Grand News Asia Close

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រំឭក​ខួប​មួយ​ឆ្នាំ​នៃកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ខណៈសន្តិភាពតាមព្រំដែនកម្ពុជា-ថៃនៅឆ្ងាយពីការពិត

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1013
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រំឭក​ខួប​មួយ​ឆ្នាំ​នៃកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ខណៈសន្តិភាពតាមព្រំដែនកម្ពុជា-ថៃនៅឆ្ងាយពីការពិត មេដឹកនាំកម្ពុជា ថៃ ម៉ាឡេស៊ី និងលោក ដូណាល់ ត្រាំ ក្នុងជំនួបចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ តុលា ២០២៥ នៅម៉ាឡេស៊ី។ សេតវិមាន

ថ្ងៃនេះ គឺជាខួបមួយឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ជាសាក្សី ប៉ុន្តែសន្តិភាពយូរអង្វែងនៅតែជាក្តីរំពឹងដែល​ស្ថិត​នៅ​ឆ្ងាយ ខណៈដែល​ផ្នែកខ្លះនៃទឹកដីកម្ពុជាកំពុង​ស្ថិតក្រោមការកាន់កាប់របស់កងកម្លាំងយោធាថៃ ហើយមិនមានការចរចាជាក់ស្តែងណាមួយត្រូវបានធ្វើឡើងក្រោយ​ផ្ទុះ​អាវុធ​លើកទី២។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ បានថ្លែងក្នុងឱកាសខួបនេះថា៖ «នៅថ្ងៃនេះកាលពីមួយឆ្នាំមុន ប្រធានាធិបតី ដូណាល់ ត្រាំ បាននាំកម្ពុជានិងថៃមកជួបគ្នា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ ដែលអាចសម្រេចទៅបានដោយសារការដឹកនាំដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តរបស់លោកចំពោះសន្តិភាព»។

លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីសមត្ថភាពនៃការទូតអាមេរិកក្នុងការដោះស្រាយជម្លោះ និងបានដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។

លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពយូរអង្វែងក្លាយជាការពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតក្របខ័ណ្ឌសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ទោះជាយ៉ាងណា មិនដល់ពីរខែផងក្រោយការចុះហត្ថលេខា ការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានប្រកាសថា ប្រទេសថៃនឹងមិនគោរព ឬផ្អាកការប្តេជ្ញាចិត្តនានាក្រោមកិច្ចព្រមព្រៀងនេះ។

ចាប់តាំងពីការប្រយុទ្ធគ្នាលើកទីពីរមក ការចរចាបានជាប់គាំង ខណៈជនស៊ីវិលកម្ពុជាប្រមាណ ២ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែង នៅតែស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នផ្សេងៗ។

កងកម្លាំងយោធាថៃនៅតែបន្តកាន់កាប់ផ្នែកជាច្រើននៃទឹកដីកម្ពុជា ដែលលាតសន្ធឹងហួសពីតំបន់ដែលថៃអះអាងថាជារបស់ខ្លួនដោយ​យោង​លើ​ផែនទី​គូស​ដោយ​ខ្លួនឯង។ អាជ្ញាធរកម្ពុជាបានរាយការណ៍ជាបន្តបន្ទាប់អំពីសកម្មភាពខុសច្បាប់របស់យោធាថៃនៅតាមតំបន់ដែលត្រូវបានកាន់កាប់ទាំងនោះផងដែរ។

កម្ពុជាបានបន្តអំពាវនាវឱ្យមានការអនុវត្តវិធានការដែលបានព្រមព្រៀងគ្នាពីមុន និងការបន្តការចរចាបញ្ហាព្រំដែនឡើងវិញ។ ប៉ុន្តែ កង្វះវឌ្ឍនភាពជាក់ស្តែងបានធ្វើឱ្យសហគមន៍ដែលរងផលប៉ះពាល់បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។

មួយឆ្នាំក្រោយពិធីចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កិច្ចព្រមព្រៀងនេះនៅតែជាក្របខ័ណ្ឌការទូតមួយ ខណៈប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះនេះ ចង់បានសន្តិភាពពិតប្រាកដ។ សន្តិភាព​ពិត​ប្រាកដ​នោះ​ មិនមែនត្រឹមតែការធានាពីសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែត្រូវការវិធានការជាក់ស្តែងដើម្បីបញ្ចប់ការកាន់កាប់ដោយយោធា បន្តការចរចាឡើងវិញ និងអនុញ្ញាតឱ្យគ្រួសារដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព៕ –Post Khmer–

 

 

អត្ថបទទាក់ទង