉ុន្តែ នៅក្នុងដំណើរសិក្សាស្វែងយល់មួយនេះ យើងមិនប្រើប្រាស់ពាក្យនេះក្នុងន័យបែបនោះឡើយ។ «បាបចំពោះបរិស្ថាន» សំដៅលើគំនិត ការជ្រើសរើស ឬសកម្មភាពទាំងឡាយណាដែលបង្កការខូចខាត ឬការឈឺចាប់ដោយអត់ប្រយោជន៍ដល់ពិភពធម្មជាតិ និងដល់ជីវិតទាំងឡាយដែលរស់ពឹងផ្អែកលើលើធម្មជាតិ។ នេះមិនមែនជាស្លាកសញ្ញាសម្រាប់បិទលើបុគ្គលណាម្នាក់នោះទេ ប៉ុន្តែជាសារព្រមានអំពីផ្លូវដែលយើងកំពុងដើរ។
ចូរស្រមៃមើលសិស្សម្នាក់ដែលផឹកទឹកអស់ ហើយគ្រវែងដបទឹកនោះចោលនៅតាមចិញ្ចើមផ្លូវ។ ដបនោះមានទំហំតូច ហើយសកម្មភាពនោះចំណាយពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ។ ប៉ុន្តែ ការជ្រើសរើសមួយនេះបានបញ្ជាក់នូវន័យមួយថា៖ «ទីកន្លែងនេះ មិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំឡើយ»។ ទឹកភ្លៀងអាចគួចនាំដបនោះចូលទៅក្នុងលូ។ លូអាចនាំដបនោះទៅដល់ស្ទឹងតាមបណ្តោយទឹក ហើយសត្វទាំងឡាយអាចច្រឡំថាជាចំណី ហើយស៊ីដបនោះចូលទៅក្នុងពោះ។ ខណៈពេលដែលភាពធ្វេសប្រហែសកើតត្រឹមមួយប៉ព្រិចភ្នែក អាចបន្សល់ផលប៉ះពាល់យ៉ាងឆ្ងាយហួសពីការស្មាន ដែលឆ្ងាយជាងចម្ងាយដែលអ្នកបង្កើតវាទៅទៀត។
ការបំផ្លិចបំផ្លាញបរិស្ថាន ច្រើនតែចាប់ផ្តើមឡើងដោយស្ងាត់ៗ។ វាចាប់ផ្តើមនៅពេលដែលយើងយកលើសពីតម្រូវការ បោះចោលនូវអ្វីដែលអ្នកដទៃអាចប្រើប្រាស់បាន បំផ្លាញដោយខ្វះការយល់ដឹង ឬបែរខ្នងដាក់បញ្ហាដោយសារគិតថាវានៅឆ្ងាយហួសពីខ្លួន។ យើងអាចមើលឃើញការខូចខាតបរិស្ថាបានដោយងាយ ប្រឡាយទឹកកខ្វក់ ផ្សែងពុលនៅលើអាកាស ឬភ្នំត្រងោលគ្មានដើមឈើ ប៉ុន្តែ គ្រាប់ពូជដំបូងបង្អស់នៃវិបត្តិទាំងនេះ ច្រើនតែលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងឥរិយាបថ និងផ្នត់គំនិតរបស់យើងផ្ទាល់។
នេះជាដំណឹងដ៏ប្រកបដោយក្តីសង្ឃឹម។ ប្រសិនបើការបំផ្លិចបំផ្លាញចាប់ផ្តើមចេញពីជម្រើសនៅក្នុងចិត្ត នោះការការពារក៏អាចចាប់ផ្តើមចេញពីទីនោះបានដូចគ្នា។ យើងមិនចាំបាច់រង់ចាំរហូតដល់យើងមានអំណាច មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬរហូតដល់យើងធំដឹងក្តីពេញវ័យនោះឡើយ។ យើងអាចចាប់ផ្តើមសង្កេតមើលអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តគំនិតរបស់យើងផ្ទាល់។ យើងអាចបង្អង់អារម្មណ៍បន្តិចមុននឹងបោះចោលអ្វីមួយ។ យើងអាចសួរខ្លួនឯងថា តើយើងពិតជាត្រូវការអ្វីដែលយើងរៀបនឹងយកនោះដែរឬទេ? យើងអាចរៀនសូត្រស្វែងយល់ មុននឹងយើងធ្វើសកម្មភាព។
គោលបំណងនៃការទទួលស្គាល់ «បាបចំពោះបរិស្ថាន» មិនមែនដើម្បីធ្វើឱ្យយើងមានអារម្មណ៍ថាខុសឆ្គង ឬស្តាយក្រោយនោះទេ។ ក្តីអាម៉ាស់ ឬអារម្មណ៍ខុសឆ្គង អាចធ្វើឱ្យយើងរត់ពួន ប៉ុន្តែ «ការយល់ដឹង» នឹងជួយឱ្យយើងលូតលាស់។ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើការជ្រើសរើសដោយខ្វះការប្រុងប្រយ័ត្ន។ «បេះដូងបៃតង» មិនមែនជាបេះដូងដែលសម្តែងធ្វើជាល្អឥតខ្ចោះនោះទេ ប៉ុន្តែជាបេះដូងដែលហ៊ានប្រឈមមុខ សំឡឹងមើល បើកចិត្តកែប្រែ និងហ៊ានចាប់ផ្តើមសាជាថ្មី។
