Grand News Asia Close

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1027

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនហ៊ានប្រឈមមុខជាមួយថៃ ហើយបានតែដាក់សម្ពាធលើប្រជាពលរដ្ឋខ្លួនឯង គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើប្រាស់គ្រប់យន្តការស្របច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានកាតព្វកិច្ចអនុវត្តច្បាប់នៅក្នុងប្រទេស ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ការអនុវត្តច្បាប់ចំពោះបទល្មើសផ្សេងៗ មិនមែនជាការធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយនោះទេ ប៉ុន្តែជាការធានាឱ្យមាននីតិរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។
លើសពីនេះ កម្ពុជាបានលើកបញ្ហាព្រំដែនជាបន្តបន្ទាប់នៅលើវេទិកាអន្តរជាតិ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងដៃគូអន្តរជាតិ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះបង្ហាញថា កម្ពុជាមិនបានគេចវេសពីបញ្ហាជាមួយថៃនោះទេ ប៉ុន្តែកំពុងដោះស្រាយបញ្ហាដោយភាពទទួលខុសត្រូវ និងផ្អែកលើមធ្យោបាយដែលអាចការពារផលប្រយោជន៍ជាតិបានយូរអង្វែង។

សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានទទួលស្គាល់ការកាន់កាប់ទឹកដីរបស់ថៃរួចទៅហើយ គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការចោទប្រកាន់នេះមិនត្រឹមត្រូវនោះឡើយ។ ជាក់ស្តែង គណៈកម្មការ JBC ភាគីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តែងបញ្ជាក់ម្តងហើយ​ម្តងទៀតថា កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ។ កម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងមិនទទួលស្គាល់ការបង្កើត «ស្ថានភាពថ្មីលើដីជាក់ស្តែង» ដោយឯកតោភាគីនោះទេ។
ដូច្នេះ ការបន្តតវ៉ាដោយប្រើមធ្យោបាយការទូត ការទាមទារឱ្យបន្តការងារវាស់វែងព្រំដែន និងការបដិសេធមិនទទួលស្គាល់ការកែប្រែព្រំដែនដោយកម្លាំង គឺជាភស្តុតាងបង្ហាញថា កម្ពុជាកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន មិនមែនទទួលស្គាល់ ឬបណ្តោយឱ្យមានការកាន់កាប់ទឹកដីដោយខុសច្បាប់នោះឡើយ។

សំណួរទី៣៖ តើអ្វីទៅជាវិធីសាស្ត្រដែលកម្ពុជាកំពុងប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ?

ចម្លើយ៖ កម្ពុជាបានជ្រើសរើសជម្រើសការទូត ដែលជាវិធីសាស្ត្រដោះស្រាយបញ្ហាដោយសន្តិវិធី ដោយពឹងផ្អែកលើ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយបញ្ចៀសការប្រើប្រាស់កម្លាំង។ កម្ពុជាក៏សហការជាមួយ សហគមន៍អន្តរជាតិ និងគាំទ្រការចូលរួមសម្របសម្រួលពីភាគីពាក់ព័ន្ធ ដូចជា អាមេរិក ចិន និងអាស៊ាន និងបណ្តាប្រទេសជាមិត្តផ្សេងទៀត ក្នុងគោលបំណងទាមទារយកមកវិញនូវទឹកដីដែលត្រូវបានកាន់កាប់ដោយយោធាថៃ ហើយចាត់ទុកថា នេះជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ កម្ពុជារក្សាសិទ្ធិការពារខ្លួនតាមគ្រប់មធ្យោបាយស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី ដោយគិតគូរយ៉ាងម៉ត់ចត់ពីផលប្រយោជន៍ជាតិ និងស្ថិរភាពយូរអង្វែង៕

អត្ថបទទាក់ទង