Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តឧត្តរមានជ័យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1007

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តឧត្តរមានជ័យ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តឧត្តរមានជ័យកាលពីពេលថ្មីៗនេះ?


ចម្លើយ៖
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកាលពីចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ភាគីថៃបានជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុងទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កម្ពុជាចាត់ទុកថា ទង្វើទាំងនេះគឺជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងធ្ងន់ធ្ងរ ហើយបានដាក់ការតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការ ដោយបញ្ជាក់យ៉ាង​ច្បាស់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតចំពោះសកម្មភាពឯកតោភាគីណាមួយដែលប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

សំណួរទី២៖ តើសកម្មភាពរបស់ភាគីថៃបែបនេះ រំលោភលើមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងអ្វីខ្លះ?

ចម្លើយ៖ សកម្មភាពទាំងនេះរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន–សៀម ស្របតាមអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ ជាមួយគ្នានេះ សកម្មភាពទាំងនេះក៏ជាការបំពានលើ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ព្រមទាំងផ្ទុយនឹង ចំណុចទី២ និងចំណុចទី៦ នៃរ៉ូម៉ាំង I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលតម្រូវឱ្យភាគីទាំងពីរជៀសវាងរាល់សកម្មភាពដែលអាចបង្ក ឬបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែន។
 
សំណួរទី៣៖ តើកម្ពុជាស្នើឱ្យភាគីថៃអនុវត្តវិធានការអ្វីខ្លះ ដើម្បីស្តារបរិយាកាសសន្តិភាព និងទំនុកចិត្តនៅតាមព្រំដែន?


ចម្លើយ៖
កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពានទាំងអស់ ដកចេញនូវសកម្មភាពឯកតោភាគីដែលបង្កើនភាពតានតឹង និងគោរពខ្សែព្រំដែនដែលបានកំណត់តាមឯកសារផ្លូវច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ព្រមទាំងវិលត្រឡប់មកដោះស្រាយបញ្ហាតាមយន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ជាពិសេសអនុញ្ញាតឱ្យពលរដ្ឋស៊ីវិល ភៀសសឹក អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

អត្ថបទទាក់ទង