Grand News Asia Close

យូណេស្កូបញ្ជាក់ពីការតាមដានយ៉ាងដិតដល់ពាក់ព័ន្ធករណីប្រាសាទព្រះវិហារ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1011
យូណេស្កូបញ្ជាក់ពីការតាមដានយ៉ាងដិតដល់ពាក់ព័ន្ធករណីប្រាសាទព្រះវិហារ ប្រាសាទព្រះវិហាររងការខូចខាតដោយការបាញ់ប្រហាររបស់យោធាថៃ។ ក្រសួងព័ត៌មាន

អង្គការយូណេស្កូបានបញ្ជាក់ថានឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពទាក់ទងនឹងប្រាសាទព្រះវិហារ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជានិងថៃ តាមរយៈការទូតវប្បធម៌។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក Nayef Al-Fayez អគ្គនាយករងទទួលបន្ទុកវប្បធម៌របស់អង្គការយូណេស្កូ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែកក្កដា កំលុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ ដែលប្រារព្ធឡើងនៅក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ លោកស្រី ភឿង សកុណា បានអបអរសាទរលោក Nayef Al-Fayez ដែលបានទទួលការជ្រើសរើសនិងការទុកចិត្តឱ្យកាន់តំណែងជាអគ្គនាយករងទទួលបន្ទុកវប្បធម៌របស់អង្គការយូណេស្កូ ព្រមទាំងថ្លែងអំណរគុណចំពោះការគាំទ្រអង្គការយូណេស្កូសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណជាពិសេសចំពោះការបញ្ជូនរបាយការណ៍របស់បេសកកម្មអ្នកជំនាញនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងអ្នកជំនាញរបស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងរមណីយដ្ឋាន (ICOMOS) ដែលបានចុះបំពេញបេសកកម្មបច្ចេកទេសនៅប្រាសាទព្រះវិហារចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះគុណភាពរបាយការណ៍នេះ ដោយចាត់ទុកថា មានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្រៅពីបញ្ហាប្រាសាទព្រះវិហារ លោកស្រី ភឿង សកុណា ក៏បានប្រាប់ភាគីយូណេស្កូពីបំណងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីក្នុងកំលុងពេលដែលកម្ពុជាកាន់តំណែងជាសមាជិកគណៈកម្មាធិការនេះសម្រាប់អាណត្តិឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

ការបង្ហាញបំណងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានជាប់ឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០ ក្នុងសម័យប្រជុំលើកទី១១ នៃមហាសន្និបាតរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ និងទី១៨ ខែមិថុនា។

ជាការឆ្លើយតប លោក Nayef Al-Fayez បានសម្តែងការគាំទ្រចំពោះសំណើរបស់កម្ពុជានិងបានសន្យាថា នឹងជួយជំរុញកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពប្រាសាទព្រះវិហារ និងត្រៀមចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលតាមរយៈវិស័យវប្បធម៌ ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជានិងថៃ ស្របតាមបេសកកម្មរបស់អង្គការក្នុងការលើកកម្ពស់កិច្ចសន្ទនា ការយោគយល់គ្នា និងសន្តិភាពតាមរយៈការអភិរក្សបេតិកភណ្ឌវប្បធម៌។

ប្រាសាទព្រះវិហារដែលស្ថិតនៅលើជួរភ្នំដងរែកក្នុងខេត្តព្រះវិហារ គឺជាស្នាដៃស្ថាបត្យកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែលបានសាងសង់និងពង្រីកនៅចន្លោះសតវត្សទី៩ ដល់ទី១២។ ប្រាសាទនេះបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ហើយចាប់តាំងពីពេលនោះមក កម្ពុជាបានសហការជាបន្តបន្ទាប់ជាមួយយូណេស្កូនិងដៃគូអន្តរជាតិ ដើម្បីការពារនិងអភិរក្សតម្លៃបេតិកភណ្ឌសកលរបស់រមណីយដ្ឋាននេះ។

យោងតាមការវាយតម្លៃរបស់អាជ្ញាធរជាតិព្រះវិហារ ការប្រឈមមុខដោយអាវុធក្នុងជម្លោះតាមព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានប្រាសាទព្រះវិហារ ដោយមានចំណុចរងការខូចខាតសរុបចំនួន៥៦២កន្លែង និងបានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលបានអនុវត្តអស់រយៈពេលជិតពីរទសវត្សរ៍។

ក្នុងលិខិតអបអរសាទរខួប១៨ឆ្នាំរមណីយដ្ឋានប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ពិភពលោករបស់អង្គការយូណេស្កូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើសុំអ្នកជំនាញអន្តរជាតិចុះត្រួតពិនិត្យនិងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ខណៈរដ្ឋាភិបាលកំពុងពង្រឹងកិច្ចសហការជាមួយអង្គការយូណេស្កូនិងដៃគូពាក់ព័ន្ធ ដើម្បីអភិរក្សនិងស្ដារបេតិកភណ្ឌពិភពលោកនេះឡើងវិញ។

លោកបានបញ្ជាក់ថា ចំពោះមុខការខូចខាតនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដោយរួមមានការពង្រឹងកិច្ចសហការជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិប្រាសាទព្រះវិហារ (អាយស៊ីស៊ីព្រះវិហារ) ព្រមទាំងស្នើសុំអ្នកជំនាញអន្តរជាតិចុះវាយតម្លៃការខូចខាត។

លោកបានបន្ថែមថា វិធានការដែលកំពុងអនុវត្ត រួមមានការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ការទល់ទ្រសង្គ្រោះប្រាង្គប្រាសាទ ដើម្បីទប់ស្កាត់ការដួលរលំបន្ថែម ការប្រមូល និងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយក្នុងបរិវេណប្រាសាទ៕

-Khmer Times-

អត្ថបទទាក់ទង