Grand News Asia Close

ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ថៃនៅតំបន់តាទុំ និងតំបន់ជប់ដើមខ្នុរ ខេត្តឧត្តរមានជ័យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ថៃនៅតំបន់តាទុំ និងតំបន់ជប់ដើមខ្នុរ ខេត្តឧត្តរមានជ័យ
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦


 
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរបស់ថៃនៅតំបន់តាទុំ និងតំបន់ជប់ដើមខ្នុរ ខេត្តឧត្តរមានជ័យ ក្នុងអំឡុងថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦?

ចម្លើយ៖ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានឈូសឆាយដីធ្វើផ្លូវថ្មី និងរាយបន្លាលួសនៅតំបន់តាទុំ និងតំបន់ជប់ដើមខ្នុរ ខេត្តឧត្តរមានជ័យ ដោយចាត់ទុកសកម្មភាពទាំងនេះថាបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងជាការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែនដោយឯកតោភាគី ។
 
សំណួរទី២៖ តើកម្ពុជាផ្អែកលើមូលដ្ឋានច្បាប់អ្វីខ្លះ ក្នុងការតវ៉ាចំពោះសកម្មភាពរបស់ថៃនៅតាមតំបន់ទាំងនោះ?

ចម្លើយ៖ ការតវ៉ារបស់កម្ពុជា គឺផ្អែកលើមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីខ្នាត ១:២០០,០០០ ដែលជាមូលដ្ឋានសម្រាប់ការកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។ លើសពីនេះ សកម្មភាពរបស់ភាគីថៃក៏បានរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និងផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ កម្ពុជាយល់ថា សកម្មភាពទាំងនេះមិនស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមានឡើយ។

សំណួរទី៣៖ តើកម្ពុជាទាមទារឱ្យភាគីថៃអនុវត្តវិធានការអ្វីខ្លះ ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់ថៃកាលពីពេលថ្មីៗនេះ?

ចម្លើយ៖ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈូសឆាយដីធ្វើផ្លូវ រាយបន្លាលួស និងសកម្មភាពផ្សេងៗដែលផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន។ ជាមួយគ្នានេះ កម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ការកាន់កាប់ទីតាំងដែលកម្ពុជាចាត់ទុកថាខុសច្បាប់ និងគោរពកាតព្វកិច្ចក្រោម MOU ឆ្នាំ២០០០ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងច្បាប់អន្តរជាតិ។ កម្ពុជាបញ្ជាក់ថា គោលបំណងនៃការទាមទារនេះ គឺដើម្បីកាត់បន្ថយភាពតានតឹង ស្តារការជឿទុកចិត្តរវាងភាគីទាំងពីរ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយនិរន្តរភាព និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

អត្ថបទទាក់ទង