Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការប្រើប្រាស់យន្តការផ្សះផ្សាដោយ បង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការប្រើប្រាស់យន្តការផ្សះផ្សាដោយ បង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី ១៖ តើការប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS របស់កម្ពុជា ពិតជាបានធ្វើឱ្យការចរចា ព្រំដែនគោកជាប់គាំងដូចការអះអាងរបស់ភាគីថៃដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់យន្តការក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិ សមុទ្រ (UNCLOS) គឺពាក់ព័ន្ធតែការដោះស្រាយវិវាទព្រំដែនសមុទ្រប៉ុណ្ណោះ។ ចំណែកការកំណត់ខណ្ឌសីមាព្រំដែន គោក មានក្របខណ្ឌច្បាប់ និងយន្តការដាច់ដោយឡែក គឺអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និង តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
ដូច្នេះ ការដំណើរការយន្តការក្រោម UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ មិនមែន ជាមូលហេតុដែលធ្វើឱ្យការចរចាព្រំដែនគោកត្រូវផ្អាកនោះទេ ព្រោះបញ្ហាទាំងពីរត្រូវបានគ្រប់គ្រងដោយយន្តការផ្សេងគ្នា។ កម្ពុជាចាត់ទុកការលើកឡើងរបស់ថៃដែលថា UNCLOS «បិទទ្វារ» ការចរចាព្រំដែនគោក គឺជាការអះអាងដែលមិន ស្របតាមការពិត និងគ្មានមូលដ្ឋានផ្នែកច្បាប់សោះឡើយពោលគឺគ្រាន់តែការបង្កើតលេសដើម្បីពន្យារពេលការចរចា ព្រំដែនគោកតែប៉ុណ្ណោះ។

សំណួរទី ២៖ ហេតុអ្វីបានជាកម្ពុជាចាត់ទុកថា ភាគីថៃកំពុងប្រើ UNCLOS ជាលេសក្នុងការពន្យារការងារ ព្រំដែនគោក?

ចម្លើយ៖ ពីព្រោះការងារខណ្ឌសីមាព្រំដែនគោក និងដំណើរការដោះស្រាយវិវាទដែនសមុទ្រក្រោម UNCLOS មាន វិសាលភាព និងមូលដ្ឋានច្បាប់ខុសគ្នា ដូច្នេះមិនអាចយកមកធ្វើជាហេតុផលដើម្បីផ្អាកការងារព្រំដែនគោកបានទេ។ កម្ពុជាក៏បានរំលឹកផងដែរថា ភាគីថៃជាអ្នកដកខ្លួនជាឯកតោភាគីចេញពីក្របខណ្ឌ MOU ឆ្នាំ២០០១ សម្រាប់ការចរចា ព្រំដែនសមុទ្រ ខណៈដែលកម្ពុជាបានស្នើឱ្យបន្តក្របខណ្ឌនេះ។
ជាងនេះទៅទៀត កន្លងមកភាគីថៃខ្លួនឯងក៏ធ្លាប់បង្ហាញជំហរគាំទ្រការប្រើប្រាស់ UNCLOS ក្នុងការដោះស្រាយបញ្ហា ដែនសមុទ្រផងដែរ។ ដូច្នេះ កម្ពុជាយល់ថា ការយក UNCLOS មកធ្វើជាហេតុផលដើម្បីពន្យារការងារព្រំដែនគោក គឺ គ្រាន់តែជាលេសដើម្បីពន្យារពេលការចរចាក្នុងគោលបំណងចង់កាន់កាប់ទឹកដីកម្ពុជាដែលខ្លួនដណ្តើមយកដោយកម្លាំង តែប៉ុណ្ណោះ។

សំណួរទី ៣៖ តើកម្ពុជាបានអំពាវនាវអ្វីខ្លះ ទៅកាន់ភាគីថៃចំពោះករណីនេះ?

ចម្លើយ៖ កម្ពុជាបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ការបង្កើតលេសបែបនេះ ដើម្បីពន្យារពេលការចរចាដោយគ្មាន មូលដ្ឋានតទៅទៀត និងវិលត្រឡប់មកបន្តការងារខណ្ឌសីមាព្រំដែនគោកដោយសុច្ឆន្ទៈ ស្របតាមអនុស្សរណៈនៃការ យោគយល់គ្នា ឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។
ជាមួយគ្នានេះ កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា សហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានការបន្តដំណើរការខណ្ឌសីមា ព្រំដែន និងរំពឹងឱ្យភាគីថៃគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំង អនុវត្តកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធ។ កម្ពុជា បញ្ជាក់ថា ការបន្តការងារខណ្ឌសីមាព្រំដែនដោយស្មោះត្រង់ និងស្របច្បាប់ គឺជាមធ្យោបាយសំខាន់ក្នុងការស្តារទំនុកចិត្ត និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕

អត្ថបទទាក់ទង