ធម្មជាតិមិនដែលត្រូវការសេចក្តីអៀនខ្មាសរបស់យើងឡើយ អ្វីដែលធម្មជាតិត្រូវការ គឺ «ការយកចិត្តទុកដាក់» របស់យើង។ ទន្លេមួយខ្សែប្រែជាស្អាតឡើងវិញបាន តាមរយៈអំពើល្អដែលប្រកបដោយក្តីស្រឡាញ់យើងទាំងអស់គ្នាធ្វើរួមគ្នា។ សាលារៀនមួយប្រែជាបៃតងស្អាតបាន នៅពេលដែលសិស្សានុសិស្សចាប់ផ្តើមប្រព្រឹត្តចំពោះសាលាដូចជាផ្ទះរួមរបស់ពួកគេ។ មនុស្សម្នាក់ប្រែជា «អ្នកថែរក្សា» មិនមែនដោយសារគេមិនដែលប្រព្រឹត្តខុសទាល់តែសោះនោះទេ ប៉ុន្តែដោយសារគេបានរៀនសូត្រពីការជ្រើសរើសប្រកបដោយការចេះដឹង។
ថ្ងៃនេះ ចូរយើងចាប់ផ្តើមដោយក្លាហាន។ យើងមិនមែនកំពុងតាមស្វែងរកមនុស្សអាក្រក់នោះទេ យើងកំពុងរៀនសម្គាល់គ្រាប់ពូជដែលមានគ្រោះថ្នាក់ មុនពេលវាលូតលាស់ធំធាត់។ នៅពេលដែល «ការភ្ញាក់រលឹក» ជ្រាបចូលទៅក្នុងបេះដូង ជម្រើសដ៏ល្អប្រសើរជាងមុននឹងអាចកើតមានឡើង ហើយរាល់ជម្រើសដែលល្អប្រសើរជាងមុន គឺជាការចាប់ផ្តើមនៃការព្យាបាល និងការស្តារឡើងវិញ។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា (Buddhist Reflection)
ព្រះធម៌រំលឹកយើងថា «ចេតនា គឺជាអ្នកកសាងសកម្មភាព» (ចេតនាហំ ភិក្ខវេ កម្មំ វទាមិ)។ អំពើដែលបង្កការខូចខាត ច្រើនតែលូតលាស់ចេញពីស្ថានភាពចិត្តដែលខ្វះការពិចារណា ខណៈដែលអំពើប្រកបដោយក្តីមេត្តា លូតលាស់ចេញពីស្មារតីភ្ញាក់រលឹក។ សតិ (ការរលឹកដឹង) អនុញ្ញាតឱ្យយើងមើលឃើញគ្រាប់ពូជនៃគំនិត មុនពេលវាក្លាយជាសកម្មភាព។ នៅពេលនោះ យើងអាចជ្រើសរើសគំនិត និងសកម្មភាពណាដែលជួយកាត់បន្ថយការឈឺចាប់ដល់ខ្លួនឯង មនុស្សជុំវិញខ្លួន សត្វធាតុ និងភពផែនដីទាំងមូល។
ការពិចារណាសម្រាប់ថ្ងៃនេះ (Today’s Reflection)
តើសកម្មភាពតូចតាចអ្វីខ្លះ ដែលខ្ញុំធ្លាប់គិតថា «មិនសំខាន់» ទោះបីជាវាអាចប៉ះពាល់ដល់បរិស្ថានក៏ដោយ?
សកម្មភាពសម្រាប់ថ្ងៃនេះ (Today’s Action)
សង្កេតមើលសំរាមមួយដុំនៅកន្លែងណាមួយ រើសសំរាមនោះ ហើយយកទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ ចូរឱ្យសកម្មភាពតូចមួយនេះរំលឹកអ្នកថា ទីសាធារណៈ និងធម្មជាតិ គឺជាទ្រព្យសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ (Today’s Pledge)
«ថ្ងៃនេះ ខ្ញុំនឹងបង្អង់អារម្មណ៍បន្តិចមុននឹងធ្វើសកម្មភាព ហើយខ្ញុំនឹងជ្រើសរើសសកម្មភាពណាដែលបង្កផលប៉ះពាល់តិចបំផុត និងបន្សល់នូវការយកចិត្តទុកដាក់ឱ្យបានច្រើនបំផុត»។
នៅពេលយើងការពារ និងថែរក្សាធម្មជាតិ គឺយើងកំពុងការពារ និងថែរក្សាសត្វលោកទាំងឡាយ រួមទាំងខ្លួនយើងផងដែរ!
-ក្រសួងបរិស្ថាន-






